ភាគទី62

60 5 0
                                    

រឿង : ចំណងបេះដូងមួយរាត្រី

   ភាគទី62៖ រឿងល្អមួយក្នុងចំណោមទុក្ខ

   ជំនួបរវាងខេននឹងម្ដាយដំណើរការទៅយ៉ាងរលូន តែមិនមែនរលូនក្នុងផ្លូវល្អនោះទេ តែនៅក្នុងផ្លូវមួយដែលប្រេះស្រាំជាទីបំផុត។ ខេនបានសម្រេចចិត្តថាគេនឹងទម្លាក់ចោលនូវអារម្មណ៍ស្រឡាញ់គោរពដែលគេមានចំពោះលោកស្រីម័រហ្គេនទុកដោយឡែក ពេលនេះរឿងដែលគេគួរធ្វើ គឺក្លាយជាមនុស្សប្រុសម្នាក់ ជាគោលជំហនឹងជាគម្រូសម្រាប់ជូអឺ តាមអ្វីដែលភរិយារបស់គេបានប្រាប់។
"បងខេន?បងគិតចង់ទៅណាពេលនេះ?"
   តាមផ្លូវធ្វើដំណើរចាកឆ្ងាយពីមន្ទីរឃុំឃាំង ម៉ាខេឡាដែលជាអ្នកបញ្ជាចង្កូតឡានក៏ឧទានសួរនាំទៅកាន់បងប្រុសដែលនៅអង្គុយបាំងខាងមុខជាមួយ តែក៏ស្ងប់ស្ងាត់គួរឲ្យកត់សម្គាល់ពីអារម្មណ៍គេបំផុត។
"ឯងជួយគិតបងទៅមើល ថាបងគួរតែទៅណា?! ម៉ាខេឡា.." ខេនឆ្លើយតបទៅកាន់ប្អូនស្រីវិញ ព្រមជាមួយនឹងស្នាមញញឹមមួយដែលសោកសៅជាទីបំផុត។ តាំងតែពីតូចរហូតដល់ធំ នាងមិនដែលធ្លាប់បានឃើញបងប្រុសនាងសោកសង្រែងខ្លាំងដល់ថ្នាក់ហ្នឹងទេ ទើបតែពេលនេះ គេដូចជាមនុស្សម្នាក់ផ្សេងអ៊ីចឹង។
"ខ្ញុំគិតថាបងគួរតែសម្រួលចិត្ត គិតឲ្យបានល្អទៅបងខេន"
"គិត? គិតថាធ្វើយ៉ាងណាកុំឲ្យបងឆ្កួតចិត្ត ពេលអឺឈីងនឹងកូនចាកចេញទៅមែនទេ? មែនហើយ! បងគួរតែគិត.."
   កាន់តែស្ដាប់, ម៉ាខេឡាកាន់តែចុកអួលណែនទ្រូង កាន់ចង្កូតសឹងតែមិនកើត ទើបនាងប្រញាប់បត់ឡានចូលចតនឹតចិញ្ចើមផ្លូវ រួចប្រញាប់ដកខ្លួនចូលទៅអោបបងប្រុសទាំងទឹកភ្នែកសស្រេសស្រាក់តែម្ដង។
"បងខេន! អ្ហឹក បងខេនកុំបែបហ្នឹងបានទេ? ឃើញបងទៅជាបែបនេះ ខ្ញុំឈឺចាប់ខ្លាំងណាស់ អ្ហឹក អ្ហឺ" ម៉ាខេឡារៀបរាប់ទួញសោកអង្វរបងប្រុសឲ្យភ្ញាក់ស្មារតីមកវិញ បងប្រុសនាងដែលរឹងមាំពីមុនគេបាត់ទៅណា? នាងចង់បានគេត្រឡប់មកវិញ។ បងប្រុសដែលតែងតែមានស្នាមញញឹមស្រស់ថ្លា អង់អាចក្នុងការដោះស្រាយបញ្ហាជុំវិញខ្លួនឯង មិនមែនបងប្រុសដែលមិនអាចសូម្បីតែបញ្ជាស្នាមញញឹមខ្លួនឯងបែបហ្នឹងទេ។
"បើសិនជាម៉ាក់ចេះឈឺចាប់ដូចជាឯង មិនដឹងជាល្អកម្រិតណាទេ"
   ខេនលើកដៃម្ខាងកាន់ក្រសោបដៃរបស់ប្អូន មុននឹងទូរសព្ទ័របស់គេរោទ៍ឡើងហាក់ដូចជាការបន្ទាន់ណាស់។ នាយដកខ្លួនទាញទូរសព្ទ័មកមើល ក៏ឃើញថាវាជាលេខរបស់អឺហ្វាន់, បងប្រុសរបស់ភរិយាគេហ្នឹងឯង។
(ការវះកាត់លើកទីពីររបស់ជូជូ បានជោគជ័យហើយ កូនឯងឆ្លងផុតហើយ)
"ពិត..ពិតមែនហ្អេស៎?"
