ភាគទី08

109 7 0
                                    


រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី08

ក្រោយពីអ្វីដែលខ្លួនបានឃើញវាបញ្ជាក់ច្បាស់ពីស្ថានភាពរបស់អឺឈីង ចិត្តរបស់ខេនកាន់តែនៅលែងសុខថែមទៀត។ ពីមនុស្សម្នាក់ដែលមិនធ្លាប់គិតអ្វីពីមុនសោះក្រៅពីការងារការទូត ពេលនេះខួរក្បាលដ៏ចង្អៀតរបស់គេក៏ស្រាប់តែប្រជ្រៀតរឿងថ្មីចូល ដែលរឿងនោះជារឿងរបស់មនុស្សស្រីហ្នឹងឯង ចម្លែកណាស់។
"ហ៊ើយ! គិតអីក៏គិតម៉្លេះអាសម្លាញ់ បើក្រមុំវាយ៉ាងម៉េច? នៅស្រុកនេះមិនខ្វះទេស្រីក្រមុំៗដែលចាយភាពបរិសុទ្ធដើម្បីដោះដូរនិងលុយតិចតួចនោះ យើងគិតថាក្មេងរបស់ឯងក៏បែបហ្នឹងដែរ"
"អឺឈីងមិនមែនបែបហ្នឹងទេ!!!"
ក្ឌាំង!
ដៃមាំដែលទម្លាក់ប៉ះអង្អែលពូកសាឡុង ពេលនេះស្រាប់តែយារទះតុលាន់ផាំង ខ្ទរខ្ទារសន្ធឹកពេញបន្ទប់ផេនហោស៍ ដែលមានពេញដោយចំហាយអារម្មណ៍ច្រើនលើសលុបរបស់កម្លោះខេនតែម្ដង។ ម្ចាស់ខ្លួនមាំប្រើក្រសែភ្នែកកាច សំឡឹងមើលទៅមិត្តសម្លាញ់ដែលអង្គុយឆ្ងាយ ការសំឡឹងមើលមិនទម្លាក់ភ្នែកគេហ្នឹងហើយ នាំឲ្យលូហ្ស៊ីងដែលនិយាយប៉ប៉ោចអម្បាញ់មិញ រៀងរអៀសខ្លួននិងព្យាយាមសង្រួមឥរិយាបថបន្តិច។
"បើយើងនិយាយខុស ឲ្យយើងសុំទោស មកពីយើងមិនដឹង មិនបានជិតដិតនឹងក្មេងម្នាក់នោះដូចជាឯង តែប៉ុណ្ណឹង" និយាយដល់ពាក្យថាជិតដិត គេក៏ស្រាប់តែនឹកឃើញដល់អឺឈីងម្ដងទៀត កាលពីយប់មិញនាងស្រពាប់ស្រពោនបន្តិច តែក្រៅពីពេលនោះនាងក៏ញញឹម សើចសប្បាយ ដឹកដៃនាំគេដើរពេញក្រុងទាំងអស់ ដែលមកដល់ចំណុចមួយនេះខេនក៏ស្រាប់តែនឹកឃើញដល់ពាក្យម៉្យាងដែលនាងបាននិយាយមកកាន់ខ្លួនកាលពីយប់។
(ចាត់ទុកថាវាជាសំណាងលោកហើយ ព្រោះនៅសៀងហៃនេះ កន្លែងណាក៏ខ្ញុំដើរសព្វអស់ដែរ)
"អាលូហ្ស៊ីង! ឯងជាអ្នកដែលទាក់ទងយកអឺឈីងមកមែនទេ?"
