ភាគទី51

57 7 1
                                    

ត្រឡប់មកគិតថានឹងបានលាអូនឲ្យសាកសម តែមិនមែន
លាបែបហ្នឹងទេឈីង,បងមិនចង់បានបែបហ្នឹងទេ។

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី51

*40នាទីមុនពេលកើតហេតុ
ក្រោយទទួលទានអាហារពេលព្រឹករួចអស់សព្វគ្រប់ ខេនគេក៏រៀបចំខ្លួន រង់ចាំមនុស្សជំនិតមកទទួលទៅកាន់ស្ថានទូតតាមទម្លាប់។ រាងកាយមាំទាំចេញមកឈរនៅខាងមុខវិមាន ស្រូបយកខ្យល់អាកាស ខណៈក្រសែភ្នែកបាញ់សំឡឹងមើលទៅទេសភាពស្រស់ត្រកាល ស្របនឹងដំណើរលោកស្រីម័រហ្គេនចូលមករកគេតាមក្រោយផងនោះ។
"នេះកូនគិតចេញទៅថ្ងៃហ្នឹងមែនរឺប្រុសខេន?" អ្នកជាម្ដាយសួរនាំកូន ហាក់ព្យាយាមចង់ប្រាកដប្រជាថាគេនឹងចេញទៅពេលណាឲ្យប្រាកដ ត្បិតការធ្វើដំណើរឆ្លងប្រទេស ឆ្លងទ្វីប វាមិនមែនជារឿងដែលគួរអំណរនោះទេ ក្នុងនាមជាម្ដាយ គាត់បារម្ភខ្លាំងណាស់។
"ក៏ប្រហែលជាអាចដែរម៉ាក់ ព្រោះលឺលោកអគ្គនាយកមានប្រសាសន៍ថាការប្រជុំគេប្ដូរថ្ងៃមុនពេលកំណត់ អ៊ីចឹងពួកខ្ញុំអាចនឹងត្រូវទៅមុន ដើម្បីបានរៀបចំការប្រជុំនោះ"
"ហ៊ឹម ការងារគ្មានពេល គ្មានវេលាច្បាស់លាស់ កូនដូចជាលោកប៉ាខ្លាំងណាស់ខេន កាលពីលោកប៉ាកូននៅធ្វើជាអ្នកការទូត លោកប៉ាកូនតែងតែឡើងយន្តហោះទៅចោលម៉ាក់ ទុកម៉ាក់ចោលនៅក្នុងផ្ទះតែម្នាក់ឯង"
"កាលណោះម៉ាក់ច្បាស់ជាឯកោណាស់ត្រូវទេ? ពេលនេះម៉ាក់មិនឯកោទៀតទេ ព្រោះពេលនេះម៉ាក់មានអូនឈីង មានកូនជូនៅក្បែរ ម៉ាក់អាចប្រឡែងលេងជាមួយកូនជូ រឺក៏ធ្វើម្ហូបនៅចង្ក្រានជាមួយអូនឈីងក៏បាន បែបនេះខ្ញុំក៏អស់បារម្ភរឿងខ្លាចថាអូនឈីងគេអផ្សុករឺក៏ឯកោពេលខ្ញុំមិននៅដែរ" មនុស្សកំពុងតែអារម្មណ៍ល្អសុខៗ កាលបើលឺកូនប្រុសពោលលើឈ្មោះមនុស្សដែលគាត់ស្អប់ឡើងមក លោកស្រីម័រហ្គេនក៏ប្រែប្រួលទឹកមុខបន្តិច។
"បើប៉ាឯង គិតពីម៉ាក់បានតែប៉ុនឯងគិតលើប្រពន្ធកូនឯង មិនដឹងល្អយ៉ាងណាទេ?"
"ចុះពេលនេះប៉ាគាត់កែប្រែធ្វើល្អជាមួយម៉ាក់ច្រើនឡើងហើយតើ មកពីម៉ាក់មិនយល់ព្រមបើកចិត្តទទួលយកគាត់"
"គ្មានថ្ងៃនោះទេ" ថារួចលោកស្រីម័រហ្គេនក៏បែរខ្លួនដើរចេញទៅបាត់ ទុកឲ្យខេននៅឈរតាមសំឡឹងមើលគាត់ រួចក្រវីក្បាលតិចៗបែបខ្វល់ចិត្ត។
