ភាគទី79

118 10 1
                                    

រឿង : ចំណងបេះដូងមួយរាត្រី
ភាគទី79

ងាកមកមើលខាងអ្នកនៅអង្គុយជុំតុគ្នាឯណេះវិញ ក្រោយពីមានរឿងម៉ាខេឡាមកសារភាពប្រាប់អ្នកគ្រប់គ្នារួចមក ពួកគេក៏គិតថាការញ៊ាំអាហារមួយពេលនេះគួរតែរំសាយ ដើម្បីកុំឲ្យម៉ាខេឡានាងពិបាកក្នុងការប្រឈមមុខជាមួយពួកគេខ្លាំងពេក ពេលនេះក្នុងបន្ទប់គឺសល់តែសាច់ញាតិបង្កើតៗរបស់ម៉ាខេឡា ដែលមានខេន ភរិយាគេ លោកអាន់ដាំ ហើយនឹងម៉ាក់ម៉ាខេឡា(លោកស្រីស៊ុងជី) នៅទីនោះ រង់ចាំការត្រឡប់មកវិញរបស់នាង។
"ខ្ញុំគិតថា ខ្ញុំនឹងទៅតាមមើលប្អូន" ដោយសារតែហត់នឹងការរង់ចាំពេក ខេនក៏និយាយកាត់ភាពស្ងៀមស្ងាត់ អារកាត់ថានឹងទៅតាមប្អូន តែក៏ត្រូវបានលោកអាន់ដាំហាមឃាត់។
"ប៉ាថាកុំអីកូន ទុកឲ្យប្អូននៅម្នាក់ឯង ឲ្យនាងបានធូរស្រាលចិត្តសិនទៅ"
"ចុះបើនាងគិតស្អីផ្ដេសផ្ដាសនោះ?"
"ប្អូនកូនមិនមែនក្មេងទេ"
"ពិតមែនហើយ! ខ្ញុំភ្លេចថាប៉ាមិនដែលខ្វល់ខ្វាយនឹងបងប្អូនពួកយើងស្រាប់ហើយ អ៊ីចឹងទើបចិត្តយើងមិនដូចគ្នា" លោកអាន់ដាំព្យាយាមបកស្រាយប្រាប់ទៅកូនប្រុស ក្នុងបំណងបង្ហាញថាគាត់ជាឪពុក គាត់ទុកចិត្តថាម៉ាខេឡាកូនស្រីគាត់នឹងមិនគិតអ្វីតែផ្ដាសទេ តែខេនបែរជាយល់ខុស គិតថាគាត់និយាយបែបនោះ ព្រោះគាត់មិនគិតខ្វល់រឺស្រឡាញ់ពួកគេទៅវិញ។
"ចាំអូនទៅមើលម៉ាខេឡាក៏បាន បងនឹងអ្នកគ្រប់គ្នានៅទីនេះចុះ" អឺឈីង ឃើញថាស្ថានការណ៍មិនល្អ ទើបប្រញាប់ចូលខ្លួនមកធ្វើជាដំណោះស្រាយ ដោយនាងអះអាងថានឹងចេញទៅមើលប្អូនថ្លៃ តែកាលបើនាងឈានជើងបំណងចង់ចេញ ទ្វារបន្ទប់ក៏បើកឡើងវិញល្មម នាំខ្លួនអ្នកដែលគ្រប់គ្នាកំពុងតែបារម្ភត្រឡប់មកវិញ។
"ម៉ាខេឡា"
"កូន.." អម្បាញ់មិញទោះជាគាត់ស្ងៀមស្ងាត់ក៏ពិតមែន តែកាលបើបានឃើញកូនស្រីចូលមក អ្នកជាម្ដាយឯណោះក៏ប្រញាប់ស្ទុះស្ទារចូលទៅចាប់កាន់ដៃនាង កាន់តែណែនទ្រូងថែម ពេលបានឃើញរង្វង់ភ្នែកហើមរបស់កូន ដែលវាបង្ហាញប្រាប់ច្បាស់ថានាងទើបតែយំរួច មុននឹងត្រឡប់មកទីនេះវិញ។
"ម៉ាខេឡា... ឯងសម្រាកសិនល្អទេ? ម៉ោះអឺឈីងបានរៀបចំគ្រែទុកឲ្យឯងហើយ" ខេនក៏ចូលទៅរកប្អូនម្នាក់ទៀត ដោយគេចាប់កាន់ស្មាម៉ាខេឡា បំណងចង់អូសទាញនាងឲ្យទៅគេងយកកម្លាំង តែគេក៏ត្រូវម៉ាខេឡាបដិសេធ បូករួមទាំងលោកស្រីស៊ុងជីដែរ ម៉ាខេឡារើខ្លួនចេញពីការចាប់កាន់របស់ពួកគេទាំងពីរតែម្ដង។
"ខ្ញុំមកលាអ្នកទាំងអស់គ្នា"
