រឿង : ចំណងបេះដូងមួយរាត្រី
ភាគទី90គ្រាន់តែទទួលបានតម្រុយ ដឹងរឿងពីកូនចៅរួចមក លូហ្ស៊ីងគេក៏មិនបង្អង់ ប្រញាប់ប្រញាល់ចេញដំណើរសម្ដៅឆ្ពោះទៅកាន់ទីតាំង ដែលវាស្ថិតនៅស្ពានចាស់មួយកន្លែង ដែលពេលនេះមិនមានការបើកដំណើរការឲ្យឆ្លងកាត់រឺចេញចូលអីនោះទេ ទើបវាក្លាយជាសំបុករបស់ពពួកជួញដូរខុសច្បាស់អស់ទាំងនោះ។
ងឹក!
សម្រឹបកង់ឡានឈប់កកិតនឹងថ្នល់គ្រួស ខាងលើផ្លូវចុះចូលទៅក្រោមស្ពានដែលជាទីតាំងកំណត់។ លូហ្ស៊ីងបើកទ្វារចុះពីឡាន ខណៈចូវិនឯណោះក៏ចុះមកពីកន្លែងតៃកុងដែរ ដោយកម្លោះទាំងពីរពេលនេះក៏ចោលភ្នែកមើលទៅស្ពានទាំងអារម្មណ៍ស្មុគស្មាញមិនចាញ់គ្នាប៉ុន្មានទេ។
"អាចូវិន! ឲ្យកាំភ្លើងមក"
"តែ.." ចូវិនគេក៏រៀងស្ទាក់ស្ទើរ ត្បិតទោះបីជានៅទីនេះ វាអាចជាតំបន់មួយក្នុងចំណោមតំបន់ដែលលូហ្ស៊ីងឈរជើងក៏ពិតមែន តែនៅទីនេះមិនបានផ្ដល់ភាពទូលំទូលាយឲ្យពួកគេកាន់កាំភ្លើងដើរតាពាសពេញផ្លូវកាត់ថ្ងៃចែសបែបហ្នឹងទេ។
លូហ្ស៊ីងងាកចោលភ្នែកមើលទៅកូនចៅ ខណៈខ្លួនបោះដំណើរចូលទៅជិតចូវិន កញ្ឆក់យកកាំភ្លើងខ្លីពីចង្កេះគេ រួចបែរប្រឹបសម្ដៅចូលទៅកាន់ចន្លោះផ្លូវនៅក្រោមស្ពានឯណោះតែម្ដង។
មនុស្សប្រុសគ្នាតែពីរនាក់ តែពួកគេហាក់មិនក្លបខ្លាចអ្វីសោះ គេដើរចូលមកខាងក្នុង ព្រមជាមួយនឹងគោលដៅតែមួយគត់នៅក្នុងចិត្ត នោះគឺត្រូវមករកម៉ាខេឡា ហើយនាំនាងត្រឡប់ទៅវិញ។
"ចៅហ្វាយ! ខ្ញុំគិតថាប្រហែលជាអ្នកនាងម៉ាខេឡាមិនបាននៅទីនេះទេដឹង?" កាលបើចូលមកកាន់តែជ្រៅ ពន្លឺកាន់តែលែងសូវមាន ចូវិនគេក៏កើតមានអារម្មណ៍មិនស្រួលភ្លាម ទើបប្រញាប់ងាកទៅប្រាប់ចៅហ្វាយ គំនិតចង់ឲ្យគេដកថយ នឹងអាលខ្លួនបានហៅជំនួយមកបន្ថែមទៀត។
"ឯងគិតយ៉ាងម៉េច?"
