ភាគទី29៖ ពាក្យកុហក

82 7 0
                                    

បែកគ្នាយូរ អូនមានកូនបាត់

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី29៖ ពាក្យកុហក

អតីតកាល!
ក្រោយចាកចេញពីមន្ទីរពេទ្យទាំងមិនបានជូនដំណឹងដល់លូហ្ស៊ីងរួចមក អឺឈីងនាងក៏គ្មានកន្លែងណាដែលអាចទៅក្រៅពីសំណាក់ហ័រ ដែលជាកន្លែងតែមួយក្នុងមួយជីវិតនាងហ្នឹងឯង។ នាងនៅទីនោះតែម្នាក់ឯង បន្តជីវិតមមាញឹកនឹងមើលថែបងប្រុសនៅឯមន្ទីរពេទ្យដដែលរហូតដល់ថ្ងៃមួយ...

សម្រឹបជើងតូចស្រឡូនរត់ញាប់ជំហាន សំឡេងយំដង្ហក់សឺតសតៗមកព្រមជាមួយនឹងទឹកភ្នែកស្រក់ដាបពេញផែនថ្ពាល់ទាំងសងខាង ក្រោយទទួលបានដំណឹងដ៏សោកសៅមួយពីខាងមន្ទីរពេទ្យរបស់បងប្រុស។
(ព្រឹកមិញលោកអឺហ្វាន់ស្រាប់តែមានអាការៈមិនស្រួល នាំឲ្យលោកប្រកាច់ បែលពពុះមាត់ភ្លាមៗមួយរំពេច ខាងយើងព្យាយាមជួយសង្គ្រោះគាត់ដែរ តែពួកយើងធ្វើមិនបាន ព្រោះវាជាជម្ងឺឆ្កួតជ្រូកដែលធ្វើទុក្ខមួយផ្សេងទៀត)
"មិនអាច..អ្ហឹក! បងហ្វាន់មិនអាចកើតអីទេ! ហ្អា៎ អ្ហឹកៗ" អឺឈីងរត់ចូលមកមន្ទីរពេទ្យ សម្ដៅឆ្ពោះទៅកាន់បន្ទប់សម្រាករបស់បងប្រុសនាង ដោយគ្រាន់តែនាងរុញទ្វារចូលគ្រឹប គ្រូពេទ្យដែលនៅឈរអមអឺហ្វាន់នៅខាងក្នុងក៏លើកក្រណាត់ឡើងគ្របក្បាលគេជិត បង្ហាញប្រាប់ថាគេបានផុតដង្ហើមបាត់ទៅហើយ នាងមកមិនទាន់ដង្ហើមបងប្រុសរបស់នាងទេ។
"បងហ្វាន់..បងហ្វាន់ហ្អា៎"
"អ្នកនាងអឺឈីង?" សំឡេងឧទានយ៉ាងខ្សត់ខ្សោយរបស់អឺឈីង នាំក្រសែភ្នែកពេទ្យគ្រប់គ្នាដែលនៅទីនោះឲ្យងាកមើលទៅនាង។ ដំណើរបោះជំហានស្រាលៗ នាំយកភាពសោកសៅនឹងស្រងេះស្រងោចចូលមកតាមខ្លួននាង រហូតទាល់តែខ្លួនប្រាណកល់ជាប់នឹងគ្រែអ្នកជម្ងឺដែលបងប្រុសខ្លួនកំពុងតែដេកលើនោះ។
អឺឈីងទម្លាក់ក្បាលកើយលើទ្រូងហាប់ណែនរបស់បងប្រុស ដៃទាំងសងខាងក៏កញ្ជ្រោលអោបបងប្រុសជាទីស្រឡាញ់ជាប់ទាំងចិត្តមិនអស់អាល័យទាល់តែសោះ។