"លា? ឯងគិតចង់ទៅណាម៉ាខេឡា? កុំរត់គេចពីបញ្ហាដោយបែបនេះអី មានរឿងអីក៏និយាយប្រាប់បង ប្រាប់អ្នកគ្រប់គ្នាឲ្យយល់ផង ព្រោះពួកយើងសុទ្ធតែជាគ្រួសារនឹងគ្នា"
"មែនហើយម៉ាខេឡា បងខេននិយាយត្រូវ" អឺឈីងពេលនេះក៏ចូលមកម្នាក់ទៀត ដោយនាងចូលមកកាន់អោបស្មាប្អូនថ្លៃ ហើយក៏ទទួលបាននូវចំហាយមិនសប្បាយចិត្តដែលកើតចេញពីនាង ទឹកមុខស្រគត់ស្រគុំ ហាក់ដូចជាមនុស្សគ្មានស្មារតីអ្វីសោះ ប្រហែលជាពេលនេះនាងកំពុងតែនិយាយអ្វីចេញមក នាងខ្លួនឯងក៏ប្រហែលជាមិនដឹងដែរ។
"ខ្ញុំចង់សម្រាក មិនមានអ្វីធំដុំនោះទេ អ្នកទាំងអស់គ្នាកុំបារម្ភអី" ម៉ាខេឡាញញឹមស្ងួត មុននឹងលូកដៃទៅកាន់ប៉ះអឺឈីងតបវិញ ខណៈក្រសែភ្នែកក៏បែរចាប់ភ្លឹកឃើញដល់ក្រសែភ្នែកមនុស្សប្រុសម្នាក់ដែលសំឡឹងមើលពីក្រៅបន្ទប់ឯណោះ។ ក្រសែភ្នែកដែលនាងគិតថានាងមិនគួរសំឡឹងមើលវាបន្តទៀតទេ ព្រោះបើនាងបន្តមើលក្រសែភ្នែកគេ នាងក៏នឹងត្រូវបន្ទោសខ្លួនឯងអស់មួយជីវិត មានវិប្បដិសារីអស់មួយជីវិតដែរ។
    ខេនសំឡឹងមើលមុខប្អូនស្រី មើលហើយមើលទៀតព្រោះតែមិនអស់ចិត្តទាល់តែសោះ មាត់ចង់សួរនាំ តែចិត្តក៏បារម្ភ ខ្លាចថាបើគេកាន់តែដេញដោលប្អូនស្រីគេក៏នឹងកាន់តែដុនដាបចិត្តថែមទៀត តែថា..គេពិតជាចង់ដឹងណាស់! ចង់ដឹងថាអាម្សៀរណាដែលមកល្បួងយកខ្លួនប្អូនស្រីគេ ធ្វើឲ្យនាងត្រូវទឹកភ្នែកសោកសង្រែងបែបនេះ បើសិនជាគេចាប់បាន គេច្បាស់ជាមិនលើកលែងឲ្យអាម្នាក់ហ្នឹងជាដាច់ខាត។
  "បានៗ បើឯងចង់សម្រាកបងក៏ព្រម តែទៅណាសូមឯងប្រាប់ដល់ពួកយើងផង កុំទៅបាត់ស្ងាត់ដំណឹងដូចជាកាលពីមុនទៀត មុននឹងធ្វើអ្វី ឯងចូរគិតថាឯងមានអ្នកផ្ទះ មានបងចាំព្រួយបារម្ភជានិច្ច" ស្ដាប់បងប្រុសនិយាយម៉ាខេឡានាងក៏កាន់តែពិបាកបកស្រាយថែមទៀត នាងលាដៃចូលក្រសោប អោបចង្កេះបងប្រុសជាប់ ពីតខ្ទប់ក្បាលនឹងទ្រូងហាប់ណែនរួចសម្រក់ទឹកភ្នែកយ៉ាងស្ងៀមស្ងាត់ ដោយមានអឺឈឺងចូលមកអោបពីក្រោយ ហើយក៏មានលោកអាន់ដាំនឹងលោកស្រីស៊ុងជីប៉ះអង្អែលក្បាលនាងថែមទៀត ជុំវិញខ្លួននាង មានសុទ្ធសឹងតែអ្នកដែលស្រឡាញ់នាង មានតែនាងប៉ុណ្ណោះដែលនៅមិនទាន់ចេះស្រឡាញ់ខ្លួនឯង តែចាប់ពីពេលនេះ..នាងនឹងព្យាយាម។
...
    អាធ្រាតថ្ងៃដដែល
