ភាគទី25៖ ការតាមរកអូន

54 2 0
                                    

បើរករស់មិនឃើញ មានតែរកស្លាប់ ខេនគ្រាន់តែសង្ឃឹមថាឈ្មោះនាងមិនមានក្នុងចំណោមពួកគេទៅចុះ

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី25៖ ការតាមរកអូន

អ្វីដែលលូហ្ស៊ីងនិយាយ វាជាអ្វីដែលខេនខ្លាចនឹងមិនចង់ឲ្យកើតឡើងសោះ ត្រឹមបាត់ដំណឹងរបស់នាង គេសឹងតែឆ្កួតចិត្តស្លាប់ទៅហើយ ចុះបើសិន.. ត្រឹមបើសិនប៉ុណ្ណោះ..
បើសិនជានាងមានរឿងអ្វីថ្លោះធ្លោយនោះ តើគេនឹងត្រូវបន្តរស់នៅបែបណា? បើគិតចុះគិតឡើង ការដែលនាងលំបាកក៏ព្រោះតែការធ្វេសប្រហែសរបស់គេ មកពីគេសុខចិត្តធ្វើតាមនាង ដោយការទុកនាងចោលតែឯងក្នុងទីក្រុងដ៏ធំល្វឹងល្វើយមួយនេះ។
គេជាអ្នកលែងដៃនាងដោយខ្លួនឯង...
"យើងដឹងថាវាជារឿងពិបាកទទួលយកណាស់សម្រាប់ឯង ដូច្នេះទើបយើងមកសួរចិត្តឯងជាមុន បើសិនជាឯងយល់ព្រម យើងនឹងឲ្យកូនចៅយើងស៊ើបរកឯកសារឈ្មោះមកភ្លាម"
"មិនចាំបាច់ទេ" រាងខ្ពស់ក្រោកឡើងខ្ពស់ ផុតពីសាឡុងដែលខ្លួនកំពុងតែអង្គុយជាមួយលូហ្ស៊ីង។ គេបដិសេធដាច់ផឹងជាមួយនិងការលើកឡើងរបស់លូហ្ស៊ីង ទាំងដែលការតាមរកនាងឃើញ វាជារឿងដែលគេចង់បានបំផុតក្នុងពេលនេះ។
"យើងតែងតែគោរពតាមការសម្រេចចិត្តរបស់ឯងអាខេន តែថា..យ៉ាងហោចណាស់ក៏ពួកយើងគួរតែដឹងថាអឺឈីងនាងទៅណា ពេលនេះនាងមានរឿងអី! បើសិនជាពួកយើងមិនធ្វើ ឯងបម្រុងចាំនាងមួយជីវិតរឺយ៉ាងម៉េច?"
"បើសិនជានាងអាចនឹងត្រឡប់ យើងក៏នឹងរង់ចាំ ម៉្យាងយើងមិនគិតថាអឺឈីងនឹងមានរឿងអ្វីកើតឡើងទេ នាងត្រូវតែនៅរស់ គ្រាន់តែ..គ្រាន់តែយើងរកនាងមិនទាន់ឃើញតែប៉ុណ្ណោះ" ខេនលើកគោលជំហរច្បាស់ថាគេមិនជឿទេថាអឺឈីងនឹងមានរឿងមិនល្អកើតឡើងនោះ ព្រោះតាមដែលគេមើលឃើញនិងដឹងពីនាង នាងជាក្មេងស្រីម្នាក់ដែលឆ្លាតណាស់ ពូកែណាស់ គេមិនជឿថានាងអាចនឹងគិតអ្វីមិនល្អលើជីវិតខ្លួនឯងឡើយ។
"តែ.."
"យើងទៅមុនសិនហើយ" លូហ្ស៊ីងគេនៅមិនអស់ចិត្ត គេព្រួយគិតនឹងចង់ដឹងបំផុត ដឹងកាន់តែលឿន កាន់តែល្អ គេមិនអាចនៅរង់ចាំដូចជាខេនទេ គេសរសើរខេន សរសើរដែលខេននៅអាចកុហកខ្លួនឯងបានថានាងនឹងវិលត្រឡប់ គិតថានាងគ្រាន់តែរត់គេចពីម្ចាស់បំណុលទាំងដែលគេក៏បានលឺហើយថាមុននឹងនាងចេញទៅនាងមានសភាពបែបណាខ្លះ?
លូហ្ស៊ីងមិនបាននិយាយអ្វីបន្ត រឹតតែមិនបង្ខំមិត្តសម្លាញ់បន្តរឿងតាមស៊ើបនោះ។ គេនៅឈរសំឡឹងមើលខេនបោះជំហានចាកចេញទៅឆ្ងាយ ព្រមជាមួយអារម្មណ៍អាណិតអាសូរគេជាទីបំផុត។
"តើឯងអាចកុហកខ្លួនឯងបានយូរប៉ុណ្ណាទៅអាខេន? ឯងធ្លាក់មកដល់ដំណាក់កាលមួយនេះ គ្រប់យ៉ាងមកពីយើង យើងជាអ្នកនាំឯងឲ្យស្គាល់ឈីង ហើយក៏ជាយើងដែលធ្វេសប្រហែស នាំឲ្យឯងឃ្លាតពីនាងទៀត យើងសុំទោស សម្លាញ់"

