រឿង : ចំណងបេះដូងមួយរាត្រី
ភាគទី94"បងលេងសើចជាមួយអូនមែនទេហ្នឹង?" អឺឈីងម្ដងនេះ នាងមិនបានលេងសើច គ្រាន់តែឃើញថាខេនបានសញ្ជាតិ បូកផ្សំនឹងឃ្លាប្រយោគបែបបញ្ចើចបញ្ចើរថានឹងមករស់នៅទីនេះ ភ្នែកនាងក៏ចាប់ក្ដៅផ្សា រលីងរលោងយ៉ាងខ្លាំងតែម្ដង។
"បងមានដែលធ្លាប់លេងសើចជាមួយអូនពីពេលណាមកឈីង?"
"តែបង.. អ្ហឹក បងមានការងារ មានវិមាន មានគ្រប់យ៉ាងនៅទីនោះ តើបង.. បងអាចចោលគ្រប់យ៉ាងមករស់នៅទីនេះបានយ៉ាងម៉េចទៅខេន? អ្ហឹក.." ទីបំផុតអឺឈីងនាងក៏យំចេញមកមែន ចិត្តនាងពេលនេះគឺរំភើប តែនៅតិចជាងចិត្តអាណិតដែលនាងមានចំពោះបុរសជាទីស្រឡាញ់ទេ។ ខេនគេជាមនុស្សស្រឡាញ់នឹងម៉ត់ប្រៃលើការងារណាស់ បើតាមដែលនាងបានដឹងត្រួសៗមក គេចូលធ្វើការនៅក្រសួងការបរទេសដោយខ្លួនឯង មិនមានប្រើប្រាស់ខ្សែបណ្ដាញរឺប្រើអំណាចរបស់ចាស់ទុំណាម្នាក់ទេ គេធ្វើការពីលំដាប់ទាបរហូតទាល់បានតំណែងថ្ងៃនេះ វាហត់នឿយខ្លាំងណាស់សម្រាប់គេ តែហេតុអីក៏គេបែរជាបោះបង់វាចោលដោយងាយៗបែបនេះ?
"ពិតមែន នៅទីនោះបានមានគ្រប់យ៉ាង បងមានការងារ មានផ្ទះ ហើយក៏មានមុខមាត់"
"តែអ្វីដែលបងគ្មានគឺវត្តមានអូន គ្មានវត្តមានកូនរបស់យើង អ៊ីចឹងហើយទោះបីជាមុខមាត់បងខ្ពង់ខ្ពស់ មានទ្រព្យក្រាលដេកបាន ក៏បងនៅតែមានអារម្មណ៍ថាជីវិតបងទទេស្អាតខ្លាំងណាស់ របស់ដែលអូនលើកឡើងទាំងប៉ុន្មានខាងលើ វាគ្រាន់តែជារបស់ក្រៅខ្លួនប្រាណ ដែលបងអាចរកថ្មី បង្កើតឡើងវិញសារជាថ្មីពេលណាក៏បាន តែសម្រាប់អូននឹងកូន បងមិនអាចរកថ្មីបានទេ បើបងនៅតែបន្តនៅឆ្ងាយពីអូន បងខ្លាចតែ.."
"ខ្លាចអី?" អឺឈីងលើកខ្មងដៃជូតទឹកភ្នែកចេញពីថ្ពាល់ ភ្នែកក៏ងើបមើលទៅស្វាមីក្រៅច្បាប់ទាំងចង់ឲ្យគេនិយាយបន្តទៀត។ ពាក្យពេចន៍ចេញពីមាត់គេ ម្ដងណាក៏មានតែភាពផ្អែមល្ហែម ម្ដងណាក៏ធ្វើឲ្យនាងគិតថា ការដែលនាងដាក់ចិត្តស្រឡាញ់នឹងផ្ញើវាសនាក្នុងដៃប្រុសម្នាក់នេះ វាជារឿងត្រឹមត្រូវបំផុតក្នុងមួយឆាកជីវិតនេះ។
"បងខ្លាចថាឃ្លាតកាយណាយចិត្ត មិនមែនបងមិនទុកចិត្តអូនទេ តែការនៅឆ្ងាយពីគ្នាយូរ វាមានផលវិបាកច្រើនណាស់ ដូច្នេះហើយទាន់មានឱកាស បងនឹងព្យាយាមអោបក្រសោបអូន អោបក្រសោបកូនពួកយើងឲ្យជាប់ ពួកយើងនឹងគ្មានពាក្យថាបែកគ្នាទៀតនោះទេ ពួកយើងនឹងនៅជាមួយគ្នារហូតតទៅ"
"ខេន..អ្ហឹក"
"ហេតុអីក៏បងលះបង់ច្រើនយ៉ាងនេះដើម្បីពួកយើង? អ្ហឹកៗពួកអូនមិនមានតម្លៃខ្លាំងដល់ថ្នាក់បងត្រូវបោះបង់ការខំប្រឹងសឹងតែកន្លះជីវិតនេះចោលដើម្បីពួកយើងទេ"
