ភាគទី34៖ ជីវិតដែលនាងគិត

78 3 1
                                    

លើកទីមួយបានជាន់ដីប្រទេសផ្សេង ជីវិតម្ដាយកូនទាំងពីរនាក់អាចនឹងផ្លាស់ប្ដូរដល់កម្រិតណាទៅ?

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី34៖ ជីវិតដែលនាងគិត

5ថ្ងៃបន្ទាប់ទៀត
ទីក្រុងឡុងដ៍/ ចក្រភពអង់គ្លេស

ក្រោយពីទៅមើលការខុសត្រូវសំណាក់ហ័រ មើលឲ្យអស់ចិត្តរួចមក អឺឈីងនាងក៏ទន់ចិត្ត យល់ព្រមមកអង់គ្លេសជាមួយខេនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។ ដោយបានការជ្រោមជ្រែងពីលូហ្ស៊ីងផងអីផង ទើបអឺឈីងនឹងកូន នាងអាចមានលិខិតឆ្លងដែនមកបានយ៉ាងរលូនបំផុត ខេនឯណោះក៏សប្បាយចិត្តហួស ព្រោះជិតបាននាំមនុស្សខ្លួនស្រឡាញ់ទៅជួបអ្នកម៉ាក់របស់ខ្លួនហើយ។
ការចាកចេញទៅនាលើកនេះ ខេនគេផ្ដល់នូវអ្វីដែលល្អបំផុតដល់អឺឈីងនិងកូន ការហោះហើរផ្នែក first class ដែលមានតម្លៃថ្លៃ ហើយរាល់អ្វីដែលជូអឺនាងហាមាត់និយាយថាចង់បាន លោកប៉ាម្នាក់នេះក៏យកមកឲ្យនាងគ្រប់សព្វ ទោះបីជាតម្លៃកប់ពពកក៏នាយមិនរអានឹងចំណាយដែរ។
"ប៉ាៗអើយប៉ាៗ"
"បាទ៎កូន"
"ប៉ាៗពួកយើងមកជិតដល់ហើយមែន?" នាងល្អិតដែលអង្គុយលើភ្លៅ កើយទ្រូងឪពុកមកតាំងតែពីព្រឹកក្រោកពីគេងមក ពេលនេះនាងក៏បែរសួរកាលបើភ្នែកងាកក្រឡេកឃើញអាគារខ្ពស់ៗដែលនៅខាងក្រៅឯណោះ។ ខេនមិនទាន់ឆ្លើយតប ដោយគេងាកបែរទៅមើលតាមការចង្អុលប្រាប់របស់គាត់ មុននឹងញ៉ោចស្នាមញញឹមបន្តិច។
"បាទ៎ ពួកយើងមកដល់អង់គ្លេសហើយកូន បន្តិចទៀតពួកយើងអាចមើលឃើញ Disney land ពីខាងលើនេះផងណា៎"
"មែនហ្អីប៉ា? អួយ៎ជូចង់ឃើញណាស់ ហិហិ ចង់ឃើញ" ជូអឺនាងលោតកញ្ឆេងលើភ្លៅឪពុក ព្រោះបានលឺពីកន្លែងដែលខ្លួនចង់មកជាយូរឯណោះ។ នាងតូចរុលខ្លួនចុះ រួចតោងឡើងកៅអីខ្លួនដែលនៅជាប់នឹងបង្អួចរួចសំឡឹងមើលទៅខាងក្រៅ ខណៈអ្នកបម្រើការលើយន្តហោះចូលមកជួយដាក់ខ្សែក្រវ៉ាត់ឲ្យនាងតូចតាមតួនាទីរបស់គេ។
ខេនញញឹមសំឡឹងមើលទៅកូនបន្តិច មុននឹងក្រសែភ្នែកងាករ៉េសំឡឹងមើលទៅភរិយាជាទីស្រឡាញ់ដែលនៅអង្គុយម្ខាងឯណោះ។ អឺឈីងនៅអង្គុយស្ងៀម មិនកម្រើកមិននិយាយអ្វីទាំងអស់ តែអ្វីដែលគេកត់សម្គាល់គឺដៃស្រឡូនរបស់នាងញ័រក្ដាប់ពូកសឹងតែរហែក។
"អត់ទោស សូមជួយមើលកូនស្រីខ្ញុំមួយភ្លែតណា៎"
"ចាស៎ គ្មានបញ្ហាទេលោក" គ្រាន់តែទទួលបានការឆ្លើយតបពីអ្នកបម្រើការលើយន្តហោះភ្លាម ខេនមិនបង្អង់ប្រញាប់ដោះខ្សែក្រវ៉ាត់ រួចឡើងទៅរកអឺឈីងភ្លាមៗតែម្ដង។
"ហ..ហ៊ឹម" អឺឈីងដែលកំពុងតែភ័យខ្លួនឯណោះ ពេលដែលមានដៃគេលូកកាន់ស្មា នាងក៏គ្រហឹមតបវិញទាំងញ័រសំឡេងតែម្ដង ព្រោះតែនាងខ្លាច។ តាំងពីតូចរហូតដល់ធំ នាងមិនដែលបានស្គាល់រសជាតិនៃការជិះយន្តហោះម្ដងណាទេ សូម្បីតែឡាន មួយជីវិតនាង នាងជិះបានមិនដល់10ដងផង។
"ឈីង! ឈីង ខ្លាចមែនទេអូន?"
"អ..អឺម" អឺឈីងនាងមិនអាចហាមាត់និយាយបានច្រើន បានត្រឹមតែងក់ក្បាលរួចកាន់ដៃខេនជាប់។ នាយយល់ការមិនចាំយូរក៏ប្រញាប់ដាក់ខ្លួនអង្គុយលើកៅអីក្បែរខ្លួនរបស់ឈីង ដាក់ខ្សែក្រវ៉ាត់រួចព្រមឲ្យនាងក្ដាប់ខ្ញាំដៃរបស់គេជាប់ពេលយន្តហោះបន្ទាប់ខ្លួនចុះ។ អឺឈីងបិទភ្នែក ខ្ញាំដៃ ខ្ញាំជើងអស់ ដៃនាងដែលកាន់ខេន ពេលនេះក៏ចាក់ក្រចកចូលជ្រៅរហូតមានឈាមហូររឹមៗចេញពីដៃខេនមក អ្នកម្ចាស់ខ្លួនមើលដៃខ្លួនឯង ទាំងមិនបានខឹងអ្វីទាំងអស់ មានតែញញឹមនឹងលើកដៃទៅឈ្លីក្បាលឈីងតិចៗ។
"អូនធ្វើបានល្អណាស់ឈីង"

