ភាគទី12៖ រាត្រីក្បែរនាង

130 4 0
                                    


បងខេនថាតាមរកចង់ជ្រែកក្រុងសៀងហៃទាំងមូលហើយ ឲ្យអូនរបូតទៅម្ដងទៀតម៉េចនឹងកើត?

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី12៖ រាត្រីក្បែរនាង

រាត្រីនៃទីក្រុងសៀងហៃ
ឡានទំនើបបោះពួយលឿនស្លេវ សម្ដៅចូលទៅកាន់ផ្លូវមួយកន្លែងដែលផែនទីក្នុងឡានចង្អុលប្រាប់ ហើយគោលដៅដែលពួកគេត្រូវទៅបន្ទាប់នោះជាមន្ទីរពេទ្យឯកជនមួយកន្លែងដែលមានអាគារលយបង្អួតខ្លួនខ្ពស់ជាងគេក្នុងតំបន់មួយនោះ។
ងឹក!
"ខ្ញុំប្រាប់លោកហើយថាខ្ញុំមិនកើតអីទេ" គ្រាន់តែឡានឈប់បង្វិលកង់ភ្លាម រាងកាយតូចស្រឡូនដែលអង្គុយស្ងៀមមកជាយូរក៏លាន់មាត់។ អឺឈីងនាងព្រមមកជាមួយគេ មិនមែនដោយសារតែនាងចង់ទេ តែនាងខ្លាចថាគេអាចនឹងបង្កបញ្ហា នាំឲ្យរញ៉េរញ៉ៃដល់ក្រុមការងារដទៃទៀតនៅកន្លែងពិធីប៉ុណ្ណោះ ព្រោះដូចជាដឹងស្រាប់ មនុស្សប្រុសអ្នកមានដូចជាគេ គេមានលុយ គេចង់ធ្វើអីក៏បាន។
"នាងមិនមែនជាពេទ្យផង ហេតុអីក៏ច្បាស់ម៉្លេះ?" មិនថាអឺឈីងនិយាយបែបណា ខេននៅតែប្រកាន់គោលជំហរដ៏រឹងមាំថាគេនឹងអូសនាំយកនាងមកពេទ្យឲ្យទាល់តែបាន។
"ខ្លួនប្រាណខ្ញុំ ទោះបីជាឈឺជា មានតែខ្ញុំទេដែលដឹងច្បាស់"
គ្រឹប!
អឺឈីងនិយាយចប់ ទ្វារឡានខាងខេនបើកហើយក៏បិទវិញលាន់គ្រឹប នាងចោលភ្នែកតាមសំឡឹងមើលខេន មើលដាច់កន្ទុយភ្នែករហូតទាល់តែគេដើរមកដល់ទ្វារកន្លែងនាងអង្គុយរួចបើកវឹប ប៉ើងដោយទាំងសក់រលាស់រលោងរបស់នាងទៀត។
"ខ្លួនប្រាណវាជារបស់នាង តែការបារម្ភវាជារបស់ខ្ញុំ ដូច្នេះតោះ ពួកយើងចូលទៅពិនិត្យមើលបន្តិចទៅ" ខេនបញ្ជូនស្នាមញញឹមយ៉ាងទន់ភ្លន់ទៅកាន់អឺឈីង មុននឹងលូកដៃទៅក្រសោបដៃ ទាញខ្លួនស្រាលកំផើតចេញពីឡានទំនើបក្នុងវិនាទីនោះ។
អឺឈីង, ពីមុននាងប្រកែកគេរហូត ព្យាយាមបដិសេធមិនចង់ធ្វើតាមការចង់បានរបស់នាយ តែនរណាទៅដឹង ក្រសែភ្នែកទន់ភ្លន់របស់គេ ស្នាមញញឹមកក់ក្ដៅដែលគេផ្ដល់ឲ្យនាងអម្បាញ់មិញ តែប៉ុណ្ណឹងក៏ធ្វើឲ្យអារម្មណ៍មានៈនាងរលាយបាត់អស់មួយរំពេច។
ខេនឯណោះវិញ កាលបើបានដឹកនាំ កាន់ក្រសោបដៃមនុស្សស្រីដែលប្រាថ្នារួចមក គេក៏ញញឹមពើងទ្រូងតាំងតែពីផ្លូវចូលរហូតដល់បន្ទប់ពិនិត្យ។
...