"ក្មេងឆ្កួត.. នរណាថាពួកអូនគ្មានតម្លៃនោះ? ជុប៎" ខេនស្រវ៉ាក្រសោបអោបប្រពន្ធជាប់ណែន រួចក៏ថែថើបសក់នាងស្រាលៗទាំងភ្នែករលីងរលោង សប្បាយចិត្តខ្លាំងដែលគេបាននាំដំណឹងល្អនេះមកប្រាប់នាងឲ្យបានដឹង គេព្យាយាមលាក់ទុកក្នុងចិត្តច្រើនខែមកហើយ ដំបូងគិតថាចង់ស៊ុបប្រាយនាងនៅថ្ងៃពិសេសមួយនោះ តែគេចាំមិនបាន គាប់ចួនជានាងបានឃើញរួចហើយទៀត គេក៏ប្រាប់តែម្ដង ព្រោះមិនចង់ឲ្យនាងនៅលាក់ទុក្ខ ហើយគិតតែម្នាក់ឯងថាគេនឹងទៅចោលនាងនឹងកូនទៀត។
អឺហ្វាន់ឯណោះ បានឃើញប្អូនស្រីយំអោបមនុស្សប្រុសជាទីស្រឡាញ់បែបនោះ គេក៏មានតែញញឹមសប្បាយចិត្តជំនួសប្អូនតែម្ដង ហើយក៏លួចស្រាលចិត្ត ព្រោះដឹងថាគេមិនបានមើលខេនខុសនោះទេ ល្អណាស់ដែលគេនៅផ្ដល់ឱកាសឲ្យបុរសម្នាក់នេះចូលមកក្នុងជីវិតប្អូនស្រីគេម្ដងទៀត ក្រោយពីព្យុះភ្លៀងជាច្រើនដែលគ្រួសាររបស់ខេនបានសាង។
មាឌមាំងាកបែរខ្លួន មានបំណងចង់មើលទៅក្មួយស្រីម្ដង តែក៏បែរជាឃើញតែផែនខ្នងនាងតូចជូអឺដើរបែរចូលទៅក្នុងផ្ទះយ៉ាងស្រងូតស្រងាត់ទៅវិញ។ អឺហ្វាន់មិនបង្អង់ក៏ប្រញាប់ចូលទៅខាងក្នុងតាមនាងដែរ។
ដើរមកដល់គេក៏បានឃើញនាងកំពុងតែអង្គុយនៅមាត់ទ្វារផ្ទះបាយខាងក្រោយតែម្នាក់ឯង ឈ្ងោកមុខចុះហាក់បីដូចជានាងមានទុក្ខសោកសង្រែងក្នុងចិត្តដែលទាមទារឲ្យនាងលាក់ទុក្ខ មិនអាចបញ្ចេញវាមកបាន។
"ក្មួយស្រីអ៊ំ កើតអីបានជាមកសម្ងំនៅទីនេះតែឯងចឹង? ប៉ាទើបតែប្រាប់ដំណឹងល្អ កូនគួរតែនៅជាមួយប៉ា សាទរជាមួយគាត់"
"ខ្ញុំអាណិតប៉ា..." សម្ដីមួយម៉ាត់ ត្រឹមតែមួយម៉ាត់ប៉ុណ្ណោះដែលចេញពីមាត់ស្រីជូ នាំឲ្យអ្នកជាអ៊ំហាក់អាចកាត់យល់ពីជម្រៅចិត្តម្ចាស់ខ្លួនតូចញ៉េបនេះបានខ្លះ។ អឺហ្វាន់នាំខ្លួនចូលទៅអង្គុយកៀកក្បែរនឹងក្មួយស្រី រួចចាប់កាន់ស្មានាងស្រាលៗ។
"អ៊ំដឹងពីចិត្តកូន តែប៉ាកូនគេជាមនុស្សចាស់ គេមានការគិតច្បាស់លាស់ មុននឹងគេសម្រេចរឿងអ្វីមួយសម្រាប់ជីវិតរបស់គេ ហើយគេក៏សម្រេចថាមួយជីវិតនេះគេត្រូវការតែកូននឹងម៉ាក់ ដូច្នេះអ៊ំមិនគិតថាគេនឹងសោកស្ដាយចំពោះការលះបង់មួយហ្នឹងទេ"
"ម៉ាក់ធ្លាប់ប្រាប់កូនថា ប៉ាស្រឡាញ់ការងារគាត់ណាស់ ដូច្នេះហើយទើបម៉ាក់មិនសុំប៉ាឲ្យយល់ពីគាត់ ហើយបកមកនៅចិនវិញតែបីនាក់ពួកយើង"
"តែប៉ាក៏យល់ពីបំណងម៉ាក់ ហើយគេក៏បានសម្រេចបំណងម៉ាក់កូនដែរមិនចឹង? អាជូ.. ពេលខ្លះកូនគួរតែគិតវិជ្ជមានឲ្យបានច្រើនណា៎ ពេលខ្លះក៏លះបង់វាក៏សាកសមនឹងតម្លៃដែលទទួលបានដែរ.." ជូអឺពេបមាត់តិចៗ មុននឹងចូលខ្លួនទៅអោបអ៊ំប្រុសជាប់ណែន យំខ្សឹបខ្សួលតិចៗ តែយំលើកនេះនាងយំសប្បាយចិត្ត ព្រោះនាងមិនបាច់ត្រូវនឹកប៉ាទៀតទេ ព្រោះប៉ានឹងនៅទីនេះជាមួយនាង មើលថែនាងហើយនឹងម៉ាក់រហូតហើយ។
