ភាគទី33៖ ការចាប់ផ្ដើមថ្មី

61 3 0
                                    

ទោះបីជាបងព្រម ក៏អូននៅតែបារម្ភ

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី33៖ ការចាប់ផ្ដើមថ្មី

មួយសប្ដាហ៍កន្លងផុត
បើទោះបីជាបានជួបជុំជាមួយមនុស្សជាទីស្រឡាញ់វិញក៏ពិតមែន តែអឺឈីងនាងនៅមិនដាច់អាល័យ មិនចង់ទៅចោលកន្លែងដែលនាងនឹងកូនចង់ស្នាក់នោះទាល់តែសោះ នាងចេះតែរកលេសនេះលេសនោះដើម្បីឲ្យខ្លួនបាននៅបម្រើការក្នុងហាង ជាពិសេសបាននៅជួបនឹងថៅកែស្រីចិត្តបុណ្យដែលបានជួយជីវិតខ្លួននឹងកូនឯណោះ។
ជូអឺពេលនេះនាងនៅផ្ទះ នៅជាមួយខេនដោយគេធានាថានឹងមើលថែកូន មិនឲ្យប៉ះពាល់ដល់ការងារនាងទេ។ ខេនគេដឹងថានាងស្ទាក់ស្ទើរ តែគេក៏មិនបានថាអីដែរ គេមានតែព្យាយាមសម្របខ្លួន ធ្វើតាមនាង រហូតដល់នាងព្រមពករៀងថានឹងទៅដោយខ្លួនឯងតែម្ដង ហើយការដែលគេធ្វើបែបនេះក៏ធ្វើឲ្យអឺឈីងនាងរអៀសចិត្តមិនស្ទើរដែរ។
"មានអ្វីរំខានចិត្តមែនទេអាឈីង?" គ្រាដែលអឺឈីងអង្គុយស្មឹងស្មាថគិតកណ្ដាលថ្ងៃនោះ អារ៉ូណាដែលជាបងនឹងជាអ្នករួមការងារចាប់អារម្មណ៍ដឹងទើបចូលមកសួរនាំនាងតែម្ដង។
"មិនមានអីធំដុំទេបង ខ្ញុំគ្រាន់តែគិត.." អឺឈីងក្រោកទាញក្រណាត់រួចជូតបង្អួចបន្ទប់វីអាយភីបន្តិច ទាំងនៅរក្សាទឹកមុខដដែលមិនប្ដូរផ្លាស់។
"បានជួបគូជីវិតហើយនៅគិតអីទៀត? នេះមិនមែនជាអីដែលឯងចង់បានទេហ្អេស៎ ការជួបជុំរបស់ជូអឺនិងប៉ាគេនោះ?" អារ៉ូណាទោះបីជានាងមិនបានស្គាល់នឹងដឹងពីខេនសុីជម្រៅ តែនាងនៅជាមួយអឺឈីង នាងក៏បានដឹងនឹងបានឃើញថាបុរសម្នាក់នោះមានន័យប៉ុណ្ណាសម្រាប់នាង បានឃើញអឺឈីងជួបជុំគ្នាបែបនេះអារ៉ូណានាងមានតែជួយត្រេកអរថែម នាងមិនគិតថាមានអ្វីគួរឲ្យអឺឈីងខ្វល់គិតទៀតនោះទេ។
"ខ្ញុំមានរឿងត្រូវគិតច្រើនណាស់បង ខ្ញុំនៅគិតថាតើខ្ញុំត្រូវធ្វើបែបណាបន្តទៀត ខេនគេបបួលសុំខ្ញុំឲ្យទៅនៅអង់គ្លេសជាមួយគេ ទាំងដែលខ្ញុំនឹងកូនមិនទាន់បានជួបរឺក៏ស្គាល់សមាជិកគ្រួសារគេម្នាក់ណានោះទេ" អារ៉ូណាមើលទៅអឺឈីងបន្តិចហាក់យល់ចិត្ត គាត់ដាក់របស់របរក្នុងដៃលើតុ រួចចូលទៅកាន់ស្មាអូសនាំអឺឈីងចេញទៅឈរនៅរានហាលខាងក្រៅតែពីរនាក់។
"តាមពិតបារម្ភពីសាច់ថ្លៃទេរឺ?"