ខេនមិនបាននិយាយលេងទេ ពេលគេនិយាយថាគេនាំនាងមកពិនិត្យនោះ ពោលគឺគេពិនិត្យគ្រប់យ៉ាងទាំងអស់ មិនថារបួសនៅលើដៃ សូម្បីតែសុខភាពមួយដងខ្លួនរបស់នាង ពីក្បាលដល់ចុងជើងគឺខេនឲ្យគេពិនិត្យមើលទាំងអស់។
ក្រោយពីពិនិត្យរួចអស់ អឺឈីងនិងខេនក៏ត្រូវនាំគ្នាអង្គុយចាំទទួលយកលទ្ធផលពិនិត្យមួយនោះ ហើយគ្រប់យ៉ាងនៃការរង់ចាំនោះគឺខេនបានរៀបចំទាំងអស់។
"ខ្ញុំបាននិយាយហើយថាខ្ញុំមិនអីទេលោក ហើយនេះ..លោកមិនគួរចំណាយលុយមកជួលបន្ទប់វីអាយភី បើគ្រាន់តែអង្គុយរង់ចាំលទ្ធផលប៉ុណ្ណឹងទេ វា..វាថ្លៃណាស់" រឿងដែលគេអូសនាំនាងមកពិនិត្យសុខភាពមួយរាងកាយនេះនាងក្រែងចិត្តមិនស្ទើរទៅហើយ បូកផ្សំទាំងពេលនេះគេជួលបន្ទប់វីអាយភីអស់រាប់ពាន់ដុល្លារទៀត គ្រាន់តែបូកសរុបលុយ នាងក៏រមួលពោះសឹងតែស្លាប់ខ្លួនទៅហើយ ចំនួនលុយប៉ុណ្ណេះ វាសឹងតែស្មើប្រាក់ខែនាងកន្លះឆ្នាំទៅហើយ។
"ខ្ញុំអាចចំណាយច្រើននេះទៅទៀតដើម្បីនាង ត្រឹមប៉ុណ្ណេះវាមានអ្វីអស្ចារ្យទៅ" ខេនឯណោះឆ្លើយតបមកកាន់អឺឈីងវិញទាំងទឹកមុខញញឹមបិទមាត់មិនជិត អឺឈីងឃើញគេញញឹម ញញឹមបែបសប្បាយចិត្ត ទើបនាងមិនដេញដោលរឿងជួលបន្ទប់នេះទៀត តែនាងក៏នៅមានសំនួរបន្ទាប់ដែលផុសមកក្នុងខួរក្បាលខ្លួន។
"ចុះលោក..មានឈឺត្រង់ណារឺអត់?" សំនួរដែលនាងសួរ ស្ដាប់មើលទៅវាអាចដូចជាធម្មតា តែសម្រាប់អ្នកដែលត្រូវគេសួរនាំឯណោះវិញ គ្រាន់តែលឺភ្លាម បេះដូងគេក៏លោតដុកដាក់ៗសឹងតែខុសចង្វាក់ប្រក្រតីរបស់វាទៅហើយ។
"ខ្ញុំមានអីត្រូវឈឺនោះ?"
"អម្បាញ់មិញលោកទ្រខ្ញុំ ពួកយើងដួលទៅជាមួយគ្នាដោយលោកនៅពីក្រោមខ្លួនខ្ញុំ ទោះលោកមានខ្លួនមាំ តែការដួលបោកទៅខាងក្រោយមួយទំហឹងវាមិនល្អនោះទេ"
អឹប!
