ភាគទី66

231 8 0
                                    

រឿង : ចំណងបេះដូងមួយរាត្រី

ភាគទី66

ពីរបីថ្ងៃកន្លងផុតទៅយ៉ាងឆាប់រហ័សជាទីបំផុត បើទោះបីជាជូអឺនាងបានធូរស្រាល ក៏នាងនៅត្រូវការការថែទាំយ៉ាងយកចិត្តទុកដាក់បំផុត ព្រោះវាមិនខុសពីការដែលអឺឈីងបានគិតទុកនោះទេ ក្រោយពីគ្រោះថ្នាក់នៅថ្ងៃនោះ ទោះបីជាជូអឺទទួលការវះកាត់រួច នាងក៏មិនអាចក្លាយមកជាដូចដើមវិញដែរ ដោយពេលនេះដៃខាងស្ដាំរបស់នាងប្រែមកជាខ្សោយ អាចត្រឹមតែកម្រើក តែមិនអាចធ្វើអ្វីបាននោះឡើយ ហើយវាក៏ជារឿងមួយដែលធ្វើឲ្យបេះដូងអ្នកជាម្ដាយប្រេះស្រាំជាខ្លាំង។
រាងតូចអង្គុយក្នុងបន្ទប់ធំ ជាបន្ទប់ទទួលភ្ញៀវក្នុងផ្ទះលំហែមួយកន្លែងដែលខេនបានយកនាងនឹងកូនមកស្នាក់នៅទីនោះ មួយរយៈពេលដែលជូអឺនាងត្រូវទទួលការសម្រាកព្យាបាលពីចម្ងាយនោះ។
"កូននឹងមិនអីទេអូន កុំបារម្ភអី" មិនមែនមានតែអឺឈីងម្នាក់ឯងទេដែលនៅទីនោះ ពេលនេះក៏មានខេននៅអង្គុយទីនោះ កាន់ក្រសោបដៃនាងជាប់ណែនទុកជាការលួងលោមចិត្ត។ អឺឈីងងាកភ្នែកសំឡឹងមើលទៅកាន់បុរសជាទីស្រឡាញ់នឹងជាប៉ារបស់ជូអឺ ក្រោយពីទទួលបានដំណឹងដ៏សោកសៅថាអនាគត ជូអឺនាងប្រហែលជាមិនអាចត្រឡប់មកជាប្រក្រតីបាននោះទេ។
(ខ្ញុំសូមណែនាំអ្នកទាំងពីរឲ្យសម្រួលចិត្ត ហើយចាត់ទុកថាវាមិនមែនជារឿងធំទៅចុះ ព្រោះបើសិនជាអ្នកទាំងពីរមានប្រតិកម្មហើយក្មេងដឹង គេអាចនឹងកាន់តែមានអារម្មណ៍មិនល្អកាន់តែខ្លាំងឡើង)
"ពួកយើងយល់ហើយដុក ក៏អរគុណដល់លោកនឹងក្រុមការងារដែលព្យាយាមជួយកូនស្រីខ្ញុំកន្លងមក"
(វាជាតួនាទីពួកយើងស្រាប់ទៅហើយលោក)
ការសន្ទនារវាងអាណាព្យាបាលនឹងលោកដុកទ័រក៏ត្រូវបានបញ្ចប់ ខេនជាអ្នកចុចបញ្ចប់ការខល រួចងាកបែរមកអោបក្រសោបខ្លួនអឺឈីងដែលទន់ចូលមកក្នុងរង្វង់ដៃខ្លួនទាំងយំឯណោះវិញ។ នាយត្រកងបីបមខ្លួនដែលកំពុងញ័រចំប្រប់ ស្របនឹងបេះដូងជាឪពុកក៏ខ្ទេចខ្ទាំមិនចាញ់គ្នា តែគេជាមនុស្សប្រុស ភ្នែករឹង អាចទប់ទល់ទឹកភ្នែកនឹងភាពទន់ជ្រាយរបស់ខ្លួនបានល្អជានាង។