"គឺមែន.." លូហ្ស៊ីងឯណោះ ដំបូងមិនសូវជាចាប់អារម្មណ៍ទេ គិតថាមិត្តប្រហែលគ្រាន់តែងឿងឆ្ងល់ សួររកក្មេងកំដរដែលខ្លួនជួលមកបែបធម្មតាៗ តែក្រោយពីឃើញភាពអន្ទះសារនិងការរិះរករបស់ខេនរួចមក គេក៏គិតប្រាកដថាខេននឹងក្មេងម្នាក់នោះ ច្បាស់ជាមានចំណងមិនធម្មតាទេ ទោះជានៅក្បែរគ្នាត្រឹមមួយយប់ក្ដី។
"អ៊ីចឹងឯងអាចទាក់ទងឲ្យអឺឈីងមកម្ដងទៀតបានទេ? យើង..យើងមានរឿងចង់សួរនាំនាងច្រើនណាស់ មិនអាច..មិនអាចឲ្យនាងបាត់ទៅទាំងបែបហ្នឹងទេ"
ក្រឺង!ក្រឺង
ចិត្តកំពុងតែសញ្ជឹងគិតដល់នាង តែទូរសព្ទ័ដែលគេទុកនៅលើតុនោះហាក់ចង់បានផ្ទុយពីអ្វីដែលគេចង់បាន ទើបវាបន្លឺសំឡេងរោទ៍លាន់រំពងពេញក្នុងផ្ទះ។
"យើងថាឯងទទួលទូរសព្ទ័សិនទៅ ឯងមកទីនេះមិនមែនមកដើរលេងទេ តែមកធ្វើការងារ រឿងក្មេងម្នាក់នោះទុកឲ្យយើងជាអ្នកចាត់ចែងចុះ"
"យើងសន្យា"ក្រោយពីទទួលបានការសន្យាយ៉ាងច្បាស់លាស់ពីសំណាក់មិត្តសម្លាញ់រួចមក ទើបខេនអាចសង្រួមចិត្ត បិទអារម្មណ៍ រួចដើរទៅទទួលទូរសព្ទ័ដែលកំពុងតែរោទ៍ ជាការខលចូលពីនូរ៍អា។
(ហ៊ើយ! ទីបំផុតទាក់ទងលោកបានហើយ ពុទ្ធោរអើយខ្ញុំភ័យសឹងតែស្លាប់)
លើកទូរសព្ទ័ឡើងភ្លាម លឺអ្នកម្ខាងទៀតបង្ហាញការព្រួយបារម្ភ ត្រេកអរដែលបានដំណឹងពីខ្លួនបែបនេះ ខេនគេក៏រអៀសចិត្តមិនតិចដែរ ព្រោះកាលពីយប់មិញគេមិនមានគម្រោងនៅយូរទេ គិតថាដោះស្រាយចប់នឹងត្រឡប់ទៅរកនូរ៍អាវិញ តែនរណាទៅដឹងថាលូហ្ស៊ីងបញ្ជូនមនុស្សស្រីម្នាក់មក ក៏អាចធ្វើឲ្យខួរក្បាលគេភ្លេចរាល់រឿងរ៉ាវទាំងអស់ពេញមួយយប់។
"ឯងបានហូបអីហើយរឺនៅ? នេះខលមកខ្ញុំបានយ៉ាងម៉េច?"
(ខ្ញុំយកទូរសព្ទ័ខាងសណ្ឋាគារចុចទៅទាន៎ ខ្ញុំហូបអាហារក្នុងសណ្ឋាគាររួចហើយ គេមានអាហារទទួល3ពេលតែម្ដង ចាយលុយមិនស្ដាយទេបាទ៎)
ក្រោយបានលឺថានូរ៍អាគេថ្នឹកនឹងការស្នាក់នៅនោះ ខេនក៏បានធូរចិត្តបន្តិច។
(ខ្ញុំខលទៅនេះរំខានលោកទេទាន៎?)