អឺឈីងមិនមានឱកាសបញ្ចប់ប្រយោគរបស់ខ្លួនទេ ព្រោះភ្លាមៗពេលនាងកំពុងនិយាយ ខេនក៏ស្រាប់តែក្រោកស្ទុះមកអោបក្រសោបនាងណែនទ្រូង នាងមិនដឹងទេ! មិនដឹងថាការសួរនាំនឹងអង្កេតមើលរបស់នាងមកលើគេ វាធ្វើឲ្យនាយមានអារម្មណ៍ល្អខ្លាំងណាស់។
"លោក..លោកខេន"
"ឲ្យតែនាងមិនអីទេ ខ្ញុំក៏មិនអីដូចគ្នាអឺឈីង សុវត្ថិភាពនាងវាជាថ្នាំព្យាបាលអារម្មណ៍នឹងរាងកាយខ្ញុំស្រាប់ទៅហើយនាងច្រម៉ក់" អឺឈីងបើកភ្នែកធំៗ កាលបើនាងបានលឺអ្វីដែលគេនិយាយចេញមក នេះគេចង់បានន័យថាយ៉ាងម៉េច? គេកំពុងតែគិតអី? គេនិយាយចេញមក ធ្វើដូចជានាងនឹងគេមានទំនាក់ទំនងអ្វីពិសេសជាមួយគ្នាអ៊ីចឹង ទាំងដែលអ្វីដែលពួកគេមានគឺត្រឹមការរួមរក្ស័មេត្រីតែមួយយប់នោះ។
"អ'ហែម អត់ទោស" ការអោបក្រសោបដ៏មានន័យ ធ្វើឲ្យកម្លោះក្រមុំទាំងពីរស្លុងចិត្តនឹងអារម្មណ៍ដល់ថ្នាក់មិនដឹងថាមានគេបើកទ្វារចូលមក ទាល់តែអ្នកចូលមកនោះគ្រហែមតិចៗទើបម្នាក់ៗប្រញាប់ស្ទុះចេញរៀងខ្លួន។
"លោកដុកទ័រ?"
"សង្ឃឹមថាខ្ញុំមិនបានមករំខានគូស្វាមីភរិយាអ្នកទាំងពីរចុះណា៎"
"អត់ទេ ខ្ញុំមិន—"
"មិនអីទេលោកដុកទ័រ អញ្ជើញចូលមក" អឺឈីងនាងព្យាយាមប្រកែកនឹងសព្វនាមស្វាមីភរិយានោះ តែខេនក៏បែរជាចេញមុខបណ្ដោយតាមសម្ដីយល់ច្រឡំនោះ ហាក់បញ្ជាក់ប្រាប់ដុកទ័រច្បាស់ពីការទទួលយកសព្វនាមមួយនោះ។
"ហ៊ឹម! ខ្ញុំបានពិនិត្យមើលរាងកាយអ្នកស្រីអឺឈីងគ្រប់សព្វកន្លែងដូចដែលលោកបានស្នើរួចហើយ និយាយជារួមសុខភាពនាងគឺមិនមានបញ្ហាជម្ងឺអ្វីដែលបង្កជាបញ្ហាដល់ថ្ងៃខាងមុខទេ គ្រាន់តែ..." ប្រយោគដំបូងៗរបស់ពេទ្យធ្វើឲ្យខេនរៀងសប្បាយចិត្តមិនតិច លើកលែងតែពាក្យថា គ្រាន់តែ មួយម៉ាត់ដែលគាត់និយាយអម្បាញ់មិញនេះ ទឹកមុខខេនក៏ប្រែប្រួលភ្លាមៗ ចិត្តបារម្ភក៏កើនឡើងទ្វេរដងថែមទៀត។
"គ្រាន់តែរាងកាយអ្នកស្រីអឺឈីងខ្សោយ ស្បែកលឿងហាក់ដូចជាខ្វះជីវជាតិ អាចបណ្ដាលមកពីកង្វះអាហាររូបត្ថម្ភដែលរាងកាយត្រូវការចាំបាច់ តែវាមិនជាបញ្ហាធំដុំទេ លោកគួរតែនាំភរិយាលោកពិសារអាហារល្អៗដែលមានជីវជាតិនិងប៉ូវកម្លាំងទៅបានហើយ បើអាចលោកឧស្សាហ៍ជូនអ្នកស្រីមកពិនិត្យសុខភាពជាប់លាប់កាន់តែល្អថែមទៀត"
