ភាគទី26៖ 5ឆ្នាំកន្លង

77 3 0
                                    

5ឆ្នាំកន្លងទៅហើយអូន ពេលនេះអូននៅឯណា?

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី26៖ 5ឆ្នាំកន្លង

ការធ្វើដំណើរលើអាកាសរាប់ម៉ោង ពេលនេះប្រែក្លាយមកជាមួយភ្លែតប៉ុណ្ណោះសម្រាប់ខេន ពីអ្នកដែលមិនសូវជាចូលចិត្តហោះហើរចេញពីប្រទេសបើគ្មានការងារ ប្រែមកជាអ្នកដែលហោះហើរមួយខែពីរទៅបីដង ព្រោះតែបំណងមួយគត់។
គឺស្វែងរកនាង...
ខេនអង្គុយលើយន្តហោះ ចោលភ្នែកសំឡឹងមើលទៅទេសភាពទីក្រុងសៀងហៃធំល្វឹងល្វើយ ដែលគេជិះឆ្លងកាត់មករាប់ភ្លេចទៅហើយ ដល់ថ្នាក់ថាចំណុចមួយណាជាកន្លែងមួយណាគេក៏ចាំបានទាំងអស់។ នាយព្រួសខ្យល់ដង្ហើមស្រាល កាលបើគេត្រូវត្រឡប់មកប្រឈមមុខនឹងភាពឯកោម្ដងទៀត ភាពឯកោដែលដឹងថានៅសៀងហៃមិនមានអឺឈីងនៅរង់ចាំទទួលគេដូចកាលពីពេលដែលគេចាកចេញទៅនោះ។
"ពេលនេះអូននៅឯណាទៅអឺឈីង? អូនសុខសប្បាយរឺអត់? សុខភាពអូនយ៉ាងណាទៅហើយ? មានអ្នកតាមយាយីជីវិតអូនទៀតដែរទេ? បងព្រួយពីអូនណាស់" ចិត្តគេនៅតែដូចពីមុន ទោះបីជារយៈកាលកន្លងទៅ5ឆ្នាំហើយក៏ដោយ ក៏គេនៅតែនឹករលឹកដល់មនុស្សស្រីជាទីស្រឡាញ់មិនលោះថ្ងៃទាល់តែសោះ។
ទីង!
ទូរសព្ទ័គេចាប់លោតសារចូល កាលបើឆ្លងចូលមកដល់ទឹកដីក្រុងសៀងហៃភ្លាម។ ខេនចុចបើកស្របនឹងដៃម្ខាងជ្រឹមឈ្លីថ្ងាសខ្លួនឯងហាក់ដូចជាមិនសូវជាស្រួលខ្លួនប៉ុន្មានសោះ ព្រោះគេទើបតែចប់ការប្រជុំ5ថ្ងៃជាប់គ្នា ហើយពេលនេះក៏ត្រូវហោះហើរជាង10ម៉ោងថែមទៀត ដើម្បីឲ្យឆាប់បានមកដល់សៀងហៃ។
<យន្តហោះចុះចតថ្មើរណា ចាំយើងទៅយក>
អ្នកផ្ញើសារចូលមកនោះ មិនមាននរណាទេ ក្រៅពីមិត្តស្លាប់រស់និងជួយជ្រោមជ្រែងការងារគេរហូតមក5ឆ្នាំនេះ លូហ្ស៊ីងនៅសៀងហៃនេះគេរវល់មិនស្ទើរដែរ ប៉ុន្មានឆ្នាំចុងក្រោយនេះ គេត្រូវបន្ថែមអាគារសណ្ឋាគារថ្មីដល់ទៅ2កន្លែងទៀត ក្រោមការដឹកនាំរបស់ខ្លួន គេក៏ត្រូវចុះឡើងក្នុងស្រុកក្រៅស្រុក ក្នុងមូលហេតុផ្សព្វផ្សាយនិងស្ដារមុខមាត់ឲ្យជំនួញថ្នាក់ខ្ពស់របស់គេ ប៉ុណ្ណឹងហើយគេក៏នៅឆ្លៀតពេលស៊ើបសួររកមើលអឺឈីងឲ្យនាយទៀត នេះទើបគេហៅថាមិត្តចេះជួយមិត្តមែន។
(មិនចាំបាច់ទេ ព្រោះយើងចុះនៅព្រលានហើយក៏ឡើងបន្តទៅយូណានបន្តទៀត)
<ទៅធ្វើអី? ជួបនរណា? ម៉ោងប៉ុន្មាន?>
លូហ្ស៊ីងសួរបែបឡកឡឺយមកកាន់ខេនវិញ ទាំងដែលគេក៏ដឹងថាបើខេនទៅណាគឺគ្មានរឿងអីក្រៅពីរឿងការងារទេ ព្រោះ90%ហើយដែលគេរវល់នឹងរឿងតាមរកឈីង អ៊ីចឹង10%ទៀតគឺទុកផ្ដោតលើការងារហ្នឹងឯង។