ហ្វូ!
ខ្យល់បក់ត្រជាក់ល្វឹងប្រជ្រៀតចូលតាមចន្លោះបង្អួចរថយន្តក្រុងដែលកំពុងបោះពួយសម្ដៅចូលទៅកាន់ទីក្រុងដ៏ធំល្វឹងល្វើយឯណោះ។ ក្នុងចំណោមអ្នកដំណើរយប់ប៉ុន្មាននាក់ដែលមើលទៅនឿយហត់មកពីការបំពេញការងារ ក្នុងនោះក៏មានវត្តមានបុរសម្នាក់ដែលមើលទៅដូចជាសោយសោកខុសប្លែក គេអង្គុយតែម្នាក់ឯងនៅបាំងខាងក្រោយនៃឡានក្រុង ភ្នែកវិញក៏ងាកសំឡឹងមើលទៅទេសភាពនៅខាងក្រៅយ៉ាងស្លុងហាក់បីដូចជាកំពុងតែគិតដល់អ្វីម៉្យាង។
(សុំទោសដែលខ្ញុំនាំលោកមកជិះឡានបែបនេះ ព្រោះវាជាទម្លាប់)
(មិនបាច់សុំទោសទេ ឲ្យតែនាងគិតថាងាយស្រួល ពួកយើងធ្វើដំណើរតាមអ្វីក៏បាន)
(លោកចិត្តល្អណាស់)
"ហ៊ឹសៗ" ការដែលមកអង្គុយបាំងខាងក្រោយតែម្នាក់ឯង វាហាក់រំលឹកនាយឲ្យនឹកឃើញដល់ពេលមួយដែលគេនឹងអឺឈីងបានឡើងជិះឡានក្រុងក្រោយស្រុះស្រួលគ្នាពីផេនហោស៍រួចរាល់ឯណោះ។ គេនៅចាំបានថាអឺឈីងបង្ហាញភាពក្រែងចិត្តគេជាខ្លាំង រឿងដែលនាងនាំគេមកជិះឡានក្រុងសាធារណៈបែបនេះ នាងតែងតែព្យាយាមបែងចែកឋានៈរវាងគេនឹងនាងរហូត ទាំងដែលក្នុងក្រសែភ្នែកគេ នាងជាក្មេងដែលសាកសមនឹងទទួលបានការអាណិតស្រឡាញ់ណាស់។
"បងប្រហែលជាមានទម្លាប់ដូចជាអូនហើយឈីង ពេលណាអូនមកវិញ? ពួកយើងនឹងជិះឡានក្រុងជាមួយគ្នាទៀត ល្អទេ?" ខេនផ្ដេកក្បាលផ្អែកនឹងកញ្ចក់ឡានក្រុងដែលមានខ្យល់បក់ផាត់ចូលឥតល្ហែឯណោះ។ នាយធ្មិចភ្នែកសម្រាកម្នាក់ឯង រហូតទាល់តែឡានមកដល់ចំណតដែលគេចង់ចុះ។
កន្លែងបន្ទាប់ដែលគេមក វាជាកន្លែងចាស់ដែលគេនិងអឺឈីងមកដូចគ្នា នោះគឺជាផ្សាររាត្រីហ្នឹងឯង។ រាងខ្ពស់ដើរចុះពីឡានក្រុង បន្តចូលទៅកាត់ចំណោមមនុស្សជាច្រើនដែលដើរទៅមកនៅទីនោះមិនឈប់។
(លោកចង់ពិសារអាហារបែបអីដែរ? អាហារបែបអឺរ៉ុបនៅទីនេះក៏មាន)
(ចុះនាងចង់ញ៊ាំអ្វី? ខ្ញុំទុកឲ្យនាងជាអ្នកសម្រេចចុះ)
(អ៊ីចឹងចាំខ្ញុំនាំលោកសាកគាវរបស់ចិនមួយមុខសិនណា៎ បើសិនជាលោកអាចពិសារបាន ចាំខ្ញុំជូនលោកពិសារអាហារចិត្តផ្សេងទៀត អូខេ?)
គ្រប់ពាក្យគ្រប់ម៉ាត់ដែលអឺឈីងនិយាយ ខេននៅចាំបានហើយខួរក្បាលក៏រំលឹកពីវាមិនឈប់ ឲ្យតែបានឃើញរឺចាំកន្លែងដែលមានអនុស្សាវរីយ៍ជាមួយគ្នានោះ។ ខេនបញ្ឈប់ការដើរ ដោយគេងើយក្បាលសំឡឹងមើលទៅផ្ទៃមេឃ ដែលមានព្រះចន្ទស្រស់ស្អាតកំពុងតែរះបញ្ចេញរស្មីភ្លឺថ្លាបំភ្លឺលោក។
"ដរាបណាព្រះចន្ទនៅរះខ្ពស់ បងនឹងនៅតែតាមរកហើយនិងរង់ចាំអូនជានិច្ចអឺឈីង អូនអាចគេចវេសបាន ធ្វើយ៉ាងណាក៏បានឲ្យតែសប្បាយចិត្ត តែកុំភ្លេច...កុំភ្លេចថានៅមានមនុស្សម្នាក់រង់ចាំអូននៅទីនេះ ហ័រ អឺឈីង"