"ខ្ញុំគិតថាអ្នកប្រុសគួរតែត្រឡប់ទៅខាងក្រៅវិញសិនទៅ ចាំខ្ញុំខលហៅគ្នាយើងប៉ុន្មាននាក់មកបន្ថែមទៀតសិន" ចូវិននិយាយប្រាប់មិនលាក់លៀម ត្បិតពេលនេះគ្នាពួកគេមានតែពីរនាក់ បើឲ្យស៊ូជាមួយនឹងពួកនោះ ប្រាកដណាស់គឺមិនអាចនោះទេ។ លូហ្ស៊ីងគេទទួលស្ដាប់កូនចៅ ហើយក៏យល់ថាចូវិននិយាយសមហេតុផលខ្លះដែរ។ កម្លោះទាំងពីរដែលទើបតែនឹងចូលមក ពេលនេះក៏នាំគ្នាបែរតម្រង់ទៅកាន់ផ្លូវចេញវិញ ខណៈសកម្មភាពពួកគេទាំងពីរត្រូវបានឃើញនឹងដក់ជាប់ក្នុងកែវភ្នែករលីងរលោងរបស់នារីម្នាក់។
"អ្ហឺ..អ្ហឹម ហ៊ឹក" បបូរមាត់នាងត្រូវបានគេចងបិទជាប់ដោយក្រណាត់ក្រាស់ ដែលធ្វើឲ្យនាងមិនអាចបញ្ចេញសំឡេងលឺខ្លាំងបាន បានត្រឹមតែថ្ងួចថ្ងូរដោយការឈឺចាប់។ ដៃជើងនាងត្រូវបានគេចងជាប់ ដោយយកនាងមកបិទទុកក្នុងទូរឈើចាស់មួយក្នុងគំនរកន្លែងគេបំបរបង់ចោលនៅក្រោមស្ពាន កន្លែងដែលពួកវាលាក់អ្នកដែលត្រូវយកជួញដូរមានច្រើនណាស់ រួមទាំងកន្លែងក្រោមស្ពាននេះមួយដែរ។
(បងហ្ស៊ីង.. អ្ហឹក បងហ្ស៊ីងខ្ញុំនៅទីនេះ)
មាត់មិនអាចនិយាយបាន រាងកាយក៏គ្មានកម្លាំងមិនអាចកម្រើកគោះហៅអ្នកដែលកំពុងតែដើរចាកចេញឯណោះទៀត។ ម៉ាខេឡាបានត្រឹមតែដេកបួងសួង ដង្ហោយហៅគេនៅក្នុងចិត្ត នាងមិនគិតថាការដែលនាងសម្រេចចិត្តចាកចេញ វានាំនាងឲ្យមកធ្លាក់ក្នុងរណ្ដៅទុក្ខវេទនាថ្នាក់នេះទេ។ ហេតុអី? ហេតុអីក៏ជីវិតនាងមានតែរឿងមិនចេះចប់ មិនចេះហើយបែបនេះ?
ង៉ោង!
សំឡេងឡានបើកចេញនៅខាងក្រៅបន្លឺឡើងស្របនឹងម៉ាខេឡាបិទភ្នែកសម្រក់ទឹកភ្នែកតក់ៗ ព្រោះមិនដឹងថាលើកនេះជាលើកចុងក្រោយរឺយ៉ាងណាទេដែលនាងបានចួបមុខគេ។
ប្រឹប! ប្រឹប..
គ្រាន់តែឡានរបស់លូហ្ស៊ីងបើកចេញទៅបាត់ អ្នកដែលលបលួចលាក់ខ្លួនទាំងអម្បាល់ម៉ានក៏នាំគ្នាចេញមក។ ម៉ាខេឡានាងនៅផ្ដេកក្បាលនៅស្ងៀមមិនរើបម្រាស់ ពេលនេះនាងមិនមែនមានតែជីវិតមួយដូចកាលពីមុនទេ បើនាងមានគ្រោះថ្នាក់ កូននាងក៏នឹងមានគ្រោះថ្នាក់ដូចគ្នា។
(ម៉ាក់នឹងការពារកូន.. ម៉ាក់នឹងការពារកូន អ្ហឹក)
(ចៅហ្វាយមកហើយៗ)
កំពុងតែបិទភ្នែកហៀបនឹងសម្ងំដេកទៅហើយ បែរជាសំឡេងបុរសប៉ុន្មាននាក់ដែលនៅខាងក្រៅឯណោះបន្លឺឡើង បង្ហាញពីវត្តមាននរណាមិនដឹងដែលពួកគេហៅថាជាចៅហ្វាយ។ ម៉ាខេឡាព្យាយាមប្រើកម្លាំងដែលមាន បើកភ្នែកសំឡឹងមើលទៅខាងក្រៅ មុននឹងបានឃើញវត្តមានមនុស្សម្នាក់ មាឌមាំខ្ពស់ តែនាងមិនអាចមើលគេឃើញច្បាស់ ព្រោះតែភាពងងឹតនៅទីនោះ នាងអាចបានត្រឹមតែមើលឃើញពីស្រមោលមាឌធំ ប្រៀបបីដូចជាមនុស្សប្រុស។
ឌឹប!ឌឹប..
