ភាគទី55៖ អវត្តមាននាយ

64 3 1
                                    

បងប្រុសអឺឈីង, ហេតុអីក៏គេត្រឡប់មកពេលនេះ?

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី55៖ អវត្តមាននាយ

ការទទួលបានដំណឹងថាអ្នកដែលគ្រប់គ្នាទទួលស្គាល់នឹងបានគិតថាគេស្លាប់រួច ខេនគេមិនបង្អង់យូរដោយទុកម៉ាខេឡាឲ្យនៅមើលថែកូនស្រីគេឲ្យជាក់លាក់ រួចនាយប្រញាប់ចេញមកខាងក្រៅយ៉ាងលឿនតែម្ដង។
ដំណើរបោះជំហានញាប់ ក្រសែភ្នែកព្យាយាមងាកបែរសំឡឹងមើលជុំទិស ក្នុងបំណងរកមើលវត្តមានបុរសដែលមានងារជាបងថ្លៃឯណោះ។ គេដើររហូតទាល់តែមកដល់កន្លែងមួយ កន្លែងដែលគេលួចគិតថាបងប្រុសអឺឈីងប្រាកដជានៅទីនោះ ពេលមកដល់គេក៏នៅទីហ្នឹងពិតមែន។
"លូហ្ស៊ីង!"
"គេមកហើយ" បុរសពីរនាក់នៅឈរពីមុខបន្ទប់វះកាត់ ដោយម្នាក់ក្នុងចំណោមពួកគេគឺជាលូហ្ស៊ីងមិត្តសម្លាញ់គេហ្នឹងឯង។ កាលបើក្រឡេកភ្នែកឃើញខេនមកដល់ លូហ្សីងក៏ប្រញាប់ប្រាប់អ្នកដែលខ្លួនឈរបានជាគ្នាឯណោះបន្តិច។
រាងកាយមាំ តែមើលទៅមានសភាពទ្រុឌទ្រោមមិនតិច បូកផ្សំនឹងដៃគេម្ខាងកាន់ឈើច្រត់ទៀត វាធ្វើឲ្យអ្នកដែលទើបតែចូលមកកាន់តែមានចម្ងល់លើសលប់យកតែម្ដង។
"លោកគឺ..."
"ហ័រ អឺហ្វាន់! ខ្ញុំជាបងប្រុសឈីង" អឺហ្វាន់ងាកបែរភ្នែកសំឡឹងមើលមកខេនតែពេលណែនាំខ្លួន រួចក៏បែរទ្រឹងសំឡឹងមើលទៅទ្វារបន្ទប់វះកាត់វិញក្នុងសភាពទឹកមុខស្ងប់នឹងស្ងៀមស្ងាត់ជាទីបំផុត។
ខេនងាកបែរភ្នែកសំឡឹងមើលទៅមិត្តសំឡាញ់ ព្យាយាមចង់បានតម្រុយរឺក៏ជំនួយខ្លះពីលូហ្ស៊ីង តែអ្វីដែលគេទទួលបានមកវិញគឺលូហ្ស៊ីងក្រវីក្បាលតិចៗដូចជាមិនមានជម្រើសដែរ។
"លោកមកទីនេះបានដោយរបៀបណា ក្រែងលោក—"
"ប្អូនខ្ញុំយ៉ាងម៉េចទៅហើយ?" អឺហ្វាន់និយាយស្របនឹងក្រសែភ្នែកមិនសូម្បីតែងាកបែរសំឡឹងមើលមកមុខប្អូនថ្លៃអីបន្តិចសោះ។
"អឺឈីងរងការប៉ះទង្គិចផ្នែកឆ្អឹងខ្នងនិងក្បាល ដុកទ័រកំពុងតែធ្វើការវះកាត់ឲ្យអូនឈីងហើយ"
"ចំណែកកូនជូ.. ល្ងាចបន្តិចទៀតក៏នឹងត្រូវវះកាត់ដូចជាអ្នកម៉ាក់គេដែរ"
"អ្នកម៉ាក់គេ? នេះអូនឈីងមានកូនមែនទេ?" សម្ដីបកស្រាយទាំងប៉ុន្មានរបស់ខេន មិនបានធ្វើឲ្យអឺហ្វាន់ប្រែប្រួលទឹកមុខដូចជាបានលឺថាប្អូនស្រីរបស់ខ្លួនមានកូននោះទេ។ គេដើរចូលកាន់តែជិតទ្វារបន្ទប់វះកាត់ ខណៈក្រសែភ្នែកគេបានឃើញច្បាស់នូវសភាពរាងកាយស្លេកស្លាំងរបស់ប្អូនស្រីជាទីស្រឡាញ់ដេកនៅលើគ្រែ ឆ្លងកាត់មុខកាំបិតដ៏គួរឲ្យញញើតញញើមនោះ។
តក់!