"បងហ្វាន់គេងលក់ហើយមែនទេហ្នឹង? បងហ្វាន់នៅឈឺអត់?" អឺឈីងសួរនាំទៅកាន់បងប្រុសដែលដេកស្លាប់ស្ដឹងមិនកម្រើកឯណោះ មុននឹងនាងងើបមុខ រួចលូកដៃម្ខាងទៅបើកក្រណាត់គ្រប បង្ហាញទឹកមុខស្លេកស្លាំងរបស់អឺហ្វាន់ច្បាស់ៗនឹងភ្នែកនាងតែម្ដង។ បានឃើញមុខបងប្រុស ទឹកភ្នែកនាងក៏ហូរស្រក់ច្រោកៗមកដូចជាទឹកបាក់ទំនប់តែម្ដង បង..បងប្រុសនាងគាត់ពិតជាស្លាប់មែនរឺ? វាមិនអាចលឿនដល់ថ្នាក់ហ្នឹងនោះទេ។
"រាល់ថ្ងៃខ្ញុំខំប្រឹងក្រោកពីព្រលឹម ទៅធ្វើការងារយកប្រាក់មកដើម្បីព្យាបាលបងឯង ចុះបើបងទៅចោលខ្ញុំ អ៊ីចឹងខ្ញុំខំធ្វើការដើម្បីអីទៀត? អ្ហឹក ខ្ញុំរស់នៅដើម្បីអីទៀតទៅបងហ្វាន់? អ្ហឹក បងហ្វាន់កុំស្លាប់អី បងហ្វាន់ ឲ្យឈីងសុំអង្វរបង បងក្រោកឡើងមកវិញមក បងហ្វាន់ យើងមានតែពីរនាក់បងប្អូនទេ យើងគ្មាននរណាទៀតទេបង អ្ហឹក បងមិនអាចទុកខ្ញុំចោលលើពិភពលោកមួយនេះទេបង អ្ហឹកៗ" អឺឈីងស្រែកយំទាំងដៃម្ខាងកាន់ប៉ះមុខបងប្រុស ដៃម្ខាងទៀតក៏អោបគាត់ អោបហាក់ដូចជាចង់ហាមឃាត់មិនឲ្យសូម្បីតែវិញ្ញាណបងប្រុសចាកចេញពីខ្លួនប្រាណចោលនាងអ៊ីចឹង សភាពនាងត្រូវបានអ្នកគ្រប់គ្នាឃើញ ហើយក៏សង្វេគជាទីបំផុត ត្បិតតាំងតែពីហ័រ អឺហ្វាន់មកដេកសម្រាកនៅមន្ទីរពេទ្យ ពួកគេមិនដែលឃើញនរណាមកទំនុកបម្រុងរឺក៏មើលថែគេក្រៅពី ហ័រ អឺឈីងនេះទេ។ ដល់ពេលដែលអឺហ្វាន់ស្លាប់ទាំងបែបនេះ វាហាក់ដូចជាកាត់ចែកចម្រៀកបេះដូងប្អូនស្រីគេទាំងរស់អ៊ីចឹង។
...
រយៈពេល7ថ្ងៃក្រោយពីការបញ្ចុះសពរបស់អឺហ្វាន់ វាក៏ត្រូវជា25ថ្ងៃដែលខេនចាកចេញបាត់ពីនាងដូចគ្នាដែរ។ អឺឈីងពេលនេះនាងគ្មានសេសសល់អ្វីទៀតនោះទេ សូម្បីតែអារម្មណ៍ចង់រស់សូម្បីតែមួយភាគរយក៏គ្មានដែរ នាងងើបភ្នែកសំឡឹងមើលទៅនាឡិកាប៉ោលនៅនឹងជញ្ជាំង ខណៈដៃម្ខាងក្បង់ថ្នាំរាប់សិបគ្រាប់ ហាក់រង់ចាំពេលវេលាសមស្របណាមួយដែលអាចឲ្យនាងលេបវាបាន។
តឺង!តឺង
គ្រឹប..
