ភាគទី09៖ អាចទេ ជំនួបលើកទីពីរ?

96 5 0
                                    

អូនបដិសេធមិនជួបបង ដឹងអត់ធូងប្រុសចាស់នេះវាឃាំឃា

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី09៖ អាចទេ ជំនួបលើកទីពីរ?

ក្រោយពីព្យាយាមបកស្រាយចប់អស់សេចក្ដីហើយនៅតែមិនបានផលសោះ លូហ្ស៊ីងក៏ទម្លាក់ទូរសព្ទ័ចុះ ស្របនឹងក្រសែភ្នែកងាកបែរទៅចំអ្នកដែលអង្គុយស្ដាប់ទាំងអន្ទះសារឯណោះ។ ខេនព្យាយាមសំឡឹងមើលមុខមិត្ត បួងសួងសូមឲ្យគេទទួលបានដំណឹងល្អ បានជួបអឺឈីងឆាប់ៗ តែក្ដីរំពឹងទាំងប៉ុន្មានត្រូវរលាយអស់ត្រឹមការក្រវីក្បាលទៅមករបស់លូហ្ស៊ីង។
"ហេតុអី? ក្រែងអឺឈីងជាក្មេងដែលឯងរកមកមែនទេ? ឯងប្រាកដជាអាចរកនាងឃើញ យ៉ាងហោចក៏ដឹងពីអាស័យដ្ឋាននាងដែរ"
"វាគ្មានបានការទេអាខេន ក្មេងម្នាក់នោះបានទទួលលុយរួចនាងក៏បាត់ស្រមោលសូន្យ សូម្បីតែចែដែលជាអ្នកនាំគាត់ក៏ប្រាប់ដែរថានាងមិនមែនជាក្មេងក្រោមការគ្រប់គ្រងរបស់គាត់ទេ នាងមកបម្រើឯងព្រោះនាងមានបញ្ហារឿងលុយកាក់ ត្រូវការបន្ទាន់—"
"យើងបានគិតរួចហើយ ថាមិនមែននាងគ្មានបញ្ហាអ្វីហើយនាងមកយកខ្លួនល្អស្អាតដោះដូរបែបនេះទេ អឺឈីងកំពុងតែមានរឿង" ខេនពោលទាំងមុខស្ងប់ តែក្នុងចិត្តគេវិញ ពុះកញ្ជ្រោលដូចជារលកសមុទ្របក់គួច។
...
ល្ងាចថ្ងៃដដែល
ម៉ោង6និង30នាទី នាទីក្រុងសៀងហៃ
ឡានខ្មៅរលើបបើកចេញពីបរិវេណផេនហោស៍ធំទូលាយដែលជាកម្មសិទ្ធិរបស់គ្រួសារលំដាប់សេដ្ឋីប្រចាំទីក្រុង។ អ្នកបញ្ជាចង្កូតក៏យកចិត្តទុកដាក់បើកបរ សំឡឹងជាប់ទៅផ្លូវខាងមុខ ចំណែកអ្នកនៅបាំងខាងក្រោយឯណោះ ភ្នែកនឹងអារម្មណ៍ក៏សំឡឹងឆ្លុះមើលទៅតាមកញ្ចក់ខាង ស្លុងអារម្មណ៍លែងមាត់ករអ្វីទាំងអស់។
(លោកជាអ្នកមាន លោកម្ដេចនឹងយកពីរឿងអស់ទាំងហ្នឹងទៅ? លោកមានលុយជាអ្នកទទួលយកសេវា លោកម្ដេចនឹងយល់ថាអ្នកផ្ដល់សេវាឲ្យលោកគេស្ថិតក្នុងស្ថានភាពបែបណា មានរឿងអ្វីខ្លះនោះ?)
(នាងឃ្លានទេ?)
(ខ្ញុំមិនញ៊ាំអាហារអស់ទាំងហ្នឹងទេ)
(វាថ្លៃណាស់ ខ្ញុំមកទីនេះដើម្បីរកលុយ មិនមែនមកចំណាយលុយទេ)
កាន់តែគិតពិចារណា ទើបខេនកាន់តែនឹកឃើញថាអឺឈីងក៏រំលឹកពីរឿងលុយចំពោះមុខគេម្ដងជាពីរដង។
"បើនាងត្រូវការលុយ ហេតុអីក៏មិនប្រាប់ត្រង់? ខ្ញុំនឹងជួយនាង ប៉ុន្មានសែន ប៉ុន្មានលានខ្ញុំក៏ព្រម អឺឈីង" ពេលកន្លងទៅច្រើនម៉ោងទៅហើយដែរ តែរូបកាយនិងឈ្មោះស្រីកំណាន់មួយរាត្រីម្នាក់នោះនៅដក់ជាប់ក្នុងខួរក្បាលខេនជានិច្ច បំភ្លេចរឹតតែមិនបាន។
"នាងអាយុទើបតែ21ឆ្នាំ បើនៅក្នុងគ្រួសារនៅអង់គ្លេស នាងប្រៀបដូចជាព្រះនាងតូចក្នុងគ្រួសារ បើសិនជាគ្រួសារអ្នកធូរធារទៀត នាងក៏នឹងត្រូវគេងសោយសុខក្នុងផ្ទះធំដូចជាវិមាន មានអ្នកបម្រើជុំខ្លួន មិនចាំបាច់លំបាក"
"តែអឺឈីង.. នាងនៅក្មេងតែមានបញ្ហារឿងលុយកាក់ ទ័លច្រកដល់ថ្នាក់ត្រូវដាក់ខ្លួនមកប្ដូរជាមួយលុយចំនួនតិចតួចបែបនោះ នាង..នាង" ដៃមាំនៅលើពូកឡាន ពេលនេះក៏ក្ដាប់ណែន ជាគូនឹងអារម្មណ៍អួលណែនចុកដែលសាយភាយពេញដើមទ្រូងជាកូនប្រុសរបស់គេ។ គេអាណិតលើសពីអាណិតនាងទៅទៀត បើមានឱកាសបានជួបនាង គេចង់សួរនាំនាង ចង់ដឹងពីស្ថានភាពរស់នៅរបស់នាង ហើយអ្វីដែលសំខាន់ជាងនោះ...
គេចង់ទទួលខុសត្រូវលើខ្លួននាង!
"អ្នកប្រុសខេន 5នាទីទៀតពួកយើងនឹងទៅដល់សាលជប់លៀងហើយទាន៎"
"អឺម ចាំដាក់ខ្ញុំចុះហើយ ឯងត្រឡប់ទៅរកចៅហ្វាយឯងវិញចុះ ចូវិន" ខេនប្រមូលអារម្មណ៍ រៀបចំទាញសារ៉េអាវធំខ្លួនរួចជាស្រេច ភ្នែកវិញក៏សំឡឹងមើលទៅផ្លូវខាងមុខដែលបង្ហាញពីពន្លឺភ្លើងពណ៌អម បង្ហាញថាគេបានមកដល់សាលពិធីជប់លៀងហើយ។
"អ្នកប្រុសទៅសប្បាយនឹងពិធីចុះ អ្នកប្រុសលូហ្ស៊ីងក៏នឹងព្យាយាមតាមរកអ្នកនាងតូចម្នាក់នោះដូចគ្នា" កាលបើចូវិនប្រើសព្វនាមសមរម្យដាក់អឺឈីង វាក៏ជួយឲ្យខេនញ៉ោចស្នាមញញឹមតិចៗហាក់បីដូចជាសប្បាយចិត្ត។ គេបើកទ្វារឡានចុះ ស្របនឹងភ្លេងតន្ត្រីបុរាណប្រគុំឡើងលាន់រន្ទឺពីខាងក្នុងមក រាងខ្ពស់មិនបង្អង់យូរក៏ប្រញាប់ចូលទៅខាងក្នុងភ្លាមតែម្ដង។