—
ប៉ុន្មានថ្ងៃក្រោយមក
គ្រួសារខេនគេមានក្ដីសុខខ្លាំង ព្រោះខេនបាននាំអឺឈីងទៅចុះអេតាសុីវិលសិន ព្រោះមិនទាន់អាចរើសវេលាល្អសម្រាប់រៀបការបាន ចំណែកអឺឈីងក៏មិនបានរុញរារដែរ ដោយនាងបានសុំខេនចុះសំបុត្រគ្រួសារជាមួយគ្នា មានប៉ាម៉ាក់កូននឹងបងប្រុសរបស់នាង គ្រួសារដែលតូចមួយរបស់ត្រកូលហ័រ ពេលនេះក៏រីកដុះដាលបន្ថែមនូវសមាជិកថ្មីហើយ។
"បងបានចុះអេតាសុីវិលហើយ? អ្ហឺម ខ្ញុំសប្បាយចិត្តណាស់ អ្ហឹក ខ្ញុំនិយាយមែនណា៎" ទោះបីជាមិនបាននៅក្បែរ សាទរបងប្រុសដោយផ្ទាល់ក៏ពិតមែន តែម៉ាខេឡានាងក៏នៅតែរំភើប រីករាយហើយផ្ញើចិត្តនឹករលឹកដល់បងប្រុសនឹងគ្រួសារគេពីចម្ងាយដែរ។
នាងពេលនេះគឺកំពុងតែស្នាក់នៅផ្ទះលំហែ ដែលជារបស់លូហ្ស៊ីង បុរសតែម្នាក់ដែលសន្យានឹងទទួលខុសត្រូវលើនាង ម៉ាខេឡាពេលនេះស្ថិតនៅក្រោមការមើលខុសត្រូវពីលូហ្ស៊ីងមួយរយភាគរយ ព្រោះគេខ្លាចថានាងអាចនឹងមានបញ្ហាដូចកាលពីមុនទៀត។
(បងនៅមិនទាន់រើសបានពេលវេលាល្អសម្រាប់រៀបការទេ)
"ពួកយើងរៀបការទៅ.."
ប្រធានបទតែមួយ តែនិយាយចេញពីមាត់មនុស្សពីរនាក់ វាធ្វើឲ្យម៉ាខេឡានាងជ្រួលច្របល់បន្តិច។ លូហ្ស៊ីងគេរុញទ្វារចូលមកដល់ភ្លាម ក៏ទារនាងរៀបការភ្លែត ធ្វើដូចវាជារឿងតូចតាចណាស់អ៊ីចឹង។ គេដាក់ខ្លួនអង្គុយចុះ ចាក់តែផឹកក្អឹកៗ ហាក់ដូចជាមានរឿងតប់ប្រមល់ក្នុងចិត្ត។
"មានរឿងអី? ហេតុអីសុខៗបងបែរជាចង់ការភ្លាមៗ.."
"មិនមានអីទេ បងគ្រាន់តែចង់ការ ចង់មានចំណងជាមួយអូនឲ្យដាច់ស្រេចឆាប់ៗ កាន់តែឆាប់កាន់តែល្អ តែប៉ុណ្ណឹង" ថាហើយលូហ្ស៊ីងក៏ដោះអាវក្រៅទម្លាក់លើសាឡុងក្បែរខ្លួននាង។ ម៉ាខេឡានៅស្ងៀម មុននឹងមានធៀបមួយធ្លាក់ចុះពីហោប៉ៅអាវក្រៅគេមក ដែលវាជាធៀបមង្គលការថ្មីៗរបស់ក្លារ៉ានឹងអតីតគូដណ្ដឹងនាង។
បានឃើញវាភ្លាម ម៉ាខេឡាក៏ធ្លាក់ទឹកចិត្តក្ដុក តែនាងក៏ធ្វើទឹកមុខដូចជាធម្មតា រុញធៀបការនោះចូលក្នុងហោប៉ៅអាវគេវិញ ធ្វើដូចជាគ្មានរឿងអីកើតឡើងសោះ។
"ពេលគេបោះបង់បង អ្នកដែលបងរត់មករកក៏មានតែខ្ញុំ..."
YOU ARE READING
ចំណងបេះដូងមួយរាត្រី
Romansaចំណងស្នេហ៍កើតចេញពីការអាណិតស្រឡាញ់ដែលកម្លោះមន្ត្រីការទូតមានទៅលើស្រីសាមញ្ញម្នាក់ដែលសុខចិត្តលក់ខ្លួន ព្រោះទ័លច្រក។ ខេន x អឺឈីង