ភាគទី27៖ ជំនួបមិននឹកស្មាន

71 3 0
                                    

បង..រកអូនឃើញហើយ

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី27៖ ជំនួបមិននឹកស្មាន

"ហេតុអីក៏អូនក្លាយជាបែបនេះ....ឈីង?" ពាក្យបែបអួលដើមករបន្លឺចេញពីមាត់ខេនទាំងញីញ័រ ប្រៀបបីដូចជាពាក្យនោះខ្ចប់ទុកមកជាយូរ ពេលមានឱកាសបាននិយាយអារម្មណ៍គេក៏ហាក់មិនអាចគ្រប់គ្រងរឺសម្ដែងធ្វើជារឹងមាំបាន។ ដៃមាំប្រញាប់ដកដៃម្ខាងទៅទាញយកកូនកន្សែងដៃផ្ទាល់ខ្លួនចេញពីហោប៉ៅមក គេត្រកងកាន់ដៃអ្នកម្ខាងទៀតថ្នមៗ រួចជូតសម្អាតស្នាមប្រឡាក់ដែលបង្កឡើងពីភាពលំបាករបស់នាង មិនមែនមកពីការធ្វេសប្រហែសនោះទេ ព្រោះគេដឹងច្បាស់ថាមនុស្សដូចអឺឈីង នាងម៉ត់ចត់នឹងការងារខ្លាំងណាស់ នាងមិនងាយបង្កជាបញ្ហាទេ។
គេនឹងនាងបែកនឹងជួបគ្នាពីរលើក គឺជួបក្នុងកាលៈទេសៈដែលសាកសមរហូត គឺនាងជាអ្នកមានបញ្ហា គេជាអ្នកដោះស្រាយនិងជួយសង្គ្រោះ។
ខណៈខេនកំពុងតែជូតសម្អាតស្នាមប្រឡាក់ឲ្យខ្លួន អ្នកម្ខាងទៀតក៏នៅស្ងៀមមិននិយាយអ្វីសូម្បីតែមួយម៉ាត់។ ស្រីតូចអោនមុខចុះ ព្យាយាមសំឡឹងមើលថាតើពេលណាគេនឹងលែងដៃនាង យល់ព្រមដោះលែងនាងឲ្យមានសេរីភាព?
"អូនបាត់ទៅណា?" ផ្ទុយពីការគិតរបស់ឈីង អស់ពីជួយជូតសម្អាតដៃនាង គេមិនមានបំណងលែងដោយគេទម្លាក់ដៃចូលទៅចាប់កាន់ស្មានាងជាប់ និងបន្តសួរនាំនាងថែមទៀត។
"ឈីង..បងតាមរកអូនយូរហើយ" ដៃម្ខាងកាន់ស្មា ដៃម្ខាងកាន់ប៉ះផ្ទៃមុខដែលគេសែននឹកជាយូរមក ខេនមើលមុខនាងស្របនឹងផែនថ្ពាល់មានដាមនៅស្នាមទឹកភ្នែក ទឹកភ្នែកដែលកើតចេញពីការនឹករលឹកនឹងអារម្មណ៍ខុសឆ្គងក្នុងចិត្តគេ។
នេះអឺឈីងនៅចំពោះមុខគេមែនទេ?
គេមិនបានយល់សប្ដិទេមែនទេ?
គេពិតជារកនាងឃើញមែន..
"លោក.."
"មេត្តាលែងដៃខ្ញុំបានទេ?" សព្វនាមដែលឆ្ងាយ ហាក់ដូចជាមនុស្សមិនធ្លាប់ស្គាល់គ្នាទាល់តែសោះ អឺឈីងលើកដៃម្ខាងវាសចេញពីការកាន់របស់ខេន មុននិងងាកមុខចេញពីការចាប់កាន់របស់គេថែមទៀត។ នាងដកខ្លួនចេញឆ្ងាយពីខេន ដោយនាងប្ដូរមកជាអោនក្រាបលានាយជំនួសវិញ។
"អឺឈីង?"
"លោកប្រហែលជាច្រឡំមនុស្សហើយ សូមអភ័យទោសផង" អឺឈីងនិយាយទាំងក្បាលអោនជាប់នឹងឥដ្ឋ សុំការអភ័យទោសពីអ្នកម្ខាងទៀត។ ខេនគេមិនយល់ពីអ្វីដែលនាងនិយាយសោះ ខណៈអឺឈីងថយបំណងចង់ចេញ នាយក៏លូកទៅចាប់ដៃនាងជាប់ណែន ក្ដាប់បង្ហាញពីភាពមានៈមិនចង់ដោះលែងនាងសោះ។
