ភាគទី04

109 5 0
                                    

កណ្ដាលផេនហោស៍ដ៏ធំល្វឹង រាងកាយមនុស្សប្រុសស្រីទាំងពីរនាក់ឈរទល់មុខសំឡឹងមើលគ្នាទៅមក ហាក់បីដូចជាកញ្ចក់ឆ្លុះអារម្មណ៍ឲ្យគ្នាម្ដងម្នាក់ ដោយអឺឈីងនាងមានអារម្មណ៍សោយសោក ស្រពាប់ស្រពោន ខណៈខេនឯណោះមានអារម្មណ៍ងឿងឆ្ងល់ វិលវល់ពិបាកនឹងស្មានបំផុត។
"នាង..ជាស្រីដែល.."
"ចាស៎ខ្ញុំជាស្រីដែលត្រូវមកបម្រើអ្នកប្រុស" ដំបូងឡើងខេនគេមិនដឹងគួរនិយាយបែបណាឲ្យសាកសម ហើយក៏មិនចង់គិតមិនល្អទៅលើនាងតូចដែលទើបតែចូលមកនោះដែរ តែពេលនេះនាងខ្លួនឯងក៏ជាអ្នកនិយាយបញ្ជាក់យ៉ាងច្បាស់ ថានាងពិតជាមនុស្សបែបហ្នឹងពិតមែន។
"ខាងអ្នកប្រុសទាក់ទងចង់បានខ្ញុំមក ដូច្នេះខ្ញុំក៏មកទីនេះ"
"តែថានាង..មិនគួរទេ" ខេននៅតែមិនចង់ជឿនិងអ្វីដែលខ្លួនបានលឺនិងឃើញក្នុងពេលនេះ នាងនៅក្មេងណាស់ ស្រស់ស្អាតណាស់ ហើយនាងក៏ថែមទាំងឆ្លាត គេនៅចងចាំទឹកមុខនិងភាពរហ័សរហួននាងពេលជួបគ្នាដំបូងច្បាស់ណាស់ ហេតុអី? ហេតុអីក៏នាងបែរជាមកធ្វើការងារមួយនេះ?
"មិនគួរ? អ្នកប្រុស..ដើម្បីទឹកលុយ លើលោកមួយនេះរឿងអីក៏អាចកើតឡើងបានដែរ" អឺឈីងពេលនេះនាងគិតច្បាស់ហើយ នាងនឹងមិនបកត្រឡប់ក្រោយទេ ព្រោះមុននឹងនាងឈានជើងមកដល់ទីនេះ នាងដូចជាក្ដោបក្ដាប់ជោគវាសនាបងប្រុសនាងទុកក្នុងដៃស្រាប់អ៊ីចឹង ពេលណាដែលនាងប្ដូរខ្លួនប្រាណរួច នាងប្រាកដជាបានលុយភ្លាម កាន់តែឆាប់កាន់តែល្អ។
"កុំចាំយូរអី ម៉ោះ.."