ចាប់តាំងពីថ្ងៃនោះមក ខេនគេក៏មិនបង្អង់យូរដោយគេព្យាយាមតាមរកនាង គ្រប់ច្រកល្ហកទាំងអស់នៅក្នុងក្រុងសៀងហៃ មិនថាផាប់ មិនថាហាងកាហ្វេ ផ្សារត្រី ផ្សារទំនើប កន្លែងណាដែលគេអាចរកនឹកបាន គេក៏ទៅទីនោះ។ ការតាមស្វែងរកនាង ពេលនេះវាជាគោលដៅធំបំផុតក្នុងជីវិតរបស់ខេន ចំណែកលូហ្ស៊ីងឯណោះ គេមិនអាចធ្វើអ្វីបានក្រៅពីការជួយជ្រោមជ្រែងមិត្ត គេមិនបានអស់សង្ឃឹមក្នុងការតាមរកនាងទេ ព្រោះគេបានឲ្យចូវិនលួចស៊ើបជាសម្ងាត់ ហើយលទ្ធផលក៏ធ្វើឲ្យគេធូរចិត្តខ្លាំងមែនទែន ព្រោះមិនមានអ្នកបាត់បង់ជីវិតណា មានភិនភាគដូចជាអឺឈីងទេ ដូច្នេះបានន័យថានាងនៅរស់រាននៅឡើយ គ្រាន់តែគេមិនដឹងថានាងនៅផ្នែកណាមួយនៃផែនដីប៉ុណ្ណោះ។

