ភាគទី01

166 8 1
                                    


រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី01

(យើងមិនដឹង)
ខេនអម្បាញ់មិញស្រស់ស្រាយខ្លាំងណាស់ ពេលនេះមុខក៏បែរជាស្អុយប៉ែ និយាយគ្នាជាមួយមិត្តមិនទាន់ទេក៏បិទទូរសព្ទ័គ្រឹប បោះទៅម្ខាងដូចបោះសម្រាមចោលតែម្ដង។ នូរ៍អាដែលទើបតែចេញពីបន្ទប់ទឹកមុខ ក៏មានទឹកមុខស្រស់បស់ជាងចៅហ្វាយនាយដែលនៅអង្គុយឆ្ងាយណាស់ គេញញឹមងាកបែរមកក៏ចាប់សង្កេតឃើញថាខេនជ្រឹមចិញ្ចើមក្រាស់ឃ្មឹកតែម្ដង។
"នេះមែនទេដែលចាស់ៗតែងនិយាយថាចិញ្ចើមទល់មេឃនោះទាន៎?"
"យើងមិនមានអារម្មណ៍លេងសើចទេនូរ៍អា អង្គុយឲ្យស្ងៀម"
"អារឿងអង្គុយស្ងៀមហ្នឹង ខ្ញុំក៏ចង់ដែរទាន៎ តែមកពីមិនទម្លាប់" នូរ៍អាសើចស្ញេញដាក់ខេន នាំឲ្យអ្នកម្ខាងទៀតខ្នាញ់ខ្លាំងសឹងតែលោតធាក់ តែក៏មានតែសង្រួមចិត្តអង្គុយបែរមើលទៅទេសភាពខាងក្រៅវិញ ព្យាយាមយកសម្រស់របស់ធម្មជាតិមកពង្វក់ចិត្ត ត្បិតជីវិតគេស្ងប់ស្ងាត់បានតែពេលនេះទេ ជើងគេជាន់ដីសៀងហៃពេលណា ភាពវឹកវរក៏នឹងមកដល់ពេលនោះជាមិនខាន។
...
ការធ្វើដំណើរចាប់ផ្ដើមតាំងពីព្រលឹមរហូតដល់ព្រលប់ ខេននិងនូរ៍អាត្រូវអង្គុយសំកុកលើយន្តហោះដល់ទៅប្រមាណជា12ម៉ោង ដំបូងគិតថាមកដល់ទាន់ពីភ្លឺ ពួកគេអាចនឹងបានទៅពិនិត្យមើលកន្លែងការងារខ្លះ តែពេលនេះយប់ទៅហើយ ទៅមើលអីក៏មិនកើតដែរ មានតែចុះពីយន្តហោះសម្ដៅទៅរកកន្លែងសម្រាកយកតែម្ដង។
ខេននិងនូរ៍អាកាន់វ៉ាលីម្នាក់មួយចេញមកខាងក្រៅព្រមគ្នាជាមួយនិងអ្នកដំណើរដទៃទៀតដែលចុះមកដំណាលគ្នានោះ។
"អ្នកប្រុស?" កាលបើចេញមកដល់ខាងក្រៅភ្លាម អ្នកបើកតាក់សុីក៏ចេញប្រសាចមក សួរនាំហៅអ្នកដំណើរ ពិសេសជនបរទេសដែលមកជាន់ទឹកដីប្រទេសខ្លួនឯណោះ តែក្នុងចំណោមនោះក៏មានបុរសម្នាក់ដើរសម្ដៅចូលមក ហើយក៏គារវកិច្ចខេនយ៉ាងជិតដិតហាក់បីដូចជាស្គាល់ច្បាស់។
"ហ្អរ៎? លោកខេនស្គាល់គេ?"
"លូហ្ស៊ីងបញ្ជាឲ្យមកទទួលខ្ញុំមែនទេ?"