"មិនអីទេ ឯងជាមនុស្សម៉ត់ប្រៃរឿងការងារណាស់ ហើយក៏ចេះយល់កាលៈទេសៈដែរ ដូច្នេះបើឯងខលមក ច្បាស់ណាស់ថាឯងមានរឿងអ្វីចង់ប្រាប់"
(អូយ៎ នេះលោកអានចិត្តខ្ញុំដូចជាអានក្រដាស បាទ៎! ខ្ញុំខលទៅព្រោះចង់ប្រាប់លោកការទូតថាល្ងាចនេះមានអាហារពេលល្ងាចជួបជុំមួយ មានលោកការទូតប្រទេសជាច្រើនចូលរួម ខ្ញុំក្រែងថាលោកភ្លេច ទើបខ្ញុំខលទៅជម្រាប)
"ខ្ញុំវិះនឹងភ្លេចពិតមែន" ខេនមិនលាក់បាំងនឹងសារភាពតាមត្រង់។
"អរគុណឯងហើយនូរ៍អា ថ្ងៃនេះឯងសម្រាកចុះ ចាំល្ងាចខ្ញុំទៅទីនោះដោយខ្លួនឯង ឯងចាត់ចែងផ្ញើតែឯកសារនិងទីតាំងមកចុះ"
(បាទទាន៎)
ខេននឹងនូរ៍អានិយាយគ្នាតែមួយភ្លែតក៏ដាក់ទូរសព្ទ័ចុះ។ រាងមាំព្រួសខ្យល់ដង្ហើមធ្ងន់ មុននឹងងាកបែរមើលទៅសម្លាញ់ដែលអង្គុយកាន់ទូរសព្ទ័ចាំនៅក្បែរនោះ។ លូហ្ស៊ីងមិនបង្អង់ក៏ចុចទូរសព្ទ័ទាក់ទងទៅកាន់អ្នកណែនាំក្មេងកាលពីយប់ រំពឹងថាអាចនឹងបានដំណឹងពីក្មេងស្រីអឺឈីងនោះខ្លះ។

"អូហ៍ សួស្ដីអ្នកប្រុសលូហ្ស៊ីង! ហីយ៉ាត្រេកអរណាស់ដែលលោកចុចខលមក នេះមានអ្វីត្រូវប្រាប់មែនទេហ្នឹង?" ស្ត្រីក្នុងឈុតរ៉ូបក្រហមអង្គុយគងអន្ទាក់ខ្លាញញឹម ដៃវិញលើកពែងស្រាត្រជាក់ៗឡើងផឹកផ្សើមបំពង់ករ ស្របនឹងភ្នែកងាករ៉េមើលទៅភាពមមាញឹកក្នុងភោជនីយដ្ឋានដែលខ្លួនកំពុងពិសារអាហារថ្ងៃត្រង់នោះ។
ដៃដែលលើកពែងផ្អឹបដល់បបូរមាត់ហើយនោះក៏ស្រាប់តែឈប់ ព្រោះតែពាក្យសួរនាំរបស់អ្នកម្ខាងទៀតនាំឲ្យគាត់ចម្លែកចិត្តខ្លាំងមែនទែន ហើយវាក៏មិនដែលកើតឡើងលើក្មេងចេញភ្ញៀវណាម្នាក់ក្រោមបង្គាប់របស់គាត់ពីមុនដែរ។
"ចង់បានក្មេងដដែល? អ្នកប្រុសនិយាយលេងរឺនិយាយមែន?" ថារួចស្ត្រីម្នាក់នោះក៏ដាក់ទូរសព្ទ័ចុះ ចុចបើកសំឡេងលឺចេញក្រៅ សមល្មមអាចឲ្យនាងតូចដែលអង្គុយរួមតុជាមួយខ្លួនបានស្ដាប់លឺពីអ្នកដែលខកមក ព្រោះបំណងចង់បាននាងទៅម្ដងទៀត។
(មិត្តយើងគេចង់បានក្មេងដដែល ឲ្យតែចែអាចនាំនាងមកបាន អស់ប៉ុន្មានក៏យើងហ៊ានចំណាយដែរ)
