ភាគទី44៖ គំនិតមិនចេះទ័ល

49 4 0
                                    

ចាប់បានកូនអុក វាអាចជាការល្អសម្រាប់បងខេនរឺទេ?

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី44៖ គំនិតមិនចេះទ័ល

យប់យន់ទន់ទេរកាន់តែជ្រៅទៅហើយ អ្នកគ្រប់គ្នាក៏ប្រហែលជាគេងលង់លក់អស់ នៅសល់តែមនុស្សម្នាក់ដែលនៅអង្គុយតែម្នាក់ឯងកណ្ដាលបន្ទប់ ទាំងដែលបន្ទប់នោះមិនមែនជាបន្ទប់របស់គេអីនោះទេ គេគ្រាន់ជាភ្ញៀវ ជាបងក្រៅសាច់ឈាមរបស់ម្ចាស់បន្ទប់នេះប៉ុណ្ណោះ។
ក្រោយពីបីក្រសោបម៉ាខេឡាយកមកបន្ទប់រួចមក លូហ្ស៊ីងគេមិនបានទៅណាទេ ពោលគឺនាយនៅអង្គុយមួយកន្លែង មិនអ៊ីចឹងទេគេក៏ដើរទៅមកៗក្នុងបន្ទប់នាងរហូតតាំងតែពីក្បាលព្រលប់។
"អ្ហឹម" សំឡេងគ្រហឹមនឹងដើមករស្រាល បន្លឺឡើងពីម្ចាស់ខ្លួនដែលដេកស្ដូកស្ដឹងនៅលើពូកទន់ល្មើយឯណោះ លូហ្ស៊ីងមិនបង្អង់ប្រញាប់ដើរទៅជិតខ្លួនម៉ាខេឡា រួចទម្លាក់ដៃម្ខាងស្ទាបថ្ងាសនាងតូច ទាំងចិញ្ចើមលើកខ្ពស់ហាក់បីដូចជាបារម្ភណាស់។
"បងហ្ស៊ីង"
"ខ្លួនឯងត្រជាក់ណាស់ នេះតិចមិនស្រួលខ្លួនអីខ្លាំងទៅ ម៉ោះចាំបងជូនទៅពេទ្យ"
"បងហ្ស៊ីង—"
"ឯងជាប្រភេទមនុស្សស្រឡាញ់សុខភាពណាស់ មិនគួរមកសន្លប់អីទាំងបែបនេះទេ"
"បងហ្ស៊ីង!!! ខ្ញុំមិនអីទេ" គ្រាន់តែនាងដឹងខ្លួនភ្លាម បើកតែភ្នែកក៏ត្រូវទទួលការសួរនាំមិនតិចពីអ្នកដែលមកអង្គុយមើលខ្លួនតែម្ដង។ នាងតូចលូកដៃទៅកាន់ស្មាអ្នកជាបង រួចប្រើស្មាគេជាលំនឹងទប់ខ្លួននាងឡើង អង្គុយត្រង់ខ្លួន ប្រឈមមុខនឹងអ្នកដែលមានអារម្មណ៍មិនប្រាកដប្រជាលើស្ថានភាពនាងឯណោះ។
"ឯងប្រាកដហើយ?!"
"..." ម៉ាខេឡានាងមិនទាន់ឆ្លើយ តែក៏ក្រោកឡើងពីគ្រែដេក សម្ដៅទៅរកតុសម្អាង ដើម្បីបានលុបលាងគ្រឿងតុបតែងចេញពីមុខខ្លះនឹងអាលបានងូតទឹកសម្អាតខ្លួន។ លូហ្ស៊ីងនៅអង្គុយមើលនាងពីលើពូក ឃើញថាម៉ាខេឡានាងមើលទៅដូចជាស្វាហាប់ មានកម្លាំងពលាំងឡើងវិញ ទើបគេដកអារម្មណ៍គិតព្រួយពីនាងខ្លះ ហើយក៏បកមកនិយាយពីរឿងកើតឡើងអម្បាញ់មិញវិញ។