"ខ្ញុំថាមិនអីទេ"
"ខ្ញុំនឹងចងចាំទុក អរគុណលោកហើយដុកទ័រ"
"មិនបាច់អរគុណទេលោក វាជាតួនាទីខ្ញុំស្រាប់ហើយបាទ៎" ដុកទ័រឧទានឡើងទាំងទឹកមុខញញឹមពេញទី ក្នុងភ្នែកគាត់ ពីរនាក់ប្ដីប្រពន្ធមួយគូនេះគួរឲ្យស្រឡាញ់ណាស់។

ចប់ការងាររួចរាល់អស់ ដុកទ័រក៏សុំខ្លួនចេញទៅបំពេញការងារបន្តទៀត គាត់ទុកឲ្យបន្ទប់ធំទូលាយនេះមានតែពីរនាក់ស្រីប្រុសដែលខ្លួនគិតថាជាប្ដីប្រពន្ធ។ អឺឈីងដកដង្ហើមធំ រួចសណ្ដូកជើងត្រង់នៅលើពូក មកពីនាងគ្មានប្រាក់ ទើបនាងមិនដែលបានឆែកមើលសុខភាព មិនដែលដឹងថាខ្លួនមានជម្ងឺអ្វី ខ្វះខាតអ្វីទាំងអស់ នាងដឹងតែម៉្យាងគឺហូបឲ្យឆ្អែតៗ មានកម្លាំង បើកភ្នែកឡើងធ្វើការរកប្រាក់ ហើយនាងក៏ធ្វើបែបនេះមកតាំងពីនាងអាយុ17-18ឆ្នាំមកម៉្លេះ។ និយាយទៅថ្ងៃនេះកុំតែបានខេនបង្ខំនាងឲ្យមក ម៉្លេះនាងច្បាស់ជាស្លាប់ដោយសាររាងកាយគ្មានជីវជាតិមួយតំណក់ជាក់ជាមិនខាន។
"គឺថាលោកខេន..."
"ប្រាប់មកថារាល់ថ្ងៃនាងញ៊ាំអីខ្លះ?" អឺឈីងងាកបែរមកមើលខេន មានបំណងចង់អរគុណគេចំពោះរឿងថ្ងៃនេះ ទោះបីជាការជួយនេះកើតចេញពីការបង្ខិតបង្ខំក៏ដោយចុះ។ តែថាពេលនាងងាកទៅរកគេ ខេនក៏អោនមុខមកជិតនាងស្រាប់ មិនដឹងជាគេអោនមកតាំងពីថ្មើរណាទេ។
"ចា..ចាស៎?!"
"នាងច្បាស់ជាញ៊ាំអាហារក្រៀមក្រោះរាល់ថ្ងៃហើយទើបបានជារាងកាយនាងគ្មានសារជាតិចិញ្ចឹមអីបែបនេះ.." មិនរង់ចាំដល់អឺឈីងនិយាយសិនទេ ខេនគេគិតខ្លួនឯងហើយក៏ឆ្លើយខ្លួនឯងយកតែម្ដង។ អឺឈីងក៏មិនតប ព្រោះវាជាការពិតដូចគេគិតមែន។
ក្រឺង! ក្រឺង
ភាពស្ងប់ស្ងាត់រវាងពួកគេក៏ត្រូវរំខានដោយសារការខលចូលនៃទូរសព្ទ័របស់អឺឈីង។ នាងប្រញាប់លូកចូលហោប៉ៅ មានបំណងចង់ទទួល តែខេនក៏ឃាត់ ត្បិតខ្លាចថានាងលើករួច នាងនឹងចេញទៅចោលខ្លួនទៀត។
"ពួកគេជាមិត្តរួមការងារទេ ខ្ញុំត្រូវតែទទួល ខ្ញុំចេញមកទាំងបែបនេះ ច្បាស់ណាស់ពួកគេនឹងឆ្លេឆ្លា" ក្រោយទទួលការបកស្រាយពីអឺឈីងរួច ខេនក៏មិនមាត់ តែបង្ហាញការយល់ព្រមតាមរយៈការព្រលែងដៃតូចឲ្យមានសេរីភាព។
