ភាគទី85

161 9 1
                                    

មកវិញហើយ ✨✨

រឿង : ចំណងបេះដូងមួយរាត្រី
ភាគទី85

រាងកាយមាំទាំដែលដើរឆ្លងកាត់ផ្លូវស្ងាត់ជ្រងំចូលមកដល់សំណាក់អឺឈីងឯណេះ គេនិយាយបានតែប៉ុន្មានម៉ាត់ បន្សល់ទុកនូវចម្ងល់រាប់សិប រួចក៏បែរសន្លប់បាត់មាត់បាត់ករទៅតែម្ដង។ អឺឈីងមិនបង្អង់ប្រញាប់ប្រើកម្លាំងកាយទាំងអស់ ចូលទៅក្រៀកខ្លួនលូហ្ស៊ីង គ្រាហ៍គេបន្តចូលទៅក្នុងសំណាក់ រួចចាក់សោរជិតឈឹង ជៀសវាងមាននរណាមកបើកចូលទៀត។
"អាឈីង! នេះ..."
"បងហ្វាន់ ជួយរៀបចំសាឡុងឲ្យបន្តិចបានទេ? លូហ្ស៊ីង..គេស្រវឹងជោគជាំណាស់" ពាក្យដង្ហោយហៅឲ្យជួយរបស់ប្អូនក៏ភ្ញោច បង្ខំឲ្យអឺហ្វាន់រហ័សរហួនទៅរៀបចំសាឡុងដោយទាញយកខ្នើយមានកម្រាស់ក្រាស់ល្មមអាចឲ្យគេកើយបាន រួចក៏ទៅជួយទប់ទ្រខ្លួនប្រាណលូហ្ស៊ីង នាំគេឲ្យមក ជួយសម្រាលទម្ងន់គ្រាហ៍របស់អឺឈីងខ្លះ។
  "អ្ហឺ..អឹក" ខ្លួនប្រាណដាក់ដល់លើសាឡុងភ្លាម លូហ្ស៊ីងក៏រអ៊ូរង៉ូវតបទៅកាន់អ្នកដែលគ្រាហ៍ខ្លួនមក។ រាងកាយមាំទាំទម្លាក់ខ្លួនដេកពោបទៅលើសាឡុង បង្ហាញភាពទន់ជ្រាយជាលើកដំបូងពីមុខប្រពន្ធរបស់មិត្ត។ អឺឈីងឯណោះ នាងក៏ភ្ញាក់ផ្អើលមិនស្ទើរដែរ ព្រោះនាងមិននឹកស្មានថាមនុស្សប្រុសពូកែខ្លាំងក្លាដូចជាលូហ្ស៊ីងបែរជាមកស្រវឹងអួទីនួបែបនេះ ជាពិសេសបែរនិយាយផ្ដេសផ្ដាសពាក់ពន្ធ័ដល់ម៉ាខេឡាថែមទៀត។
"ម៉ាខេឡា..ម៉ា អ្ហឺ"
"បងថា ទុកឲ្យគេដេកសិនចុះ ស្រវឹងថ្នាក់នេះហើយ ចង់គេទៅណា ថាអ្វីក៏មិនអាចយកជាការបាននោះដែរ"
"អឺម! បងហ្វាន់និយាយក៏ត្រូវម៉្យាង"
ដំបូងអឺឈីងនាងក៏ងឿងឆ្ងល់ លាយឡំនឹងការព្រួយបារម្ភដែរ ក្រោយពីបានលឺសម្ដីចេញពីមាត់របស់អឺហ្វាន់ តែក្រោយស្ដាប់បងប្រុសនិយាយរួច នាងបែរជាគិតថាវាដូចជាសមហេតុផលដែរ ទើបនាងមិនបន្តគិតអ្វី ហើយជួយរៀបចំឲ្យលូហ្ស៊ីងគេនៅទីនោះមួយយប់ទៅ។
...
ព្រឹកថ្ងៃបន្ទាប់ក៏ឈានចូលមកដល់លឿនខុសពីធម្មតា ព្រោះសំណាក់ហ័រយប់មិញ មានភ្ញៀវមិនបានអញ្ជើញម្នាក់មក ស្រវឹងជោគ ដេកផ្ងារពោះមួយយប់ទល់ភ្លឺ ដូច្នេះក្នុងនាមអឺឈីងជាម្ចាស់ផ្ទះ ជាលោកស្រីម្ចាស់សំណាក់ នាងក៏មានតួនាទីទទួលនឹងមើលការខុសត្រូវគេឲ្យសាកសមផងដែរ។