តន្ត្រីបុរាណប្រគុំលាន់លឺល្ហឹមៗដូចជាខ្យល់ត្រជាក់ បោកបក់ចូលត្រចៀកម្ចាស់កាយតូចស្ដើងដែលនៅឈររានហាលខាងក្រោយចង្ក្រានអាហារដែលកំពុងតែមានមនុស្សមមាញឹកឯណោះ។ ត្របកភ្នែកតូចស្ដើងបិទចុះ ស្របនឹងដៃស្រឡូនសងខាងត្រដាងទទួលយកខ្យល់ត្រជាក់ដែលបក់ផាត់មកប៉ះខ្លួនប្រាណក្នុងពេលនោះ។
"អឺឈីង"
"អឺឈីងប្រញាប់រៀបចំខ្លួនទៅ នឹងអាលបានចេញទៅជួយបម្រើការ" សំឡេងស្រែកបែបដាស់តឿនចេញពីមាត់មេការ ក៏នាំឲ្យអ្នកកំពុងតែ
ស្មឹងស្មាថគិតប្រញាប់លុបចោលគំនិតខ្លួន រួចងាកបែរមកទទួលឆ្លើយនឹងការហៅរបស់មេការវិញ។
"ចាស៎បង" សំឡេងស្រួយស្រៈបន្លឺចេញពីមាត់អឺឈីង នាំឲ្យអ្នកហៅអម្បាញ់មិញញ៉ោចស្នាមញញឹមថែមទាំងងក់ក្បាលតិចៗ។ អឺឈីងឯណេះនាងក៏មិនបង្អង់ប្រញាប់ប្រញាប់លើកសងបួងឡើង រួចចូលទៅបំពេញការងារសំខាន់ដែលនាងត្រូវធ្វើនៅថ្ងៃនេះ។

