ភាគទី05៖ រាត្រីដែលចងចាំ

171 5 0
                                    


ដំណើរចាកចេញពីផេនហោស៍ទៅគឺរលូនតែម្ដង គ្រាន់តែចេញពីសណ្ឋាគារភ្លាម អឺឈីងក៏នាំខេនឡើងឡានក្រុងសាធារណៈយកតែម្ដង ធ្វើដូចគេទម្លាប់នឹងការជិះវាដូចជានាងអ៊ីចឹង។
"អង្គុយត្រង់នេះមក ហិ" គ្រាន់តែដាក់គូថអង្គុយភ្លាម អឺឈីងក៏យារដៃទះកៅអីឡានក្រុងផាំងៗឲ្យខេនអង្គុយជាប់ខ្លួន។ អ្នកម្ខាងទៀតព្រោះតែមិនទម្លាប់ រឹតតែមិនដែលអង្គុយកន្លែងណាក្រៅពីឡានដែលមានផាសុកភាពទើបគេរៀងទាក់ទើរចិត្តបន្តិច តែចុងបញ្ចប់ក៏ដាក់ខ្លួនអង្គុយចុះតាមការបបួលហៅរបស់ស្រីតូច។
"សុំទោសដែលខ្ញុំនាំលោកមកជិះឡានបែបនេះ ព្រោះវាជាទម្លាប់"
"មិនបាច់សុំទោសទេ ឲ្យតែនាងគិតថាងាយស្រួល ពួកយើងធ្វើដំណើរតាមអ្វីក៏បាន" ខេនប្រញាប់ប្រញាល់បកស្រាយភ្លាម ត្បិតមិនចង់ឲ្យអ្នកម្ខាងទៀតមានអារម្មណ៍ខុស គ្រាន់តែធ្វើអ្វីដែលខ្លួនគិតថាងាយស្រួលប៉ុណ្ណឹង។
"លោកចិត្តល្អណាស់"
"ហ៊ឹម?" កាលបើលឺអ្នកម្ខាងពោលពាក្យបែបសរសើរបែបនេះ ខេនក៏រហ័សងាកមុខទៅមើលអឺឈីងតែម្ដង តែថាគេងាកមកមិនបានប្រសព្វនឹងភ្នែកនាងទេ បានត្រឹមតែឃើញស្នាមញញឹមពីចំហៀងមុខមូលក្រឡង់នោះតែប៉ុណ្ណោះ។ ខេនមិននិយាយអី តែក៏ញ៉ោចស្នាមញញឹមតាមនាងម្នាក់ទៀតដែរ។
...
ពួកគេចាយពេលប្រមាណជា20នាទី ពួកគេក៏មកដល់កន្លែងតំបន់ដែលអឺឈីងបានគិត។ គ្រាន់តែចុះពីឡានក្រុងភ្លាម មនុស្សចំនួនច្រើនដែលនៅឈរចាំក៏នាំគ្នាប្រជ្រៀតឡើងលើឡានយ៉ាងគំហុក រកតែខេនគេត្រៀមខ្លួនមិនទាន់ តែជាសំណាងល្អដែលមានដៃស្រឡូនរបស់អឺឈីងចាប់កាន់ដៃគេជាប់ ប្រជ្រៀតអូសនាំគេចេញមកពីក្នុងហ្វូងមនុស្សបានសម្រេចក្នុងពេលមួយប៉ព្រិចភ្នែក។
ដៃចាប់ទាញគេ សំឡេងសើចក៏បន្លឺឡើងឲ្យអ្នកដែលនាងអូសនាំចេញមកនោះសម្គាល់ដឹង មិនត្រឹមតែត្រចៀកដែលស្ដាប់ទេ សូម្បីតែក្រសែភ្នែកក៏ហាក់ចាប់ប្រតិពទ្ធ័លើក្មេងស្រីម្នាក់ហ្នឹងមិនតិច ខេនមើលទៅអឺឈីង មើលមិនទម្លាក់ភ្នែក មើលបែបដូចជាមិនដែលមើលមនុស្សស្រីណាបែបនេះពីមុនមកទាល់តែសោះ។
អឺឈីងឯណោះនាងមិនបានចាប់អារម្មណ៍ដឹង គិតតែពីអូសនាំភ្ញៀវទៅ អូសនាំរហូតមកដល់កន្លែងដែលខ្លួនគិតប៉ងរួច ហើយកន្លែងនោះវាក៏មិនអស្ចារ្យអីដែរ ត្រឹមតែជាកន្លែងផ្សាររាត្រីអីបែបហ្នឹង។
"លោកចង់ពិសារអាហារបែបអីដែរ? អាហារបែបអឺរ៉ុបនៅទីនេះក៏មាន"
"ចុះនាងចង់ញ៊ាំអ្វី? ខ្ញុំទុកឲ្យនាងជាអ្នកសម្រេចចុះ" នាងសួរគេ គេក៏ឆ្លើយបកមកវិញយ៉ាងទន់ភ្លន់និងបើកចំហរបំផុត។ អឺឈីងមិនទាន់ឆ្លើយតបអ្វី បានត្រឹមតែសំឡឹងមុខនាយ ព្រមជាមួយនិងសំឡេងមួយដែលបន្លឺឡើងហាក់ដូចជាក្បែរៗត្រចៀកបំផុត។
(ឲ្យតែនាងអាចធ្វើឲ្យមិត្តខ្ញុំសប្បាយចិត្តបាន ខ្ញុំនឹងឲ្យនាង1ម៉ឺនដុល្លារ)
"អ៊ីចឹងចាំខ្ញុំនាំលោកសាកគាវរបស់ចិនមួយមុខសិនណា៎ បើសិនជាលោកអាចពិសារបាន ចាំខ្ញុំជូនលោកពិសារអាហារចិត្តផ្សេងទៀត អូខេ?"
"បាទ៎" ខេនមិនបដិសេធ មានតែញញឹមទទួលយកនូវការណែនាំប្រាប់របស់អឺឈីងតែម្ដង។ នាងតូចទម្លាក់ដៃចុះ រួចកាន់ក្រសោបបាតដៃក្រាស់នាំគេទៅគោលដៅបន្ទាប់ទាំងមានកម្លាំងចិត្តជាទីបំផុត។
(ខ្ញុំនឹងព្យាយាមធ្វើគ្រប់យ៉ាងឲ្យលោកសប្បាយចិត្តបំផុត ខ្ញុំប្រាកដជាអាចធ្វើបាន)