ទឹកភ្នែកមួយតំណក់ក៏ស្រក់ចុះពីផែនថ្ពាល់ ខណៈបេះដូងគេឈឺខ្ទោកៗដូចជាមានអ្វីចាក់បំបុក។ នេះកន្លងទៅយូរប៉ុណ្ណាហើយ? ប្អូនស្រីគេបានឆ្លងរឿងអ្វីខ្លះទៅ? គេចង់ដឹងណាស់។
"ខេន.." ស្របពេលដែលអឺហ្វាន់កំពុងតែសំឡឹងមើលទៅប្អូនស្រីនៅខាងក្នុង លូហ្ស៊ីងឯណោះក៏បានឱកាសខិតទៅជិតមិត្ត រួចកេះប្រាប់គេបន្តិច។
"យើងមិនយល់ទេ នេះរឿងវាយ៉ាងម៉េចទៅ? ក្រែងបងអឺហ្វាន់ គាត់..គាត់ស្លាប់មែនទេ?" អ្វីដែលខេនចង់សួរអឺហ្វាន់អម្បាញ់មិញ មុននឹងគេនិយាយកាត់ វាគឺជាសំនួរមួយនេះឯង។ ហេតុអីក៏គេត្រឡប់មកវិញ? ក្រែងគេបានស្លាប់ហើយមិនអ៊ីចឹងហ្អេស៎?
"អម្បាញ់មិញប៉ូលីសជាអ្នកជូនគេមក យើងក៏មិនបានដឹងច្បាស់ដែរថាគេមកពីណារឺមានរឿងអី ព្រោះមើលទៅអឺហ្វាន់គេដូចជាស្ងប់ស្ងាត់នឹងមិនចង់និយាយអ្វីទាំងអស់ ក្រៅពីចង់ដឹងពីសុខទុក្ខឈីង" បុរសៗទាំងពីរនាក់យើងចាប់ឈឺក្បាលខ្ទោកៗ មិនយល់ពីបំណងរបស់អឺហ្វាន់ទាល់តែសោះ តែម្នាក់ៗក៏មិនមាននរណាម្នាក់ហ៊ានសួរ ព្រោះគិតថាពេលនៅមិនទាន់សាកសមនៅឡើយ។

*2ម៉ោងបានកន្លងផុត
ការវះកាត់នៅតែបន្ត អ្នកដែលនៅខាងក្រៅឯណោះក៏រង់ចាំទាំងចិត្តអន្ទះសារខ្លាំងជាទីបំផុត។ ខេនឯណេះគេក៏ដើរទៅមកៗមិនឈប់ ព្រោះការវះកាត់របស់ប្រពន្ធនៅមិនទាន់ទទួលបានលទ្ធផលផង ការវះកាត់របស់កូនក៏កៀកជិតចូលមកដល់ទៀត នេះតើគេអាចធ្វើចិត្តឲ្យស្ងប់ដោយរបៀបណាទៅ?
"ការងារក៏ត្រូវផ្អាក ប្រពន្ធកូនក៏ដេកស្ដូក ស្របនឹងម្ដាយឯណោះត្រូវជាប់ឃុំពីបទប៉ុនប៉ងសម្លាប់ទៀត" ស្របនឹងអារម្មណ៍អ្នកគ្រប់គ្នាកំពុងតែនៅជាមួយម្ដាយនឹងក្មេងនៅឯមន្ទីរពេទ្យ។ លូហ្ស៊ីងឯណោះក៏ជាអ្នកដែលទទួលបានព័ត៌មានពីលោកស្រីម័រហ្គេនឯណោះ ពេលនេះលោកស្រីកំពុងតែស្ថិតក្រោមការឃុំឃាំងរបស់ប៉ូលីស រង់ចាំដល់ជនរងគ្រោះឯណេះដឹងខ្លួននឹងអាលបានធ្វើសំណុំរឿងបញ្ជូនឡើងទៅតុលាការ។
"កុំថាឡើយបងខេនជាមនុស្សប្រុស ទោះបីជាទេវតាក៏មិនអាចទ្រាំទ្រនឹងរឿងផ្ទួនៗថ្នាក់ហ្នឹងដែរ" ម៉ាខេឡាដែលនៅអង្គុយកៀកក្បែរជាមួយនឹងលូហ្ស៊ីងក៏ពោលឡើងទាំងខ្លោចចិត្តអាណិតបងប្រុសមិនតិច។ នាងព្រួសខ្យល់ដង្ហើមស្រាល មុននឹងត្រូវដៃមាំទាំរបស់លូហ្ស៊ីងទាញក្បាលឲ្យនាងកើយលើស្មាគេដោយមិននិយាយអ្វីទាំងអស់។
