ម៉ោង១អធ្រាត!
សម្លេងម៉ូតូធំលាន់ខ្ទរពីជាន់ក្រោមទៅដល់ជាន់លើ ធ្វើឲ្យស្រីស្រស់ទើបនឹងបានបិទភ្នែកសម្ងំគេង ត្រូវបើកភ្នែកក្រឡែតៗស្ទុះរត់ចេញពីបន្ទប់ទៅមើលអ្នកដែលជាស្វាមីទើបចូលផ្ទះ។ នាងក៏វ៉ាក់អើ ពេលដែលឃើញស្មារបស់យ៉ុនហ្គីធ្លាយហូរឈាមក្រហមច្រាលចេញមក ខណៈដែលវីឡាទាំងមូលងងឹតសូន្យ មានពន្លឺតិចតួចបំផុតដែលអាចមើលឃើញបានថាគេមានរបួស។
« យ៉ុន! យ៉ុន! » រ៉ូហ្វ្រីលែនស៍ រត់ចុះកាំជណ្តើរយ៉ាងត្រហេបត្រហបដើម្បីទៅមើលស្វាមី និងបើកភ្លើងឲ្យភ្លឺគ្រប់កន្លែង។ នាងឈរទល់មុខគេ លើកដៃខ្ទប់មាត់ក្រោយឃើញស្នាមឈាមសើមជោគអាវ និងទឹកស្រក់លើការ៉ូលាយនឹងឈាម។
« ហេតុអីត្រូវរបួសទៀតហើយ? » ស្រីស្រស់បើកភ្នែកធំៗ បបូរមាត់ញ័រតតាត់ប្រឹងសួរដោយកាន់ដៃគេជាប់ ដោះអាវក្រៅគេងយប់សាច់ស្តើងចេញយកទៅខ្ទប់លើស្មាស្វាមីដើម្បីឃាត់ឈាមគេកុំឲ្យហូរច្រើនអាចនឹងស្លាប់បាន។
« មានឧបទ្ទវហេតុតិចតួចនៅតាមផ្លូវ! តែរបួសបងស្រាលទេ! » ពេលចេញពីកំពង់ផែ ក៏ចួបពួកជើងកាងមួយក្រុមស្ទាក់ផ្លូវវ៉ៃប្លន់យកម៉ូតូ ទើបគេភ្លាត់ស្នៀតត្រូវក្រុមក្មេងទំនើងទាំងនោះចាក់មួយកាំបិតត្រូវស្មាបន្តិច។
« ឆាប់ទៅលាងរបួសទៅ! ចាំខ្ញុំអ្នកលាងឲ្យ! ម៉េចក៏ប្រហែសបែបនេះ? » នាងស្តីបន្ទោសដោយការបារម្ភ គេមកវិញពេលណាក៏ទក់សាច់ដែរ។ ស្រីតូចបណ្តើរស្វាមីទៅបន្ទប់សម្ងាត់នៅក្រោមជណ្តើរវីឡា គេមិនមាត់មួយអើស ព្រោះគ្មានបំណងនឹងលាក់នាងតទៅទៀត។
យ៉ុនហ្គី អង្គុយយ៉ាងស្ងៀមនៅលើកៅអី សម្លឹងមើលប្រពន្ធដើររកប្រអប់ថ្នាំពេទ្យ យកដាក់លើតុ នាងវែកសក់ត្រង់រលាស់ផាត់ទៅលើទ្រូងម្ខាងទៀតកុំឲ្យធ្លាក់រញ៉េរញ៉ៃពិបាកនាងលាងរបួសឪ្យគេ។ រ៉ូហ្វ្រីលែនស៍សម្លឹងមុខស្វាមីបន្តិច ទើបចាប់ផ្តើមដោះអាវក្រៅរបស់គេចេញ ហើយចុងក្រោយគឺអាវខ្មៅសឺមីមួយជាន់នោះ។
« នៅលើខ្លួនសុទ្ធតែរបួសសុះសាច់! កូនចៅក៏មានគគោកម៉េចមិនយកទៅតាមខ្លួន? ទុកនៅផ្ទះច្រើនខ្ញុំឃើញហើយចង់ខ្យល់ចាប់! »
« ដើម្បីការពារសុវត្ថិភាពអូននោះអី! បងស្លាប់មិនមែនរឿងសំខាន់ទេ ប៉ុន្តែបើអូនមានបញ្ហាទើបជារឿងធំ! អ៊ូយ...» គេស្រែកចាច ពេលនាងចាក់អាកុលលើសំឡីជូតមុខរបួសនោះ។
YOU ARE READING
" Dark paradise "
Romance" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
