ភាគទី24៖ អូនដោះលែងបង (តចប់)

57 2 0
                                    

បងមកដល់សល់តែដាន តែខ្លួនអូនបាត់ស្រមោលសូន្យឈឹង គ្មានសូម្បីតែដំណឹង

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី24៖ អូនដោះលែងបង (តចប់)

"គេ..គេស្លាប់ហើយ?" ដំណឹងសោកសង្រែងមួយហើយមួយទៀតត្រូវលឺដល់ត្រចៀករបស់ខេន ខណៈកាន់តែស្ដាប់ បេះដូងគេកាន់តែចុកអួលណែនព្រោះស្ថានភាពវាអាក្រក់ អាក្រក់លើសពីការស្មានរបស់ខ្លួនទៅទៀត។ ខេនហេលហាលពេញក្នុងទ្រូង សម្រេចចិត្តថាគេមិនគោះទ្វារសំណាក់ហ័រនឹងរង់ចាំឲ្យអឺឈីងចេញមកបើកទ្វារទទួលខ្លួននោះទេ ផ្ទុយទៅវិញគេក៏លូកដៃរុញទ្វារ រុញមួយទំហឹងដល់ទ្វារសំណាក់ចាស់របើកឡើង បង្ហាញពីភាពអសណ្ដាប់ធ្នាប់នៅខាងក្នុងឯណោះ។
"សំណាក់មួយនេះពីមុនស្អាតណាស់ ពួកយើងតែងតែឃើញនាងល្អិតនោះសម្អាតនិងចេញមករាក់ទាក់ពួកយើងរហូត ទើបតែមួយរយៈចុងក្រោយនេះ នាងមើលទៅសោកសៅ សោកសៅខុសប្លែកពីខ្លួននាងកន្លងមក" ខេនដើរបណ្ដើរ សម្ដីនិយាយរបស់ចាស់ទុំទាំងពីរអ្នកដែលកំពុងតែជជែកជាមួយលូហ្ស៊ីងឯណោះក៏បន្លឺបន្ទរហាក់បីដូចជានិទានឲ្យគេបានឃើញពីសភាពរស់នៅរបស់អឺឈីង ពេលដែលគ្មានគេនៅក្បែរ។
"យាយដឹងថាអាពួកចងការនោះវានៅឯណាទេ? ហើយអឺឈីងជំពាក់ពួកវាយូរប៉ុណ្ណាហើយ?" លូហ្ស៊ីងគេគ្មានចង់បានអ្វីក្រៅពីដំណឹងទាក់ទងនឹងពួកអ្នកចងការទាំងនោះ ព្រោះបើសិនជាគេអាចរកពួកនោះឃើញ គេអាចដោះស្រាយបំណុលនាង បើទោះបីជាគេមិនអាចរកឃើញនាងពេលនេះ តែយ៉ាងហោចក៏គេអាចដោះស្រាយបញ្ហាមិនឲ្យនាងរត់គេចពីការតាមយាយីរបស់ពួកអស់នោះ។
"ជំពាក់ប៉ុន្មានយាយមិនដឹងទេ ដឹងតែថាក្មេងនេះដោះបំណុលឲ្យគេរហូតតាំងតែពីក្មេង ឪនាងវក់នឹងស្រាល្បែង យកលុយពីគេរួចក៏បង្វែរមកឲ្យកូនសងមិនលោះ យាយអាណិតតែមីនាងឈីងទេ លុយហូបចុកផង ព្យាបាលបងប្រុសផង ហើយនៅសងបំណុលជំនួសឪពុកទៀត"
"ហ្អា៎!!!!"
គ្រាំង!
លូហ្ស៊ីងកំពុងតែសួរនាំលោកយាយឯណោះ ស្រាប់តែភ្ញាក់ព្រើតកាលបើសុខៗសំឡេងស្រែកគ្រហឹមដូចជាខ្លាបន្លឺឡើងស្របនិងសំឡេងបោកមួយទំហឹងក៏លឺតាមក្រោយគួរឲ្យបារម្ភបំផុត។ រាងខ្ពស់ប្រញាប់ចូលទៅរកមិត្ត មុននឹងបានឃើញថាអ្វីដែលគេបោកនោះ វាជាដំបងកំណាត់ដែលមានប្រឡាក់ដាបទៅដោយឈាម គេក៏ស្លុតចិត្តមិនស្ទើរ ព្រោះឃើញតែអាវុធ គេក៏ហាក់រលឹកនឹកឃើញដល់សភាពទឹកមុខគួរឲ្យអាណិតរបស់អឺឈីង។