"ខ្ញុំមិនមាននរណាទេបង ប៉ាម៉ាក់ក៏អត់ បងប្រុសក៏ស្លាប់ ម៉្យាងគ្រួសារខ្ញុំក៏ជាគ្រួសារដែលមិនខ្ពង់ខ្ពស់ ខ្ញុំខ្លាច.. ខ្លាចថាខេនគេអាចនឹងអាម៉ាស់មុខដោយសារតែខ្ញុំ" អារ៉ូណាជ្រឹមចិញ្ចើម ក្រវីក្បាលបដិសេធភ្លាមមិនបង្អង់ គាត់ងាកចោលភ្នែកមើលទៅខាងក្រោម មុននឹងញ៉ោចស្នាមញញឹម រួចទាញអឺឈឺងឲ្យមើលទៅតាមអ្វីដែលគាត់បានឃើញ។
"បើឈីងបិទអារម្មណ៍ រួចសំឡឹងមើលទៅខាងណោះ បុរសដែលឈីងគិតថាខ្ពង់ខ្ពស់ ឈោងមិនដល់ ពេលនេះគេកំពុងតែអង្គុយលើប៉ៅអ៊ី ស្លៀកសម្លៀកបំពាក់ចាស់ រស់នៅក្នុងផ្ទះតូចដំបូលទាបដូចជាពួកយើង តែឈីងមើលទៅទឹកមុខគេចុះ ពិសេសពេលដែលគេនៅជាមួយជូអឺ កូនរបស់ពួកឯង ឯងឃើញលោកខេនគេញញឹមទេ?" អឺឈីងនៅឈរស្ងៀម តែចំណាប់អារម្មណ៍នឹងក្រសែភ្នែកក៏បាញ់តម្រង់មើលទៅអ្នកដែលអារ៉ូណាលើកឡើងឯណេះ។ ខេនពេលនេះគេនៅអង្គុយលើប៉ៅអ៊ីខាងក្រៅ អង្គុយអោបប្រឡែងកូនសើចក្អាកក្អាយទាំងពីរនាក់ មើលទៅហាក់បីដូចជាមានក្ដីសុខខ្លាំងណាស់ អឺឈីងក៏ចង់រលីងរលោងបន្តិចដែរ ព្រោះតាំងតែពីដើមមក នាងមិនដែលឃើញជូអឺសប្បាយខ្លាំងអីដល់ថ្នាក់ហ្នឹងទេ ទោះជាកូនមិនដែលសូវចចេសសួររកប៉ា តែនាងក៏ដឹងថាអឺឈីងពិតជាត្រូវការគេណាស់។
"លោកខេនគេមកពីគ្រួសារខ្ពង់ខ្ពស់ តែគេមានក្ដីសុខ រស់នៅកន្លែងតូចទាបបានដោយសារអី? ក៏ដោយសារតែឯងនឹងកូនហ្នឹងឯង ដូច្នេះឯងសាកគិតបកមកវិញថាតើបេះដូងនឹងចិត្តឯងចង់បានអ្វី? បើឯងស្រឡាញ់គេ ឯងមានក្ដីសុខពេលនៅក្បែរគេ អ៊ីចឹងឯងនៅរុញរាធ្វើអីទៀត? ធ្វើតាមអារម្មណ៍ខ្លួនឯងទៅ កាន់ដៃគេបន្តទៅមុខ កុំគិតពីអ្វីទាំងអស់ ព្រោះជីវិតគូវាស្ថិតនៅលើដៃពីរនាក់ឯង គ្មាននរណាអាចអារកាត់រឺក៏ជ្រៀតជ្រែកបាននោះទេ ដូចពាក្យដែលគេនិយាយថាឲ្យតែបាននៅជាមួយមនុស្សដែលខ្លួនឯងស្រឡាញ់ ទោះជានៅទីណាក៏មានអារម្មណ៍ថាកក់ក្ដៅដូចជាផ្ទះដែរ" អារ៉ូណាបកស្រាយក្បោះក្បាយឲ្យអឺឈីងបានស្ដាប់ អ្នកម្ខាងទៀតក៏ញញឹមរួចងក់ក្បាលតិចៗ មុននឹងមានដៃស្រឡូនមួយលូកមកចាប់ស្មានាង ហើយពោលប្រយោគមួយដែលមិនខុសពីអារ៉ូណាប៉ុន្មានដែរ។
"ធ្វើតាមបេះដូងឯងទៅឈីង"
"អ្នកនាងក្លារ៉ា?" ថៅកែស្រីដែលអឺឈីងដឹងគុណនឹងមិនដាច់ចិត្តចង់ទៅចោលសោះ ពេលនេះនាងក៏បង្ហាញខ្លួន មិនតែប៉ុណ្ណឹងថែមទាំងជម្រុញអឺឈីងឲ្យធ្វើតាមបេះដូងខ្លួនឯងទៀត។