  ក្រោយពីឃើញថាម៉ាខេឡាដឹងពីការលបលួចស្ដាប់របស់ខ្លួន លូហ្ស៊ីងក៏គេចមកកន្លែងដែលគេអាចលាក់កំបាំងពីនាងបាន ហើយទីនោះក៏គ្មានឯណាឆ្ងាយក្រៅពីបន្ទប់ផេនហោស៍ជាន់ខាងលើរបស់គេហ្នឹងឯង។ មាឌមាំអង្គុយលើសាឡុង កាន់ក្រលែងស្រាក្នុងកែវទៅមកៗមុននឹងអកផឹកក្អឹកៗដូចដើម តែថាលើកនេះគេអកផឹកមិនអស់ ព្រោះសុខៗខួរក្បាលក៏ស្រាប់តែរំលឹកឲ្យគេនឹកឃើញពីទឹកមុខរបស់ម៉ាខេឡាកាលពីថ្ងៃមិញ នាងមានទឹកមុខស្ងប់ ហាក់ដូចជាគ្មានអារម្មណ៍អ្វីទាល់តែសោះ ទោះបីជាអ្នកគ្រប់គ្នាឈរពីមុខនាង ក៏នាងនៅតែមិនបង្ហាញអារម្មណ៍អីបន្តិចសោះ ចម្លែកណាស់។
  "ម៉ាខេឡាបាននិយាយអ្វីប្រាប់អាខេនទេ? តែបើនាងនិយាយ.. ម៉្លេះថ្មើរណេះអាខេនវាមកជាន់ក្បាលយើងបាត់ទៅហើយ"
    តុក!តុក
  នឹកដើមដង្ហើមដល់តែម្ដង លូហ្ស៊ីងរៀងប្រហោងពោះបន្តិចដែរ ដែលសុខៗគេមកគោះទ្វារទាំងកណ្ដាលយប់អាធ្រាតអីបែបនេះ។ នាយដើរសម្ដៅទៅមាត់ទ្វារ សំឡឹងមើលទៅអេក្រង់អិលអីឌីក៏បានធូរចិត្តវិញ ព្រោះអ្នកមកមិនមែនជាខេន។
    ក្រាក!
  "ក្លារ៉ា? នេះនាងមក..."
    អឹប!
    លូហ្ស៊ីងនិយាយចប់មិនទាន់ អ្នកម្ខាងទៀតក៏រុញខ្លួនគេចូល រុញទ្វារបិទវិញទាំងអន្ទះសារខ្លាំង។ នាងប្រើដៃម្ខាងរុញគេ ចំណែកលូហ្ស៊ីងក៏បន្តថយតាមរហូតដល់ខ្នងបុកជញ្ជាំងលាន់ផឹង។
  "ក្លា..ក្លារ៉ា នាងគិតចង់ធ្វើអីហ្នឹង?" លូហ្ស៊ីងស្រឺតពោះបន្តិចដែរ ព្រោះការដែលនាងរុញគេចូលបន្ទប់បែបហ្នឹង វាជារឿងដែលគេមិននឹកស្មានទាល់តែសោះ។ ក្លារ៉ាឯណោះ នាងមិនមាត់ គិតតែពីសំឡឹងមើលភ្នែកគេចំ មើលរហូតដល់អ្នកម្ខាងទៀតរៀងរអៀសខ្លួនទើបប្រញាប់គេចចេញពីមុខនាង។
  "លូហ្ស៊ីង.."
  "លោកមានស្អីលាក់បាំងមែនទេ?"
  "ក្លារ៉ា.. នាងក៏ដឹងថាខ្ញុំគិតយ៉ាងណាលើនាង" លូហ្ស៊ីងគេឆ្លើយតបទៅកាន់ក្លារ៉ាវិញ ដែលនាំឲ្យអ្នកម្ខាងទៀតញញឹមតិចៗ រួចលើកដៃអោបកញ្ចឹងករគេថ្នមៗ ឲ្យអ្នកម្ខាងទៀតបេះដូងរីកមាឌសឹងតែប៉ុនចង្អេរ។
  "អ៊ីចឹងលោកគិតចង់ចោលក្មេងនោះនឹងម៉ាក់គេ ហើយមកយកខ្ញុំ?"
    បេះដូងដែលរីកសុខៗ ពេលនេះក៏ប្រែមកជាស្វិតស្រពោនវិញ កាលបើបានលឺប្រយោគមួយចេញពីមាត់ក្លារ៉ាមក។
  "កុំស្មានតែខ្ញុំមិនដឹងរឿងលោកនឹងអូនខេឡា.."
  "អ្នកនាងនិយាយបានន័យថាម៉េច? នរណាមានកូន? ម៉ាខេ..ម៉ាខេឡាមានកូនអ៊ីចឹងហ្អេស៎?"
  "នេះលោកមិនដឹងទេ?"
    មិនចាំដល់ក្លារ៉ានិយាយចប់សិនទេ អ្នកម្ខាងទៀតឯណោះ ខ្លួនហាក់លិចជាមួយនឹងភាពតក់ស្លុត ភ្ញាក់ផ្អើលហើយក៏អារម្មណ៍មួយដែលដូចជាដឹងខុស។
  (អាហ្ស៊ីង! បើអត់ពីយាយទៅ យាយសង្ឃឹមថាយ៉ាងហោចក៏ឯងគួរមានកូនម្នាក់រឺក៏ពីរនាក់ទុកជាសាច់ញាតិខ្លះ កុំនៅឯកោទៀត)

  

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now