មួយថ្ងៃ មួយខែ ប្រែក្លាយមកជាឆ្នាំ កាន់តែយូរការងារខេននៅអង់គ្លេសក៏កាន់តែគរជាន់គ្នាខ្លាំង ព្រោះគេចាយពេលមករកអឺឈីងនៅសៀងហៃអស់ជិតកន្លះឆ្នាំ ដល់ថ្នាក់គេសឹងតែភ្លេចហើយថាគេមានងារជាអ្នកការទូតម្នាក់ អ្នកដែលមានទំនួលខុសត្រូវធំនៅក្នុងដៃឯណោះ។ ខេនគេគ្មានជម្រើសអ្វីក៏មានតែឡើងចុះៗយន្តហោះទៅមកមិនឈប់រវាងសៀងហៃនឹងអង់គ្លេសហ្នឹងឯង ហើយគេក៏បន្តធ្វើវាបែបនេះរាប់ឆ្នាំ មួយឆ្នាំ ពីរឆ្នាំ បីឆ្នាំ បួន ហើយក៏....

ឆ្នាំទី5...
អាកាសយាន្តដ្ឋានក្រុងឡុងដ៍
មិនខុសពីកាលពី5ឆ្នាំមុនទេ ពេលដែលគេឈានជើងមកជាន់ព្រលាននេះ គេក៏មានគោលដៅចង់ទៅសៀងហៃដើម្បីបំពេញការងារ តែគេទៅដល់គេក៏បែរជាបានជួបនារីម្នាក់ នារីជាម្ចាស់ជីវិតនៅទីនោះ ចំណែកឯពេលនេះគេក៏ត្រឡប់ទៅសៀងហៃវិញក្នុងមូលហេតុមួយដែលដូចគ្នា មិនមែនជាការងារ តែគេទៅព្រោះប្ដេជ្ញាថានឹងទៅរកនាងម្ដងទៀត។
ខេនកាន់វ៉ាលីជាប់ ស្របនឹងដៃមាំម្ខាងកាន់ក្រសោបរូបថតមនុស្សស្រីជាទីស្រឡាញ់ជាប់ ដាក់ក្បែរទ្រូងមិនរបេះ ទឹកមុខស្រងូតស្រងាត់នៅបង្ហាញច្បាស់ពីអារម្មណ៍សោកសង្រែងតែមិនចុះចាញ់នឹងស្ថានភាព។
"5ឆ្នាំហើយឈីង អូនរត់គេចឆ្អែតរឺនៅ? អូនមិននឹកបងខ្លះទេរឺ? អូនមិនហត់ទេហ្អេស៎អឺឈីង?" គេមិនបានបន្ទោសនាង តែគេគ្រាន់តែរំពឹងទុក រំពឹងថាគេនឹងបានជួបនាងម្ដងទៀតនៅលើកនេះ តាំងពីឆ្នាំទីមួយ ដល់ឆ្នាំទី5 បំណងប្រាថ្នាគេមានតែមួយទេគឺគេចង់ជួបនាង។
"ត្រឡប់ទៅលើកនេះ បងនឹងរកអូនឲ្យទាល់តែឃើញអឺឈីង បងសន្យាជាមួយអូន ហើយសន្យាលើកនេះ បងមិនធ្វើឲ្យអូនខកបំណងដូចជាកាលពីមុនទេឈីង" ចិត្តប្តេជ្ញាច្បាស់ៗ ជម្រុញខ្លួនខេនឲ្យមានកម្លាំងអូសវ៉ាលីចូលទៅកាន់កន្លែងឆែកទាំងប្រញាប់ ត្បិតគេមិនអាចរង់ចាំបានទៀតទេ គេចង់ទៅទីនោះឲ្យបានលឿន ព្រោះមួយនាទីៗក្នុងការតាមរកនាង វាសំខាន់ខ្លាំងណាស់ លឿនត្រឹមមួយនាទីគេអាចរកឃើញនាង ហើយបើយឺតត្រឹមតែមួយនាទី គេក៏អាចនឹងបាត់បង់នាងដូចគ្នា៕

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now