"មិត្តខ្ញុំម្នាក់នេះ គេជាមនុស្សល្អ ឈីងអាចទុកចិត្ត ផ្ញើជីវិតលើគេបាន" ក្លារ៉ាកាន់ស្មាអឺឈីង អង្អែលស្រាលៗស្របនឹងភ្នែកបាញ់មើលទៅខេនពីចម្ងាយដែរ។ ចំណែកម្ចាស់ខ្លួនឯណោះរវល់តែសប្បាយជាមួយកូន គ្មានបានគិតថាមានក្រសែភ្នែកមនុស្សដល់ទៅបីនាក់កំពុងតែសំឡឹងមើលមកគេទេ។

ថ្ងៃបន្ទាប់
គ្រាន់តែទទួលបានការយល់ព្រមពីអឺឈីងភ្លាម ខេនគេក៏ប្រញាប់ប្រញាល់រៀបហើយក៏នាំនាងហោះទៅសៀងហៃវិញភ្លាមមិនបង្អង់យូរតែម្ដង។ ខេនគេមានបំណងចង់នាំនាងទៅអង់គ្លេសឲ្យបានលឿនណាស់ តែអឺឈីងនាងសុំថានាងចង់ទៅមើលសំណាក់ហ័រជាលើកចុងក្រោយ មុននឹងហោះហើរឆ្លងប្រទេសជាលើកដំបូងក្នុងឆាកជីវិតនេះ។ ខេនក៏យល់ព្រម មិនជំទាស់អ្វីដែរ។
"អ៊ូ! អាតៗណាស់ម៉ាក់ណ៎" កាលបើចុះពីយន្តហោះមក លូហ្ស៊ីងក៏បញ្ជូនចូវិនឲ្យមកទទួល ព្រមទាំងបើកនាំមនុស្សសំខាន់គេទាំងបីទៅសំណាក់ហ័រវិញយ៉ាងមានសុវត្ថិភាព។ នៅតាមផ្លូវនាងល្អិតជូអឺក៏តោងកញ្ចក់ឡានមើលទៅខាងក្រៅមិនឈប់ នាងមើលផង លាន់មាត់ផង ព្រោះតាំងពីតូចនាងមិនដែលចេញទៅណាក្រៅពីផ្ទះទេ មិនមែបម្ដាយគ្មានលទ្ធភាព តែមកពីអឺឈីងខ្លាចកូនមានគ្រោះថ្នាក់ ម៉្យាងគ្រានោះនាងនៅរត់គេចពីពួកតាមទារបំណុលនៅឡើយទេ។
"ប៉ាប៉ា ប៉ាមើលទូរទស្សន៍លើផ្ទះកញ្ចក់នោះឡើងធំ អួយ៎ ព្រះអើយធំហាស៎" ជូអឺទាញនាំលោកប៉ាឲ្យមើលជាមួយនាង ខេនឯណោះក៏បានដូចចិត្តទៀត គេស្រុញខ្លួនអោបកូនជាប់ រួចអើតមើលជាមួយកូនដែរ។
"ពេលកូនទៅដល់អង់គ្លេស ចាំប៉ាទិញអាទូរទស្សន៍ធំចឹងដាក់ឲ្យកូនមួយនៅផ្ទះ"
"បាច់ទេហ្អីប៉ា" មាត់សរសើរឃើញថាធំ តែពេលលឺប៉ានិយាយថាចង់ទិញឲ្យ ជូអឺក៏បែរជាក្រាញ់បដិសេធភ្លាមទៅវិញ។
"ហេតុអី?"
"ម៉ាក់ធ្លាប់ថា ទូរទស្សន៍ធំ អស់ភ្លើងកាន់តែឆើន ចឹងជូអត់ចង់បានទេ ខ្លាចអស់លុយប៉ាប៉ាទិញនំ" ដំបូងខេនស្មានតែកូនមានរឿងអី តែកាលបើលឺហេតុផលនាងហើយ បេះដូងអ្នកជាឪពុកក៏រីកថ្មោល សប្បាយចិត្តដែលកូននៅតូចចេះគិតគូរយ៉ាងនេះ។
"ឆ្លាតណាស់ កូននរណាហ្នឹងនៀក៎"
"កូនប៉ាខេន ម៉ាក់ឈីង ហិហិ" អឺឈីងឯណេះក៏លួចសើចតាមខេននិងកូន មុននឹងងាកក្រសែភ្នែកមើលទៅផ្លូវថ្នល់ដែលជាផ្លូវថ្នល់តម្រង់ទៅរកសំណាក់របស់នាង។
ប្រមាណជា5នាទីក្រោយ ពួកគេក៏មកដល់គោលដៅដែលចង់មក។ ចូវិនឈប់ឡានងក់ រួចក៏ចុះទៅបើកទ្វារឲ្យអឺឈីងចុះ រួចរត់មកបើកខាងខេនម្ដងតាមទម្លាប់ការគួរសម។ អឺឈីងទម្លាក់ជើងចុះ មុននិងដើរមកឈរចំពីមុខក្លោងទ្វារសំណាក់ធំដែលនាងបានចាកចោលអស់កាលមកជាច្រើនឆ្នាំនេះ ពេលបានមកជាន់ទឹកដីកំណើត ទឹកភ្នែកនាងក៏បែរហូរស្រក់មកតក់ ព្រោះតែនឹករលឹកហើយក៏រំភើប។