សំឡេងមនុស្សអ៊ូអរ ពេញក្នុងកន្លែងជប់លៀងដ៏ធំទូលាយ អាចនិយាយបានថាពិធីធំសម្រាប់ចុងឆ្នាំនេះ។ អឺឈីងនាងក៏ចេញមកក្នុងឈុតអ្នកបម្រើការអាហារដូចគ្នាទៅនឹងអ្នកគ្រប់គ្នាដែលមកពីហាង ថ្ងៃនេះហាងរបស់នាងត្រូវបានជ្រើសរើសឲ្យចម្អិននិងបម្រើអាហារជូនដល់អ្នកការទូតមកពីបណ្ដាប្រទេសជាច្រើន មិនតែប៉ុណ្ណឹងបុគ្គលិកម្នាក់ៗក៏នឹងបានលុយបន្ថែមក្នុងចំនួនច្រើនទៀត ដូច្នេះហើយអឺឈីងនាងមិនអាចរំលងបានទេ។
"សូមអញ្ជើញពិសារតែលោក អាហារនឹងមកដល់នៅ5នាទីទៀត"
"សូមស្វាគមន៍លោក.." សំឡេងពិរោះរណ្ដំរបស់នាង ហាក់នាំស្នាមញញឹមដល់ភ្ញៀវដែលចូលមកជាបន្តបន្ទាប់នោះ អឺឈីងទទួលរាក់ទាក់ពួកគេយ៉ាងម៉ត់ចត់ ព្រមជាមួយស្នាមញញឹមស្រស់បំព្រងដូចជាផ្កាត្រូវទឹកសន្សើម។
"សំឡេងពិរោះណាស់នេះនាងតូច ម៉ោះមកនេះចាំពូឲ្យធីបឯង" ដោយឃើញនាងមើលទៅក្មេង អ្នកជាចាស់ទុំក៏មានចិត្តអាណិតសន្ដោសដកលុយពីហោប៉ៅមួយចំនួនហុចទៅឲ្យនាង អឺឈីងដំបូងនាងក៏មិនទាន់ហ៊ានទទួលដែរ តែក្រោយងាកឃើញមេការនិងទទួលបានការងក់ក្បាលអនុញ្ញាតរួចទើបនាងទទួលយក។
"អរគុណលោកពូណាស់ អរគុណ" អឺឈីងអោនក្បាលគោរពគាត់ម្ដងហើយម្ដងទៀត រួចទើបដើរទៅក្នុងវិញ ដើម្បីយកលុយដែលរកបានទៅទុក។
ដំណើរដើរចេញទៅរបស់នាងក៏ស្របគ្នាជាមួយដំណើរដើរចូលរបស់រាងកាយខ្ពស់ក្នុងឈុតអាវធំសមសួនសាកសមជាអ្នកការទូតវ័យក្មេង។
"ខេន! ម៉ោះអង្គុយខាងណេះមក"
"បាទ៎ លោក"បុរសចំណាស់ចិត្តបុណ្យអម្បាញ់មិញក៏បក់ដៃហៅខេនឲ្យចូលមកអង្គុយកន្លែងក្បែរខ្លួន ព្រោះគាត់បានចាប់កន្លែងទុករួចជាស្រេច ចាំតែគេមកដល់ប៉ុណ្ណោះ៕

បងនឹងអូនជ្រួសគ្នាបន្តិចហើយណ៎

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now