ភាគទី22៖ គេបាត់ទៅណា?

67 4 0
                                    

អូនឈីងមិនខឹងគេទេ តែខឹងខ្លួនឯងដែលជឿនិងព្រមចាំគេ

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី22៖ គេបាត់ទៅណា?

ក្រោយចាកចេញពីអឺឈីងមក លូហ្ស៊ីងគេក៏ដើរទៅកាន់បន្ទប់ដុកទ័រ ដើម្បីទទួលយកលទ្ធផលពិនិត្យរបស់អឺឈីង។ គេដើរមកទាំងខួរក្បាលនិងអារម្មណ៍នៅដក់ជាប់ជាមួយសម្ដីនិងសារបែបមិនសូវជាខ្វល់ខ្វាយរបស់ខេនឯណោះ។
"អាខេនវាមិនមែនជាមនុស្សបែបហ្នឹងទេ វាមិនអាចធ្វើបែបហ្នឹងកើតទេ យើងមិនជឿឡើយ" លូហ្ស៊ីងនៅតែមិនអាចបង្ខំចិត្តខ្លួនឯងឲ្យជឿបានថាខេនធ្វើរឿងព្រៃផ្សៃដាច់ធម្មមេត្តាបែបនោះដាក់អឺឈីង ទាំងដែលមុននឹងចេញទៅ គេបង្ហាញការនឹករលឹកនិងស្រណោះស្រណោកដល់នាងខ្លាំងណាស់ កាលនោះគេចាំបានថាបើសិនជាអ្នកម៉ាក់គេមិនឈឺ ខេនច្បាស់ជាមិនទៅចោលអឺឈីងទេ តែនេះជាស្អី?
"លោក.."
"លោកខាងណេះ"
"បាទ៎?" លូហ្ស៊ីងដែលកំពុងតែស្មឹងស្មាថគិតសុខៗ ក៏មានសំឡេងហៅពីគិលានុបដ្ឋាយិកាម្នាក់ ព្រមជាមួយនិងការហុចក្រដាសពិនិត្យទៅកាន់គេ ទាំងទឹកមុខងឿងឆ្ងល់ ពេលឃើញគេឈរធ្មឹងដូចជារូបចម្លាក់បែបនេះ។
"លោកដុកទ័រផ្ញើឲ្យខ្ញុំទុកជូនលោក ព្រោះគាត់មានការវះកាត់បន្ទាន់ អាក់ខានពុំបាន"
"បាទ៎ អរគុណអ្នកនាង" លូហ្ស៊ីងញញឹមរួចអោនគំនាបដាក់នារីម្នាក់នោះ រួចចាកចេញទៅយ៉ាងលឿន ត្បិតចង់យកលទ្ធផលនោះទៅឲ្យអឺឈីងមើលដែរ ថានាងមានអាការៈបែបណាអីបែបណា ងាយស្រួលក្នុងការគេបញ្ចុះបញ្ចូលនាងឲ្យព្យាបាលបន្តទៀត។
តឹប!តឹប..
សម្រឹបជើងបោះជំហានញាប់របស់លូហ្ស៊ីង នាំខ្លួនគេយ៉ាងលឿនមកកាន់បន្ទប់សម្រាកព្យាបាលវីអាយភីដែលខ្លួនយកអឺឈីងមក។ ដៃមាំលូកបើកទ្វារខ្វាក មុននិងភ្ញាក់គ្រាដែលចូលមកមិនបានឃើញអឺឈីង តែបែរជាបានឃើញគ្រូពេទ្យកំពុងតែរៀបចំបត់ភួយ កន្សែងវិញ។
"សួស្ដីលោក អញ្ជើញមកមានការអីដែរ?"
"ចុះអ្នកជម្ងឺដែលសម្រាកនៅបន្ទប់នេះ?" លូហ្ស៊ីងគេហាក់ភាំងនិយាយអីមិនចេញ នេះគេទៅក្រៅតែមួយប៉ព្រិចភ្នែកសោះ អឺឈីងក៏ទៅបាត់ មិនមានការជ្រួលផ្លូវរឺប្រទះគ្នាអីបន្តិចសោះអ៊ីចឹងរឺ? ហេតុអី?
"ហ៊ឹម អ្នកជម្ងឺគាត់ចេញទៅមួយស្របក់ដែរហើយលោក ខាងយើងព្យាយាមបញ្ចុះបញ្ចូលគាត់ដែរ តែគាត់មានៈមិនព្រមស្នាក់នៅ គាត់បានបង់ប្រាក់ថ្លៃបន្ទប់ រួចគាត់ក៏ចេញទៅបាត់"
"បង់..បង់ថ្លៃបន្ទប់?"
(ព្រះអើយ បន្ទប់នេះថ្លៃណាស់ នាងបានលុយឯណាមកបង់ទៅ? ហ៊ើយ ហ័រ អឺឈីង នេះនាងទៅឯណាទៅនាងល្អិត?)
លូហ្ស៊ីងឧទានឡើងទាំងខួរក្បាលសឹងតែផ្ទុះបែកខ្ញែកចេញជាពីរ គេប្រញាប់បែរខ្លួនចេញទៅ មានបំណងចង់ទៅរកអឺឈីង តែស្រាប់តែជើងគេក៏ទច់ដំណើរភ្លាម ត្បិតរឿងរ៉ាវទាំងប៉ុន្មាន ពិសេសភាពសោះអង្កើយដែលខេនបង្ហាញមកមុននោះ ទោះបីជាគេមិនទាន់ជឿជាក់មួយរយភាគរយ តែគេក៏នៅមានអារម្មណ៍ខឹង ព្រោះខេនធ្វើដូចជាមិនខ្វាយខ្វល់ គ្មានពេលស្ដាប់ការសួរនាំគេសោះ មិនទាំងសួរផង ថារឿងដែលចង់និយាយនេះសំខាន់រឺមួយក៏អត់?
"បើយើងទៅរកឈីង! យើងដូចជាធ្វើបានចិត្តនាងថែមអ៊ីចឹង បើអាខេនវាមានអនាគតរបស់វាហើយ យើងគួរតែផ្ដល់ឱកាសឲ្យអឺឈីងស្វែងរកអនាគតនាងដូចគ្នា" លូហ្ស៊ីងទម្លាក់ដៃចុះ ក្ដាប់ក្រដាសពិនិត្យសុខភាពអឺឈីងជាប់ណែន រួចក៏ចាកចេញបាត់ពីទីនោះ។