ក្រោយយន្តហោះចុះចតស្រួលបួល ខេនពរកូននឹងដឹកដៃប្រពន្ធចុះមកដោយមានគេជួយរុញវ៉ាលីពួកគេចេញមកជាពិសេស។ ខ្យល់ត្រជាក់ ក្លិនថ្មីនៃទីក្រុងដែលអឺឈីងនាងមិនដែលគិតថាខ្លួនអាចនឹងមានថ្ងៃមកដល់សោះ ធ្លាប់តែឃើញវានៅតាមទូរទស្សន៍តែប៉ុណ្ណោះ។
"ខេន..អូន—"
"កុំខ្លាច កុំបារម្ភអី បងនៅទីនេះហើយ"
"កូនក៏នៅនេះដែរម៉ាក់ ហិហិ" អឺឈីងនាងនៅតែភ័យខ្លាច តែដោយសារតែនាងបានកម្លាំងចិត្តធំពីមនុស្សជាទីស្រឡាញ់ទាំងពីរនាក់ ទើបនាងអាចធ្វើចិត្ត បន្តដំណើរមកដល់ទីក្រុងដ៏ថ្មីស្រឡាងមួយនេះ។
(បងខេន!!)
កាលបើចេញមកដល់ខាងក្រៅបានបន្តិច សំឡេងស្រួយស្រៈរបស់មនុស្សស្រីម្នាក់ក៏បន្លឺឡើង។ ខេនងាកបែរមើលក៏ឃើញថាអ្នកដែលក្លាហាន ហ៊ានហៅគេកណ្ដាលហ្វូងបែបនេះ គ្មាននរណាទេក្រៅពីស្ដេចប្អូនគេហ្នឹងឯង។
"ម៉ាខេឡា!"
"ឈីង នោះគឺប្អូនស្រីបងហើយ.."កាលបើចង្អុលបង្ហាញប្រាប់ឲ្យឈីងស្គាល់ម៉ាខេឡារួចមក ខេនក៏ស្រាប់តែភ្ញាក់នឹងវត្តមានរបស់មនុស្សម្នាក់ទៀតដែលដើរមកមានអ្នកយាមកាមជាប់ឯណោះទៀត។
"អ្នកម៉ាក់?" កាលបើគ្រាន់តែលឺខេនឧទានថាម៉ាក់ អឺឈីងឯណេះក៏ប្រញាប់រៀបចំខ្លួន រួចញញឹមអោនក្បាលទទួលចាស់ទុំដែលកំពុងតែដើរសម្ដៅមកឯណោះ។
"សួស្ដីអ្នកមីង" អឺឈីងឧទាននិយាយស្វាគមន៍អ្នកជាម្ដាយរបស់អនាគតស្វាមីឯណោះ ខេនវិញគេក៏នៅស្ងៀម តែមាត់លោតស្នាមញញឹមតបទៅកាន់អ្នកម្ដាយដែលខំស្កាត់មកទទួលខ្លួននឹងប្រពន្ធកូនដល់ព្រលានបែបនេះ។
"ខ្ញុំគិតថាម៉ាក់នឹងមិនមកទេ" ខេននិយាយ។
"ឯងតែងតែគិតម៉ាក់ខុសរហូតហ្នឹងប្រុសខេន ថ្ងៃនេះម៉ាក់ត្រូវតែមក ព្រោះម៉ាក់ក៏ចង់មកឃើញថាតើកូនប្រុសម៉ាក់ភ្នែកមុតយ៉ាងណាទៅ? ឥលូវម៉ាក់បានឃើញហើយ.."
