ភាគទី93

257 15 0
                                    

រឿង : ចំណងបេះដូងមួយរាត្រី
    ភាគទី94

    រឿងរ៉ាវរវាងម៉ាខេឡានឹងលូហ្ស៊ីងហាក់មើលទៅដោះស្រាយរលូនជាមួយនឹងគ្នាខ្លាំង មិនរកាំរកូស ទាស់ពាក្យសម្ដីគ្នាដូចជាកាលពីមុនៗទេ ពួកគេជ្រើសយកការទទួលយកគ្នាទៅវិញទៅមក ក្រោមនាមថាធ្វើដើម្បីកូនដូចគ្នា។ លូហ្ស៊ីងបីក្រសោបនាំខ្លួនអ្នកដែលដេកលង់លក់ចេញពីបន្ទប់សម្រាកព្យាបាល បន្តសម្ដៅទៅរកឡានវិញ មានបំណងចង់យកនាងទៅផ្ទះ នៅទីនេះអាកាសធាតុវាមិនល្អ សម្រាប់អ្នកមានទម្ងន់ដូចជានាងទេ ដូច្នេះហើយនាងត្រូវតែទៅផ្ទះជាប្រញាប់។
  "ចៅហ្វាយ" កាលបើចេញមកដល់ខាងក្រៅពេទ្យភ្លាម កូនចៅជំនិតក៏រត់ស្ររចូលមកទាំងទឹកមុខត្រេកអរមិនស្ទើរ ពេលបានឃើញថាអ្នកនាងគេមិនបានកើតអីនោះ។
  "ចៅហ្វាយគិតយកអ្នកនាងម៉ាខេឡាទៅផេនហោស៍មែនទេទាន៎?"
  "ទេ! យើងយកនាងទៅផ្ទះលំហែសិន នៅផេនហោស៍មិនទាន់បានរៀបចំ យើងមិនចង់ឲ្យនាងនឹងកូនស្មុគទេ" ចូវិនទទួលស្ដាប់រួចក៏ងក់ក្បាលតិចៗ យល់ស្របតាមការយល់ឃើញរបស់ចៅហ្វាយដែរ។
  "និយាយអ៊ីចឹង..ឯង! មានបានដំណឹងអីពី..ក្លារ៉ាទេ?" ដៃអោបម៉ាខេឡាជាប់ក៏ពិតមែន តែអារម្មណ៍គេនៅតែសួរនាំ ចង់ដឹងពីមនុស្សស្រីម្នាក់នោះទៀត ចូវិនគេរៀងទម្លាក់ទឹកមុខបន្តិចដែរ តែក៏នៅតែឆ្លើយតបវិញ ព្រោះវាជាតួនាទីដែលចៅហ្វាយបានដាក់ឲ្យគេទៅហើយ។
  "អ្នកនាងក្លារ៉ាគាត់បកត្រឡប់ទៅជប៉ុនវិញហើយទាន៎"
  "នាងទៅជាមួយ—"
  "អតីតគូដណ្ដឹងរបស់គាត់ទាន៎ ពួកគាត់មើលទៅដូចជាចុះសម្រុងគ្នាជាថ្មីម្ដងទៀតហើយទាន៎" លឺចូវិននិយាយថាក្លារ៉ានឹងគូដណ្ដឹងគេត្រូវគ្នាវិញ លូហ្ស៊ីងក៏មានអារម្មណ៍ថាឈឺចាប់មិនតិចដែរ ហើយក៏ថែមទាំងគិតមិនយល់ទៀត។
  "វាធ្វើឲ្យនាងយំ រត់មកផឹកស្រាស្រវឹងអួទីនួប៉ុណ្ណឹងទៅហើយ នាងក៏នៅបកត្រឡប់ទៅរកនាងវិញទៀត ហ៊ឹម! តែណ្ហើយ.. ដូចជាគេនិយាយ វាសនាមនុស្សកំណត់មិនបានពិតមែន" លូហ្ស៊ីងឧទានឡើងទាំងព្រលែងខ្យល់ដង្ហើមធ្ងន់ គេបីក្រសោបខ្លួនម៉ាខេឡា រួចបន្តដើរទៅកាន់ឡានដែលចូវិនចតទុកជាស្រេច ហើយចេញទៅជាមួយគេ ទុកឲ្យកូនចៅផ្សេងយកឡានគេបើកមក ត្រឡប់ទៅវិញ។