(យើងត្រូវជួបពិភាក្សាការងារជាមួយអ្នកការទូតជប៉ុនបន្តិច)
<អ្នកនាងក្លារ៉ាមែនទេ?>
(រឿងស្រីបែបនេះ ដឹងណាស់អាដឹង)
<លើលោកនេះរឿងអីក៏យើងដឹងដែរ លើកលែងតែរូបមន្តគណិតវិទ្យាប៉ុណ្ណោះ>
ខេនអស់សំណើចបន្តិច រួចបិទទូរសព្ទ័វិញលែងឆ្លងតប គេដឹងច្បាស់ជាងនរណាៗទាំងអស់ថានៅស្រុកចិននេះទោះជាគេចង់ទៅណាក៏មិនផុតពីក្រសែភ្នែករបស់លូហ្ស៊ីងដែរ ដូច្នេះ100/100គឺលូហ្ស៊ីងច្បាស់ជាទៅតាមគេដល់យូណាននោះ។
....
ក្រុងភូអឺ ខេត្តយូណាន
ខ្យល់ត្រជាក់ធ្លាក់ខ្យល់ បក់បោកនាំយកនូវក្លិនក្រអូបសាយផ្អែមនៃផ្កាពណ៌ឈូក ដែលជាផ្ការបស់ដើមឈើរី។ ដងវិថីតូចៗនៅអមសងខាងភូមិចំណាស់មានភ្លើងបំភ្លឺសមល្មម ដែលធ្វើឲ្យទីនោះស្រគត់ស្រគំសាកសមជាផ្លូវចំណាស់នៃទីក្រុងដ៏ស្រស់ត្រកាលមួយនោះ។
ប្រជាជននៅទីនេះ ភាគច្រើនជាកសិករ រកសុីដាំតែភូអឺ និងផលិតតែដែលមានគុណភាពសម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ដែលមកកំសាន្តនៅទីនោះ។
ក្នុងតំបន់នោះមានហាងល្បីល្បាញមិនច្រើនទេ តែក្នុងចំណោមពួកគេក៏មានហាងមួយដែលមើលទៅលេចធ្លោនឹងស្រស់ស្អាតតាមបែបប្រពៃណីបុរាណប្រចាំតំបន់។ ទោះបីជាមានថៅកែជាជនជាតិជប៉ុន តែគេក៏មិនបានកែប្រែហាងឲ្យខុសប្លែកពីរបៀបរបបរបស់អ្នកនៅខេត្តនោះអីបន្តិចទេ។
ឡានទំនើបបើកលឿនស្លេវបត់ចូលមកឈប់ចតខាងមុខបរិវេណហាងមួយកន្លែងដែលលេចធ្លោជាងគេ មួយចំណោមហាងទាំងអស់នៅម្ដុំនោះ។ ទ្វារឡានខាងអ្នកដំណើរក៏បើកឡើងនាំខ្លួនខ្ពស់ស្រឡះរបស់ប្រុសខេនចេញមក មុននឹងខាងតៃកុងចេញមកម្ដង ហើយម្នាក់នោះក៏គ្មាននរណាក្រៅពីលូហ្ស៊ីង។ ដូចជាខេននិយាយមិនខុស ទោះជាគេទៅណាក៏ដោយក៏មិនអាចគេចផុតពីលូហ្ស៊ីងដែរ ដូច្នេះហើយគេក៏គ្មានជម្រើសអីក្រៅពីព្រមឲ្យមិត្តមកតាមបែបនេះតែម្ដងទៅ។
"ហាងស្អាត មិនខុសពីម្ចាស់មែន" លូហ្ស៊ីងចុះពីឡានភ្លាម គេក៏លាន់មាត់សរសើរហាងដែលខ្លួនទើបតែមកដល់នោះភ្លាមតែម្ដង។ ខេនឯណេះលឺតែសម្ដីមិត្តពោល ក៏ដឹងដល់ចិត្តគំនិតទាំងស្រុង។
"នេះនៅមិនទាន់ចោលគំនិតចង់បានរបស់គេទៀតអាហ្ស៊ីង? គេមានគូដណ្ដឹង ការស្អែកខានស្អែកហើយណា៎"
"យើងមានការមិនខ្វល់ជាខ្លាំង" លូហ្ស៊ីងឧទានឡើងទាំងស្មាសងខាងញាក់ប៉ើកៗ ជ្រែកហោប៉ៅដើរចូលទៅក្នុងហាងធ្វើមិនដឹង ខេនឯណេះគេក៏ក្រវីក្បាលតិចៗរួចដើរចូលទៅខាងក្នុងតាមមិត្តដែរ។
