ភាគទី78

168 7 0
                                    

រឿង : ចំណងបេះដូងមួយរាត្រី
    ភាគទី78

"ខ្ញុំបានដេកជាមួយអ្នកផ្សេងរួចហើយ" ប្រយោគដែលម៉ាខេឡាលើកឡើងនេះ បើស្ដាប់មើលទៅអាចឲ្យអ្នកផ្សេងគិតថាវាជារឿងដែលឥតកេរ្តិ៍ខ្មាស តែសម្រាប់នាង.. មកដល់ដំណាក់នេះទៅហើយ ទោះជារឿងអាម៉ាស់ខ្លាំងប៉ុណ្ណាក៏ដោយ ក៏នាងត្រូវតែនិយាយវាចេញមក បើមិនដូច្នោះ នាងច្បាស់ជាដាច់ស្លាប់ជាក់ជាមិនខានឡើយ។
   ខេនឯណោះ កាលបើបានលឺប្អូនស្រីនិយាយ គេក៏ក្រោកឡើងពីកៅអីទាំងចំកោងខ្លួន ប្រៀបដូចជាមនុស្សដែលភាំង មិនបានត្រៀមទុកអ្វីទាំងអស់។ គេបោះគោលដៅដើរសម្ដៅចូលទៅរកនាង ទឹកមុខក៏ឆ្លាក់បង្ហាញនូវអារម្មណ៍ម៉្យាងដែលគ្រាន់តែម៉ាខេឡាឃើញភ្លាម នាងក៏អោនមុខចុះ យំខ្សឹបខ្សួល ថែមទាំងអស់មួយតួខ្លួនតែម្ដង។
    ភឹប!
    ភាពភ័យខ្លាចដែលគិតថាបងប្រុសចូលមកដាក់ទោសរឺក៏ស្ដីថាឲ្យខ្លួន ពេលនេះក៏រសាយអស់ កាលបើខេនចូលមកដល់យារដៃអោបក្រសោបខ្លួនប្រាណនាង ទាញចូលកប់ក្នុងទ្រូង ជំនួសឲ្យកំហឹងនិងការស្ដីបន្ទោស។
  "ឯង..មិនអីទេមែនទេ?"
  "បង..បងខេន?" កាលបើសំនួរមួយនេះបន្លឺចេញពីមាត់បងប្រុសនាង មនុស្សប្រុសចុងក្រោយបង្អស់ដែលនាងរំពឹងគិតថានឹងលឺពីគេ បងប្រុសដែលស្រឡាញ់ទំយើតាមចិត្តនាងគ្រប់យ៉ាងរហូតដល់នាងខូច ជ្រុលផុងខ្លួនធ្វើឲ្យគាត់អាម៉ាស ពេលដឹងការពិត គាត់មិនបានស្ដីបន្ទោស មិនបានសូម្បីតែមានទឹកមុខខឹង ផ្ទុយទៅវិញគាត់បែរជាចូលមកអោបក្រសោប លួងលោមនាង សួរនាំនាងថាមិនអីទេ ទាំងដែលមេបង្កបញ្ហានឹងជាប្រុសដែលនៅពីក្រោយរឿងអស់ទាំងនេះកំពុងតែអង្គុយទ្រឹង កំសាកបំផុត។
    លូហ្ស៊ីងចោលភ្នែកសំឡឹងមើលទៅកាន់បងប្រុសស្រីទាំងពីរនាក់ដែលកំពុងតែអោបគ្នា ទឹកមុខគេមិនបានប្រែប្រួលអ្វីដែលគួរឲ្យកត់សម្គាល់ទេ លើកលែងតែកែវភ្នែក កែវភ្នែកញ័រមួយវឹបៗរបស់គេនាំឲ្យអ្នកពូកែសង្កេតនឹងអង្គុយជិតឯណោះចាប់ភ្លឹកហាក់យល់ការណ៍ភ្លាម។
    រយៈពេលប្រមាណជាពីរបីនាទីដែលបងប្អូនទាំងពីរនាក់អោបគ្នា លូហ្ស៊ីងគេមិនទម្លាក់ក្រសែភ្នែកពីពួកគេទាល់តែសោះ អារម្មណ៍បារម្ភលាយឡំនឹងភ័យព្រួយ ខ្លាចថាម៉ាខេឡានាងនឹងនិយាយប្រកាសប្រាប់ដល់អ្នកគ្រប់គ្នានៅទីនេះ, គេមិនបានត្រៀមខ្លួនសម្រាប់រឿងមួយហ្នឹងនៅឡើយទេ។