សំឡេងនាឡិកាប៉ោលបន្លឺឡើង បង្ហាញពីថេរវេលាម៉ោង12យប់ ម៉ោងដែលអ្នកគ្រប់គ្នានៅក្នុងក្រុងដល់ពេលសម្រាកឲ្យបានស្ងប់ចិត្ត សម្រាប់ដោយគ្មានទុក្ខព្រួយនៅក្នុងចិត្ត ហើយអឺឈីងនាងក៏ចង់បានបែបនោះដែរ។ រាងកាយនាងដួលគ្រឹប ដេកនៅលើឥដ្ឋការ៉ូឡាសំណាក់ ក្រោយលេបថ្នាំទាំងអស់អម្បាញ់មិញរួចមក អ្នកផ្សេងអាចគិតថារឿងដែលនាងធ្វើនេះ វាជារឿងល្ងង់ខ្លៅខ្លាំងណាស់ ជីវិតមនុស្សម្នាក់ៗសុទ្ធតែមានតម្លៃមិនអាចកាត់ថ្លៃបាន។
នាងយល់!
តែឲ្យនាងរស់នៅយ៉ាងណា? គិតថាជីវិតមានតម្លៃដោយរបៀបណា? បើគ្រប់យ៉ាងដែលនាងស្រឡាញ់ត្រូវបាត់បង់អស់ មិនសេសសល់សូម្បីតែបងប្រុស ម្ចាស់ជីវិតរបស់នាង! មូលហេតុតែមួយដែលធ្វើឲ្យនាងចង់រស់នៅបន្ត។ ពេលនេះគាត់ស្លាប់ហើយ នាងក៏អស់ហេតុផលនៅបន្តគ្រាំទ្រូងរ៊ាំរ៉ៃជាមួយពិភពលោកដ៏កខ្វក់អួរអាប់មួយនេះដែរ។
(ឈីង! ឈីងឈីង..)
(ហ្អា៎! ឈីង..អាឈីងឯងធ្វើឆ្កួតស្អីហ្នឹង?)
គ្រាដែលត្របកភ្នែកនាងបិទចុះ សំឡេងមនុស្សស្គាល់ក៏ស្រាប់តែបន្លឺឡើង បន្លឺល្វើយៗមកហាក់តក់ស្លុុត នាងចង់មើលណាស់ ចង់ឃើញណាស់ថានរណាមករកនាង? គេមករកនាងដើម្បីអី?
...
អាចនិយាយថាជាសំណាងក៏បាន តែនាងចង់គិតថាជាកម្មពៀច្រើនជាង កាលពីយប់ពេលដែលនាងសម្លាប់ខ្លួន វាគាប់ជួនជាយប់នោះមេការនៅខាងភោជនីយដ្ឋានគាត់មករកនាង ដោយគាត់លើកហេតុផលថាបារម្ភ មិនឃើញនាងទៅធ្វើការច្រើនថ្ងៃ គួបផ្សំនឹងបានលឺថាបងប្រុសនាងបានលាចាកលោកទៀត ទើបអ្នកជាចាស់ទុំអត់មិនបានក៏មករកនាងដល់សំណាក់ ហើយអាចនិយាយបានថាវាដូចជាត្រូវពេលតែម្ដង ពោលគឺគាត់មកដើម្បីសង្គ្រោះជីវិតអឺឈីងហ្នឹងឯង។
ទ្វារបន្ទប់សម្រាកព្យាបាលបើកឡើង នាំវត្តមានមេការរបស់អឺឈីងចូលមកទាំងទឹកមុខនៅព្រួយភ័យមិនទាន់បាត់នៅឡើយ។ អឺឈីងឯណេះទោះជាខ្លួនខ្សត់ខ្សោយកម្លាំងយ៉ាងណា ក៏នាងព្យាយាមក្រោកច្រត់ដៃនាំខ្លួនប្រាណឲ្យអង្គុយ ហើយក៏ប្រញាប់អោនក្បាលសុំទោសដល់ចាស់ទុំដែលនាងរំខានដោយសារតែទង្វើខ្វះការពិចារណារបស់នាង។
"ខ្ញុំគួរខឹងរឺក៏អាណិតឯងទៅឈីង? នេះឯងមិនគិតអាណិតជីវិតខ្លួនឯងដែលខំលំបាករស់នៅទម្រាំបានប៉ុណ្ណេះទេហ្អេស៎?"