"ឯងចង់ទៅទេ?" ស្របនឹងអ្នកនៅក្នុងទូរសព្ទ័កំពុងតែដាក់សំណើរមក ស្ត្រីដែលជាមេខ្យល់នាំនោះក៏ងាកបែរមកសួរសមីខ្លួន អ្នកដែលទៅបម្រើខេនកាលពីយប់មិញឯណោះវិញ។ អឺឈីងអង្គុយស្ងៀមទ្រឹង មិននិយាយអ្វីទាំងអស់ ដៃតូចស្រឡូនលូកទៅទាញទូរសព្ទ័ បំណងចង់ចុចបិទ តែក៏ត្រូវស្ត្រីម្នាក់នោះឃាត់ រួចក្រវីក្បាលតិចៗ។
"សុំទោសផងអ្នកប្រុស ក្មេងម្នាក់នោះខ្ញុំមិនអាចទាក់ទងរឺផ្ដល់ព័ត៌មានជូនបានទេ ម៉្យាងនាងក៏មិនមែនក្មេងក្រោមបង្គាប់ខ្ញុំដែរ នាងទទួលភ្ញៀវយប់មិញព្រោះនាងទ័លលុយតែប៉ុណ្ណោះ សង្ឃឹមថាអ្នកប្រុសនឹងយោគយល់ចុះ" ក្រោយនិយាយសុំទោសម្ដងជាពីរដងរួច ស្ត្រីម្នាក់នោះក៏ដាក់ទូរសព្ទ័ចុះ។ គាត់ព្រលែងខ្យល់ដង្ហើមធ្ងន់ មុននឹងងាកបែរមកមើលអ្នកដែលបដិសេធសំណើរធំ ទាំងដែលនាងកំពុងតែទ័លខ្លាំងបំផុត។
"អរគុណចែណាស់ដែលយោគយល់ នេះលុយដែលសល់—"
"ឯងទុកចាយវាយចុះ ទោះថ្លៃវះកាត់បងរបស់ឯងបង់រួចហើយក៏ដោយ ក៏ពីរនាក់បងប្អូនឯងនៅតែចាំបាច់ត្រូវការលុយអ៊ីចឹង ម៉្យាងលុយនេះឯងខំប្រឹងបានមកដោយខ្លួនឯង ចែមិនយកទេ" ទោះមានឈ្មោះជាមេខ្យល់នាំស្រីក៏ពិតមែន តែក្រោយពីដឹងរឿងជាច្រើនពីអឺឈីងរួចមក គាត់ក៏អាណិតនាងមិនចាញ់ខេនប៉ុន្មានដែរ។
"ឯងគិតធ្វើអីបន្តទៀតហ្នឹងនាងល្អិត? បើឯងទៅជួបអ្នកប្រុសម្នាក់នោះ វាអាចនឹងមានរឿងល្អកើតឡើងខ្លះទេដឹង? ជីវិតឯងអាចនឹងផ្លាស់ប្ដូរក៏ថាបាន" សម្ដីរបស់ស្ត្រីម្នាក់នោះ នាំឲ្យអ្នកមានទឹកមុខស្រពោនអស់សំណើចបន្តិច អឺឈីងក្រោកចេញពីកៅអី ទាំងដៃកាន់ក្រណាត់ជូតតុជាប់។
"គេជាភ្ញៀវ ខ្ញុំជាស្រីលក់ខ្លួន បើជួបគ្នាម្ដងទៀតមានអ្វីដែលប្រសើរនោះ? ម៉្យាង ទោះបីជាគេមានអារម្មណ៍ល្អពិតមែន ក៏ខ្ញុំមិនមានអ្វីសាកសមជាមួយមនុស្សប្រុសល្អខ្ពង់ខ្ពស់ដូចជាគេដែរ" អឺឈីងពោលតែប៉ុណ្ណេះ រួចក៏អោនគំនាបលាអ្នកម្ខាងទៀត រួចចាកចេញទាំងទ្រូងចាប់ឈឺអូចៗដោយគ្មានមូលហេតុ គ្រាន់តែគេរំលឹកដល់មនុស្សប្រុសម្នាក់នោះសោះ គេជានរណា? ហេតុអីក៏គេមានឥទ្ធិពលមកលើចិត្តនាងខ្លាំងម៉្លេះ?

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now