"អូនគួរតែជួយកូននៅថ្ងៃនោះ"
"អូនបានជួយកូនហើយតើឈីង បើថ្ងៃនោះគ្មានអូន កូនជូច្បាស់ជាមិនអាចមានថ្ងៃនេះ មិនអាចនៅចំពោះមុខបងនឹងអូនពេលនេះទេ"
"តែកូននៅតែមានបញ្ហា កូនត្រូវពិការដៃម្ខាង ជាដៃសំខាន់ថែមទៀត អ្ហឹក! អូនជាម្ដាយមិនល្អ អូនគ្មានសមត្ថភាព អ្ហឹក"
"ការដែលកូននៅមានជីវិតវាទើបជាការសំខាន់ជាង អូនដែលធ្លាប់ឃើញអ្នកដែលគាត់គ្មានអវយវៈខ្លះរស់នៅទេ? អ្នកខ្លះគ្មានទាំងដៃម្ខាងផង តែគាត់ក៏អាចប្រើប្រាស់ជើង អ្នកខ្លះគាត់ពិការសាពាង្គកាយផ្សេងទៀត តែពួកគាត់នៅតែមានមធ្យោបាយរស់ ចុះកូនជូនាងនៅសល់ដៃសងខាង ទោះជាម្ខាងខ្សោយជាងម្ខាងក្ដី តែបងជឿថាកូនជាក្មេងឆ្លាត កូនច្បាស់ជាអាចរកផ្លូវចេញឃើញ។
(ម៉ាក់?! ម៉ាក់អើយម៉ាក់..)
កំពុងតែនិយាយគ្នាសុខៗ ក៏ស្រាប់តែសំឡេងរបស់នាងច្រម៉ក់ជូអឺលាន់លឺឡើងពីបន្ទប់ខាងក្រោយឯណោះ អឺឈីងនាងក៏ស្រាប់តែភ្ញាក់ព្រើត ត្បិតភ្លេចគិតថានាងបានដួសអាហារឲ្យកូន តែនាងរវល់មកទទួលលេខពេទ្យ ទើបមិនបានទៅបញ្ចុកកូន។ នាងមិនអែអង់ក៏ប្រញាប់លើកខ្មងដៃជូតទឹកភ្នែក រួចដើរសម្ដៅទៅបន្ទប់ញ៊ាំអាហារឯណោះភ្លាម។
ការបោះជំហានចូលមកដល់បន្ទប់ញ៊ាំអាហារ វានាំឲ្យអឺឈីងនឹងខេនបានឃើញពីរបស់របរធ្លាក់រប៉ាត់រប៉ាយ មានកំណកបាយដុំៗលាយទឹកសម្លធ្លាក់មកពេញឥដ្ឋ តែវាហាក់មិនបានធ្វើឲ្យទាំងពីរនាក់ប្ដីប្រពន្ធស្លុតនឹងគាំងនិយាយលែងចេញដូចជារូបភាពមួយនៅពីមុខពួកគេនោះទេ។
ជូអឺនាងញញឹមសំឡឹងមើលមកប៉ាម៉ាក់ទាំងភ្នែករលីងរលោង ខណៈដៃម្ខាងដែលនៅប្រើការបាន ពេលនេះកំពុងតែចាប់កាន់ស្លាបព្រាបាយ។ នាងហៅម៉ាក់នាងមកមើលរួសរ៉ាន់បែបនេះក៏ព្រោះមកពីនាងចង់ឲ្យម៉ាក់បានឃើញថា នាងអាចប្រើដៃឆ្វេងនោះបានខ្លះហើយ។
"ម៉ាក់ កូនញ៊ាំបាយបានហើយ ហិ អត់ហត់ឲ្យម៉ាក់បញ្ចុកទៀតអេ៎"
