ភាគទី91

211 10 1
                                    

រឿង : ចំណងបេះដូងមួយរាត្រី
ភាគទី91

"អូយ៎! អ្ហឹកៗ" សំឡេងស្រែកយំ ថ្ងួចថ្ងូរបន្លឺចេញពីកន្លែងងងឹតនៅក្រោមស្ពាន ជីវិតម្ដាយនឹងកូនក្នុងផ្ទៃពេលនេះកំពុងតែស្ថិតក្នុងភាពគ្រោះថ្នាក់ ខណៈសមាជិកគ្រួសារនឹងអ្នកដែលមានជាប់ពាក់ពន្ធ័មិនបានដឹងអ្វីពីនាងទាល់តែសោះ។
ឈាមក្រហមរងាលដែលហូរចេញតាមប្រឡោះជើងឯណោះក៏ហូរមកមិនឈប់ ហាក់ដូចជាមិនអាណិតអាសូរដែលអ្នកដែលកំពុងតែយំស្រែកឯណេះសោះ។ ម៉ាខេឡាខាំបបូរមាត់សឹងតែបែកឈាម ខ្លួនប្រាណក៏ហូរញើសជោគ ព្រោះតែការទ្រាំទ្រនឹងភាពឈឺចាប់ឥតស្រាកស្រាន្តឯណោះ នាងចំកោងខ្លួន ខិលក្បាលចុះទាប មុននឹងហើបបបូរមាត់និយាយទៅកាន់វត្តមានកូនជាទីស្រឡាញ់ដែលមិនដឹងថាពួកគេអាចនឹងមានឱកាសចួបគ្នាទៀតរឺមួយក៏អត់ទេ។
"កូន..កូនម៉ាក់! អ្ហឹក ឲ្យម៉ាក់សុំទោស ដែលម៉ាក់នាំកូនមកលំបាក ឲ្យម៉ាក់សុំទោសដែលធ្វើឲ្យប៉ាគិតថាកូនជាបន្ទុករបស់គាត់ បើសិនជាមានឱកាស ម៉ាក់នឹងការពារកូន ទោះបីជាម៉ាក់ស្លាប់.. ម៉ាក់ក៏មិនបោះបង់កូនចោលដែរ កូន...ម៉ាក់ អ្ហឺ" សំឡេងម៉ាខេឡាកាន់តែខ្សោយទៅៗ បបូរមាត់ដែលហើបនិយាយ ពេលនេះបែរស្លាក់សម្ដីហើបនិយាយលែងចេញ ត្របកភ្នែកដ៏នឿយហត់ក៏ចាប់ទម្លាក់ចុះស្រាលៗស្របនឹងសំឡេងអ៊ូអរបន្លឺឡើង ដូចជាផ្ដល់ក្ដីសង្ឃឹមឲ្យទៅអ្នកដែលហៀបនឹងរលត់បាត់ស្មារតីឯណោះ។
"ជ..ជួយ.. ខ្ញ..ខ្ញុំ...ផង"
ការចងចាំចុងក្រោយដែលម៉ាខេឡាមាន មុននឹងបាត់បង់ស្មារតីទៅ គឺមានមនុស្សមួយហ្វូងចូលទៅរកនាង ដោយម្នាក់ៗមានកាន់ភ្លើងចង្កៀងនៅក្នុងដៃ ស្របនឹងសម្ដីបែបមនុស្សចាស់បន្លឺឡើងហាក់ដូចជាដាស់នាង។
(នេះនរណាហ្នឹង? លោកអើយឈាមច្រើនណាស់ យក..យកនាងទៅពេទ្យទៅ)
(តែពួកយើងអត់មានលុយទេ.. ពួកយើងមកកាយរកអីហូបតើ)
....
ល្ងាចថ្ងៃដដែល!
ក្រោយពីរកមើលម៉ាខេឡាអស់ចិត្តអស់ចង់រួចមក លូហ្ស៊ីងគេក៏ទ័លតម្រិះកាន់តែខ្លាំង គេបើកឡានពេញក្នុងទីក្រុង ខណៈខួរក្បាលគិតរំពៃដល់ពាក្យសម្ដីដែលម៉ាខេឡាបាននិយាយមកកាន់ខ្លួនកាលពី មុនពេលដែលនាងឡើងតាក់សុីនៅថ្ងៃនោះ។
  (បងនិយាយធ្វើដូចជាខ្ញុំនឹងកូនជាបន្ទុកសម្រាប់បងអ៊ីចឹងហ្ស៊ីង..)
  (បងមិនបានថា)
  (តែន័យបងចង់បានន័យបែបនោះ!)