"ម៉ាក់.." សំឡេងចច្រែតបែបកូនក្មេងក៏បន្លឺឡើង ស្របនឹងខ្លួនតូចស្ពាយកាតាបចុះមក មុនអ៊ំប្រុសទៅទៀត។ ជូអឺពេលនេះនាងសប្បាយចិត្ត ទោះបីជានាងនៅមានជម្ងឺឈឺប្រចាំកាយ ដៃនៅញ័រតិចៗ តែជីវិតនាងនៅស្រុកចិននេះក៏ល្អជាងមុនច្រើន ទោះបីជាឆ្ងាយលោកប៉ា រៀងឯកោបន្តិចមែនពិត តែជីវិតនាងនឹងម៉ាក់នាងក៏មានសេរីភាពជាងមុន មិនមានសំពាធ និយាយទៅគឺល្អជាងមុនឆ្ងាយណាស់។
"នេះម៉ោងប៉ុន្មានហើយហ្អា៎កូន? នៅញ៊ាំបបរមាន់សិនទៅ ម៉ាក់ធ្វើជិតឆ្អិនហើយ"
"ចាស៎ម៉ាក់ អ៊ីចឹងជួនជាម៉ាក់កំពុងរវល់ ចាំកូនទៅដាស់ពូហ្ស៊ីងណា៎"
"ចាស៎កូន តែដាស់ស្រួលបួលណា កុំធ្វើបាបពូ"
"យ៉ាងច្រើនដាស់មិនងើប កូនធាក់ម៉ាជើងហ្នឹងម៉ាក់ ហិហិ"
"កូនជូ!!" អឺឈីងលើកដៃម្ខាងដែលកាន់វែកមកច្រត់ចង្កេះ នាំឲ្យនាងច្រម៉ក់ជូអឺឯណោះសើចកាច់កញ្ចឹងករបន្តិច។
"កូនថាលេងហ្នឹងម៉ាក់ ចឹងកូនទៅអៃ"
ថាហើយជូអឺក៏រត់ត្រុយ ទៅដាស់ហៅលូហ្ស៊ីងនៅឯបន្ទប់ទទួលភ្ញៀវឯណោះ អឺឈីងនាងក៏តាមមើលកូនស្រី មើលទាំងស្នាមញញឹមជាប់លើផ្ទៃមុខ អឺហ្វាន់ឯណោះក៏មើលមកប្អូនស្រីបន្ត រួចញញឹមដែរ គេសប្បាយចិត្តណាស់ដែលឃើញប្អូនស្រីនឹងក្មួយស្រីរស់នៅមានក្ដីសុខបែបនេះ។
"និយាយអ៊ីចឹងឈីង.."
"រឿងដែលនាយលូហ្ស៊ីងនិយាយនោះ..."
"ខ្ញុំគិតថាប្រហែលជាគេចេះតែធ្លោយមាត់និយាយហើយ ព្រោះខ្ញុំមិនជឿថាលោកលូហ្ស៊ីងគេអាចធ្វើបាបចិត្តម៉ាខេឡា ទាំងដែលគេដឹងរឿងពីក្រោយខ្នងរបស់ម៉ាខេឡាកន្លងមកទេ" សម្ដីរបស់អឺឈីងក៏នាំឲ្យអ្នកដែលទើបតែដើរចូលមកទាំងមិនទាន់ស្វាងនោះទាក់ដំណើរបន្តិច។
លូហ្ស៊ីងនៅឈរស្ងៀម ក្បែរមាត់ទ្វារចូលផ្ទះបាយ ខណៈខួរក្បាលនៅលោតនូវសម្ដីដែលអឺឈីងបាននិយាយទាំងអស់អម្បាញ់មិញ ពិតមែន! គេដឹងថាគេបានដឹងនឹងយល់ពីរឿងឈឺចាប់របស់ម៉ាខេឡាកន្លងមកច្រើន គេក៏មិនបានបដិសេធថាមិនទទួលស្គាល់នាងដែរ គេសន្យាថានឹងមើលថែ ទំនុកបម្រុងនាង មិនមែនដេករួចបោះនាងចោលដូចជាស្រីគ្មានតម្លៃអីទេ។
(រឿងទទួលខុសត្រូវខ្ញុំអាចធ្វើដើម្បីម៉ាខេឡាបាន តែបើរឿងស្នេហាដូចជាខ្ញុំមានទៅលើក្លារ៉ា ប្រហែលមិនអាចទេ)

សង្ឃឹមថានឹងពេញចិត្តណា៎ 🌸

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now