(ឯងអាចមកមើលកូនបាន ព្រោះស្អែកខានស្អែក ពួកយើងត្រូវឡើងទៅសៀងហៃវិញហើយ)
"អរ..អរគុណណាស់"
"អរគុណ"
   ខេនពោលពាក្យអរគុណអឺហ្វាន់ ម្ដងហើយម្ដងទៀត ដោយពេលនេះគេក៏ញញឹមខ្លាំង ខ្លាំងដល់ថ្នាក់ទឹកភ្នែកដែលព្យាយាមទប់ក៏ស្រក់ចុះតក់ៗកាត់ផែនថ្ពាល់ តើវាជាទឹកភ្នែកនៃភាពរំភើបរឺក៏ភាពឈឺចាប់? គេមិនប្រាកដទេ!
"បងខេន មានអីមែនទេ? នេះបងហ្វាន់ខលមកនិយាយពីការវះកាត់របស់អូនជូពិតទេ?" គ្រាន់តែខេនដាក់ទូរសព្ទ័ចុះ ម៉ាខេឡាក៏ប្រញាប់សួរនាំ ហើយអ្វីដែលនាងទទួលបានគឺការងក់ក្បាលឆ្លើយតបពីខេនត្រឡប់មកវិញ។
   ម៉ាខេឡានាងសប្បាយចិត្តសឹងតែហោះ ស្រីតូចប្រញាប់លោខ្លួនទៅអោបបងប្រុសម្ដងទៀត ដោយពេលនេះវាជាអារម្មណ៍មួយដែលរំភើបជាទីបំផុត។ នាងសប្បាយចិត្តណាស់ដែលយ៉ាងហោចណាស់ក៏មានរឿងល្អខ្លះ កើតឡើងក្នុងចំណោមទុក្ខសោករាប់ពាន់ដែលមានក្នុងជីវិតរបស់ពួកគេពេលនេះ។
   ភាពរីករាយរបស់នាងហាក់មិនបានយូរអង្វែងទេ គ្រាដែលនាងកំពុងតែអោបបងប្រុសនាង ស្រីស្រស់ក៏ក្រឡេកឃើញវត្តមានរបស់មនុស្សពីរនាក់អោបគ្នានៅខាងក្រៅ ដែលជាសួនសាធារណៈឯណោះ ដែលរូបភាពនោះនាំឲ្យទ្រូងនាងហាក់ចុកអួលចម្លែក តែក៏ព្យាយាមលាក់តែម្នាក់ឯង មិនប្រាប់ដល់បងប្រុសទេ ព្រោះមិនចង់ឲ្យខូចអារម្មណ៍គេទៅម្នាក់ទៀត បងប្រុសនាងជាមនុស្សល្អ គាត់សាកសមនឹងទទួលបានតែក្ដីសុខប៉ុណ្ណោះ។
....