  "ឯងខឹងនឹងបងមែនទេ? ហេតុអីក៏ឯងរត់ចោលបញ្ហាទុកឲ្យបងដោះស្រាយតែម្នាក់ឯងបែបហ្នឹង ម៉ាខេឡា?" លូហ្ស៊ីងឈប់ឡានងឹក កាលបើឡានបើកមកដល់ខាងមុខទីកន្លែងមួយដែលជាកន្លែងដែលគេមិនចង់មកសោះ បើសិនជាគ្មានរឿងល្អ។
    ទីកន្លែងដែលនាយមកនោះក៏គ្មានទីណាឆ្ងាយពីសំណាក់ហ័រ កន្លែងដែលបងប្រុសអ្នកកំពុងតែបាត់ខ្លួនហ្នឹងឯង លូហ្ស៊ីងមកទីនេះ ក៏ព្រោះមានបំណងចង់មកប្រាប់ខេន ប្រាប់តាមត្រង់ថាគេបានប្រហែសធ្វើឲ្យបាត់នាង គេចង់មកប្រាប់ខេនដោយផ្ទាល់ ជៀសវាងមិនចង់ឲ្យគេដឹងវាពីមាត់អ្នកដទៃទេ។
  "យើងគួរធ្វើបែបណា? ហ៊ើយ!" លូហ្ស៊ីងឈឺក្បាលខ្លាំង សឹងតែបែក គេនឹងខេនទើបតែមានបញ្ហារកាំរកូសនឹងគ្នាមិនទាន់ដាច់ស្រេចផង ពេលនេះនៅមកចួបបញ្ហាធំថែមទៀត តែគេក៏មិនអាចគេចវេសបានរហូតនោះដែរ ពេលខ្លះការទទួលយកការពិតវាប្រហែលជាអាចល្អជាង ការគេចវេសទេដឹង?
    ក្រឺង! ក្រឺង..
    នៅសុខៗទូរសព្ទ័របស់គេក៏ស្រាប់តែរោទ៍ឡើង លូហ្ស៊ីងដំបូងគិតថាមិនចង់ទទួលទេ តែពេលក្រលៀសភ្នែកមួយខ្វាច់ក៏ឃើញថាលេខដែលខលមកនោះ វាជាលេខរបស់ម៉ាខេឡា ទើបលូហ្ស៊ីងម្នីម្នាលើកភ្លាមមិនបង្អង់។
  "អាឡូ..អាឡូម៉ាខេឡា? ម៉ាខេឡាឯងនៅឯណា?" លូហ្ស៊ីងសួរទាំងអន្ទះសារចិត្តជាខ្លាំង គេចង់លឺសំឡេងនាងឆ្លើយតប ប្រាប់ថានាងនៅទីណា តែថាគ្រប់យ៉ាងក៏បែរជារលាយខ្សុលអស់ដូចជាអំបិលបាចចូលក្នុងទឹក។
  (លោកជាសាច់ញាតិជនរងគ្រោះមែនទេ? ម្ចាស់ទូរសព្ទ័គាត់កំពុងតែសម្រាកនៅមន្ទីរពេទ្យ)
  "ពេទ្យ? ពេទ្យមួយណា? ចុះនាងកើតអី? ចុះចំណែកកូន.. កូនក្នុងផ្ទៃនាង?"
  (អូហ៍..គឺថា..កូន! អ្ហឺ កូនខ្ញុំនៅទីនេះ កូន..កូនខ្ញុំមិនបានកើតអីនោះទេ អ្ហឺ..ផ្ទះ! ខ្ញុំចង់ទៅផ្ទះ)
  "ម៉ាខេឡា?! ម៉ាខេឡាឯងមិនអីទេមែនទេ? ម៉ាខេឡា បងនឹងទៅរកឯង" ខណៈពេទ្យកំពុងតែហៀបនិយាយ ស្រាប់តែសំឡេងម៉ាខេឡាក៏បន្លឺឡើងពីខាងក្រោយខ្នង លូហ្ស៊ីងគេបានស្រាលចិត្ត ធូរទ្រូងពេលលឺសំឡេងនាងនៅក្នុងនោះ គេមិនបង្អង់ប្រញាប់បើកឡានសម្ដៅចេញទៅតាមទីតាំងពេទ្យដែលបានទាក់ទងមកនោះ។
  "ប៉ាទៅរកកូនហើយ! កូននឹងម៉ាក់ច្បាស់ជាមិនអីទេ"

សង្ឃឹមថានឹងពេញចិត្តណា៎ 🌸✨

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now