"អួយ៎ ផ្ទះម៉ាក់ៗស្អាតដល់ហៃ ជូចង់ចូលទៅ ហិហិ" ខេនដែលនៅបីកូនឯណោះ កាលបើឃើញឈីងយំ គេក៏មិនជាសប្បាយចិត្ត នាងប្រគល់ជូអឺឲ្យទៅចូវិនពរ រួចខ្លួនគេក៏ចូលមកលួងលោមអឺឈីងវិញ។ ដៃមាំលូកអោបក្រសោបនាង មុននឹងបបូរមាត់ទម្លាក់ថើបថ្ពាល់ក្រពុំស្រាលៗទាំងក្ដីស្រឡាញ់អាណិត។
"បានមកផ្ទះហើយកុំយំនាងច្រម៉ក់ សន្យានឹងបងថាយ៉ាងម៉េចខ្លះ? ថាឈប់យំមែនទេ?" ខេនដកខ្លួនចេញពីការអោបរួចលើកខ្មងដៃជូតទឹកភ្នែកឲ្យឈីងថ្នមៗវិញ នាងតូចងើបមុខមើលទៅគេ រួចក៏ព្យាយាមទប់អារម្មណ៍តាមដែលគេប្រាប់ ខេនញញឹមទម្លាក់បបូរមាត់ថើបនាងបន្តិច មុននឹងដឹកដៃនាងមករកទ្វារសំណាក់។
"អូនបើកវាទៅ" ខេនក៏ជម្រុញឈីងឲ្យបើកទ្វារសំណាក់ អ្នកម្ខាងទៀតក៏ឆ្ងល់ រួចរុញបើកតាមការចង់បានរបស់ខេន។
ក្រាក!
គ្រប់យ៉ាងនៅក្នុងនោះនាំឲ្យអឺឈីងភាំងនិយាយអ្វីលែងចេញតែម្ដង សភាពផ្ទះខូចខាត បាក់បែក ពេលដែលនាងចាកចេញទៅ ពេលនេះប្រែក្លាយមកជាសំណាក់ស្រស់ស្អាត មានសួនផ្កា មានកន្លែងហាត់គុណ ហាក់បីដូចជាអូសដៃនាំនាងទៅកាន់ពីក្មេងៗកាលពីពេលលោកតានាងនៅមានជីវិតអ៊ីចឹង។
"ខេន..នេះបង—បង"
គ្រឹប!
គ្រាដែលឈីងងាកមក អ្នកដែលឈរខ្ពស់ជាងនាងអម្បាញ់មិញក៏ទម្លាក់ជង្គង់ម្ខាងចុះ គេអោនក្បាលបន្តិច មុននិងងើបឡើងស្របនឹងដៃបើកប្រអប់មួយបង្ហាញឲ្យនាងឃើញនូវចិញ្ជៀនដ៏ស្រស់ស្អាតមួយវង់នៅក្នុងនោះ។
"ចិញ្ចៀនមើលទៅវាអាចចាស់ មិនទាន់សម័យកាល តែបន្ទោសបងមិនបានទេ ព្រោះបងទិញវាតាំងពី5ឆ្នាំមុនមកម៉្លេះ បងមានបំណងចង់សុំអូនរៀបការយូរហើយឈីង ពេលនេះបងចង់សម្រេចបំណងនេះ"
"ខ..ខេន អ្ហឹក" អឺឈីងនាងយំ ស្របនឹងដៃស្រឡូនត្រូវខេនកាន់ជាប់ មិនរបេះ។
"ហ័រ អឺឈីង! រៀបការជាមួយបងទៅ" ខេនពើងទ្រូងងើយក្បាល សុំនាងរៀបការយ៉ាងមានមោទនភាព អឺឈីងឯណោះក៏ទប់លែងបាន សម្រក់ទឹកភ្នែកចុះច្រោកៗដូចទឹកបាក់ទំនប់។ នាងស្រវ៉ាអោបខេន មុននឹងងក់ក្បាលញាប់ស្អេកដូចជាម៉ាសុីនផុង។
"អូនព្រម ខេវីល អូនព្រមរៀបការជាមួយបង អ្ហឹកៗ" ខេនញញឹម បំពាក់ចិញ្ជៀនឲ្យឈីង មុននឹងទាញនាងមកអោបក្រសោបសន្លឹកផ្លាឈើរីធ្លាក់ចុះ បាចសាចដូចជាជូនពរជ័យដល់ពួកគេ ចំណែកចូវិនឯណោះក៏ទះដៃពីរនាក់ជូអឺ សប្បាយនឹងការសុំរៀបការដ៏កក់ក្ដៅមួយនោះ៕

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now