"ហេតុអីក៏ឈីងនិយាយបែបនេះ? បងមិនច្រឡំទេ បងស្គាល់មនុស្សស្រីដែលបងស្រឡាញ់ជាងនរណាៗទាំងអស់ អឺឈីង" ខេនកាន់ដៃនាងជាប់ណែន មាត់វិញក៏ព្យាយាមនិយាយបកស្រាយប្រាប់អ្នកម្ខាងទៀតថាគេនឹងនាងពិតជាស្គាល់គ្នាពិតមែន។
"លែង.."
"បងមិនលែងអូនទេឈីង"
"លែង.." ការចាប់កាន់របស់ខេន បូករួមនឹងភាពមានៈមិនព្រមលែងរបស់គេ ហាក់រំលឹកអឺឈីងដល់សកម្មភាពយ៉ង់ឃ្នងដែលឪពុកនឹងអ្នកទារបំណុលអស់ទាំងនោះបានធ្វើមកលើនាង។ ស្រីតូចប្រែក្លាយមកញ័រខ្លួនហើយក៏កាន់តែព្យាយាមរើបម្រាស់ចេញពីការចាប់កាន់របស់គេ។
"ខ្ញុំ..ខ្ញុំមិនស្គាល់លោកទេ លោក..លោកមេត្តាលែងខ្ញុំទៅ"
"ខ្ញុំ..ខ្ញុំមិនស្គាល់លោកទេ មិន—"
"អាខេន ប៉ុណ្ណឹងសិនបានហើយ ឯងមិនមើលសភាពឈីងទេមែនទេ? នាងអាចមិនស្គាល់ឯងពិតមែនក៏ថាបាន ឯងកុំភ្លេចសម្ដីបុគ្គលិកនិយាយអម្បាញ់មិញឲ្យសោះ អ្នកធ្វើការនៅទីនេះភាគច្រើនសុទ្ធសឹងតែជាជនរងគ្រោះពីទង្វើហិង្សា ដូច្នេះឈីងក៏អាចជាម្នាក់ក្នុងចំណោមពួកគេដែរ ទប់អារម្មណ៍ ទប់ចិត្ត បណ្ដោយនាងឲ្យទៅសិនទៅ"
"យើងចាំនាង យើងស្វែងរកនាងមក5ឆ្នាំហើយ នេះឯងចង់ឲ្យយើងដោះលែងឈីងបានយ៉ាងម៉េច?" ខេនគេនៅប្រកែកដាច់ញ្ញតិថាគេមិនអាចដោះលែងនាងបានទេ។ ខណៈខេននិងលូហ្ស៊ីងកំពុងតែងាកទៅនិយាយគ្នា វាដូចជាហុចឱកាសឲ្យអឺឈីងបានកិលខ្លួនគេចចេញយ៉ាងលឿនជាទីបំផុត។
"ឈីង..អឺឈីងឈប់"
"អាខេន"
"សុំអភ័យទោសលោក" ក្រោយពីមិត្តរួមការងារម្នាក់ចេញទៅបាត់ ម្នាក់ទៀតក៏ចេញទៅតាមក្រោយជាប្រញាប់ ចេញទៅទាំងគោលបំណងតែមួយគឺទៅតាមអ្នកដែលរត់ចាកចេញទៅអម្បាញ់មិញនោះ។
...
អ្នកនៅខាងក្នុងចលាចលប៉ុណ្ណា គិតបែបណា នាងមិនដឹងទេ។ អឺឈីងកាលបើរកឱកាសគេចខ្លួនចេញមកបាន នាងក៏ប្រញាប់ប្រញាល់ដើរមកកាន់ធ្លាខាងក្រោយហាង ដែលមានស្រះទឹកធំទូលាយនិងមានផ្កាឈូករីកស្រស់បំព្រង រំលេចភាពល្អស្រស់នៅក្នុងនោះ។
ជើងស្រឡូនដែលរត់ចេញមកញាប់ដំណើរអម្បាញ់មិញ ពេលនេះក៏ស្រាប់តែឈប់។ បបូរមាត់ស្ងួតចេស ពេលនេះក៏ចាប់ញ័រតិចៗមុននិងទឹកភ្នែកមួយតំណក់ស្រក់តក់ចេញពីប្រឡង់ភ្នែក អឺឈីងសម្រូតខ្លួនអង្គុយចុះ ខ្ទប់មុខខ្លួនឯងយំចេញមកកណ្ដាលធ្លាដែលត្រជាក់ល្ហឹមឯណោះ។
"ហេតុអី? អ្ហឹក! ហេតុអីក៏គេមកទីនេះ?" តាមការពិតអឺឈីងនាងមិនបានបំភ្លេចគេទេ អ្វីក៏នាងនៅចងចាំ ពិសេសរឿងស្នាមស្នេហារវាងពួកគេកាលពី5ឆ្នាំមុននោះ តែនាងត្រូវតែកុហក នាងត្រូវតែធ្វើជាភ្លេច ព្រោះនាងមានហេតុផលចាំបាច់ ហេតុផលដែលមិនអាចឲ្យនាងយកខ្លួនទៅពាក់ពន្ធ័ជាមួយនិងគេទៀត។