ម៉ោង2យប់
ការដើរលេងរបស់ពួកគេដែលដំបូងគិតត្រឹមថាទៅញ៊ាំអាហារជាមួយគ្នា តែមានឯណា រយៈពេល4ម៉ោងកន្លងទៅត្រឹមមួយប៉ព្រិចភ្នែកតែប៉ុណ្ណោះ។ អឺឈីងធ្វើជាអ្នកនាំខេនដើរលេង មើលនេះ មើលនោះស្ទើរតែសព្វកន្លែងទាំងអស់ បូកផ្សំទាំងខេនជាមនុស្សដែលចូលចិត្តការដើរហើរនិងស្វែងយល់ពីអ្វីដែលថ្មីទៀត ពួកគេក៏ត្រូវគ្នាដូចជាចង្កឹះមួយគូអ៊ីចឹង។
ក្រាក!
ទ្វារផេនហោស៍ក៏បើកឡើងមកទាំងយប់ បង្ហាញស្រមោលមនុស្សប្រុសស្រីពីរនាក់ចូលមកទាំងមុខក្រហមស្រឿងៗតិចៗ ត្បិតការហួបអាហារពេល ជៀសមិនផុតពីការផឹកតិចតួចអីបែបនេះ។ ខេនបើកទ្វាររួចក៏បណ្ដោយឲ្យអឺឈីងចូលទៅក្នុងមុន នាងតូចចូលមកទាំងដៃសងខាងកាន់អាហារខ្ចប់ជ្រែងខ្លួន គួរឲ្យចង់សើច។
"ហ្វូ! សប្បាយដល់ហើយយប់នេះ" គ្រាន់តែមកដល់ខាងក្នុងភ្លាម ដាក់តែអាហារចុះលើតុ អឺឈីងក៏ទម្លាក់ខ្លួនអង្គុយចុះទាំងស្នាមញញឹមរីកស្គុសស្គាយពេញលើផ្ទៃមុខ។ ខេនឯណោះក៏ទាញទ្វារបិទ រួចដើរចូលមក មិនភ្លេចប្រមូលយកស្បែកជើងដែលអឺឈីងដោះចោលដាក់ឲ្យមានរបៀបសិន រួចក៏ឡើងទៅរកកន្លែងសាឡុងជាមួយនាង។
"នាងពូកែស្គាល់កន្លែងណាស់ដឹងអត់? ខ្ញុំដើរតាមហត់សឹងតែស្លាប់"
"ហ៊ឹសៗ ចាត់ទុកថាវាជាការហាត់ប្រាណខ្លះទៅណ៎" លឺខេនរអ៊ូរទាំ អឺឈីងក៏សើចកក្អឹកកាច់កញ្ចឹងករដូចជាក្មេងមិនដឹងខ្យល់អីសោះ។ តែស្នាមញញឹមនាងក៏រសាយបន្តិចម្ដងៗកាលបើពាក្យថាភារកិច្ចលោតឡើងមកក្នុងខួរក្បាលម្ដងទៀត។
"លោក..អាចប្រាប់ខ្ញុំពីខ្លួនលោកបន្តិចបានទេ?"
"នាងចង់ដឹងពីខ្ញុំធ្វើអី?" ខេនជ្រឹមចិញ្ចើមឆ្ងល់បន្តិច កាលបើលឺថាអឺឈីងចង់ដឹងពីខ្លួនបែបនេះ។ រាងតូចមិនទាន់ឆ្លើយ តែក៏រុលត្រសុលខ្លួនទៅកាន់តែជិត ត្រៀមចាំស្ដាប់ពាក្យពេចន៍។
