ភាគទី87

226 12 1
                                    

រឿង : ចំណងបេះដូងមួយរាត្រី
ភាគទី87

មួយម៉ោងមុនហេតុការណ៍!
ព្រលានយន្តហោះក្រុងសៀងហៃ ទោះបីជាថ្ងៃនេះជាថ្ងៃចុងសប្ដាហ៍ក្ដី តែភាពមមាញឹកនឹងការមកដល់របស់ភ្ញៀវជាច្រើននៅតែមានជារឿយៗដែលវាក៏ជាផលល្អសម្រាប់អាកាសយានដ្ឋានដែរ។
ទ្វារកញ្ចក់ដែលជាផ្លូវចេញក៏បើកឡើង មុននឹងមានអ្នកដំណើរមិនតិចចេញពីខាងក្នុងមក ព្រមជាមួយនឹងស្នាមញញឹមពោរពាសលើផ្ទៃមុខ ហើយក្នុងចំណោមនោះក៏មានវត្តមានរបស់មនុស្សម្នាក់ចេញមកដោយទឹកមុខញញឹមដូចគ្នាដែរ។
ទីង!ទីង
«សុំឲ្យសំណាងល្អលោកខេន»
កាលបើគ្រាន់តែបើកទូរសព្ទ័ភ្លាម សារមួយក៏ផ្ញើចូលមកកាន់ទូរសព្ទ័របស់គេ ដែលវាជាសារជូនពរពីសំណាក់មិត្តរួមការងារជំនិតនឹងជាលើកដំបូងដែលគេមកសៀងហៃទាំងមិនមាននាយមកជាមួយ។
[ខ្ញុំអរគុណឯងហើយ នូរ៍អា]
«ទៅដល់ កុំភ្លេចផ្ដាំសួរសុខទុក្ខអ្នកស្រីអឺឈីងផងទាន៎»
ខេនញ៉ោចស្នាមញញឹមឡើង កាលបើឃើញពីសម្ដីសម្ដៅបង្ហាញការនឹករលឹកពីសំណាក់កូនចៅខ្លួន ពេលនេះគេបានលើកតំណែងជារឿយៗ តែគេក៏នៅតែបន្ទាបខ្លួននឹងដឹងគុណនាយរហូតមកទល់ថ្ងៃនេះ។ ខេនបិទទូរសព្ទ័ចុះ រួចក៏អូសវ៉ាលីដើរចាកចេញទៅ មុននឹងប្រទះភ្នែកនឹងវត្តមានមនុស្សម្នាក់ ដែលដើរកាត់ផ្លូវខ្វែងជាមួយគេអម្បាញ់មិញ ទោះជាកាត់តែមួយភ្លែត គេក៏នៅតែអាចចាប់បានពីភិនភាគរបស់នារីម្នាក់នោះ តែគេក៏មិនប្រាកដ ទើបងាកបែរមើលម្ដងទៀត ឲ្យបានច្បាស់នឹងភ្នែក។
"ម៉ាខេឡា?" គេជ្រឹមចិញ្ចើមខ្ពស់ គិតឆ្ងល់ថាប្អូនស្រីដែលមានដំណឹងថានៅបារាំងសោះ ហេតុអីក៏ពេលនេះនាងបែរជាមកនៅព្រលានយន្តហោះសៀងហៃទៅវិញ?
ដៃមាំប្រញាប់ទាញវ៉ាលី រួចនាំខ្លួនដើរទៅតាមទិសប្អូនស្រីឆ្លងកាត់អម្បាញ់មិញ។
"ម៉ាខេឡា.. ម៉ាខេឡា!" ខេនអូសវ៉ាលីផង ស្រែកផង តែអ្នកម្ខាងទៀតហាក់ដូចជាមិនបានចាប់អារម្មណ៍លឺការហៅរបស់គេទាល់តែសោះ។ រាងកាយស្រឡូនដែលស្ពាយត្រឹមសាកាដូមួយជាប់នឹងខ្នងឯណោះ នាងក៏ឈរបក់ដៃហៅឡានតាក់សុី រួចក៏បានឡានជិះ មុននឹងបងប្រុសដែលហៅតាមពីក្រោយនោះមកដល់ទៅទៀត។
"ហ៊ឹសៗៗ" ខេនកាលបើមកតាមប្អូនមិនទាន់ ត្រូវនាងឡើងឡានទៅបាត់ គេក៏បានត្រឹមឈរច្រត់ចង្កេះដកដង្ហើមហត់រហឹស ភ្នែកក៏សំឡឹងមើលទៅកាន់ឡានតាក់សុីដែលបើកចេញទៅ ព្រមទាំងគំនិតមួយលោតឡើងបិប។
"ម៉ាខេឡាប្រហែលជាមកលេងអូនឈីងនិងកូនជូទេដឹង? ហ៊ឹម គាប់ចួនគ្នាល្អណាស់" ខេនញ៉ោចស្នាមញញឹមទាំងសប្បាយចិត្ត ព្រោះមកជើងនេះមិនខាត បានចួបទាំងប្រពន្ធកូនហើយក៏បានចួបជុំប្អូនស្រីក្រោយបែកគ្នាប៉ុន្មានខែទៀត។ គេបក់ដៃហៅឡានតាក់សុីដែរ មួយស្រប៉ក់ទើបមានឡានមួយមកឈប់ចត រួចដឹងគេសម្ដៅឆ្ពោះទៅកាន់សំណាក់ហ័រ កន្លែងដែលគេតែងតែចង់មកបំផុត។

