ភាគទី37៖ ពុតត្បុត (ត)

47 3 0
                                    

សម្រាប់ម៉ាក់ សុវត្ថិភាពកូនជារឿងចាំបាច់បំផុត..

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី37៖ ពុតត្បុត (ត)

អឺឈីងនៅអង្គុយស្ងៀម តែបេះដូងនាងក៏លោតញាប់សឹងតែផ្ទុះស្លាប់ កាលបើជីវិតកូនស្រីជាទីស្រឡាញ់កំពុងតែស្ថិតនៅក្បែរដៃយមរាជទីបំផុត បើសិនជាលោកស្រីម័រហ្គេនថ្លោះថ្លោយអ្វីតែបន្តិច ជីវិតកូនរបស់នាងនឹងទៅជាបែបណាវិញ?
"ឈីង! ឈីង អូនយ៉ាងម៉េចហ្នឹង?"
"អូនមើលអី?" កាលបើឃើញអឺឈីងមើលទៅម្ខាងទាំងមិនសូម្បីតែធ្មិចភ្នែកសោះនោះ ខេនគេក៏មានបំណងចង់ងាកមើលទៅដែរ តែរាងកាយរបស់គេ ពិសេសផ្ទៃមុខក៏ត្រូវអឺឈីងទាញឲ្យបែរត្រឡប់ ខណៈដៃនាងសងខាងក្រសោបអោបរាងកាយគេជាប់ណែនដោយគ្មានមូលហេតុអ្វីទាំងអស់។ ខេនរៀងភ្ញាក់ តែគេមិនរើបម្រាស់ គេនៅស្ងៀម យល់ព្រមឲ្យភរិយាអោបទាំងបេះដូងលោតញាប់ ព្រោះរំភើប ខុសពីអ្នកម្ខាងទៀតដែលស្ថិតនៅក្នុងការអោបដូចគ្នា តែនាងអោបគេ ព្រោះដើម្បីបញ្ចៀសរឿងអាក្រក់ អោបព្រោះតែនាងភ័យខ្លាច អារម្មណ៍នាងនាពេលនេះគឺមានច្រើនខ្លាំងណាស់។
"ឈីង!"
"ខេន..ខេនកុំទៅណាចោលអូនបានទេខេន? អ្ហឹក" ពាក្យដែលឈីងនិយាយនេះ វាក៏ជាអារម្មណ៍មួយក្នុងចំណោមអារម្មណ៍ជាច្រើនរបស់នាងដែរ បើសិនជានាងអាចរើសបាន ពិតមែន! នាងមិនចង់ឲ្យខេនទៅណាទេ ព្រោះទីណាមានគេ ទីនោះជាកន្លែងដែលនាងនឹងកូនមានសុវត្ថិភាព តែនាងក៏ដឹងស្រាប់ហើយថាខេនជាមនុស្សប្រុសមានមុខមាត់ឋានៈ គេម្ដេចនឹងអាចនៅមួយកន្លែងជាមួយនាង24ម៉ោងលើ24ម៉ោងនោះ? មិនអាចទៅរួចទេ។
"អូនខ្លាច..អូនខ្លាចណាស់ខេន អ្ហឹក"
"អូនកើតអីឈីង? មានរឿងអី? សុបិន្តអាក្រក់មែនដែរទេ?" ខេនប្រញាប់ប្រញាល់ដកខ្លួន ផ្អាកចិត្តរំភើបរបស់ខ្លួន ព្រោះតែសំឡេងយំរបស់អឺឈីង។ ដៃមាំម្ខាងលូកទៅជូតផ្ដិតថ្ពាល់ដែលប្រឡាក់ដោយទឹកភ្នែករបស់ឈីង ចំណែកដៃម្ខាងទៀតក៏ឈោងអង្អែលខ្នងប្រពន្ធតិចៗទុកជាការលួងលោម ឲ្យព្រលឹងព្រលះនាងត្រឡប់ចូលមកក្នុងខ្លួនវិញ។