"ម៉ាខេឡា"
"ដឹងអត់ថាអម្បាញ់មិញពេលដែលឯងតមាត់ជាមួយអ្នកមីង ឯងមើលទៅឆ្នាស់ណាស់" ការនិយាយរំលឹករបស់លូហ្ស៊ីង នាំឲ្យម៉ាខេឡានាងអស់សំណើចបន្តិច ចិត្តនាងវារៀងឈឺដែរ តែធ្វើម៉េច បើនេះជាទំនាក់ទំនងនាងនឹងអ្នកម៉ាក់នាងតាំងតែពីដើមទៅហើយ។
"បើជាមួយស្រីប្ដី ខ្ញុំនឹងឆ្នាស់ជាងហ្នឹងទៀត" ម្ដងនេះលូហ្ស៊ីងគេជាអ្នកសើចម្ដង នាយទម្លាក់ខ្លួនដេកកើយដៃនៅលើពូកម៉ាខេឡា រួចទាញខ្នើយនាងមកអោបហាក់បីដូចជាថ្នឹកនៅការមកទីនេះណាស់។
"អូហ៍ អ៊ីចឹងបងចប់បាត់ហើយ"
"បងនិយាយស្អី? ចប់ស្អី?" ម៉ាខេឡាងាកទៅសំឡក់សំឡឹងក្ដាប់មាត់ខឹងនឹងលូហ្ស៊ីង ដែលជាហេតុនាំឲ្យអ្នកម្ខាងទៀតទប់ភាពខ្នក់ខ្នាញ់មិនបាន ក្រោកឡើងទៅឈ្លីក្បាលម៉ាខេឡាតិច មុននឹងដើរចេញពីបន្ទប់។
"និយាយអ៊ីចឹងបងហ្ស៊ីង"
"ហ៊ឹម?" គេហៀបនឹងចេញទៅហើយ ពេលនេះក៏ឈប់ កាលបើលឺថាម៉ាខេឡាមានអ្វីចង់សួរនាំខ្លួន។ នាងតូចអម្បាញ់មិញនៅឆ្ងល់ មានពាក្យចង់សួរ ពេញខួរក្បាល តែពេលដែលក្រសែភ្នែកនាងនឹងលូហ្ស៊ីងមើលចំគ្នា ស្រីស្រស់ក៏បែរជាគាំងរកនិយាយស្ដីអ្វីបន្តមិនកើតសោះ។
"ម៉ាខេឡា?! មានអីចង់សួរបង?"
"អត់មានអីទេ បងទៅសម្រាកចុះ រាត្រីសួស្ដី" ម៉ាខេឡាប្ដូរចិត្តមកជាមិននិយាយសួរនាំ តែប្ដូរមកជាការលាទាំងស្នាមញញឹមស្រទន់បកទៅវិញ។ លូហ្ស៊ីងគេក៏មិនដេញដោល ញញឹមងក់ក្បាលតិចៗ រួចបើកទ្វារចេញទៅ មិនភ្លេចទាំងចាក់សោរឲ្យម៉ាខេឡាថែមទៀត។
គ្រាន់តែលូហ្ស៊ីងចេញទៅបាត់ ម៉ាខេឡាក៏ប្រែប្រួលទឹកមុខពីញញឹមមកជាស្រពាប់ស្រពោន លាយឡំនឹងចម្ងល់ពេញក្នុងខួរក្បាលតែម្ដង។
"កាលពីព្រឹក បងហ្ស៊ីងគាត់នៅចិនទេតើ នេះមកពីការដែលខ្ញុំខលទៅពិភាក្សាមែនទេ ទើបគាត់ហោះមកទាំងបែបនេះ? ខ្ញុំធ្វើឲ្យបងហ្ស៊ីងលំបាកទេ? ហ៊ើយ" នាងគិតហើយគិតទៀត គិតហើយក៏លួចក្រែងចិត្តបងប្រុសក្រៅសាច់ឈាមដែលសុខចិត្តឡើងយន្តហោះជិះរាប់ម៉ោងមកទីនេះ។