ល្ងាចថ្ងៃដដែលនៅមន្ទីរពេទ្យ
ការវះកាត់របស់ជូអឺវាដូចជានាំមុខមាត់អោយខាងមន្ទីរពេទ្យមិនតិច ត្បិតវាជាការវះកាត់ដ៏ប្រថុយប្រថានមួយ តែពួកគេក៏អាចឆ្លងកាត់បានដោយធ្វើការវះកាត់ត្រឹមពីរលើក ហើយពេលនេះអ្វីដែលគួរតាមដានគឺសភាពរាងកាយខាងក្រៅរបស់នាង ហើយក៏រង់ចាំឲ្យនាងល្អិតដឹងខ្លួនឡើងវិញតែប៉ុណ្ណោះ។
"កូន..កូនស្រីម៉ាក់ អ្ហឹក"
នៅក្បែរខ្លួនតូចច្រមិចបំពាក់ដោយអុកសុីសែនជំនួយ ក៏មានវត្តមានអ្នកជាម្ដាយដែលរាងកាយមិនទាន់មាំទាំនៅឡើយ តែក៏មានៈមកអង្គុយមើលកូន ចង់ឲ្យប្រាកដថាកូននាងត្រឡប់មកសភាពដើមវិញរឺមួយក៏អត់?
"ជូជូច្បាស់ជាមិនអីទេអាឈីង, បងបានសួរលោកដុកទ័ររួចហើយ"
"តែខ្ញុំក៏នៅតែបារម្ភ ព្រោះសភាពអ្នកកើតជម្ងឺដូចកូន ក្រោយវះកាត់ក៏មានអ្នកខ្លះមានបញ្ហា ខ្សោយនេះខ្សោយនោះក្នុងចំណោមអវយវៈក្នុងខ្លួន ដូច្នេះទើបខ្ញុំចង់មើលកូនឲ្យច្បាស់នឹងភ្នែក" អឺឈីងឧទានឡើងស្របនឹងដៃម្ខាងលូកទៅចាប់ក្រសោបត្រកងដៃម្ចាស់បេះដូងឡើង រួចទម្លាក់បបូរមាត់ថើបដៃកូនថ្នមៗទាំងមានអារម្មណ៍ខុស។
"បើសិនជាថ្ងៃនោះ ម៉ាក់អាចជួយកូនបានពេញ100% កូនក៏ប្រហែលជាមិនត្រូវមកអង្គុយមើលកូនធ្លាក់ក្នុងសភាពបែបហ្នឹងដែរជូ ម៉ាក់..ម៉ាក់សុំទោសណាកូនណា៎"
"អាឈីង ឈប់ស្ដីបន្ទោសខ្លួនឯងទៅ ព្រោះវាមិនមែនជាកំហុសឯងនោះទេ"
អឺហ្វាន់ចូលទៅជិតអឺឈីង កាន់ប៉ះស្មានាងស្រាលៗ មុននឹងទ្វារបន្ទប់សម្រាកបើកឡើង បង្ហាញវត្តមានខេនដែលចូលមកទាំងសស្រាក់សស្រាំម្នាក់ទៀត។ គេទម្លាក់របស់ក្នុងដៃដាក់លើសាឡុង មុននឹងប្រញាប់ចូលទៅជិតឈីងនិងកូនភ្លាមៗតែម្ដង។
"កូនជូ..កូនស្រីប៉ា"
"កូនយើងវះកាត់ជោគជ័យហើយបង អ្ហឹក កូនយើងរួចពីគ្រោះថ្នាក់ហើយបងខេន អ្ហឹកៗ" អឺឈីងប្រញាប់ប្រាប់ទៅអ្នកម្ខាងទៀតទាំងយំ ខេនក៏អោបស្មានាងរួចថើបសក់នាងខ្សឺតៗទាំងភ្នែករលីងរលោងដូចគ្នា គេសប្បាយចិត្តណាស់ ពេលនេះអារម្មណ៍ភ័យព្រួយរបស់គេក៏រសាយបានមួយកម្រិតហើយ កូនស្រីគេផុតពីគ្រោះថ្នាក់ហើយ។