"ឈីងប្រហែលជាសុបិន្តអាក្រក់មែនទេដឹងកូន? នេះចង់ឲ្យម៉ាក់ហៅចិនសែមកមើលឲ្យនាងទេ?" ក្រោយពីធ្វើខ្លួនជាបន្លាចាក់ចូលសាច់អឺឈីងរួច ពេលនេះលោកស្រីម័រហ្គេនក៏ប្រែក្លាយខ្លួនមកជាចាស់ទុំចិត្តធម៌ចូលមកជួយរកដំណោះស្រាយលើបញ្ហាដែលខ្លួនបានសាងវិញ។
"ខ្ញុំ..ខ្ញុំមិន—"
"ម៉ាក់ស្គាល់ចិនសែនៅទីនេះដែររឺ? បើសិនជាហៅគេមក គេអាចជួយអ្វីដល់អឺឈីងបានខ្លះទេ? ព្រោះខ្ញុំមិនចង់ឲ្យប្រពន្ធខ្ញុំគ្រាំទ្រូង ព្រោះតែសុបិន្តមិនល្អទាំងនោះទេ" ខណៈឈីងព្យាយាមប្រកែក ខេនឯណេះក៏បែរជាយកសម្ដីម្ដាយមកគិត បំណងគេគឺចង់ឲ្យអឺឈីងត្រឡប់មកជាល្អប្រសើរវិញ ទោះជាធ្វើអ្វីគេក៏ព្រមដែរ។
"រឿងនេះម៉ាក់ក៏មិនច្បាស់ តែចាំម៉ាក់ទាក់ទងសួរគេសិនណា៎ ម៉ាក់ក៏បារម្ភខ្លាចកូនប្រសារម៉ាក់ឈឺដែរ នេះទើបតែមកនៅផង" លោកស្រីម័រហ្គេនបញ្ចេញស្នាមញញឹមស្រស់បំព្រងទៅកាន់កូន ខណៈក្រសែភ្នែកកំណាចបាញ់សម្ដៅទៅរកខ្លួនតូចដែលនៅក្នុងការអោបរបស់កូនប្រុសគាត់ឯណោះ។
"ម៉ាក់ៗ ម៉ាក់យាយ អូនទៅរកម៉ាក់តិច"
"ប្រាកដជាបានណា៎ចៅ តែទៅមួយភ្លែតបានហៅ កុំរំខានម៉ាក់យូរពេក ម៉ាក់កំពុងតែឈឺណា៎"
"ចាស៎ ហិហិ" ត្បិតតែខ្លួនជាក្មេង មិនទាន់យល់ការណ៍ ទើបជូអឺនាងគិតថាលោកស្រីម័រហ្គេនជាលោកយាយដែលស្រឡាញ់នឹងបារម្ភលើនាងនឹងម្ដាយនាង ក្មេងតូចងក់ក្បាលយល់ស្របជាមួយបណ្ដាំលោកយាយតិចៗ រួចរុលចុះទៅរកម្ដាយទាំងស្នាមញញឹមពេញប្រៀបលើផ្ទៃមុខ។
"ម៉ាក់ ហិហិ" ស្នាមញញឹមកូន ស្របនឹងការតោងគ្រែឡើងមករកខ្លួន វាដូចជាថ្នាំព្យាបាលរាល់ការបារម្ភនឹងខូចចិត្តរបស់ម្ដាយអ៊ីចឹង។ គ្រាន់តែខេនជួយលើកពរកូនដាក់ដល់ពូកភ្លាម អឺឈីងក៏ប្រញាប់ស្ទុះស្ទារអោបក្រសោបកូនជាប់ណែនក្នុងដៃ រួចបិទភ្នែករំងាប់អារម្មណ៍ភ័យខ្លាចតែម្នាក់ឯងយ៉ាងស្ងៀមស្ងាត់។ ដៃស្រឡូនញីញ័រក៏ត្រូវអឺឈីងលាក់ដោយលូកស៊កបាំងក្រោមសក់វែងរបស់កូនស្រីឯណោះ ពេលនេះនាងត្រូវតែប្រយត្ន័ប្រយែង ព្រោះបើនាងប្រហែស កូនស្រីនាងអាចនឹងមានគ្រោះថ្នាក់គ្រប់ពេល។