ត្រឡប់មកកាន់ពេលបច្ចុប្បន្នវិញ
"អ្នកណាមានកូន?" ការដែលប្រញាប់ប្រញាល់មកដល់ចង់ចួបប្រពន្ធកូននឹងប្អូន វាក៏បានសម្រេច តែថាស្របនឹងរឿង វាក៏មានរឿងអាក្រក់មួយផងដែរ ព្រោះពេលចូលមក គេបានលឺច្បាស់ណាស់ថាពួកគេនិយាយគ្នាពីរឿងកូន។
"បង..បងខេន?"
"បង?!" ទាំងម៉ាខេឡានឹងអឺឈីងក៏លាន់មាត់ ខណៈបុរសមាឌមាំដែលកំពុងតែឈរស្ងៀមឯណោះ មានពិរុទ្ធខ្លាំងដល់ថ្នាក់មិនហ៊ានសូម្បីតែងាកបែរមើលទៅអ្នកទើបតែមកដល់សោះ។
"បង.."
"ឆាប់ឆ្លើយមក អ្នកណាជាអ្នកមានកូន?"
"..."
"ម៉ាខេឡា?!" ដោយសារតែគ្មាននរណាឆ្លើយតប ទើបខេនគេសួរចំទៅអ្នកដែលកំពុងតែអោនមុខចុះ ញ័រសព្វដៃជើងឯណោះតែម្ដង។
"គឺ..គឺខ្ញុំ" ដឹងថាទោះបីជានាងប្រឹងលាក់បាំង ប្រឹងរត់គេចយ៉ាងណាក៏គង់តែមានថ្ងៃដែលបងប្រុសនាងដឹង ទើបម៉ាខេឡានាងឆ្លើយតបទៅកាន់បងប្រុសវិញចំៗ ហើយក៏យល់ព្រមងើបមើលទៅគេទាំងទឹកភ្នែកហូររហាមកាត់ផែនថ្ពាល់តែម្ដង។ ខេនឯណោះ ក្រោយទទួលបានចម្លើយដែលខ្លួនចង់បានរួចហើយ ទ្រូងគេជាបងក៏ហាក់ប្រេះស្រាំអួលណែនរកថាអ្វីមិនចេញតែម្ដង កាយមាំទាំទម្លាក់វ៉ាលីពីដៃ រួចប្រញាប់ចូលទៅចាប់ស្មាប្អូន រួចអង្រួនខ្លាំងៗភ្លាម។
  "ខេន! បង.."
"ក្មេងជាកូនអ្នកណា? លឺបងសួរទេ!!!" ជាលើកទីមួយហើយដែលខេនចាប់កាន់ស្មានាងខ្លាំងៗបែបនេះ គេអង្រួននាងសឹងតែរបូតក្បាលជ្រុះចេញពីស្មាតែម្ដង ចំណែកម៉ាខេឡាឯណោះក៏យំហ៊ូៗតាមអារម្មណ៍ចុកអួលណែនដែលពិបាកនឹងបរិយាយប្រាប់។
  "ខ្ញុំ..អ្ហឹក បង..បងខេន កុំសួរខ្ញុំអី"
  "អាហ្ស៊ីង!" ខេនងាកទៅមើលមិត្តសម្លាញ់ម្ដង តែមើលទាំងមុខមាំ រឹងដូចជាថ្មម៉ាប ព្រោះខឹងខ្លាំង គេនឹងអឺឈីងបានគិតយូរមកហើយ គិតថាលូហ្ស៊ីងនឹងប្អូនស្រីគេមានអ្វីនឹងគ្នាលើសពីពាក្យថារាប់អាន តែក្រោយពីលូហ្ស៊ីងបានអះអាងថាគេនឹងក្លារ៉ាបានដេកនៅជាមួយគ្នារួច គេក៏លុបគំនិតគ្រប់យ៉ាងវិញ ព្រោះគិតថាលូហ្ស៊ីងប្រាកដជាគ្មានថ្ងៃធ្វើបាបចិត្តម៉ាខេឡាដោយវិធីព្រានរបស់គេទេ តែនរណាទៅដឹង.. ថាបើយកសាច់ទៅផ្ញើនឹងមាត់ខ្លា មានខ្លាឯណាដែលនៅស្ងៀមមិនសុីសាច់នោះ?
  "យើង.." លូហ្ស៊ីងគេឆ្លើយបិបឹៗតបទៅកាន់មិត្តសម្លាញ់វិញ នាយចូលទៅជិតម៉ាខេឡា រួចប្រញាប់កាន់ក្រសោបដៃនាងជាប់ ទាំងដែលខេនកំពុងតែមើលមុខគេមិនទម្លាក់សោះ។