អឺឈីងឯណេះបានគេលែង ក៏ប្រញាប់រួសរ៉ាន់ទទួលទូរសព្ទ័ មុននឹងវាកាត់ផ្ដាច់បានមុន។
"អា..អាឡូ"
"ចា..ចាស៎គឺខ្ញុំចេញមកមុន សុំទោសមេការ សុំទោសដែលមិនបានសុំ ឲ្យខ្ញុំសុំទោស" អឺឈីងសុំទោសជាច្រើនលើកច្រើនសារ គិតថាមេការច្បាស់ជាខឹងនាងស្លាប់មិនខានដែលនាងចេញមកទាំងបែបនេះ តែនរណាទៅដឹង..វាមិនមែនបែបហ្នឹងទេ។

"ហូយ៎! វាមិនអីទេអឺឈីង ឯងទៅសម្រាកខ្លះក៏បានណា៎ ព្រោះថាគ្រាន់តែឯងចេញបាត់ភ្លាម ក៏មានអ្នករត់តុមកពីសណ្ឋាគារលំដាប់យ៉ាងច្រើនមករត់តុនឹងបម្រើការជំនួស នែ..នែ ពួកគេមិនឲ្យពួកយើងធ្វើអីទេ មិនតែប៉ុណ្ណឹង ថែមទាំងយកអាហារពីសណ្ឋាគារលំដាប់មកផ្ញើពួកយើងហូបថែមទៀត អឺឈីងហ្អា៎! គួរឲ្យស្ដាយណាស់ដែលឯងមិនបាននៅសាកអាហារអស់ទាំងនោះ ហិហិ" អ្នកទំនាក់ទំនងខាងណេះ ការដែលខលទៅអឺឈីងមិនមែនព្រោះតែខឹង តែបារម្ភដែលសុខៗកម្លោះណាមិនដឹងមកលីចេញទៅបាត់ ហើយម៉្យាងក៏ចង់ចែករំលែករឿងល្អប្រាប់ដល់នាងផងដែរ។
(អូហ៍! ឯងនៅពេទ្យហ្អេស៎? នៅជាមួយនរណា? ជាមួយលោកម្នាក់សង្ហានោះត្រូវអត់? ហីយ៉ាៗ ដូចដែលគិតមិនខុស)
មេការម្នាក់នោះកាន់ទូរសព្ទ័ រួចដើរចូលទៅខាងក្នុងវិញបាត់ រវល់តែសប្បាយចិត្តនាងភ្លេចទាំងគិតថាការសន្ទនារវាងនាងនឹងអឺឈីងត្រូវបានមនុស្សម្នាក់ស្ដាប់លឺទាំងអស់។
លូហ្ស៊ីងញញឹម មុននឹងងាកសំឡឹងមើលទៅអ្នករត់តុដែលជាកូនចៅគេបញ្ជូនមកទាំងអស់ឯណោះ គ្រាន់តែទទួលបានដំណឹងពីចូវិនភ្លាម លូហ្ស៊ីងមិនបង្អង់ក៏ប្រញាប់ចាត់ចែង ត្រួសត្រាយផ្លូវដែលអាចជាបញ្ហាដល់ការសម្រេចចិត្តរបស់មិត្តភ្លែតតែម្ដង។
"យើងជួយបានតែប៉ុណ្ណឹងទេអាខេន បានមិនបាន វាអាស្រ័យលើសមត្ថភាពឯងហើយ អាសម្លាញ់" លូហ្ស៊ីងលើកកែវឡើងអកផឹកក្អឹកៗអស់ស្រាពីកែវ រួចក៏ដើរចេញពីទីនោះបាត់ស្រមោលតែម្ដង។

គេមិត្តល្អចឹងហា៎ បានគេអួតរហូតថាខេនធ្វើបុណ្យមិនដឹងប៉ុន្មានជាតិទើបបានគេជាមិត្ត ខិខិ ^ ^

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now