"ម៉ាក់កុំភ័យអីម៉ាក់ ជូអឺនៅនេះ ជូអឺចាំផាំងៗដើម្បីម៉ាក់ ហិហិ" អឺឈីងនិយាយផង កាយវិការផង ដែលការចេញកាយវិការរបស់នាងក៏ធ្វើឲ្យអឺឈីងចាប់សម្គាល់ដឹងថានៅលើដៃកូននាងមានកងដៃមួយកង មើលទៅស្រស់ស្អាតប្លែក នាងមិនធ្លាប់ទិញវាឲ្យកូនទេ។
"ជូអឺ កងដៃ—"
"កងដៃនេះម៉ាក់យាយឲ្យកូន កូនឃើញវានៅសាឡុងក្រោម ដល់ហើយម៉ាក់យាយថាគាត់ទិញឲ្យកូន ហិហិ" ជូអឺនិយាយរៀបរាប់ទាំងញញឹម ហាក់សប្បាយចិត្តនឹងទទួលបានកាដូមានតម្លៃដំបូងក្នុងមួយជីវិតនាង។ អឺឈីងរលីងរលោង ព្យាយាមញញឹមទាំងញ័របបូរមាត់ រួចអោបកូនបន្តទៀត ដែលការអោបក្រសោបនោះនាំឲ្យអ្នកជាស្វាមីក៏ដូចជាឪពុកកក់ក្ដៅក្នុងចិត្តខ្លាំងមែនទែន។
"ចុះកូនមានបានអរគុណម៉ាក់យាយដែរទេកូនជូ?" ខេនដាក់ខ្លួនអង្គុយលើពូកជាប់ប្រពន្ធកូន មុននឹងនិយាយសាសងទៅកូនស្រីដែលកំពុងតែទទួលការស្រឡាញ់ពីម្ដាយឯណោះ។
"កូនថើបម៉ាក់យាយពីរជុប៎ ចាំតិចទៀត កូនជុប៎ម៉ាក់យាយទៀត"
"ឆ្លាតនោះឆ្លាតនាងល្អិត" លោកស្រីម័រហ្គេនលូកមាត់ទៅនិយាយសាសងជាមួយជូអឺហើយក៏សើចចេញមក ខេនក៏សើចដូចគ្នា លើកលែងតែអឺឈីង មនុស្សតែម្នាក់ដែលបានដឹងរឿងទាំងអស់ មនុស្សតែម្នាក់ដែលអាចមើលដឹងថា ស្នាមញញឹមរបស់លោកស្រីម័រហ្គេន វាសុទ្ធតែជាស្នាមញញឹមសម្ដែងទាំងអស់។
"និយាយអ៊ីចឹងប្រុសខេន ចេញទៅក្រៅជាមួយម៉ាក់បន្តិចបានទេ? ម៉ាក់នឹងខលហៅចិនសែមកល្ងាចនេះ"
"អូខេ ម៉ាក់"
"ជូអឺ នៅទីនេះមើលម៉ាក់ផងណា៎កូន បន្តិចទៀតប៉ាមកវិញ ហើយប៉ានឹងឲ្យម៉ែដោះធ្វើនំឲ្យកូន"