...
    នៅបន្ទប់ទឹក
  ការលួងលោមនឹងសួរនាំរបស់ខេនក៏នាំឲ្យអ្នកដែលខឹង គ្មានស្មារតីម្នាក់នេះហាក់បានភ្លឺភ្នែក សម្រួលអារម្មណ៍ខ្លួនឯងបន្តិច។ ម៉ាខេឡាមិនទាន់និយាយអ្វីបន្ត តែក៏សុំខ្លួនចេញមកបន្ទប់ទឹកតែម្នាក់ឯង ដោយយកលេសថាមិនស្រួលពោះ ទាំងដែលការពិតនាមកឈរលុបមុខ សម្រួលអារម្មណ៍នៅទីនោះសោះ។
សា! ឈូ...
ទឹកត្រជាក់ៗត្រូវក្បង់ឡើងដោយដៃ ជះសាចទៅលើផ្ទៃមុខ ម៉ាខេឡាឈរសំឡឹងមើលទៅមុខមាត់សើមជោគរបស់ខ្លួននៅក្នុងកញ្ចក់ ពិសេសកែវភ្នែកល្អក់កករដែលបៀមជាប់នូវទុក្ខកង្វល់ជាច្រើនដែលនាងខ្លួនឯងក៏មិនដឹងថាអាចទ្រាំទ្របានយូរប៉ុណ្ណាទៀតដែរ។
"អ..អ៊ួក" អារម្មណ៍កំពុងតែមិនស្រណុក ខ្លួនប្រាណឯណោះក៏បែរជាធ្វើទុក្ខឲ្យនាងក្អួតចង្អោរភ្លាមៗទាំងមិនមានឲ្យជាសញ្ញាណអ្វីមុនសោះ។ ម៉ាខេឡាក្អួតវ៉កៗនៅនឹងឡាបូលាងដៃ ក្អួតសឹងតែទន់អស់ដៃអស់ជើងទៅហើយ កុំតែបានដៃមួយចូលមកជួយនាង ក្រសោបប៉ះខ្លួន ថែមទាំងជួយលើកបួងសក់នាងថែមទៀត ដែលជាហេតុនាំឲ្យអ្នកម្ខាងទៀតបានដឹងថាអ្នកដែលជួយនោះ អាចជាមនុស្សស្រី។
"ជា..ជាបងថ្លៃមែនទេ?"
"អត់ទេ! គឺខ្ញុំ..." សំឡេងមនុស្សគ្រលរបែបមនុស្សស្រី បន្លឺចេញមកលាយនឹងភាពម៉ត់ចត់ អាចឲ្យម៉ាខេឡាដឹងនឹងស្គាល់ច្បាស់ថាជានរណា ទើបនាងបម្រាស់ខ្លួនប្រាណចេញ លែងចង់ទទួលការជួយនោះបន្តទៀត។
"មិនស្រួលខ្លួន? តិចមានគភ៌.." ដោយសារតែអាការៈម៉ាខេឡាមើលទៅវាស្រដៀងខ្លាំង ដូចដែលអ្វីដែលមនុស្សស្រីទូទៅបានដឹង ពិសេសអ្នកដែលស្រឡាញ់នឹងចង់បានក្មេងដូចជាក្លារ៉ា ទើបនាងយល់ឃើញថា ម៉ាខេឡាប្រហែលជាកំពុងតែមានសញ្ញាណដូចជាអ្នកមានទម្ងន់អ៊ីចឹង។
"វាជារឿងរបស់ខ្ញុំទេអ្នកនាង បើសិនជាអស់ការអីហើយ ខ្ញុំក៏សុំលា" ម៉ាខេឡាគិតថានៅទីនេះ វាក៏មិនមានផលអ្វីល្អសម្រាប់ខ្លួនដែរ ទើបនាងប្រញាប់សុំដកខ្លួនចេញយ៉ាងសមរម្យបំផុត ជៀសវាងការនិយាយអ្វីចេញមកមិនបានគិតដូចជានាងបានធ្វើអម្បាញ់មិញ។
"ប៉ាគេដឹងទេ?"
"អ្នកនាងចង់បានអី? បើសិនជាខ្ញុំមានរឺក៏មិនមាន តើវាទាក់ទងអីជាមួយនឹងអ្នកនាងទៅ អ្នកនាងក្លារ៉ា?" ដោយសារតែស៊ាំនឹងពាក្យសួរដេញដោលខ្លាំងពេក ទើបរាងស្ដើងងាកបែរទៅស្ដីថាឲ្យទាំងចិត្តណែនផ្អឹះពិបាកនឹងទប់ ក្លារ៉ានាងប្រើក្រសែភ្នែកត្រជាក់ សំឡឹងបែរមើលទៅកាន់អ្នកម្ខាងទៀតវិញ មុននឹងលូកលាងសម្អាតដៃក្នុងឡាបូបន្តិច។