"កូនសង្ឃឹមថាម៉ាក់នឹងមានអារម្មណ៍ល្អប្រសើរឡើងវិញឆាប់ៗ"
ទីតៗ
សំឡេងឡានសុីផ្លេពីខាងក្រៅកាត់ផ្ដាច់ការគិតទាំងប៉ុន្មានរបស់ខេន។ នាយប្រញាប់កាន់កាបូបធ្វើការរួចចេញទៅបាត់ ដោយមាននូរ៍អាបើកឡានមកទទួលដល់ខាងមុខវិមានតែម្ដង។
"អរុណសួស្ដីលោកខេន"
"បែកគ្នាយូរនៅសង្ហាដូចដើមទាន៎" គ្រាន់តែឡានចាប់បង្វិលកង់ភ្លាម នូរ៍អាក៏ងាកមកសរសើរអ្នកអង្គុយបាំងខាងក្រោយឯណោះជាប់ទាំងនឹករលឹកបំផុត។ គេនៅពេលនេះបានឡើងតំណែងសឹងតែប្រហាក់ប្រហែលនឹងខេនហើយ តែគេនៅតែគោរពនឹងតាមខេនទៅក្រៅប្រទេសដូចជាកាលពីមុនអ៊ីចឹង។
"អាចហៅឈ្មោះខ្ញុំក៏បាន ព្រោះឯងបានតំណែងខ្ពស់គួរសមដែរហើយនូរ៍អា"
"ខ្ញុំដឹងតើស៎ទាន៎ តែខ្ញុំតែងប្រកាន់ខ្ជាប់នូវពាក្យថាចៅហ្វាយមួយថ្ងៃ ចៅហ្វាយមួយជីវិត អ៊ីចឹងទោះជាខ្ញុំមានមុខតំណែងខ្ពស់ ខ្ញុំក៏មិនដែលភ្លេចកំណើតខ្លួនឯងថាមកពីណានោះដែរ"
"ទស្សនៈល្អតើស៎ អ៊ីចឹងហើយទើបយើងដឹងថា យើងមើលមនុស្សដូចជាឯងមិនខុសនោះអាល្អិត"
"អួយ៎ និយាយអីចឹងទេទាន៎ ខ្ញុំអៀនណាស់" នូរ៍អានិយាយលេងសើចជាមួយខេន បន្តបើកឡានចេញឆ្ងាយពីផ្ទះប្រមាណជាជិត20នាទី ហៀបតែនឹងដល់កន្លែងក្រសួងការបរទេសទៅហើយ តែដោយសារផ្លូវរៀងកកស្ទះទើបពួកគេរៀងជិះយឺតៗបន្តិច។
"លោកខេនបានរៀបចំខោអាវអស់ហើយរឺនៅទាន៎? លឺថាទៅលើកនេះរៀងយូរថ្ងៃបន្តិចដែរ"
"មែនហើយ! ខោអាវ..."
"អ៊ីចឹងតើ ទើបយើងចេះតែមានអារម្មណ៍ថាដូចជាភ្លេចៗអ្វីម៉្យាង" ខេនគេក៏លាន់មាត់ ត្បិតពេលនូរ៍អានិយាយ គេក៏នឹកឃើញថាកាលពីព្រឹកអឺឈីងបានប្រាប់គេថានាងបានរៀបខោអាវទុកឲ្យជាស្រេចនេះគេអាចភ្លេចយ៉ាងម៉េចបានទៅ?
"នូរ៍អា"
"បាទទាន៎"
"បត់ឡានត្រឡប់ក្រោយ ខ្ញុំទៅវិមានវិញយកវ៉ាលី" សម្ដីនិយាយទាំងម៉ឺងម៉ាត់ តែក្នុងចិត្តឯណោះក៏សប្បាយមិនតិច ព្រោះបើគេត្រឡប់ក្រោយ បានន័យថាគេបានលាប្រពន្ធកូនគេម្ដងទៀតហើយ លើកនេះគេនឹងអោបថើបពួកនាងមិនឲ្យរួចទាំងពីរនាក់ម៉ាក់កូនតែម្ដង។
...
នូរ៍អាបើកឡានត្រឡប់មកវិញក្នុងល្បឿនលឿន ព្រោះគិតថាប្រញាប់ដែរ ពួកគេចាយពេលអស់ប្រមាណ10នាទីជាងក៏មកដល់វិញ។ គ្រាន់តែឈប់ឡានភ្លាម រាងខ្ពស់ក៏ប្រញាប់បើកទ្វារឡានចុះទាំងទឹកមុខញញឹមខ្ជឹប ព្រោះពេលគេរង់ចាំក៏មកដល់ហើយ។
(អ្នកមីង..អ្នកមីងលែងសក់ខ្ញុំទៅ អ្ហឹក)