ម៉ាខេឡានាងមិនបានបដិសេធ មានតែរុលខ្លួនចូលកាន់តែកៀកជិត ផ្ដល់ភាពងាយស្រួលឲ្យលូហ្ស៊ីងកាន់ប៉ះចង្កេះនាងជាប់ លួចលាក់ស្និតស្នាលពីក្រោយខ្នងខេនឯណោះ។
ត្រឡប់មកមើលខេនឯណេះវិញ គេបួងសួងសុំអង្វរព្រះជាម្ចាស់នៅក្នុងចិត្ត មកដល់ដំណាក់កាលមួយនេះ គេមិនចង់បានអ្វីទេ មិនខ្លាចនឹងលះបង់អ្វីឡើយ សូម្បីតែជីវិតរបស់គេផ្ទាល់ ឲ្យតែអឺឈីងនឹងកូនបានរួចផុត ទោះបីជាគេស្លាប់ក៏គេមិនស្ដាយក្រោយនោះដែរ។
"ដុក..ដុកទ័រមកហើយ គាត់មកហើយ" ការសំឡឹងមើលមិនទម្លាក់ភ្នែករបស់ខេន ពេលនេះក៏បានផលពិតមែន។ លោកដុកទ័រនឹងក្រុមការងារនៅខាងក្នុងបានបញ្ចប់ការវះកាត់ហើយ ដោយពេលនេះដុកទ័រជាអ្នកដើរនាំមុខចេញមកមុន ខណៈគ្រែរបស់អឺឈីងក៏ត្រូវពេទ្យផ្សេងរុញមកតាមក្រោយដោយមានអុកសុីសែនបំពាក់ត្រឹមត្រូវតាមបទដ្ឋាន។
ក្រាក!
"ដុកទ័រ ប្អូនខ្ញុំយ៉ាងណាហើយ?" ដំបូងឡើយដុកទ័រគិតថាចេញមកនឹងបានពាំនាំនូវដំណឹងមកប្រាប់ខេនដែលជាស្វាមីឯណោះ តែពេលមកដល់មានអ្នកផ្សេងមកសួរកាត់មុខ លោកក៏ធ្វើខ្លួនសឹងតែមិនទាន់។
"ការវះកាត់របស់អ្នកនាងអឺឈីងបានជោគជ័យហើយបាទ៎ ពួកយើងនឹងធ្វើការផ្លាស់ប្ដូរគាត់ចេញទៅបន្ទប់ធម្មតាបន្តិចទៀតនេះ" លឺថាភរិយាវះកាត់ជោគជ័យ បេះដូងខេនក៏បានស្រាកស្រាន្តពីការព្រួយបារម្ភច្រើនខ្លាំងណាស់ គេញញឹមទាំងភ្នែករលីងរលោង មុននឹងដើរចូលទៅជិតរាងកាយអ្នកដេកស្ដូក មុននឹងចាប់កាន់ដៃនាងឡើងមកថើបតិចៗ។
"អូនធ្វើបានល្អហើយឈីង អូនធ្វើបានហើយប្រពន្ធសម្លាញ់"
"ចុះនាងអាចចេញពីពេទ្យបាននៅពេលណាទៅលោក? ចុះចំណាយពេលប៉ុន្មានថ្ងៃខែ ទើបនាងអាចហោះហើរបាន?" អឺហ្វាន់មិនសូម្បីតែចំណាយពេលយកចិត្តទុកដាក់លើការស្រឡាញ់បារម្ភដែលខេនមានលើប្អូនស្រីខ្លួននោះទេ។ គេចោទសួរនូវសំនួរដែលគេចង់ដឹង ដែលសំនួរទាំងនោះនាំឲ្យអ្នកកំពុងតែកាន់ក្រសោបប្រពន្ធងាកបែរមើលមកទាំងមិនយល់ជាខ្លាំង។
"អ្នកជម្ងឺត្រូវការការតាមដាននឹងមើលថែឲ្យបានជាក់លាក់បំផុត ហើយរឿងហោះហើរនោះ ខ្ញុំថាកុំអាលអីលោក"
"ចុះបើសិនជាមានឧត្ថម្ភចក្រពេទ្យមកទទួល តើនាងអាចទៅបានទេ?"