"នាងជាប្អូនរបស់ខេន ក៏ដូចជាប្អូនរបស់ខ្ញុំ ខ្ញុំសួរនាំក៏ព្រោះបារម្ភ ហើយក៏មិនចង់ឲ្យនាងគិតខុស ពេលខ្លះការលាក់បាំងនឹងសម្ងំបៀមទុក្ខ វាមិនមែនជារឿងល្អនោះទេ បើសិនជាមិនចង់ឈឺចាប់ក៏កុំលាក់បាំង ព្រោះអាថ៌កំបាំងវាមិនមានទេនៅលើលោកនេះ" ក្លារ៉ាលាងសម្អាតដៃរួច លូកដៃទាញកូនកន្សែងដៃមួយពីហោប៉ៅអាវមក ដែលគ្រាន់តែឃើញម៉ាខេឡាក៏ខាំមាត់ប្រឹងទប់ទឹកភ្នែក ព្រោះកន្សែងដៃនោះពីមុននាងក៏ធ្លាប់ប្រើ ហើយមនុស្សតែម្នាក់ដែលមានកូនកន្សែងប្រភេទនោះគឺមានតែម្នាក់ប៉ុណ្ណោះ...
គឺលូហ្ស៊ីង...
នេះពួកគេត្រូវរ៉ូវគ្នាហើយមែនទេ? ក្លារ៉ានឹងលូហ្ស៊ីងពិតជាមានចំណងស្អិតរមួតនឹងគ្នា កាត់មិនដាច់ដូចជាលូហ្ស៊ីងនិយាយពិតមែនរឺ? បើបែបនេះមែន... នាង ក្នុងចំណោមពួកគេ គឺជាអ្នកទីបីសុទ្ធសាធ ព្រោះថាអ្នកដែលគេជ្រើសរើសយកពិតប្រាកដមែននោះគឺជាក្លារ៉ា តាំងតែពីដើមរហូតមកដល់ពេលនេះ។
"ឱកាសវាមិនចេះតែមាននោះទេម៉ាខេឡា វាដូចជាកាបូបមួយដែលដាក់តាំងលក់នៅក្នុងផ្សារអ៊ីចឹង បើនាងមើលហើយមិនទិញ គង់តែមានអ្នកផ្សេងដែលចង់បានមកយកវាទៅដោយមិនគិតច្រើន នេះហើយដែលគេហៅថា ការប្រកួតប្រជែងក្នុងជីវិតមនុស្ស" ក្លារ៉ានិយាយរួចនាងក៏ទម្លាក់កូនកន្សែងដៃនៅក្នុងដៃម៉ាខេឡា រួចអង្អែលក្បាលនាងតិចៗ មុននឹងចេញទៅខាងក្រៅបាត់។
"ហ្អា៎..អ្ហឹកៗ" ម៉ាខេឡាទន់ខ្លួន សម្រូតអង្គុយចុះតែម្នាក់ឯងក្នុងបន្ទប់ទឹកត្រជាក់ស្រេបនោះ ដៃដែលមានកាន់កូនកន្សែងដៃក៏ក្ដាប់ណែន ដូចជាច្របាច់បេះដូងខ្លួនឯងឲ្យបែកខ្ទេចអស់ក្នុងពេលមួយប៉ព្រិចភ្នែកនោះ។ ភ្នែកនាងស្រវាំង បាំងបិទដោយទឹកថ្លាដូចជាកញ្ចក់ហូរស្រក់មកមិនឈប់ ដូចជាចង់ជនលិចនាងឲ្យស្លាប់។
ឌឹប!ឌឹប..
ម៉ាខេឡាលើកដៃម្ខាងគក់ទ្រូងខ្លួនឯង គក់យំចេញមកទាំងមិនមានសំឡេង ដែលវាធ្វើឲ្យនាងកាន់តែឈឺចាប់។
(ហេតុអី? ហេតុអីក៏ជីវិតលេងសើចនឹងខ្ញុំបែបនេះ?)
(ខ្ញុំធ្លាប់ធ្វើខុសលើនរណាខ្លះ? អ្ហឺ អ្ហឹក)

សង្ឃឹមថានឹងពេញចិត្តណា៎ 🌸✨

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now