  "ហ៊ឹម" ឡានចាប់បង្វិលកង់ចេញ ម៉ាសុីនត្រជាក់ក៏ជះខ្យល់មកប៉ះរាងកាយអ្នកកំពុងតែដេក នាំឲ្យនាងពើតរមួលខ្លួនទាំងដែលនាងកំពុងតែនៅក្នុងរង្វង់ដៃរបស់លូហ្ស៊ីងឯណោះ។ កាយមាំជ្រឹមចិញ្ចើមបន្តិច រួចក៏ដោះអាវធំយកមកដណ្ដប់ខ្លួនពីមុខឲ្យនាង ដៃម្ខាងក៏អឹបខ្លួននាងមកចូលកាន់តែកៀក ដើម្បីឲ្យនាងបានកក់ក្ដៅជាងមុន។
  "និយាយអ៊ីចឹង ខេនគេមកប៉ុន្មានថ្ងៃទៅនាលើកនេះ?" ដើម្បីកុំឲ្យក្នុងឡានស្ងប់ស្ងាត់ លូហ្ស៊ីងគេក៏សួរព័ត៌មានពីកូនចៅបន្ថែមទៀត។ ចូវិនងាកមើលចៅហ្វាយតាមកញ្ចក់ ឃើញគេអោបនឹងមើលថែអ្នកក្នុងដៃជាប់ គេក៏មានអារម្មណ៍ល្អ និយាយបន្តទៀត។
  "មិនប្រាកដដែរទាន៎ តែលឺថាអ្នកប្រុសខេនមកលើកនេះ ដូចជាមិនបានសុំត្រឹមវីសាមកលេងធម្មតាទេ គាត់ដូចជាស្នើសុំចូលសញ្ជាតិថែមទៀត"
  "ស្អីគេ?" លូហ្ស៊ីងគេលាន់មាត់ភ្លែត នេះខេនគេគិតចង់ធ្វើអីឲ្យប្រាកដលើកនេះ?
  "ខ្ញុំគិតថាអ្នកប្រុសខេនប្រហែលជាស្វែងរកភាពគ្រប់គ្រាន់ក្នុងជីវិតគាត់ឃើញហើយទាន៎ គាត់ដឹងថាអ្នកនាងអឺឈីងមិនអាចបោះបង់គ្រប់យ៉ាងដើម្បីទៅជាមួយគាត់បាន ដូច្នេះគាត់ក៏មានតែលះបង់ដើម្បីអ្នកនាងនឹងកូនវិញ"
  "ចុះការងារការទូតរបស់គេនោះ? គេខំប្រឹងខ្លាំងណាស់ គេមិនអាចចោលវាបានដោយងាយៗបែបហ្នឹងទេ" លូហ្ស៊ីងនិយាយផង គិតផង ព្រោះការសម្រេចចិត្តរបស់ខេន វាជារឿងមួយដែលធំខ្លាំងណាស់ បើសិនជាគេគិតចង់មកនៅទីនេះ គេក៏ត្រូវតែបោះបង់គ្រប់យ៉ាងនៅទីនោះ។
  —
    សំណាក់ហ័រ
    យប់យន់ទន់ទេរបានឈានចូលមកដល់ទៀត សំណាក់ដែលកាលពីថ្ងៃមានមនុស្សអ៊ូអរ ចេញចូលហាត់គុណ ពេលនេះក៏ត្រូវបិទទ្វារ ទុកឱកាសឲ្យគ្រួសារទាំងមូលបានចួបជុំគ្នា ញ៊ាំអាហារពេលល្ងាចវិញ។
  "ប៉ា..ប៉ាហាមាត់ អា៎!!!!"
  "អា៎...ហ៊ឹម" នាងល្អិតជូអឺរត់កាន់សាច់ចង្កាក់ដែលម្ដាយអាំងឆ្អិន រត់ត្រុយយកមកបញ្ចុកឪពុក ខេនក៏ញញឹមបន្ទន់ខ្លួន ហាមាត់ចាំកូនបញ្ចុក រួចទំពារយ៉ាងឆ្ងាញ់ ផ្ដល់កម្លាំងចិត្តឲ្យអ្នកខំបញ្ចុកញញឹមសឹងតែរហែកថ្ពាល់។
  "ឆ្ងាញ់ណាស់លោកអើយ នេះឆ្ងាញ់មកពីគ្រឿង រឺមកពីព្រះនាងតូចរបស់ប៉ាបញ្ចុកទៅ?"