"នាងតូចស្អាតណាស់" លោកស្រីម័រហ្គែនឧទានឡើងទាំងញញឹមស្រស់ដាក់អឺឈីង បណ្ដេញភាពភ័យខ្លាចឲ្យអឺឈីងបានខ្លះ ឲ្យនាងហ៊ានងើបមុខប្រឈមជាមួយនឹងចាស់ទុំបន្តិច។
"ម៉ាក់មកនេះព្រោះចង់មកទទួលអនាគតកូនប្រសារម៉ាក់ ឡានម៉ាខេឡាតូច ដឹកបានតែអីវ៉ាន់នឹងឯងប៉ុណ្ណោះ ចំណែកនាងតូចនឹង—អូហ៍" លោកស្រីម័រហ្គែនភ្ញាក់បន្តិច កាលបើទើបតែចាប់ភ្លឹកឃើញក្មេងតូចដែលនៅឈរអោបជើងអឺឈីងឯណោះ។
"នេះជូអឺ កូនស្រីខ្ញុំ" អឺឈីងមានមោទនភាពក៏ណែនាំកូនទៅស្ត្រីដែលអាចហៅបានថាជាជីដូនឯណោះ។ លោកស្រីម័រហ្គែនញញឹម រួចលើកពរជូអឺជាប់ ថើបខ្សឺតៗនាំឲ្យនាងតូចសើចខឹកៗ។
"ជិះឡានជាមួយយាយណាចៅណា៎"
"ចាស៎ ហិហិ"
"ម៉ោះអឺ..ឈីង" ដៃម្ខាងពរចៅ ដៃម្ខាងក៏លូកកាន់នាំអឺឈីងទៅឡើងឡានគាត់ឯណោះ។ ខេនក៏មិនបានតាមមានតែញញឹមដែលឃើញម្ដាយនឹងឈីងចុះសម្រុងគ្នាបែបនេះ គេឈរតាមមើលរហូតដល់អឺឈីង,កូននឹងអ្នកម៉ាក់គេចូលឡានបាត់ ទើបគេដើរទៅឡើងឡានរបស់ម៉ាខេឡា ពីរនាក់បងប្អូន។
អឺឈីងនាងដាក់ខ្លួនអង្គុយទាំងភ្នែកក្រឡេកក្រឡាប់ ព្រោះតែឡានដែលនាងកំពុងតែជិះវាជាឡានលីម៉ូ ឡានដែលមានតែតារាល្បីជិះប៉ុណ្ណោះនៅស្រុករបស់នាង។
ភឹប!
កំពុងតែមើលសុខៗក៏ស្រាប់តែមានអ្វីម៉្យាងធ្លាក់លើភ្លៅនាង អឺឈីងភ្ញាក់នឹងអោនមុខមើលក៏ឃើញថាវាជាក្រដាសសែកប្រាក់ នេះវាជ្រុះមកពីណា?
"នេះជាអីទៅអ្នកមីង?"
"កុំមកធ្វើជាល្ងង់ ឯងចង់បានប៉ុន្មានសរសេរទៅ យើងនឹងសុីញ៉េវាឲ្យឯង" អឺឈីងនាងក៏ភាំងនិយាយអ្វីមិនចេញ ដៃនាងវាសក្រដាសសែកពីភ្លៅ រួចប្រញាប់ស្រវ៉ាទៅរកកូនស្រីដែលនៅក្នុងដៃលោកស្រីម័រហ្គេនឯណោះ។
"កូនខ្ញុំ.."
"កូន? កុំស្មានតែយើងមិនដឹងពីល្បិចចង់ចាប់កូនយើងឲ្យសោះ នាងស្រីលក់ខ្លួន"

អានរួចជួយខមិនផងណា៎

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now