រឿង : ចំណងបេះដូងមួយរាត្រីភាគ64
ភោជនីយដ្ឋានជប៉ុនមួយកន្លែង ក្រោយពីទម្លាក់ការនិយាយទាក់ទងជាមួយនឹងមនុស្សស្រីដែលគេតែងតែមើលថែនឹងតាមចិត្តតាំងពីក្មេង ពេលនេះគេក៏សុំពេលយកចិត្តខ្លួនឯងម្ដងហើយ។ រាងកាយមាំទាំអង្គុយនៅក្នុងភោជនីយដ្ឋានទាំងស្នាមញញឹម វាជាលើកទីពីរក្រោយពីកន្លងផុតទៅ5ឆ្នាំដែលគេបានមកជាន់ទីនេះម្ដងទៀត កាលពីលើកមុនគេមកក្នុងបំណងជូនមិត្តសម្លាញ់មកតាមរកបេះដូងរបស់គេ តែពេលនេះនាយបែរជាមានចិត្តជម្រុញឲ្យមកកាន់ទីនេះតែម្នាក់ឯង មកទាំងយប់អាធ្រាត ត្បិតចូវិនទើបតែរាយការណ៍មកថាថៅកែស្រីរបស់ហាង ទើបតែហោះហើរពីជប៉ុនមកវិញក្រោយពីទៅបាត់អស់រាប់ខែរួចមក។
"សួស្ដីអ្នកប្រុស ត្រូវការកម៉្មង់អាហារជាមុនទេ? នាងខ្ញុំនឹងចាត់ចែងយកមឺនុយមកជូនភ្លាមៗ" កាលបើគ្រាន់តែលូហ្ស៊ីងដាក់ខ្លួនអង្គុយភ្លាម បុគ្គលិករត់តុក៏ប្រញាប់ចូលមកសួរនាំដោយការក្រាបគោរពមិនខុសពីគ្រាដែលគេមកជាមួយនឹងខេនកាលគ្រានោះទេ។
"យកអាហារប្រចាំហាងតែម្ដងទៅ កុំឲ្យពិបាកនាងគិតច្រើន"
"ចាស៎អ្នកប្រុស"
បុគ្គលិកម្នាក់នោះទទួលឆ្លើយតបទាំងស្នាមញញឹម នាងថយខ្លួនបំណងចង់ចេញទៅហើយ ក៏ស្រាប់តែទទួលបានការហៅពីសំណាក់ភ្ញៀវវីវីអាយភីឯណោះម្ដងទៀត។
"និយាយអ៊ីចឹង.." លូហ្ស៊ីងគេហាក់ស្ទាក់ស្ទើរ មិនដឹងថាគួរតែសួរនាំពីក្លារ៉ាបែបណា ព្រោះបើគេមកដល់សួររកម្ចាស់ហាងឆៅៗវាហាក់ដូចជាមិនសមអីសោះ។
"មានអ្វីឲ្យនាងខ្ញុំបម្រើដែរអ្នកប្រុស?"
"ក្លារ៉ា.. នាងមកដល់ទីនេះវិញហើយត្រូវអត់?"ក្រោយពីស្ទាក់ស្ទើរមួយអស់ចិត្ត ពេលនេះភាពក្លាហានក៏លេចឡើងនាំឲ្យគេហើបមាត់សួរទាល់តែបាន។
"អូហ៍! អធ្យាស្រ័យផងអ្នកប្រុស គឺអ្នកនាងក្លារ៉ាមានការរវល់ឡើងទៅសៀងហៃបាត់ទៅហើយ"
"ទៅសៀងហៃ? ចុះមានដឹងថានាងទៅធ្វើអីរឺអត់?"