ដោយសារតែខេននឹងលូហ្ស៊ីងជាភ្ញៀវវីវីអាយភី ទើបត្រូវបានគេនាំទៅដល់បន្ទប់ខាងក្រោយ ដែលជាបន្ទប់ធំនឹងមានការតុបតែងដូចជាផ្ទះបុរាណចិន ដែលមកទល់ពេលនេះមិនងាយមាននរណាតុបតែងបាននោះទេ។
"អញ្ជើញពិសារតែសិនចុះលោកទាំងពីរ"
"អរគុណណាស់" ខេនឆ្លើយតបទៅកាន់បុគ្គលិកម្នាក់ដែលលើកតែយកមកនោះ តែអ្វីដែលធ្វើឲ្យគេស្មឹងស្មាថគិត គឺជាស្នាមរបួសដែលមាននៅលើខ្លួននាង អាចថាវាខ្លាំងដល់ថ្នាក់ខេនទប់មាត់មិនសួរមិនបាន។
"អត់ទោស បើខ្ញុំសុំសួរនាងបែបផ្ទាល់ខ្លួនបន្តិចបានទេ?" កាលបើខេនសួរ ហើយក៏សំឡឹងមើលទៅខ្លួនបែបនោះ អ្នកជាបុគ្គលិកក៏យល់ភ្លាមថាគេមានបំណងចង់សួរពីអី។
"ខ្ញុំជាជនរងគ្រោះពីអំពើហិង្សាក្នុងគ្រួសារ ហើយត្រូវបានអ្នកនាងក្លារ៉ាជួយនឹងធានាឲ្យរស់នៅទីនេះ ពួកយើងជាបុគ្គលិកភាគច្រើនសុទ្ធសឹងតែជាជនរងគ្រោះទាំងអស់ អ្នកខ្លះក៏មានកាយសម្បទាគ្រប់គ្រាន់ អ្នកខ្លះទៀតក៏គ្មាន ព្រោះការជួយសង្គ្រោះវាយឺតយ៉ាវខ្លាំងពេក។
ក្រឺង!
"អឹស..អឺ" កាលបើបុគ្គលិកម្នាក់នោះកំពុងតែបកស្រាយប្រាប់ ក៏ស្រាប់តែមានបុគ្គលិកម្នាក់ដើរមិនប្រយត្ន័ប៉ះស្មានឹងទ្វារនាំឲ្យកំពប់ទឹកអាហារក្ដៅលើដៃខ្លួន។ អ្នកជាបុគ្គលិកដូចគ្នាក៏ប្រញាប់ទៅជួយនាងដោយលើកយកថាសអាហារយកមកដាក់លើតុជូនខេននិងលូហ្ស៊ីង រួចងាកបែរទៅជួយមិត្តរួមការងារដែលមានរបួសឯណោះ។
"ឯងរលាកហើយ នេះខ្ញុំប្រាប់ហើយថាភ្នែកឯងមិនសូវជាល្អ កុំលើករបស់ធ្ងន់នឹងនាំឲ្យគ្រោះថ្នាក់ដល់ខ្លួនឯងអី"
"សុំ..សុំទោសបងស្រី សុំទោសលោកម្ចាស់បន្ទប់ផង" ដោយសារតែនាងមានអារម្មណ៍ខុសទើបនាងទម្លាក់ខ្លួនហើយក្រាបសុំទោសដល់ភ្ញៀវឯណោះ។ អ្នកជាភ្ញៀវដែលមិនបានខឹង រឹតតែមិនចង់បានការសុំទោសក៏ប្រញាប់ក្រោកឈោងទៅចាប់ស្មានាង ទាញនាងឲ្យងើបមុខឡើង។
"នាងពិការភ្នែកម្ខាង ដូច្នេះហើយទើបមានបញ្ហាបែបនេះ សូមលោកទាំងពីរមេត្តាអធ្យាស្រ័យដល់នាងផង.." លឺបែបនេះខេនកាន់តែស្លុតចិត្ត គេប្រញាប់លើកនាងឲ្យក្រោក តែក៏ភាំងកាលបើរង្វង់មុខ ពិសេសភ្នែកម្ខាងដែលមានពន្លឺភ្លឺថ្លារបស់នាងបាញ់ចំភ្នែកទាំងគូរបស់គេ ដាលនាំឲ្យភ្នែកនាយឡើងក្ដៅផ្សាភាយៗមួយរំពេច។ មុខមាត់ធ្លាប់តែស្រស់បស់ ពេលនេះក៏មានស្នាមដាច់ខ្លះនៅសេសសល់ទីនោះ ភ្នែកនាងម្ខាងក៏មានពាក់ឡេនបង្ហាញថាគ្រាន់តែអាចបើកបាន តែមិនអាចមើលឃើញអ្វីទាំងអស់ ហេតុអី? ហេតុអីក៏...
"ហេតុអីក៏អូនក្លាយជាបែបនេះ....ឈីង?"

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now