មួយខែបានកន្លងផុត..
ពេលវេលាចេះតែដើរទៅមុខ មួយថ្ងៃប្រែជាមួយសប្ដាហ៍ មួុយសប្ដាហ៍ក៏ចូលហួសឈានដល់មួយខែ គ្រប់យ៉ាងក្នុងទីក្រុងសៀងហៃក៏ប្រែប្រួលទាំងអស់ សូម្បីតែទឹកមុខរបស់បុរសម្នាក់ដែលអង្គុយនៅលើបន្ទប់ផេនហោស៍តែឯងឯណោះក៏ផ្លាស់ប្រែទៅតាមពេលវេលាដែរ។
"ចៅហ្វាយ"
"យើងមិនទាន់ឃ្លានទេ" ចូវិនអ្នកដែលនៅក្បែរនឹងតាមមើលការខុសត្រូវលូហ្ស៊ីងជាប់ឯណោះក៏ឧទានហៅចៅហ្វាយនាយ ត្បិតឃើញគេឥលូវប្រែផ្លាស់មកជាស្ងប់ស្ងាត់ច្រើន ហើយទឹកមុខក៏តែងតែចងចិញ្ចើមគិតរហូត ដូចជាមិនស្រឡះចិត្តសោះ។
ពិតមែន!
ចាប់តាំងពីថ្ងៃដែលគេដោះលែងអឺឈីង ឈប់តាមឃ្លាំមើលនាងបន្តទៀត គេក៏មានអារម្មណ៍ហេលហាលដូចជាខ្វះអ្វីម៉្យាង មិនស្រឡះក្នុងចិត្ត រាល់ដងយ៉ាងហោចក៏គេឲ្យចូវិនរឺក៏គេខ្លួនឯងបើកឡានទៅមើលនាងម្ដង ដើម្បីឲ្យដឹងថានាងមិនមានបញ្ហាចោទអ្វីគួរឲ្យបារម្ភ អាចនិយាយបានថាគេជាកូនប្រុសទោល ក្បាលមួយតែម្នាក់ឯង មិនថដែលធ្លាប់មាននរណានៅក្នុងបន្ទុក តែក្រោយពីជាប់តួនាទីមើលអឺឈីងរួចមក ការស្រឡាញ់ អាណិតក្នុងនាមជាបងក៏ចាប់លូតលាស់ក្នុងចិត្តគេខ្លាំងបំផុត។
"ចៅហ្វាយដូចជាអារម្មណ៍មិនល្អសោះទាន៎ បារម្ភពីអ្នកនាងអឺឈីងមែនទេ?" ចូវិនឯណោះក៏អញ្ចឹងទៀត គេដឹង ដឹងច្បាស់ជាងនរណាទាំងអស់ ព្រោះអារម្មណ៍គេក៏មិនខុសពីអារម្មណ៍លូហ្ស៊ីងដែរ គេមួយថ្ងៃៗបន់ឲ្យតែចៅហ្វាយអនុញ្ញាត គេនឹងបង្ហោះឡានទៅសំណាក់ហ័រភ្លាម។
"បារម្ភវាចេះតែបារម្ភហើយ តែបើយើងទៅរញ៉េរញ៉ៃនាងវាបានប្រយោជន៍អីទៅ? មានតែទើសទែងជីវិតរស់នៅរបស់នាងដដែលហ្នឹង ម៉្យាង.."និយាយបានតែប៉ុណ្ណេះលូហ្ស៊ីងក៏ក្រេវក្រោធម្ដងទៀត។
មែនហើយ! ភ្លេចនិយាយទៅថាចាប់តាំងពីថ្ងៃនោះ ខេនគេមិនដែលទំនាក់ទំនងមកទេ គេទៅបាត់ស្ងាត់ឈឹង គ្មានការបកស្រាយឆ្លើយតបអ្វីទាល់តែសោះ ដល់ថ្នាក់លូហ្ស៊ីងគិតថាខេននឹងលែងមកជាន់សៀងហៃហើយ ទើបគេមិនទាក់ទងទៅសួរនាំអីទៀត។