ឈុតឆាកបន្ទាប់ដែលនាងបានឃើញពីមនុស្សម្នាក់នោះ គឺគេយារដៃដាល់អ្នកដែលចាប់នាងមកឌឹបៗ មុននឹងសំឡេងក្ដាប់ដៃគេលាន់លឺប្រឹបៗហាក់ដូចជាគេខឹងសម្បារខ្លាំងណាស់។
(ចុះនាងនៅឯណា?)
ក្រោយពីបុរសម្នាក់នោះបានមើលរូបថតដែលកូនចៅបង្ហាញភ្លាម គេក៏លើកដៃដាល់កូនចៅមិនសំចៃដៃតែម្ដង មិនតែប៉ុណ្ណឹងគេថែមទាំងសួររកអ្នកនៅខាងក្នុងរូបនោះទៀត។
(នាង..នាងនៅខាងណោះទាន៎)
អ្វីដែលស្មានមិនដល់ អ្នកដែលគេសួរនាំនឹងដាល់កូនចៅទាំងកំហឹងក្រោយមើលរួចនោះ ការពិតជារូបនាង។
(ឆាប់យកនាងចេញពីទីនេះ..)
(បាទ៎)
មិនដឹងថាមកពីហេតុអីទេ គ្រាន់តែកូនចៅប្រាប់ភ្លាម មនុស្សម្នាក់នោះក៏បែរជាគេចមុខ បញ្ជាកូនចៅឲ្យមកយកនាងចេញ។ វិនាទីបន្ទាប់អ្វីដែលម៉ាខេឡាបានឃើញគឺជាការទាញបើកទ្វារទូរ ពន្លឺព្រាកៗចាំងប៉ះនឹងភ្នែកនាង មុននឹងរាងកាយជាប់ចំណងត្រូវបានគេទាញអូសចេញ គ្មានសំចៃដៃសោះ។
ប្រឹប!
"អឹ..អឹស" ការដួលអុកពីការទាញរបស់ពួកគេ បង្កភាពឈឺចាប់ដល់ម៉ាខេឡា ធ្វើឲ្យនាងក្រាញននាលក្រាបក្បាលដេកកើយលើដី។
"អ..អូយ៎ អ្ហឹក"
"នែនាង..កើត..កើតស្អី? ហ៊ើយ! ឈាម...ឈាម" បុរសប៉ុន្មាននាក់ដែលអូសនាងឯណោះ គេចង់ខឹងពេលឃើញនាងក្រាញននាលមិនចេញ តែកាលបើក្រឡេកទៅឃើញមានឈាមហូរតាមប្រឡោះជើងនាងភ្លាម ពួកគេក៏សភ្នែក ភាពភ័យខ្លាចក៏បញ្ជាដេញពួកគេឲ្យប្រញាប់រត់គេច ដោយទុកឲ្យអ្នកឈឺពើតរមួលនោះដេកលើដីក្រោមស្ពានម្នាក់ឯង។
"អ..អូយ៎ ជួយ! ជួយផង អ្ហឺ"
"ជួយកូនខ្ញុំ...ផង"
—
សង្ឃឹមថានឹងពេញចិត្តណា៎ 🌸
YOU ARE READING
ចំណងបេះដូងមួយរាត្រី
Romansaចំណងស្នេហ៍កើតចេញពីការអាណិតស្រឡាញ់ដែលកម្លោះមន្ត្រីការទូតមានទៅលើស្រីសាមញ្ញម្នាក់ដែលសុខចិត្តលក់ខ្លួន ព្រោះទ័លច្រក។ ខេន x អឺឈីង