"លោកនិយាយចង់សម្ដៅទៅលើអីអឺហ្វាន់? ចង់ហោះហើរទៅឆ្ងាយយ៉ាងចាំបាច់ នេះលោកចង់យកប្រពន្ធខ្ញុំទៅណា?" ដោយអត់ធ្មត់នឹសំនួរប្លែកៗរបស់អឺហ្វាន់លែងបាន ខេនគេក៏ប្រញាប់សួរនាំទៅបងថ្លៃវិញភ្លាមតែម្ដង។
"រឿងនេះ.. ខ្ញុំមិនអាចសម្រេចចិត្តបានទេ ព្រោះវាអាស្រ័យលើសាច់ញាតិរបស់អ្នកជម្ងឺ.."
"ខ្ញុំជាបងប្រុសរបស់អ្នកជម្ងឺ ហើយខ្ញុំចង់ផ្លាស់នាងចេញទៅ កាន់តែឆាប់កាន់តែល្អ"
"ហ័រ អឺហ្វាន់!" ម្ដងនេះខេនគេក៏រៀងតំឡើងសំឡេងបន្តិច ហើយវាក៏ធ្វើឲ្យអ្នកដែលព្យាយាមមិនស្ដាប់គេនោះងាកបែរមើលទាំងមុខស្មើធេងតែម្ដង។
"លោកចង់យកប្រពន្ធខ្ញុំទៅណា?"
"ទៅណាក៏បាន ឲ្យតែឆ្ងាយពីទីនេះ" អឺហ្វាន់ឆ្លើយតបទាំងគ្មានញញើតញញើមអីបន្តិចសោះ គេដើរចូលជិតប្អូន មានបំណងចង់ប៉ះនាង តែក៏ត្រូវខេនច្រានដៃចេញទាំងខឹងខ្លាំង។
"លោកមានសិទ្ធអីមកយកឈីងទៅ ក្រោយពីលោកបាត់ខ្លួនអស់រាប់ឆ្នាំ ទុកឲ្យនាងនៅវេទនាតែឯងនោះ" ខេនខឹងខ្លាំងក៏និយាយចេញនូវអារម្មណ៍ពិតរបស់ខ្លួនទាំងអស់។ អឺហ្វាន់ញញឹម មុននឹងប្រើដៃតែម្ខាងទៅក្របួចករអាវខេនជាប់ រឹតខ្លួនសឹងតែដាច់កញ្ចឹងករអ្នកម្ខាងទៀតហើយ។
"បងខេន.."
"យើងបាត់ទៅណាអ៊ីចឹងហ្អេស៎? សំនួរនេះយើងថាឯងគួរតែសួរលោកស្រីម្ដាយចិត្តបាបរបស់ឯងទៅ ថាប៉ុន្មានឆ្នាំនេះវាចាប់យើងយកទៅឃុំឃាំងនៅឯណា? ធ្វើស្អីខ្លះ!"
"ហើយកុំភ្លេចសួរម្ដាយឯងផង ថាវាបានឲ្យលុយប៉ុន្មានដើម្បីឲ្យពួកអ្នកទារបំណុលនោះទៅធ្វើបាបអូនឈីង! អូនឈីងពិការភ្នែកព្រោះតែនរណា? សួរវាឲ្យអស់ទៅ" កាលបើបានលឺអ្វីដែលខ្លួនមិនដែលរំពឹងគិតបែបនេះ ខេនគេក៏នៅស្ងៀមទ្រឹង។ នេះមានរឿងអ្វីខ្លះដែលម្ដាយគេប្រព្រឹត្តហើយគេមិនបានដឹងទៀតនោះ? នរណាក៏បានដែរបកស្រាយឲ្យអស់មក។
"បើយើងទុកប្អូនយើងឲ្យនៅទីនេះបន្ត វាដូចជាទុកនាងក្នុងរ៉ូងខ្លា ចាំឲ្យខ្លាមកហែកប្អូនយើងសុីពេលណាក៏បានអ៊ីចឹង"
"ខ្ញុំមិនឲ្យអូនឈីងទៅណាទេ"
"ឯង.."
"បើលោកចង់យកអូនឈីងទៅ លោករំលងសពខ្ញុំសិនទៅ" ខេនគេមិនរុញរាក្នុងការតតាំង ពេលនេះទោះជាអារម្មណ៍នៅវិលវល់ក៏ដោយ ក៏រឿងតែមួយដែលគេនឹងធ្វើ នោះគឺការពារឈីងនឹងកាន់ដៃនាងឲ្យជាប់មិនលែង៕
(បងគ្មានថ្ងៃលែងដៃអូនម្ដងទៀតងាយៗទេឈីង)
(បងសន្យា)

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now