តុក!តុក..
"អ្នកណា?!" កំពុងតែខឹងផង ពេលមានអ្នកគោះទ្វារផេនហោស៍ទៀត លូហ្ស៊ីងកាន់តែឈឺខួរ ស្រែកមួយវ៉ាស់សឹងតែបែកបន្ទប់។ អ្នកនៅខាងក្រៅស្ងាត់ មិនមានអ្នកណាឆ្លើយតប ធ្វើឲ្យលូហ្ស៊ីងខឹង ក្រោកកាន់ដងវាយកូនហ្គោលជាប់ដៃទៅតាមផង គេសន្សឹមដើរមួយៗមកកាន់ទ្វារ ដោយមានចូវិនរត់មកតាម នឹងបើកទ្វារជូនឆ្វាប់។
"អា..អាខេន?"
"នឹកយើងទេហ្នឹង? ឌឹប!" វត្តមានអ្នកមិននឹកស្មាន ការត្រឡប់មកវិញស្ងាត់ៗហើយមកឈរពីមុខលូហ្ស៊ីងបែបនេះ វាមិនបានធ្វើឲ្យគេស្ងប់ចិត្តទេ មានតែខឹងថែម ទ្រាំមិនបានលូហ្ស៊ីងក៏យារដៃដាល់មិត្តផាំងដល់គេដួលអុកគូថផាច់នឹងដីតែម្ដង។
ខេនងាកមុខចេញ ព្រួសឈាមដែលជ្រាបចេញពីមាត់ ហាក់មិននឹកស្មានថានេះជាការស្វាគមន៍របស់លូហ្ស៊ីង មិត្តសម្លាញ់គេសោះ។
"ឯងកើតស្អី? អាលូហ្ស៊ីង.."
"ឯងបាត់ទៅណាមួយខែនេះ? ឯងទៅចោលអឺឈីងមួយខែហើយមកវិញធ្វើស្អីទៀត?"
"ឯងនិយាយស្អី? នរណាថាយើងចោលឈីង? យើងមិនដែលសូម្បីតែគិតទេ.." ទាំងខេន ទាំងលូហ្ស៊ីងមើលមុខគ្នាទៅមក ទាំងមានមន្ទិលរៀងៗខ្លួន លូហ្ស៊ីងឯណេះឆ្ងល់ពីការអះអាងរបស់ខេន ចំណែកខេនក៏ឆ្ងល់ថាហេតុអីក៏គេគិតថាខ្លួនបោះបង់អឺឈីង?
"ចុះរឿងភ្ជាប់ពាក្យ? ភ្ជាប់កាលពីមួយខែមុននោះ?"
"ភ្ជាប់ពាក្យស្អី? ភ្ជាប់ពាក្យប្អូនស្រីយើងហ្នឹងមែនទេ?"
"ថាម៉េច?" លូហ្ស៊ីងឧទានឡើងទាំងភ្ញាក់ កាលបើចម្ងល់គេត្រូវបានស្រាយអស់ តែស្រាយហួសពេល ព្រោះវាកន្លងទៅមួយខែហើយ ចុះអឺឈីង.. អឺឈីងនាងមិនបានដឹងរឿងទេ។
"វីវរហើយ!"
"ចៅហ្វាយ.."
"ទៅសំណាក់ហ័រឥលូវនេះ ឲ្យឆាប់ឡើង"

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now