"អាឈីង! ការពិតឯងនៅទីនេះទេរឺអាឈីង?" អ្នកដែលនៅបានជាគ្នាក្នុងបន្ទប់ជាមួយនាងអម្បាញ់មិញ ពេលនេះក៏រត់ត្រហេបត្រហបចេញមកតាម ក្រោយពីរកគ្រប់ច្រកល្ហកក្នុងហាងធំល្វឹងនោះ។
"បងអារ៉ូណា? អ្ហឹក" អឺឈីងងើបមុខឡើង ងាកបែរសំឡឹងមើលទៅបងស្រីដែលតែងតែនៅក្បែរនាង ហើយក៏តែងតែបារម្ភនិងតាមរកនាងរហូតដូចជាថ្ងៃនេះ។ អារ៉ូណាជ្រឹមចិញ្ចើម កាលបើមកដល់ឃើញប្អូនយំ នាងប្រញាប់ចូលទៅរកអឺឈីង អោបក្រសោបនាង គោះអង្អែលលួងលោមឲ្យអឺឈីងបានធូរស្រាលចិត្តបន្តិច។
"មិនអីទេអាឈីង មានបងនៅទីនេះជាមួយឯងហើយ កុំយំ"
"បងស្រី អ្ហឹកៗ" អឺឈីងយកស្មាអ្នកម្ខាងមកផ្អែក យំយែកមួយអស់ចិត្ត ត្បិតគ្មាននរណាម្នាក់អាចឲ្យនាងធ្វើជាទីពឹងក្រៅពីអារ៉ូណាទេ។ ស្រីៗអោបលួងលោមគ្នាមួយសន្ទុះ រហូតដល់អ្នកម្ខាងទៀតស្ងាត់បាត់សំឡេងយំ ទើបអ្នកមានអាយុចាស់ទុំដកខ្លួនចេញពីការអោបវិញ។
"អាឈីង ឯងជាមនុស្សស្រីរឹងមាំ ឯងអាចឆ្លងកាត់រឿងលំបាកជាច្រើន តែក៏នៅអាចក្រោកឈរបានបន្តរស់នៅយ៉ាងល្អបែបនេះ រាល់ថ្ងៃបងគ្មានពាក្យអ្វីក្រៅពីស្ញប់ស្ញែងនឹងកោតសរសើរឯងនោះទេណា៎ ប្អូនល្អរបស់បង" អារ៉ូណាលើកដៃប៉ះអង្អែលក្បាលអឺឈីងតិចៗ មុននឹងនឹកឃើញដល់រឿងដែលកើតឡើងអម្បាញ់មិញឯណោះវិញ ពិសេសវត្តមានបុរសម្នាក់ដែលមើលទៅតក់ស្លុតនិងសោកសៅពេលបានឃើញនាង។
"និយាយអ៊ីចឹង បុរសដែលស្គាល់ឯងអម្បាញ់មិញនោះ ឯងពិតជាមិនស្គាល់គេមែនហ្អេស៎?" កាលបើទទួលបានសំនួរពាក់ពន្ធ័ជាមួយខេន អឺឈីងក៏ទម្លាក់ទឹកមុខចុះ រួចបន្តអង្គុយលើស្មៅទាំងអារម្មណ៍ស្រងូតស្រងាត់បន្តទៀត។
"ខ្ញុំនិងគេ ពួកយើងចប់គ្នាដាច់ស្រេចយូរមកហើយបង មិនមានអ្វីពាក់ពន្ធ័គួរឲ្យចងចាំទៀតនោះទេ"
"តែមើលទៅគេមិនបានគិតដូចជាឯងនោះឡើយអាឈីង អេ៎! រឺមួយក៏គេអាចជាប៉ារបស់—"
"គេមានគូដណ្ដឹងហើយបង ប្រហែលជាអាចទាំងរៀបការរួចបាត់ដែរហើយក៏មិនដឹង ខ្ញុំនឹងគេមិនមានអ្វីគួរឲ្យរំលឹកទៀតនោះទេ គេរស់នៅដោយគេ ខ្ញុំរស់នៅដោយខ្ញុំ ពេលនេះខ្ញុំមានក្ដីសុខ មានគ្រួសារកក់ក្ដៅសមល្មមរួចហើយ ខ្ញុំមិនត្រូវការឲ្យនរណាយូរមកក្នុងជីវិតគ្រួសារពួកខ្ញុំទៀតនោះទេ" អឺឈីងឧទានឡើងទាំងងាកបែរទៅញញឹមស្ងួតដាក់អារ៉ូណាវិញ មុននិងនាងក្រោកឡើងបោសវាសសំពត់ រួចត្រឡប់ទៅកាន់តំបន់ផ្ទះស្នាក់ដែលជាកន្លែងសម្រាប់បុគ្គលិកគ្មានទីពឹងស្នាក់នៅទីនោះ អារ៉ូណាមិនបាននិយាយអ្វី បានត្រឹមតែលួចសំឡឹងមើលផែនខ្នងប្អូនស្រី រួចក្រវីក្បាលតិចៗ។

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now