"ម៉ាខេឡា.. អូនបាត់ទៅណា បងតាមរកអូនយូរហើយ"
"បង..បងហ្ស៊ីង" លូហ្ស៊ីងព្យាយាមកែប្រែស្ថានការណ៍ ដោយចូលទៅរកម៉ាខេឡារួចព្យាយាមយកចិត្តទុកដាក់នឹងបង្ហាញពីការព្រួយបារម្ភចំពោះនាង ខណៈម៉ាខេឡាឯណោះនាងភិតភ័យហើយក៏ព្យាយាមដកខ្លួនពីការកាន់របស់បងៗទាំងពីរនាក់។
"បងតាមរកអូន ដល់បាយមិននឹក ទឹកមិនស្រេក" លូហ្ស៊ីងនិយាយខណៈដៃចាប់ក្រសោបដៃម៉ាខេឡាពីមុខខេន។ អ្នកម្ខាងទៀតនៅស្ងៀម ភ្នែកក្រហមងាំងសំឡឹងមើលទៅកាន់ដៃលូហ្ស៊ីងដែលក្រសោបកាន់ដៃប្អូនស្រីខ្លួន រួចក៏ដកដៃចេញពីកាន់ម៉ាខេឡា ប្រែមកជាក្របួចករអាវលូហ្ស៊ីង ហើយដាល់គេផាំងៗកណ្ដាលមុខ ដួលព្រូសបោកនឹងដី។
"អាមិត្តថោកទាប! អាតិរច្ឆាន.. ហ៊ឹស" ខេនយារដៃដាល់លូហ្ស៊ីងខ្លាំងៗ ដាល់យកៗមិនសំចៃដៃទាល់តែសោះ អឺឈីងនឹងម៉ាខេឡាក៏ព្យាយាមចូលឃាត់ តែគ្មាននរណាម្នាក់អាចយកឈ្នះកម្លាំងប្រុសអាគាំងដូចជាគេបាន ទាល់តែបុរសម្នាក់ទៀតដែលជាសមាជិកគ្រួសារចូលមកឃាត់ រួចទាញគេចេញពីលូហ្ស៊ីង ដែលដេកបែកមាត់ហូរឈាមឲ្យកក្លាក់។
"កូនហ្នឹងជាកូនឯងមែនទេ?"
"អឹ..អ្ហឹស" លូហ្ស៊ីងគេដេកស្រងល់មួយកន្លែង កាលបើត្រូវខេនដាល់មិនសំចៃដៃថ្នាក់ហ្នឹង តែគេក៏មិនខឹង ព្រោះសម្រាប់ខេន គេសាកសមនឹងត្រូវដាល់បែបនេះណាស់។
"បងខេន..ប៉ុណ្ណឹងបានហើយបង កូននេះជាកូនខ្ញុំ កូនខ្ញុំអត់មានប៉ាទេ ខ្ញុំជាម៉ាក់ ខ្ញុំអាចចិញ្ចឹមគេបានបង អ្ហឹកៗ"
"បើក្មេងគ្មានឪទេ យកគេចេញទៅ" ដោយចិត្តឆៅ ខេនក៏ចោលសម្ដីមួយនេះទៅកាន់ប្អូនស្រី ដែលពាក្យសម្ដីគេនាំឲ្យគ្រប់គ្នាស្ងាត់មាត់ សូម្បីតែម៉ាខេឡាឯណោះ។
"ចាំបងខលទៅពេទ្យ ណាត់គេឲ្យយកកូនឯងចេញ" ខេនមិននិយាយលេង ដោយគេទាញទូរសព្ទ័យកមកក្រៅ រួចចុចទៅរកពេទ្យ។
"អត់ទេ.. អត់ទេអាខេន"
"ក្មេងជាកូនយើង យើងសុំអង្វរ កុំសម្លាប់កូនយើង អ្ហឺ យើងខុសហើយ" បុរសដែលកំសាក មិនដែលហ៊ានឆ្លើយ មិនហ៊ានទទួលការពិត ពេលនេះគេក៏ភ័យ ដល់ថ្នាក់ក្រោកកិលខ្លួនទៅអោបជើងមិត្ត សារភាពទាំងអស់ថាគេជាឪពុក៕

បងហ្ស៊ីងសារភាពហី! 🤭

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now