"បាទទាន៎ សូមអញ្ជើញមកខាងណេះ អូហ៍! ពិតមែនហើយ ខ្ញុំភ្លេចណែនាំខ្លួនទាន៎ ខ្ញុំឈ្មោះចូវិន ដៃស្ដាំរបស់អ្នកប្រុសលូហ្ស៊ីង" រាងមាំដើរនាំមុខខេននិងនូរ៍អាសម្ដៅទៅរកឡានខ្មៅរលើបដែលចតទុកជាស្រេច ជះពន្លឺភ្លឺថ្លាដូចជាកញ្ចក់ បាចសាចរស្មីនាំឲ្យនាយនូរ៍អាឯណោះសប្បាយចិត្តស្មានមិនដល់។
"បើដឹងថាមកដល់មានអ្នកមកទទួលបែបនេះ ម៉្លេះខ្ញុំពាក់អាវថ្លៃយកមកបាត់"
"ចុះហេតុអីក៏មិនពាក់?" ខេនឆ្ងល់ក៏ងាកទៅសួរនូរ៍អាភ្លាម តែក៏ស្ងាត់មាត់កាលបើបានឃើញទិដ្ឋភាពចាប់ដឹកដៃ ទាញអាវប្រទាញប្រទង់រវាងអ្នកនៅខាងក្រៅឯណោះទើបនាយងក់ក្បាលតិចៗជំនួសវិញ។
"មិនអីទេ យើងយល់ហើយ"
"នេះគេទាញគ្នាដូចទាញកៅស៊ូហើយទាន៎!" បានលឺនូរ៍អានិយាយ អ្នកដែលបញ្ជាចង្កូតនៅខាងមុខក៏លួចអស់សំណើចតិចៗ តែក៏មិនឲ្យអ្នកនៅខាងក្រោយដឹង ត្បិតខ្លាចគេនិយាយថាខ្លួនជាមនុស្សអសីលធម៌-ល-។
ឡានកាន់តែបើកទៅឆ្ងាយ ទិដ្ឋភាពដ៏ស្រស់ស្អាតរបស់ទីក្រុងសៀងហៃក៏បង្ហាញឲ្យអ្នកដំណើរថ្មីថ្មោងទាំងពីរបានឃើញច្បាស់។ នូរ៍អាទាញទូរសព្ទ័ស្មាតហ្វូនរបស់ខ្លួនថតក្រឹកៗផ្ដិតយកទេសភាពទាំងអស់ ខុសប្លែកអីតែខេនដែលនៅអង្គុយមើលទេសភាពនៅខាងក្រៅ។ គេមានអាយុត្រឹម30 តែអត្តចារិកនិងការចូលចិត្តរបស់គេអាចនិយាយថាវាចាស់គម្រិលក៏បាន ព្រោះគេមិនសូវចូលចិត្តធ្វើអ្វីដែលក្មេងៗឥលូវធ្វើ ដូចជាពេលនេះនូរ៍អាថតរូបក្រឹកៗសឹងតែធ្លាយថ្មទូរសព្ទ័ តែគេវិញក៏បែរជាអង្គុយសញ្ជឹងមើលទេសភាពនិងភ្នែកយ៉ាងស្ងប់ស្ងាត់ទៅវិញ។
"ត្រូវការឲ្យខ្ញុំខលប្រាប់អ្នកប្រុសលូហ្ស៊ីង.."
"យើងគង់តែទៅទេ តែពេលនេះនាំយើងទៅដាក់អីវ៉ាន់ចុះសិនទៅ" ដោយដឹងថាបើទោះបីជាខ្លួនគេចយ៉ាងណាក៏គេចមិនផុត ទើបខេនបិទភ្នែកយល់ព្រមតាមកាលៈទេសៈតែម្ដងទៅ។ ចូវិនក៏ងក់ក្បាលស៊ុតឡានមួយលឿនកប់ ដែលធ្វើឲ្យនូរ៍អាមានការឆ្ងល់ជាខ្លាំង។
"លោកខេនត្រូវទៅណាមែនទេទាន៎?"
"ទៅដល់សណ្ឋគារឯងចុះទៅcheck-inបន្ទប់មុនចុះ ខ្ញុំមានការទៅខាងក្រៅប្រហែលជាយប់ជ្រៅរឺក៏ស្អែកទើបបានមកវិញ បើលោកនាយកទាក់ទងមក ប្រាប់គាត់ថាខ្ញុំមានការជួបមិត្តចាស់បន្តិច យល់ទេ?"
"បាទ..យល់ហើយទាន៎"
"ល្អហើយ" ខេនក៏ញញឹមស្រាល រួចអង្គុយផ្អែកខ្នង អោបដៃជាប់ណែន រហូតទាល់តែឡានឈប់ចតនៅខាងមុខសណ្ឋាគារដាក់នូរ៍អានិងអីវ៉ាន់ចុះ។
"លោកខេនគឺថាថ្លៃ.."
"នេះជាកាតដែលចៅហ្វាយបានផ្ញើមក លោកអាចយកចាយវាយបណ្ដោះអាសន្នសិនបាន" នូរ៍អារកហាមាត់និយាយសួររឿងថ្លៃបន្ទប់ តែចូវិនឯណោះក៏រហ័សហុចកាតដែលចៅហ្វាយនាយបានផ្ញើមកទៅឲ្យគេភ្លាម។ នូរ៍អាបានកាតនោះមកកាន់ គេក៏ភ្ញាក់ព្រើត គាំងនិយាយអីមិនចេញទាល់តែឡានបើកនាំខេនទៅបាត់ ទើបគេហាមាត់និយាយកើត។
"កាត..កាតខ្មៅ? ហើយខ្ញុំយកទៅចាយលើស្អី? ហើយខ្ញុំចេញទៅណាបានទៅ? ខ្ញុំមិនចេះចិនទេ!!!!!"