"តាមពិតឈ្មោះពិតរបស់ខ្ញុំគឺ ខេវីល សព្វថ្ងៃខ្ញុំជាអ្នកការទូតរបស់អង់គ្លេស ប៉ាខ្ញុំជាអតីតអ្នកការទូតជាន់ខ្ពស់ ចំណែកម៉ាក់ខ្ញុំក៏ជាអ្នកធ្វើការងារអង្គការក្រៅរដ្ឋាភិបាលមួយកន្លែង"
"ហូស៍! នេះលោកគឺជាអ្នកមានលើមានតែម្ដងមែនទេ?"
"សម្រាប់ប៉ាម៉ាក់ខ្ញុំ ពួកគាត់ជាអ្នកមានពិតមែន តែសម្រាប់ខ្ញុំគឺអត់ទេ ខ្ញុំមិនចង់ឲ្យគេមើលមកថាខ្ញុំជាកូនអ្នកមាន ដាក់នាមថាជាកូនអ្នកនេះ អ្នកនោះព្រោះតែចំនួនទ្រព្យសម្បត្តិដែលប៉ាម៉ាក់ខ្ញុំមានទេ ត្រឹមតែគេគោរពខ្ញុំក្នុងនាមជាអ្នកការទូតខេន ខ្ញុំក៏អស់ចិត្ត...ហ៊ឹម" រកតែខេននិយាយបញ្ចប់មិនទាន់ បបូរមាត់គេក៏ត្រូវអឺឈីងថើបបំបិទ។ ស្រីតូចដែលខ្លួននៅជិតស្រាប់ក៏សសៀរកិលរហូតឡើងមកអង្គុយច្រកគាវលើចង្កេះបាវខ្សាច់របស់ខេនជាប់ ខណៈមាត់ព្យាយាមថើបល្បួងគេមិនបញ្ឈប់។
ខេនឯណោះ កាលបើត្រូវមនុស្សស្រីថើបបែបនេះ គេក៏រៀងភ្ញាក់ តែរាងកាយបែរជាមិនព្រមបដិសេធទាល់តែសោះ។ ដៃមាំម្ខាងទម្លាក់ទៅអោបចង្កេះនាង អោបរុញនាងឲ្យចូលមកកាន់តែកៀកជិត សឹងតែរលាយក្លាយជាប្រាណតែមួយក្នុងពេលនោះ។
"អ្ហឹម..អឹស" អឺឈីងគ្រហឹមនៅនឹងដើមករ ខណៈដៃម្ខាងចាប់ជ្រមុជមុខខេនទៅថើបកញ្ចឹងករខ្លួនយ៉ាងគ្មានបទពិសោធន៍ នាងងើបភ្នែកឡើងសម្រក់ទឹកភ្នែកមួយតក់ តែមិនមែនជាទឹកភ្នែកឈឺចាប់ តែជាទឹកភ្នែកសមស្រប ទឹកភ្នែកបង្ហាញពីភាពអស់ចិត្ត។
(បើសិនជាខ្ញុំត្រូវលះបង់ខ្លួនឲ្យមនុស្សល្អដូចជាលោក ខ្ញុំមិនសោកស្ដាយនោះទេខេន សូមឲ្យរាត្រីនេះស្ថិតក្នុងការចងចាំពួកយើងជាដរាបណា៎)

ភាគបន្តជាភាគពិសេស

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now