  "ទាំងពីរដឹង? ហិហិ ចាំកូនយកផ្សិតភ្លៅមាន់ឲ្យប៉ាម្ដង ហូបឲ្យច្រើន ឆាប់ជាណាប៉ាណា៎"
  "អាជូហ្អា៎ ប៉ាយកញ៊ាំខ្លួនឯងបាន កូនរត់ទៅមកៗហត់ខ្លាំងណាស់ណា៎កូន"
  "ឲ្យតែអាជូសប្បាយចិត្ត ឲ្យកូនធ្វើទៅបង កូនគេខានបាននៅជាមួយបង ស្និតស្នាលជាមួយបងយូរហើយ នាងក៏នឹក" ប្លែក! ត្រង់ថាពេលនេះអឺឈីងនាងមិនទំយើកូនច្រើន នាងបណ្ដោយកូនឲ្យធ្វើការងារ ធ្វើតាមការពេញចិត្ត ដូច្នេះហើយជូអឺនាងក៏រីករាយហើយរឹងមាំជាងមុនគួរឲ្យកត់សម្គាល់ណាស់។
  "អាឈីងនិយាយត្រូវ តាំងពីអាឈីងបណ្ដោយអាជូមក អាការៈនាងក៏បានល្អប្រសើរខ្លះ ដៃនាងក៏មិនសូវញ័រ ហើយក៏រហ័សរហួនច្រើនណាស់"
  "ពេលអូនជា អូននឹងឲ្យម៉ាក់បង្ហាត់គុណអូនដែរ ហិហិ ប៉ាប៉ាចាំមើលហូវ" បានអ៊ំប្រុសនឹងម្ដាយសរសើរ នាងល្អិតជូអឺក៏អួតសរសើរខ្លួនឯងភ្លាម នាំឲ្យគ្រប់គ្នាសើចបន្តិច។
    ទីង!ទីង..
    សុខៗទូរសព្ទ័ខេនក៏មានអ៊ីម៉ែលផ្ញើចូលមក ចំពេលដែលអឺឈីងលើកសាច់ចង្កាក់មកដាក់លើគ្រែក្បែរខ្លួនខេន។ ភ្នែកមិនមានបំណងចង់មើល តែគ្រលៀសមួយឆ្វាច់ក៏ឃើញថាជាសារពីខាងការទូតនៅអង់គ្លេស។
  "បងមើលទៅ ប្រហែលមានការងារចូលទៀតហើយដឹង?" ឃើញសារចូលមក អឺឈីងក៏រៀងខូចចិត្ត ត្បិតដឹងថានាងអាចនឹងអស់ពេលនៅជាមួយខេនទៀតហើយ ព្រោះពួកគេចួបគ្នាមិនទាន់បានប៉ុន្មានផង តែនាងក៏មិនឃាត់ ព្រោះការងារគេធំណាស់ មិនអាចមកកាត់ផ្ដាច់ដើម្បីមនុស្សស្រីតូចទាបដូចជានាងទេ។
    ខេនកាន់ទូរសព្ទ័ជាប់ រួចចូលទៅអោបចង្កេះអឺឈីងពីក្រោយណែន មុននឹងយកទូរសព្ទ័មកបើកមើលព្រមគ្នាជាមួយនឹងប្រពន្ធ។
  "ខេន.. អូនមិនចង់ដឹងពីការងារបងទេ លែងអូន"
  "កុំរើ ហើយមើលជាមួយបង.." ថារួចខេនក៏បើកមើលបង្ហាញឯកសារព្រមព្រៀងមួយដែលចេញជាផ្លូវហើយខ្លឹមសារក៏ធ្វើឲ្យទឹកថ្លាមួយតំណក់ស្រក់ចុះតាមប្រឡង់ភ្នែករបស់អឺឈីងតែម្ដង។
  "លិខិតទទួលបានសញ្ជាតិ... នេះបង..."
  "ហ៊ើយ! ពេលនេះបងរត់តាមកូនស្រីគេមកនៅចិនហើយ ជួយចិញ្ចឹមបងផងណា៎ ស្រីឆ្នាស់"

សង្ឃឹមថានឹងពេញចិត្តណា៎ 🌸✨

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now