"យ៉េ! ហិហិ" ជូអឺទះដៃផាច់ៗគ្រាន់តែលឺថារង្វាន់ដែលនាងនៅមើលម៉ាក់គឺជានំ។ អឺឈីងកាន់អង្អែលកូន លួចញញឹមយ៉ាងលាក់លៀមនៅពីក្រោយខ្នងកូនស្រីជាទីស្រឡាញ់ ខេនឯណោះគេក៏មិនបានចេញទៅទាំងគ្មានការលាប្រពន្ធជាទីស្រឡាញ់ដែរ នាយទម្លាក់ខ្លួនចុះ ទាញអឺឈីងមកជិត រួចផ្ដិតស្នាមថើបនៅលើថ្ងាសនាងតិចៗពេញដោយការស្រឡាញ់ព្រួយបារម្ភតែម្ដង។
"បន្តិចទៀតបងនឹងមកវិញណា៎ អូននាំកូនគេងសិនក៏បាន ក្រែងអូនបានធូរស្រាលខ្លះ"
"អឺម" អឺឈីងងក់ក្បាលឆ្លើយតប មុននឹងអង្គុយសំឡឹងមើលផែនខ្នងគេចាកចេញទៅជាមួយម្ដាយគេឯណោះរហូតដាច់កន្ទុយភ្នែក។ គ្រាន់តែឃើញថាលោកស្រីម័រហ្គេនចេញទៅបាត់ភ្លាម អឺឈីងក៏ប្រញាប់ទាញខ្លួនកូន រួចព្យាយាមឆែកឆេរមើលគ្រប់សព្វថាតើកូនមានរបួសស្នាមអ្វីទេ? គាត់មានបានធ្វើបាបអីដល់ជូអឺ ពេលនាងគេងលក់ទេ? ចិត្តជាម្ដាយបារម្ភកូនបំផុតហើយ សូម្បីតែស្រមោចមិនឲ្យវារកាត់សាច់កូនផង ចុះទម្រាំតែបណ្ដោយកូនឲ្យទៅនៅជាមួយមនុស្សចិត្តសាហាវដូចជាលោកស្រីម័រហ្គេនទៀតនោះ?
"ម៉ាក់ ម៉ាក់យាយចិត្តល្អណាស់" ការឆែកឆេរទាំងអស់ក៏បញ្ឈប់ ក្រោយពីលឺពាក្យមួយប្រយោគចេញពីមាត់កូន។ អឺឈីងបែរមកប្រឈមមុខជាមួយកូន សំឡឹងមើលទៅក្រសែភ្នែកភ្លឺថ្លា គ្មានភាពភ័យខ្លាចរបស់កូនឯណោះ មុននឹងនាងសួរមួយសំនួរបកទៅកាន់កូនស្រីវិញ។
"កូនសប្បាយចិត្តនឹងនៅទីនេះមែនទេជូ?"
"ចាស៎ម៉ាក់ នៅនេះធំ ជាក់ៗ មានរបស់ញ៊ាំច្រើន ហើយម៉ាក់យាយក៏ថានឹងទិញតុកតាឲ្យជូទៀត ជូសប្បាយចិត្តណាស់ម៉ាក់ ហិហិ ជូ ចង់បានចឹងយូរហើយម៉ាក់" លឺកូននិយាយ បូកផ្សំទាំងឃើញស្នាមញញឹមកូនទៀត បេះដូងរបស់អ្នកជាម្ដាយក៏ស្ទើរតែស្រក់ឈាម ព្រោះស្របនឹងក្ដីសុខរបស់កូន ទីនេះវាហាក់ដូចជានរកសម្រាប់នាងអ៊ីចឹងដែរ។
"បើកូនសប្បាយចិត្ត អ៊ីចឹង..ពួកយើងនឹងនៅទីេនះចុះណា៎"
(បើទោះជាម៉ាក់ត្រូវស្លាប់នៅទីនេះ ម៉ាក់ក៏មិនព្រមឲ្យព្រះនាងតូចរបស់ម៉ាក់បាត់បង់ក្ដីសុបិន្តមួយនេះដែរជូ)
(ក្ដីសុខកូន វាក៏ជាក្ដីសុខម៉ាក់)

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now