"ពុទ្ធោ កូនម្ដាយ អ្ហឹក" អឺឈីងនាងរន្ធត់ចិត្ត គិតអ្វីមិនចេញក្រៅពីឧទានទាំងអាណិតដល់កូន។ នាងប្រញាប់ចូលទៅរកជូអឺ អោបក្រសោបខ្លួនអ្នកប្រឡាក់ដោយបាយសម្លនោះទាំងសប្បាយចិត្តជាទីបំផុត។ ខេនទើបតែនិយាយអម្បាញ់មិញថាកូនពួកគេជាក្មេងឆ្លាត ហើយនាងប្រាកដជាអាចឆ្លងកាត់បាន ពេលនេះជូអឺក៏ធ្វើបានពិតមែន ក្នុងនាមជាម្ដាយ នរណាមិនសប្បាយចិត្តនោះ?
"ឃើញទេ? បងថាកូនយើងឆ្លាតគឺឆ្លាតហើយ មើស៎ ញ៊ាំបាយដៃឆ្វេងចង់ស្ទាត់ជាងប៉ាទៅទៀតនេះ"
"កូនម៉ាក់ឈីងឆ្លាតចឹងអៃ ហិហិ!"
"អូហ៍ ស្មានកូនប៉ាខេន មិញគិតចង់ទិញកាដូឲ្យ តែអាលូវអត់វិញ"
"ប៉ាខេនកូនចិត្តល្អសឹងអី ចុះពូឯងណាគេចឹង?" ប៉ាកូនទាំងពីរចាក់ពាក្យសម្ដីគ្នាទៅមកមិនមាននរណាព្រមចុះចាញ់ទាល់តែសោះ ជូអឺប្រៀបបីដូចជាមនុស្សតែមួយនឹងប៉ាគេ គ្រាន់តែគេសក់វែង ប៉ាគេសក់ខ្លីប៉ុណ្ណោះ។
តឹប!តឹប..
ខណៈពេលដែលពួកគេកំពុងតែនិយាយគ្នា ក៏ស្រាប់តែមានសម្រឹបជើងនរណាម្នាក់បន្លឺឡើងពីចម្ងាយ ទាំងអឺឈីងនឹងខេនងាកមើល ក៏បានឃើញថាជាវត្តមានរបស់ចូវិន កូនចៅជំនិតរបស់លូហ្ស៊ីង មិត្តសម្លាញ់គេហ្នឹងឯង។
"ចូវិន? មកទីនេះមានការអី?" ខេនជាអ្នកសួរនាំ ហើយចេញមុខឈរពាំងប្រពន្ធកូនទាំងពីរនាក់ មិនភ្លេចជ្រឹមចិញ្ចើមបង្ហាញភាពងឿងឆ្ងល់ពីវត្តមានគេទៀត។
"អ្នកប្រុសលូហ្ស៊ីងបញ្ជាខ្ញុំឲ្យមកទីនេះ ដើម្បីជួយយកអាសារអ្នកទាំងពីរ ហើយក៏ជួយមើលថែអ្នកនាងតូចផង"
"អាលូហ្ស៊ីងហ្នឹងហ្អេស៎ដែលបញ្ជាឯងបែបហ្នឹង? មិនមែនដោយសាររឿងអីផ្សេងទេហ្អេស៎?"
"បាទទាន៎" ចូវិនឆ្លើយទាំងញើតញើមបន្តិច ត្បិតចៅហ្វាយដេញឲ្យមករកខេន មកនិយាយបង្វែរដាននឹងអាលគេឯណោះនាំម៉ាខេឡាឡើងយន្តហោះទៅសៀងហៃ ទុកនាងនៅទីនោះដល់នាងនឹងធឹង ទើបគេឲ្យនាងមកវិញ។
"ចុះម៉ាខេឡាប្អូនយើង? នៅជាមួយវាមែនអត់? វានាំប្អូនយើងទៅខូចខិលឯណាទេដឹង?"
"ចឹងហៃ ម៉ាក់មីងតូចឆាប់បានប្ដី ហិហិ!" កាលបើឪពុកព្យាយាមជីកសួរ កូនស្រីឯណោះក៏បន្ទរពីក្រោយមក ទាំងលើកដៃបិទមាត់សើចខឹកៗតែឯងឯណោះ។

កូននិយាយអត់ខុសទេ ខូចចឹងហើយ ឆាប់បានប្ដី៕

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now