"កុំទាន់" អឺឈីងលូកដៃមានបំណងចង់ទាញទម្លាក់អាវធំចុះ តែខេនក៏ប្រញាប់ឃាត់ដោយការលូកដៃទៅចាប់កាន់អាវធំ ទប់ឲ្យវានៅជាប់លើស្មាតូចដែលគ្រាន់តែប៉ះក៏ដឹងថានាងមិនជាមានសាច់ឈាមទ្រលុកទ្រលន់អីទេ។
"ខ្ញុំគ្មានពេលទេលោក"
"..." ពេលនាងបង្ខំបែបនេះ ខេនគាំងវាចាបន្តិច មុននិងចោលភ្នែកយ៉ាងស្រទន់មើលទៅអឺឈីង ពីក្បាលដល់ចុងជើង។
"នាងអាយុប៉ុន្មាន?" វាអាចស្ដាប់ទៅជាសំនួរដែលឥតបានការនិងមិនសមកាលៈទេសៈ តែវាជាសំនួរផ្ទាល់ខ្លួនមួយដែលគេចង់ដឹងបំផុត តាំងពីឃើញនាងដំបូងមកម៉្លេះ។
"ចា..ចាស៎?ខ្ញុំ..ខ្ញុំអាយុ21ហើយ" អឺឈីងក៏ងឿងឆ្ងល់ដែរ តែក៏ឆ្លើយតបទៅវិញតាមសម្រួល មិនមានៈ។
"តើអាចឲ្យខ្ញុំជឿបានរឺអត់? សុំមើលអត្តសញ្ញាណបណ្ណ័សិន"
(ឯងកាន់តែផ្ដាសហើយ អាខេន)
មាត់និយាយផ្សេង ខួរក្បាលក៏គិតផ្សឹង ថាមុននេះទៅគេជ្រុលមាត់សួរអាយុនាង ពេលនេះកាន់តែផ្ដេសផ្ដាសដល់សុំគេមើលអត្តសញ្ញាណបណ្ណ័ទៀត។ តែណ្ហើយ! បណ្ដោយតាមកម្មចុះ៕
"លោក..." អឺឈីងបើកភ្នែកធំៗ ហួសចិត្តមួយទំហឹង នេះនាងមកបម្រើគេ មិនមែនមកដាក់ពាក្យចូលធ្វើការទេ ហេតុអីត្រូវការអត្តសញ្ញាណបណ្ណ័?
"លោកមិនគិតថាហួសហេតុពេកទេមែនទេ?"
"ចុះរឿងដែលនាងធ្វើវាមិនហួសហេតុទេរឺ? នាងនៅក្មេង ស្អាត មានអនាគត ហេតុអីក៏ជ្រើសផ្លូវមួយនេះទៅវិញ?" ខេនពេលនេះអាចនិយាយបានថាគេរៀងខឹងបន្តិចទៀតដែរ ដោយសារតែស្លុត មិនស្មានថាគេមើលមនុស្សខុស ទាំងដែលរឿងទាំងអស់នេះមិនដែលកើតលើគេម្ដងណានោះឡើយតាំងតែពីដើមមក គេមិនដែលមើលមនុស្សណាខុសទេ។
"លោកជាអ្នកមាន លោកម្ដេចនឹងយកពីរឿងអស់ទាំងហ្នឹងទៅ? លោកមានលុយជាអ្នកទទួលយកសេវា លោកម្ដេចនឹងយល់ថាអ្នកផ្ដល់សេវាឲ្យលោកគេស្ថិតក្នុងស្ថានភាពបែបណា មានរឿងអ្វីខ្លះនោះ?" អឺឈីងទោះជានាងក្មេង តែនាងក៏មិនបានល្ងង់ដែរ គ្រាន់តែស្ដាប់លឺសំនួរប៉ុណ្ណេះនាងក៏ដឹងតែម្ដងថានាយម្នាក់នេះកំពុងតែចង់មាក់ងាយខ្លួន។
"អ៊ីចឹង..ឲ្យខ្ញុំសុំទោស" អូហ៍! វាមិនមែនជាអ្វីដែលអឺឈីងរំពឹងថាបានលឺចេញពីមាត់បុរសខ្ពង់ខ្ពស់ដូចជាគេទេ តែថា..ហេតុអី? ហេតុអីក៏នាងបែរជាមានអារម្មណ៍ថាការសុំទោសនេះដូចជាស្មោះត្រង់ខ្លាំងម៉្លេះ?