"ចាស៎ អ្នកនាងទៅជ្រើសរើសឈុត ព្រោះគាត់ជិតដល់ថ្ងៃរៀបការហ្នឹងណាអ្នកប្រុស វាជាដំណឹងល្អខ្លាំងណាស់"
បុគ្គលិកក្រោមគំនាបនិយាយផង ញញឹមផងសប្បាយចិត្តជួសចៅហ្វាយស្រីដែលទីបំផុតក៏បានស្គាល់ពាក្យថាថ្ងៃមង្គលដូចជាអ្នកដទៃទៀត ខុសអីតែអ្នកស្ដាប់ឯណោះ ប្រយោគដែលថានាងទៅរើសឈុតត្រៀមរៀបការ វាហាក់ដូចជាប្រហារបេះដូងគេមិនស្ទើរប៉ុន្មាននោះទេ។ នេះវាកន្លងផុតទៅយូរ មិនឃើញនាងនាំរឺបង្ហាញពីគូដណ្ដឹង នាយខំតែគិតសញ្ជឹង រំពឹងថាពួកគេបានចែកផ្លូវគ្នាបាត់ទៅហើយ តែនេះ..វាខុសពីការគិតគេឆ្ងាយណាស់។
លូហ្ស៊ីងទម្លាក់ដៃចុះ ក្ដាប់ណែនទាំងលាក់លៀម មុននឹងលាដៃដេញឲ្យបុគ្គលិកចេញពីកន្លែងបន្ទប់គេកំពុងតែអង្គុយនោះ។ នាយខាំសង្គ្រឺតធ្មេញខ្លួនឯងក្រឺតក្រត មុននឹងលាសន្ធឹងលូកដៃបំណងចង់យកស្រាអង្ករយកមកផឹក តែបែរជាទូរសព្ទ័ដែលនៅលើតុរោទ៍ជំនួស បង្កជាការរំខានចិត្តគេជាខ្លាំង។
"អាឡូ ខ្ញុំលូហ្ស៊ីងនិយាយ"
(សួស្ដីលោកលូហ្ស៊ីង..)
(លោកជាសាច់ញាតិជនរងគ្រោះមែនទេ?)
"ជនរងគ្រោះ? លោកជានរណា? នរណាកើតអី?"
ការខលចូលទាំងយប់ព្រលប់ ថែមទាំងបន្ថែមនិយាយថាជាសាច់ញាតិជនរងគ្រោះ បែបនេះវាធ្វើឲ្យលូហ្ស៊ីងកាន់តែវិលវល់ ប្រញាប់សួរបកត្រឡប់ទៅវិញ តែអ្វីដែលគេលឺបន្ត វាធ្វើឲ្យគេភាំស្រឡាំងកាំងយកតែម្ដង។
(អ្នកនាងម៉ាខេឡា ម្ចាស់ឡានសេដេសបានបើកធ្លាក់ពីលើស្ពាន..)
ទឺត!ទឺត..
ការទាក់ទងក៏ត្រូវបានកាត់ផ្ដាច់ រាងកាយមាំខ្ពស់ដែលមកអង្គុយសំកុកចាំជួបស្រីដែលខ្លួនប្រាថ្នា ពេលនេះក៏បែរប្រញាប់ស្ទុះស្ទារដើរចេញទៅខាងក្រៅ បើកឡានចេញយ៉ាងលឿន ស្របនឹងឡានរបស់ក្លារ៉ា មនុស្សស្រីដែលនាយចង់ជួបបានបើកចូលមកជ្រួសផ្លូវគ្នាល្មម តែព្រោះភាពភ័យព្រួយទើបលូហ្ស៊ីងគេមិនបានចាប់អារម្មណ៍មើលទាល់តែសោះ។ការបើកបរប្រើពេលត្រឹមតែមួយភ្លែតក៏នាំគេមកដល់ព្រលានយន្តហោះដើម្បីហោះបន្តទៅសៀងហៃតែម្ដង តែអ្វីដែលជាបញ្ហាចោទនោះគឺគេត្រូវចាយពេលរាប់ម៉ោងទម្រាំតែបានទៅដល់សៀងហៃវិញ គេមិនអាចចាំយូរថ្នាក់ហ្នឹងទេ គេត្រូវតែទៅដល់ឲ្យលឿនបំផុត ទៅឲ្យបានទាន់នឹងដឹងថាម៉ាខេឡានាងមិនបានកើតអ្វីទើបគេអាចធ្វើអ្វីផ្សេងបន្តទៀត។
"ហ៊ើយ! យើងគួរធ្វើយ៉ាងម៉េច?"