"ឲ្យ..ឲ្យខ្ញុំសុំទោស សុំទោសបង" អឺឈីងអោនក្បាលចុះ និយាយសុំទោសទៅកាន់អ្នកម្ខាងទៀតជាច្រើនដង។ អ្នកម្ខាងទៀតទោះជាខឹង តែយ៉ាងណាក៏នៅមិនឈ្នះចិត្តអាណិតប្អូន ទើបគាត់លើកដៃម្ខាងកាន់ប៉ះក្បាលឈីង រួចអង្អែលថ្នមៗវិញ។
"បងដឹងថាជីវិតឯងទាល់ច្រក តែឯងត្រូវចាំថាបើឯងស្លាប់ ឯងច្បាស់ជារំលងភាពស្រស់ស្អាតនៃជីវិតដែលព្រហ្មលិខិតបានចារទុកឲ្យឯងច្រើនណាស់"
"ជីវិតពេលខាងមុខ? ខ្ញុំស្រម៉ៃមិនចេញថាជីវិតខ្ញុំទៅខាងមុខវាមានន័យខ្លឹមសារអ្វីទេបង បើពេលនេះសូម្បីតែហេតុផលដែលបន្តជម្រុញឲ្យខ្ញុំចង់រស់ ខ្ញុំក៏រកនឹកមិនឃើញផង" អឺឈីងនិយាយទាំងសើច ដូចជាកំពុងតែចំអកដល់ជីវិតរបស់ខ្លួនឯង។ អ្នកម្ខាងទៀតមើលមកឈីងមិនទម្លាក់ភ្នែក គាត់ញញឹមបន្តិច រួចក៏យកក្រដាសសឺមីមួយមកដាក់ពីលើដៃឈីង។
"បងគិតថារបស់ក្នុងនេះ អាចសមល្មមធ្វើជាហេតុផលសម្រាប់ឯងរស់បន្តហើយឈីង" អឺឈីងនាងក៏ឆ្ងល់ដែរថាគាត់និយាយចង់សម្ដៅទៅលើអ្វី? នាងបើកក្រដាសនោះមើល មុននឹងទឹកថ្លាមួយតំណក់ហូរស្រក់តាមប្រឡោះភ្នែកនាង។ ក្រដាសលទ្ធផលបង្ហាញថានាងកំពុងតែមានផ្ទៃពោះ មានដុំឈាមមួយកំពុងតែចាប់លូតលាស់ ដុំឈាមដែលជាសាច់ឈាមតែមួយគត់ដែលនាងនៅសេសសល់ក្នុងពិភពលោកនេះ។
"អ្ហឹកៗ កូន.. បងខ្ញុំមានកូន"
"ខ្ញុំមានកូនហើយបង អ្ហឹកៗ" ម្ដងនេះអឺឈីងក៏យំខ្លាំងជាងមុនទៅទៀត ព្រោះពេលនេះនាងកាន់តែបន្ទោសខ្លួនឯងដែលនាងគិតខ្លីចង់បញ្ចប់ជីវិតខ្លួន នាងវិះតែនឹងស-ម្លាប់ដោយទាំងក្មេងដែលទើបតែមកចាប់កំណើតទៀត តើនាងជាម្ដាយប្រភេទអីទៅ?
"អបអរផងណាឈីង! ពីថ្ងៃនេះត្រូវខំប្រឹងឡើង ប្រឹងរស់ដើម្បីកូនឯងលឺទេ? លឺទេអាឈីង"
"ចា..ចាស៎ អ្ហឹក"

កាលពីមុននាងនៅមិនទាន់យល់ទេ ថាតើទេវតានឹងគូសវាសជីវិតនាងបែបណាដោយការប្រទានកូនក្នុងផ្ទៃមកឲ្យនាងបែបនេះ រឺមួយក៏ទ្រង់ចង់ចងជើងនាងទុកមិនឲ្យនាងចាកចេញទៅទៀត?