"អឺឈីង?" គ្រាន់តែចុះពីឡាន បានលឺសំឡេងអ្នកស្រែកឯណោះ ខេនគេក៏ដឹងមួយរំពេចថាជាសំឡេងរបស់អឺឈីង តែថានាងហៅថាអ្នកមីង? អ្នកមីងនោះជានរណា? មិនបង្អង់យូរខេនក៏ប្រញាប់ដើរទៅមុខឡានដែលអាចឲ្យគេបានមើលឃើញនូវស្ថានភាពមួយដែលមិននឹកស្មានសោះ។
(នាងឯងមានសិទ្ធិអីមកបញ្ជាយើង? ហ៊ឹសៗស្រីពុតត្បុត នាងឯងទៅផ្លុំត្រចៀកម៉ាខេឡានិងអាក្ស៊ីងស្អីខ្លះ ទើបវាម្នាក់ៗព្យាយាមប្រឆាំងជាមួយនឹងយើង ហ្អាស៎?)
(ម៉ាក់..ម៉ាក់យាយធ្វើអីម៉ាក់ជូ? អ្ហឹក)
(ជូអឺ លែងដៃយាយ..)
(អត់ទេ ម៉េចក៏យាយធ្វើបាបម៉ាក់អូន? ម៉ាក់យាយលែងទៅ)
(អញប្រាប់ថាឲ្យលែង អឹស)
(ហ្អា៎!!!)
"អឺឈីង!!!!"
ព្រូស!
សភាពរាងកាយប្រពន្ធនឹងកូនធ្លាក់ចុះមកព្រមគ្នាក្នុងពេលមួយប៉ព្រិចភ្នែក ខេនភាំងតែមួយភ្លែត គេក៏ប្រញាប់រត់ទៅរកប្រពន្ធកូន។ ដៃសងខាងក៏ត្រកងអោបកាយអឺឈីង ទាំងក្នុងដៃអឺឈីងអោបកូនស្រីជាប់។ ទាំងម្ដាយទាំងកូន សន្លប់បាត់មាត់បាត់ករឈឹងដូចគ្នា។
"អឺឈីង..អត់ទេណា៎អឺឈីង! កូនជូ..ជូកូនប៉ា"
"ហ្អា៎!!!! អ្ហឹកៗ" ខេនស្រែកយំអោបរាងកាយប្រពន្ធកូនដែលដេកក្នុងរង្វង់ដៃរបស់ខ្លួន មុននឹងលោហិតក្រហមឆ្អិនហូរចេញពីផ្នែកខាងក្រោយនៃក្បាលរបស់ឈីង។ បានឃើញមុខនាង ឃើញសភាពនាង គេក៏ស្រាប់តែនឹកឃើញ ចងចាំពាក្យដែលនាងបាននិយាយមកកាន់គេកាលពីយប់។
(បង..បើបងមិនទៅ តើបានទេ?)
(ហេតុអី?)
(អូន..អូនគ្រាន់តែមិនចង់នៅឆ្ងាយពីបង អូន..អូននឹងកូនចង់អោបបង ខេន)
"បងមិនទៅណាទេឈីង បង..បងមកវិញហើយអូន ឈីងដឹងខ្លួនឡើងមកនិយាយជាមួយបងមក បងសូមអង្វរឈីង អ្ហា៎ កូនជូ..ជូកូនប៉ា" ខេនក្រសោបបីប្រពន្ធកូនជាប់ លើកពួកគេទាំងពីរនាក់រួចរត់សម្ដៅទៅកាន់ឡានដែលមាននូរ៍អាកំពុងតែឈរចុចបំណងចង់ហៅឡានពេទ្យស្រាប់។
"លោកខេន.."
"យើងទៅពេទ្យ យើងយកប្រពន្ធកូនយើងទៅពេទ្យ"
"កូន..កូនខេន ខេនស្ដាប់ម៉ាក់សិនកូន" អ្នកជាម្ដាយដែលបានសាងទោសនឹងត្រូវចាំបានឯណោះក៏ចុះមករកកូន គាត់រលីងរលោងចាប់ដៃកូន តែខេនក៏វាសចេញ រួចងាកសំឡឹងមើលទៅគាត់ទាំងភ្នែកពេញប្រៀបដោយកំហឹង។
"កុំយកដៃលោកស្រីមកប៉ះដៃខ្ញុំ"
"អ្ហឹកៗកូនខេន.. ខេនម៉ាក់គ្មានចេតនាទេកូនខេន អ្ហា៎ អ្ហឹកៗ"

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now