...
ថានូរ៍អាឯណោះទៅកំពុងតានតឹង ខេនឯណេះក៏តានតឹងមិនតិចដែរ ត្បិតថាគេមិនដឹងថាមិត្តទូរទស្សន៍ម្នាក់នោះមានគម្រោងស្អីខ្លះ នេះដល់ថ្នាក់ឲ្យដៃស្ដាំមកទទួលហើយ វាមិនធម្មតាទេ។
"ឯងនាំយើងទៅណា? ទៅជួបចៅហ្វាយឯងមែនទេ?"
"អត់ទេទាន៎ លោកលូហ្ស៊ីងថាមុខគាត់លោកជួបឡើងស៊ាំហើយ អ៊ីចឹងឲ្យខ្ញុំនាំទៅជួបស្រីតែម្ដង.."
"យើងចង់តែឆ្កួតស្លាប់ទេ!" ខេនលើកដៃម្ខាងឈ្លីថ្ងាសខ្លួនឯង។ ឡានបើកមួយយូរគួរសមដែរ ទើបមកដល់ខាងមុខសណ្ឋាគារដែលចូវិនបានប្រាប់។ ខេនចុះពីឡាន កាន់អាវក្រៅធំរបស់ខ្លួន បិទទ្វារលាន់គ្រឹបមុននិងងើបក្បាលមើលទៅកាន់សណ្ឋាគារទើបនឹកឃើញថាគេមិនទាន់បានឲ្យថ្លៃដែលចូវិនបង់សណ្ឋាគារឲ្យខ្លួនទេ។
"និយាយថា—"
ង៉ោង!
ខេនងាកទៅមិនទាន់ទាំងបាននិយាយស្រួលបួលផង ចូវិនក៏បើកឡានចេញទៅបាត់ ទុកតែក្រដាសក្នុងអាវប្រាប់ពីលេខបន្ទប់ដែលគេត្រូវទៅនោះ។
"រកតែសួរមិនទាន់ រហន់ប្រញាប់ទៅងាប់ដូចមេវាអ៊ីចឹង" ខេនក្រវីក្បាលតិចៗរួចដកសៀវភៅណូតតូចពីអាវមករួចក៏កត់ពីតម្លៃបន្ទប់និងចំនួនថ្ងៃដែលខ្លួនស្នាក់។
"យើងមកទីនេះមួយសប្ដាហ៍ យើងគេងបន្ទប់2 ហើយតម្លៃមួយបន្ទប់គឺ 120$ អ៊ីចឹង 120x2x7 គឺ.."
(1680$)
ខេនគិតលឿនយ៉ាងណាក៏នៅមិនទាន់មនុស្សម្នាក់ដែលនៅជិតនោះដែរ ខេនងាកមើលក៏ឃើញរូបរាងម្ចាស់សំឡេង វាចេញពីមាត់ស្រីស្រស់ម្នាក់ដែលមានស្លៀកឈុតអាវសាមញ្ញ តែទឹកមុខមូលក្រឡង់បូករួមនិងស្នាមញញឹមនាងធ្វើឲ្យពាក្យដែលខេនគិតនោះរសាយអស់។
"បាទ៎?"
"លោកត្រូវចំណាយអស់1680$បើសិនជាលោកសម្រាកនៅទីនោះ7យប់ វាថ្លៃណាស់ តែក៏ប្រហែលជាសាកសម ព្រោះលោកមើលទៅក៏មិនមែនមនុស្សអត់មានលុយដែរ" នាងនិយាយមកកាន់គេទាំងមិនក្លបខ្លាច មិនគិតថាគេជាអ្នកទើបតែស្គាល់សោះ។
"នាងឆ្លាត គិតលេខរហ័ស ច្បាស់ជាសិស្សពូកែហើយមែនទេ?"
"ហ៊ឹមអត់ទេ ខ្ញុំចេះតែគិតលេងៗទៅដែរទេលោក អ៊ីចឹងខ្ញុំសុំលាលោកសិនហើយណា៎" ស្រីស្រស់មិននិយាយបន្តច្រើនដោយនាងអោនក្បាលលាគេ រួចរត់កាន់ហិបក្រដាសតូចជាប់ដៃទៅជាមួយបាត់។ ខេនឯណោះហាក់មិនអស់ចិត្តក៏លួចងាកតាមមើលនាង ថែមទាំងញញឹមតិចៗហាក់បីដូចជាចូលចិត្តនាងណាស់។
"នាងស្អាតហើយក៏ឆ្លាត គួរឲ្យសរសើរណាស់"

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now