តែគ្រប់យ៉ាងក៏ផ្លាស់ប្ដូរអស់ ក្រោយពីនាងបានផ្ដល់កំណើតឲ្យកូនមក សំឡេងយំរបស់កូន សាច់ឈាមទន់ត្រជាក់ដែលនាងអោបប្រឡែងនឹងមើលថែក៏បានក្លាយជាកម្លាំងចិត្តនាំឲ្យនាងចង់តែក្រោកឡើងរៀងរាល់ថ្ងៃដើម្បីមើលថែគេ ទោះបីជាមានព្យុះភ្លៀងនឹងទុក្ខលំបាកខ្លាំងប៉ុណ្ណា វាក៏មិនអាចផ្ដួលរំលំនាងបានដូចជាកាលពីមុនដែរ ព្រោះនាងមានកូន នាងមានម្ចាស់ជីវិតដែលនាងត្រូវមើលថែនឹងការពារ កូនមិមត្រឹមតែជាកម្លាំងចិត្តឲ្យនាងចង់រស់បន្តទេ តែកូនក៏ជាហេុតុផលនាំឲ្យឈីងចង់ប្រែក្លាយមកជាមនុស្សម្នាក់ថ្មីដែរ មនុស្សថ្មីដែលល្អសម្រាប់កូន។
...
ត្រឡប់មកកាន់បច្ចុប្បន្នវិញ
"ក..កូន? នេះឈីង..ឈីងមានកូន?" ខេនឧទានឡើងស្រាលៗ ខណៈភ្នែកសំឡឹងមើលទៅនាងច្រម៉ក់ខ្លួនតូចល្អិតដែលកំពុងត្រូវអឺឈីងពរឯណោះ នាងបើកភ្នែកម៉ក់ៗមើលមកគេ មើលហាក់ដូចជាមានភាពងឿងឆ្ងល់ប្លែក ថែមទាំងចង្អុលមករកនាងថែមទៀត។
"ជូអឺ ជូអឺចូលទៅខាងក្នុងសិនបានទេកូន? ម៉ាក់មានការនិយាយជាមួយលោកពូបន្តិច ចាំម៉ាក់ចូលទៅតាមកូនវិញណា៎"
"អូនចង់ឲ្យក្មេងទៅណា? ហេតុអីក៏គ្រាន់តែឃើញបង អូនស្រាប់តែដេញក្មេងឲ្យទៅក្នុង?" ខេនគេមិនបង្អង់ឱកាស ប្រញាប់ចូលទៅចាប់ដៃម្ខាងរបស់ឈីង ចាប់ជាប់ដល់ថ្នាក់នាងព្យាយាមរើបម្រាស់យ៉ាងម៉េចក៏រើមិនរួចដែរ។
"សូមមេត្តាលែង...លែងដៃខ្ញុំទៅលោក"
"បងមិនលែង! យ៉ាងម៉េចអូនដេញកូនឲ្យទៅ ព្រោះខ្លាចថាបងនឹងដឹងថាក្មេងជាកូនរបស់បងមែនទេ? អឺឈីង ក្មេងនេះជាកូនបងមែនទេ?"
"ទេ!" អឺឈីងឧទានឡើងច្បាស់ៗ បដិសេធដាច់ញ្ញតិដាក់ខេនវិញ រួចក៏សំឡឹងមើលចំក្រសែភ្នែកគេ។
"ជូអឺជាកូនរបស់ខ្ញុំ កូនខ្ញុំតែម្នាក់គត់ រឿងលោកនឹងខ្ញុំវាចប់យូរហើយ វាកន្លងទៅ5ឆ្នាំហើយលោកខេន" អឺឈីងនិយាយរៀបរាប់ មានបំណងចង់ឲ្យខេនខឹងនឹងអាលបានចាកចេញទុកឲ្យនាងនឹងកូនមានសេរីភាព តែផ្ទុយទៅវិញ ខេនក៏បែរជាញញឹម គេប្ដូរពីការកាន់ដៃមកជាអោបក្រសោបចង្កេះអឺឈីងនឹងកូនស្រីនាងជាប់ទាំងពីរនាក់។
"ឃើញទេ! បងដឹងហើយថាអូនមិនបានបាត់បង់ការចងចាំទេ"
"អូននៅចងចាំបងច្បាស់ គ្រាន់តែអូនធ្វើពុតប៉ុណ្ណោះ"
"ខ្ញុំ.."
"បើអូនកុហករឿងផ្សេងបាន អ៊ីចឹងរឿងដែលថាជូអឺមិនមែនជាកូនបង បងម្ដេចនឹងអាចជឿបានទៅ? ហ៊ឹម!"

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now