ថ្ងៃបន្ទាប់
ព្រឹកព្រលឹមចូលមកដល់ភ្លាម ខេនក៏បញ្ជាកូនចៅឲ្យទៅមើលនាងសៃជាប់ មិនឲ្យនាងចេញទៅណា ព្រោះល្ងាចនឹងមានប៉ូលីសមកសួរនាំនាងឲ្យដឹងពីហេតុការណ៍មួយនោះ គេធ្វើដោយខ្លួនឯងមិនមានពិភាក្សាជាមួយនរណាទេ សូម្បីតែលោកស្រីម័រហ្គេន ម៉ាក់របស់គេ។
"ឈីង ឲ្យបងជួយទេ?" ហើយថ្ងៃនេះដែរ គេមិនបានចេញទៅណាទាំងអស់ រឹតតែមិនដែលទៅណាឆ្ងាយពីអឺឈីងនឹងកូនថែមទៀត។ រាងកាយមាំទាំចូលមកឈរពីក្រោយខ្លួនអ្នកកំពុងតែលាងបន្លែនៅផ្ទះបាយ ដៃអោបក្រសោបរាងកាយនាង បបូរមាត់វិះក៏ថើបនាងខ្សឺតដូចជាស្រឡាញ់នឹងចង់ថ្នមថែនាងបំផុត។
"ខេន ខ្មាសគេ កុំអោបថើបអូនបែបហ្នឹង"
"ខ្មាសនរណា? បងស្និតស្នាល ព្រោះចង់ឲ្យអ្នកមានបំណងមិនល្អ គិតមិនល្អលើអូន ឲ្យពួកវាដឹង ដឹងថាអូនមានបងស្រឡាញ់នឹងឲ្យតម្លៃ ទោះពួកយើងមិនទាន់មានពិធីជាមួយគ្នា តែអូនក៏ជាអនាគតលោកស្រីរបស់វិមាននេះយ៉ាងប្រាកដ" ខេននិយាយរួចក៏ងាកភ្នែកសំឡឹងមើលទៅអ្នកបម្រើគ្រប់គ្នាដែលនៅទីនោះ នាំឲ្យពួកគេភ័យញ័រខ្លួនអស់។
សកម្មភាពពួកគេស្និតស្នាលគ្នា វាក៏នាំឲ្យអ្នកដែលឈរអោបដៃមើលពីចំណាយនោះមិនពេញចិត្តជាខ្លាំង។ លោកស្រីម័រហ្គេនពេលនេះក្ដៅឆេះឆួល ធ្វើអីក៏មិនបាន មិនអាចសូម្បីតែទៅរកនាងសៃ ព្រោះខ្លាចថាវានឹងបែកការណ៍អស់គ្មានសេសសល់។
(ហូយ៎ អាហារមើលទៅច្រើនណាស់ សុំហូបផងមិត្តថ្លៃ)
(លោកលូហ្ស៊ីង អញ្ជើញអង្គុយសិនទៅ)
ខណៈដែលកំពុងតែមើល លូហ្ស៊ីងអ្នកដែលមកក្រអើតក្រទមដាក់គាត់កាលពីយប់មិញក៏មកដល់ម្នាក់ទៀត។ ដូចជាគេនិយាយថាអ្នកមានខួរក្បាលគិតអាក្រក់ ក្រឡេកឃើញអ្វីក៏តែងតែលេចគំនិតអាក្រក់ចេញមក ដូចជាពេលនេះ ពេលដែលឃើញអឺឈីងលើកអាហារមកញញឹមញញែមដាក់លូហ្ស៊ីង ខួរក្បាលគាត់ក៏ចាប់នឹកគិតឃើញរឿងស្មោគគ្រោកខ្លះដែលមនុស្សធម្មតាគិតមិនចេញ។
"តើកូនខេននៅស្រឡាញ់នាងឯងទៀតរឺអត់? បើដឹងថានាងឯងសុីមិត្តរបស់គេនោះ? ហ៊ឹសៗ"

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now