ក្រោយស្ដាប់ប្រយោគប៉ុន្មានឃ្លាចេញពីមាត់ក្មេងម្នាក់នេះ ខេនក៏ចាប់កើតមានកូនចិត្តមួយ គឺសោកស្ដាយ ស្ដាយដែលខ្លួនគិតមិនល្អ ត្រឹមត្រូវ គេកើតមកលើគំនរមាសប្រាក់ ស្រណុកតាំងពីក្មេង មិនដែលធ្លាប់ជួបរឿងលំបាកអីទេ ដូច្នេះគេក៏គ្មានសិទ្ធិសន្និដ្ឋានលើស្ថានភាពនរណាម្នាក់ដែលមានកម្រិតទាបជាងខ្លួនដែរ។
ខេនក៏និយាយសុំទោសទៅកាន់នាង ហើយក៏លូកដៃប៉ះស្មានិងចង្អុលបង្ហាញប្រាប់នាងឲ្យទៅអង្គុយនៅឯសាឡុងដែលនៅមិនឆ្ងាយពីទីនោះ អឺឈីងនាងមិនបានឆ្លើយ តែក៏ព្រមដើរទៅតាមការអញ្ជើញហៅរបស់អ្នកកម្លោះ។
រាងតូចស្ដើងអង្គុយចុះ តែដៃស្រឡូនក៏មិនភ្លេចលូកទាញអាវធំមកបិទកាន់តែជិត ដូចជាមិនគិតថានឹងដោះអាវនោះឲ្យម្ចាស់គេវិញឆាប់ៗទេ។
គ្រូកៗ
ភាពស្ងប់ស្ងាត់កាត់ស្បៃរាត្រី ពេលនេះត្រូវរំខានដោយសំឡេងលាន់លឺចេញពីពោះអ្នកកំពុងតែឃ្លុំខ្លួនក្រោមអាវធំឯណោះ។ ខេនងាកបែរសំឡឹងមើលទៅនាង មើលមួយស្របក់ដែរ ទើបលាន់សំឡេងសើចចេញមក។
"វាគ្មានអីគួរឲ្យអស់សំណើចទេលោក"
"ខ្ញុំមិនបានសើចព្រោះតែអស់សំណើចលើនាងទេ"
"ចុះលោកសើចធ្វើអី?"
"មកពីចង់សើចហ្នឹងឯង គ្មានហេតុផលទេ" ខេនក្រោកឡើងពីសាឡុង រួចដើរបន្តទៅបើកមើលទូរទឹកកកដែលមានក្នុងបន្ទប់ផេនហោស៍ធំនោះ។ គ្រប់អាហារនិងភេសជ្ជៈជាច្រើនមាននៅក្នុងនោះទាំងអស់ គួបផ្សំនិងតម្លៃផងដែរ ខេនញញឹមតិចតួច ព្រោះគិតថាយ៉ាងហោចគេក៏អាចឲ្យអាហារនាងញ៊ាំខ្លះ ក្រែងអាចលុបបំបាត់ភាពខឹងច្រឡោតក្នុងចិត្តនាងដែលគេបង្កឡើងអម្បាញ់មិញ។
"នាងឃ្លានទេ?"
"ខ្ញុំមិនញ៊ាំអាហារអស់ទាំងហ្នឹងទេ"
"???"
"វាថ្លៃណាស់ ខ្ញុំមកទីនេះដើម្បីរកលុយ មិនមែនមកចំណាយលុយទេ" ខេនងក់ក្បាលតិចៗ ទាញទ្វារទូរបិទ មុននិងងាកបែរអោបដៃទៅមើលអឺឈីងវិញ។
"ក៏បាន ចុះនាងចង់ញ៊ាំអាហារអីវិញ? ព្រោះបើខ្ញុំប្រាប់ត្រង់ ខ្ញុំមិនស្គាល់ក្រុងនេះច្បាស់ទេ ដូច្នេះខ្ញុំមិនដឹងនាំនាងទៅណាទេ" លឺខេនបើកឱកាសបែបនេះអឺឈីងក៏ជ្រឹមចិញ្ចើមតិច រួចក៏ក្រោកឡើងនិងដើរទៅជិតខេន នាងចូលជិតមែនទែនដល់អ្នកម្ខាងទៀតក្ដៅមុខភាយ ចម្លែកខុសពីធម្មតា។
"ចាត់ទុកថាវាជាសំណាងលោកហើយ ព្រោះនៅសៀងហៃនេះ កន្លែងណាក៏ខ្ញុំដើរសព្វអស់ដែរ" អឺឈីងថាហើយក៏ដើរចេញទៅ មិនភ្លេចអូសដៃនាំប្រុសអៀនខ្មាសម្នាក់នោះទៅតាមរដឹកពីក្រោយដែរ។

យប់ដំបូងក្នុងទីក្រុងសៀងហៃ ក៏ជាដំបូងដែលបងខេនបានកាន់ដៃមនុស្សស្រីដែរ ហិហិ

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now