លូហ្ស៊ីងតបប្រមល់ក្នុងចិត្ត ខណៈដៃលើកទូរសព្ទ័ឡើងមានបំណងចង់ចុចទៅរកមនុស្សតែម្នាក់ដែលគេគិតថាអាចជាអ្នកដែលគួរដឹងពីដំណឹងមួយនោះបំផុត តែកាលបើគ្រាន់តែពន្លឺទូរសព្ទ័បំភ្លឺឡើងមក សារជាអក្សរមួយក៏លោតឡើង ដែលវាជាសារពីខេន មិត្តសម្លាញ់របស់គេ។
{អូនឈីងយល់ព្រមនៅបន្តមួយសប្ដាហ៍ហើយ ដូច្នេះយើងនឹងនាំប្រពន្ធកូនទៅសម្រាកលំហែសិន ផ្ដាំឯងមើលម៉ាខេឡាឲ្យផងណា}
"អាខេនវាមិនគួរដឹងទេ" កាលបើឃើញសារបែបសប្បាយរីករាយពីខេនរួច លូហ្ស៊ីងក៏សម្រេចចុងក្រោយថា គេនឹងមិនរំខានមិត្តសម្លាញ់ទេ ម៉្យាងមួយរយៈនេះខេនជួបរឿងមិនល្អក៏ច្រើនហើយដែរ គេគួរតែបានសម្រាកផ្លូវចិត្តខ្លាំង។
គិតមកដល់ត្រឹមនេះ លូហ្ស៊ីងក៏អាចកំណត់គោលដៅបានហើយថាការមើលថែម៉ាខេឡា ពេលនេះក្លាយមកជាតួនាទីរបស់គេទាំងស្រុង មិនអាចនឹងគេចវេសបាននោះទេ។
—
ម៉ោង3យប់
គ្រាន់ចុះពីយន្តហោះភ្លាម លូហ្សីងក៏មិនបង្អង់ ប្រញាប់ប្រញាល់បើកឡានទៅកាន់មន្ទីរពេទ្យដែលគេបានផ្ញើអាស័យដ្ឋានមកភ្លាម។ នាយរត់សម្ដៅលឿនស្លេវចូលទៅកាន់បន្ទប់សម្រាកព្យាបាល ប្រញាប់រុញចូល ស្របនឹងបានឃើញសភាពរាងកាយមនុស្សស្រីដែលគេគិតថានឹងមានសភាពធ្ងន់ធ្ងរ ដេកស្ដូកស្ដឹងមួយកន្លែង តែនេះខុសស្រឡះ នាងនៅអង្គុយទ្រឹងលើពូក ខណៈភ្នែកសងខាងស្លក់ដូចជាមនុស្សគ្មានវិញ្ញាណ។
លូហ្ស៊ីងព្រួសខ្យល់ដង្ហើមហាក់ធូរស្រាលចិត្ត មុននឹងចូលទៅរកម៉ាខេឡាភ្លាម ដោយរឿងដំបូងដែលគេធ្វើនោះគឺលូកទៅចាប់កាន់ស្មាម៉ាខេឡាម្ខាង តែអ្វីដែលគេទទួលបានគឺការបែរមកអោបក្រសោបចង្កេះគេវិញ ស្របនឹងខ្លួនប្រាណញ័រទទ្រើតដូចជាសត្វត្រូវភ្លៀង។
"ម៉ាខេឡា?"
"បងហ្ស៊ីង.. បងហ្ស៊ីងពិតជាមកមែន អ្ហឹក! បងហ្ស៊ីងមក អ្ហឺ" នាងតូចស្រវ៉ាអោបគេ អោបទាំងមាត់ទន្ទេញនិយាយថាគេពិតជាមកមែន គេមកហើយច្រើនលើកច្រើនសារជាហេតុនាំឲ្យលូហ្ស៊ីងព្រួយនឹងប្រញាប់ដកខ្លួនចេញពីការអោបភ្លាម។
"ម៉ាខេឡា? អូនកើតអី? ហេតុអីក៏ទៅជាបែបនេះ?"
"បងហ្ស៊ីងកុំទៅណាទៀតបានទេ? នៅជាមួយអូន កុំទៅចោលអូន បងជារបស់អូន អ្ហឹក"
"បងមិនមែនជាវត្ថុកម្មសិទ្ធិរបស់នរណាទេម៉ាខេឡា បងមករកអូន ព្រោះតែបងបំពេញតាមតួនាទីប៉ុណ្ណោះ"
YOU ARE READING
ចំណងបេះដូងមួយរាត្រី
Romanceចំណងស្នេហ៍កើតចេញពីការអាណិតស្រឡាញ់ដែលកម្លោះមន្ត្រីការទូតមានទៅលើស្រីសាមញ្ញម្នាក់ដែលសុខចិត្តលក់ខ្លួន ព្រោះទ័លច្រក។ ខេន x អឺឈីង