"យើងគួរតែនៅទីនេះ យើងគួរតែនៅជាមួយឈីង.. បើយើងមិនទៅអង់គ្លេស ម៉្លេះឈីងក៏មិនជួបរឿងអស់ទាំងនេះ"
"វាមិនមែនជាពេលដែលឯងគួរបន្ទោសខ្លួនឯងនោះទេអាខេន យើងថាអឺឈីងនាងប្រហែលជាមិនទៅណាឆ្ងាយទេ នាងមិនមានអ្វី នាងត្រឹមតែរត់គេច ដូច្នេះនាងអាចនឹងលាក់ខ្លួននៅក្នុងក្រុងនេះក៏ថាបាន"
លូហ្ស៊ីងគេនៅតែសង្ឃឹមយ៉ាងមុតមាំ ថាគេនឹងរកអឺឈីងឲ្យឃើញ ទោះជាត្រូវពុះជ្រែក ហែកទីក្រុងសៀងហៃនេះក៏គេត្រូវតែរកនាងឲ្យឃើញដែរ។
"បន្តិចទៀតយើងមកវិញ" លូហ្ស៊ីងប្រញាប់បែរក្រោយទាញទូរសព្ទ័ខលទៅចូវិននិងកូនចៅផ្សេងឆ្វេចឆ្វាចប្រញាប់ចេញតាមរកអ្នកដែលបាត់ខ្លួនទៅ នៅសល់តែខេនដែលឈរទ្រឹងហាក់ដូចជាមនុស្សដែលមានតែខ្លួន គ្មានវិញ្ញាណ ឲ្យគេមានស្មារតីយ៉ាងម៉េចនឹងបាន ញញឹមយ៉ាងម៉េចនឹងកើត? បើកម្លាំងចិត្តដែលគេមានក្នុងការត្រឡប់មកសៀងហៃនេះស្រាប់តែបាត់ខ្លួនទៅ ពាំនាំទាំងភាពសោយសោកនឹងការយល់ច្រឡំជាច្រើនទៅជាមួយនោះ។
ខេនបោះជំហានឈានចូលទៅក្នុងផ្ទះ កន្លែងដែលគេចូលមកធ្លាប់តែមានអារម្មណ៍កក់ក្ដៅ ពេលនេះក៏ប្រែក្លាយមកជាស្រងេះស្រងោច ចុកចាប់ពើត ព្រោះគ្មានវត្តមាននាងនៅទីនោះ នៅក្នុងរង្វង់ដៃគេដូចកាលពីមុនទៀត។
ភ្នែកស្លក់សំឡឹងមើលជុំវិញផ្ទះ គ្រប់កន្លែងត្រូវបំផ្លាញចោលខ្ទេចអស់ដោយសារស្នាដៃពួកអ្នកចងការអស់ទាំងនោះ កន្លែងដែលអឺឈីងនិយាយថានាងស្រឡាញ់ នាងចង់ការពារ ពេលដែលក្លាយជាបែបនេះ មិនដឹងជានាងឈឺចាប់ខ្លាំងប៉ុណ្ណានោះទេ នេះគេជាអ្នកក្រៅ មកស្នាក់នៅបានតែមួយរយៈពេល គេក៏នៅសោកស្ដាយ ចុះទម្រាំតែនាងដែលជាអ្នកធ្លាប់រស់នៅតាំងតែពីយូរមកទៀត។
"អឺឈីង..ឲ្យបង..ឲ្យបងសុំទោស"
"បងមកយឺតពេល បងមិនគួរទុកអូនឲ្យនៅរងទុក្ខតែឯងទេឈីង" កាន់តែគិត ភ្នែកគេក៏ក្ដៅភាយនាំយកទឹកភ្នែកជាច្រើនជន់លេចចេញមកទាំងគ្មានការរំពឹងទុក។ ខេនទម្លាក់ខ្លួនដេកនៅលើសាឡុង កន្លែងចាស់ដែលគេធ្លាប់តែមាននាងនៅគេងអោបជាប់ទ្រូង ប្រឡែងត្រសងលោមស្នេហ៍ តែពេលនេះគ្មានសេសសល់អ្វីទេ សល់ត្រឹមតែអនុស្សាវរីយ៍ដែលនៅលោតពេញខួរក្បាលរបស់គេ ចាំគ្មានថ្ងៃភ្លេច។
"ត្រឡប់មកវិញមកអឺឈីង"
"បងនឹកអូនណាស់ឈីង" ខេនបិទភ្នែកសម្ងំរំងាប់ចិត្ត រហូតទាល់តែគេលង់លក់ទាំងទឹកភ្នែកមួយតំណក់សម្រក់ចុះជាលើកដំបូងក្នុងមួយឆាកជីវិតនេះ គេសម្រក់ទឹកភ្នែកព្រោះតែនាង គេទន់ជ្រាយក៏ព្រោះតែនាងដែរ។