"ពេទ្យនិយាយថាអូនជូអាចនឹងដឹងខ្លួននាយប់នេះរឺក៏ព្រឹកស្អែក ដូច្នេះ..យប់នេះឯងអាចនៅកំដរជូជូនឹងអាឈីងបាន" ពេលលឺបងប្រុសអឺឈីងនិយាយបែបនេះ ខេនក៏ងក់ក្បាលឆ្លើយតបទៅវិញទាំងចិត្តអំណរជាទីបំផុត ទោះបីជារយៈពេលខ្លីក្ដី ឲ្យតែបាននៅជិតកូនស្រីនឹងប្រពន្ធ គេក៏សប្បាយជាទីបំផុត។
"អ្ហឺ..អ្ហឺ"
ខណៈពេលគេនឹងអ្នកដទៃទៀតកំពុងតែនិយាយគ្នា នាងល្អិតដែលដេកលង់លក់ឯណោះក៏គ្រហឹមនឹងដើមករតិចៗ អឺឈីងប្រញាប់ស្ទុះចាប់ដៃកូន ញញឹមសប្បាយចិត្ត ត្បិតវាជាសញ្ញាណប្រាប់ថាកូនស្រីនាង ប្រហែលជាអាចនឹងដឹងខ្លួនឆាប់ៗហើយ។ ខេនឯណោះគេក៏ញញឹមទាំងដៃម្ខាងទម្លាក់កាន់ដៃកូនព្រមជាមួយនឹងអឺឈីងដូចគ្នា ប៉ាម៉ាក់កូន ពេលវេលាល្អៗបែបនេះអាចនៅសល់ប៉ុន្មានទៅ?
អឺហ្វាន់ឯណោះ ក្រោយឃើញប្អូនៗនៅជាមួយគ្នាមានក្ដីសុខ គេក៏មិនធ្វើជាឆ្អឹងទទឹងករ រួចនាំខ្លួនចាកចេញពីបន្ទប់ទៅដោយមានកាន់កូនកន្សែងដៃចេញមក បម្រុងនឹងយកជូតញើសដែលដាបលើថ្ងាស។ តែថាមកដល់ខាងក្រៅ គេក៏ឃើញមនុស្សម្នាក់ មនុស្សដែលក្នុងពេលនេះកំពុងតែត្រូវការកូនកន្សែងដៃនោះជាងគេទៅទៀត។
"ណេស៎" ដៃមាំទម្លាក់ហុចកូនកន្សែងដៃឲ្យទៅអ្នកដែលអង្គុយនៅកៅអីរង់ចាំខាងមុខបន្ទប់ឯណោះតែម្ដង ម៉ាខេឡាដែលអង្គុយសម្ងំយំតែម្នាក់ឯងក៏ងើបមុខឡើងសំឡឹងមើលទៅអឺហ្វាន់ មុននឹងប្រញាប់លើកខ្មងដៃជូតទឹកភ្នែកខ្លួនឯងខ្វាប់ៗ រួចបង្ហាញស្នាមញញឹមទៅកាន់បងរបស់អឺឈីងវិញ។
"បងហ្វាន់ចេញមកហើយហ្អស៎?"
"ទឹកភ្នែកជារបស់មានតម្លៃណាស់ បើសិនជាវាស្រក់ដោយសារតែមនុស្សគ្មានតម្លៃ នាងគិតថាវាសាកសមដែរទេ?"
អឺហ្វាន់ថារួចក៏អោនដាក់កូនកន្សែងដៃក្នុងប្រអប់ដៃរបស់ម៉ាខេឡា រួចកាន់ឈើច្រត់ម្ខាងដើរចេញទៅបាត់ បន្សល់ទុកម្ចាស់ខ្លួនតូចស្ដើងឲ្យនៅអង្គុយសញ្ជឹងគិតតែម្នាក់ឯងនៅទីនោះ៕

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now