(អាខេន..អាខេន)
សំឡេងលុលៗបន្លឺឡើងស្របនឹងការអង្រួនខ្លួនគេទៅមកៗនាំឲ្យអ្នកដែលដេកលង់លក់ឯណោះភ្ញាក់។ ខេនបើកភ្នែកឡើងសន្សឹមៗមុននិងទទួលដឹងថាមេឃប្រែមកជាងងឹតបាត់ទៅហើយ នេះគេដេកលក់យូរប៉ុណ្ណាហើយ? ចុះឯណានាង..ឈីងនៅឯណា?
"អាខេន!"
"យើងក្រោកហើយ" ខេនឧទានទាំងសំឡេងស្អក អស់កម្លាំងយកតែមែនទែន តែគេក៏ព្យាយាមក្រោកអង្គុយដោយខ្លួនឯង ព្រោះពេលនេះគេមិនអាចចុះញ៉មនិងទន់ខ្សោយបានទេ ដរាបណាបើរកនាងមិនទាន់ឃើញនោះ។
ខេនក្រោកអង្គុយត្រង់ខ្លួន ចោលភ្នែកសំឡឹងមើលទៅលូហ្ស៊ីងរំពឹងចង់បានដំណឹងល្អបកត្រឡប់ តែមើលតែទឹកមុខគេ នាយក៏អាចអានបានដូចជាអានសំបុត្រ។ លូហ្ស៊ីងគេឡើងអង្គុយលើសាឡុងក្បែរខេន រួចព្រលែងខ្យល់ដង្ហើមធ្ងន់ទាំងតឹងចិត្តបំផុត។
"យើងរកឈីងមិនឃើញទេ កំណត់ហេតុអ្នកចេញចូលក្នុងក្រុងនេះមិនមានឈ្មោះនាងនោះឡើយ ចំណែកឯអ្នកនៅទីនេះក៏មិនមានតម្រុយឈីងទៅណាមកណាឡើយក្នុងកំឡុងមួយខែនេះ" លូហ្ស៊ីងតានតឹងខ្លាំង ចំណែកខេនឯណេះក៏ស្រងូតស្រងាត់ខ្លាំងដល់ថ្នាក់លើកដៃសងខាងជ្រប់មុខ។
"ចុះឯងគិតធ្វើអីបន្ត? ហេតុអីក៏មកវិញ?"
"យើងចង់មកសួរ ហើយក៏មកឲ្យឯងត្រៀមចិត្តទុកជាមុន" លឺលូហ្ស៊ីងនិយាយ បេះដូងខេនស្ទើរតែគាំងលែងដើរបន្តទៀត។
"ព្រោះការស៊ើបបន្តនេះ វាជាការស៊ើបរកអ្នកស្លាប់ក្នុងកំឡុងមួយខែនេះ វាអាចជាគ្រោះថ្នាក់រឺក៏អត្តឃាត"
"វាមិនអាចទៅរួចទេ"
"យើងមិនជឿថាឈីងនឹងមានរឿងអស់ទាំងហ្នឹងទេ មិនពិត"

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now