ភាគទី13,14៖ នាងនៅចំណុចណា គេនៅចំណុចណា

108 3 0
                                    


រឿង៖ចំណងបេះដូងមួយរាត្រី
ភាគទី13,14៖ នាងនៅចំណុចណា គេនៅចំណុចណា

ការនិយាយគ្នាតាមទូរសព្ទ័រវាងអឺឈីងនឹងមេការក៏ត្រូវបានបញ្ចប់ បើទោះបីជាមេការគាត់មិនបានស្ដីថាឲ្យនាងក៏ដោយចុះ តែអ្វីដែលធ្វើឲ្យនាងមិនស្រណុកចិត្តនោះគឺការដែលនាងគ្រាន់តែចេញបាត់ភ្លាម ស្រាប់តែមានបុគ្គលិកផ្សេងមកបម្រើការជំនួសភ្លែត វាហាក់ដូចជាមិនសាកសមទាល់តែសោះ នាងគ្រាន់តែសង្ឃឹម សង្ឃឹមថាខេននឹងមិនប្រើប្រាស់លុយជួយនាងទៀតចុះ។
"និយាយអ៊ីចឹងលោក.."
"ហ៊ឹម?" ដំណើរបោះជំហាននាំមុខរបស់ខេនក៏ត្រូវផ្អាក កាលបើអ្នកដែលដើរតាមក្រោយឯណោះហៅខ្លួន។
"ខ្ញុំថាពួកយើងបែកផ្លូវគ្នាត្រឹមនេះហើយ ខ្ញុំនឹងចាំឡើងឡានក្រុងជើងបន្ទាប់ទៅផ្ទះ"
"អត់ទេ!" ខេនឆ្លើយបដិសេធមិនទាក់អីសូម្បីតែបន្តិច គេរកនាងពិបាកសឹងតែស្លាប់ហើយ តើឲ្យគេបណ្ដោយនាងឲ្យទៅឆ្ងាយក្រសែភ្នែកបានយ៉ាងម៉េច? មិនអាចទៅរួចទេ។
"ចាំខ្ញុំជូននាងទៅផ្ទះ"
"មិនចាំបាច់ទេ ខ្ញុំទៅដោយខ្លួនឯងបាន" អឺឈីងឯណេះក៏ចំណាប់រឿងបដិសេធមិនធម្មតាដែរ គ្រាន់តែខេនដាក់សំណើរភ្លាម នាងក៏ប្រកែកភ្លែត នាងមិនអាចឲ្យគេទៅឃើញផ្ទះនាងបានទេ មិនអាចជាដាច់ខាត។
"លោកអញ្ជើញទៅចុះ ខ្ញុំមិនចង់រំខានលោកទៀតទេណា៎ ចាត់ទុកថាខ្ញុំសុំលោកទៅចុះ"
"មិនបាន ព្រោះខ្ញុំមិនទុកចិត្ត.." វេលានេះខេនមិននិយាយតែមាត់ទេ ជើងគេក៏ឈានចូលមកកាន់តែជិត ដៃវិញក៏លើកឈ្លីក្បាលអ្នកជិតខ្លួនតិចៗបង្ហាញពីការបារម្ភលើសលប់ដែលកប់ទុកក្នុងក្រអៅបេះដូង។
"អម្បាញ់មិញនាងធ្លាក់មកពីទីខ្ពស់ណាស់ ចុះបើនាងភ្លេចភ្លាំង វង្វេងរកផ្លូវទៅផ្ទះមិនឃើញនោះ"
"នែលោក..ខ្ញុំធំហើយ មិនមែនក្មេងដែលគ្រាន់តែរបួសបន្តិចហើយក្រឡកខួរនោះទេ" ហេតុផលរបស់គេស្ដាប់មើលទៅវាមិនសមហេតុ សមផលសោះ បើសិនជាគេចង់រកលេសណាស់ គួរណាតែរកលេសឲ្យសមស្របជាងនេះ។
"ខ្លួនតូចមួយសោះ ថាធំយ៉ាងម៉េច?" អឺឈីងអាចអាយុច្រើនមែន តែនៅក្នុងភ្នែកខេន ចាប់តាំងពីថ្ងៃដែលគេបាននៅក្បែរ តាំងពីវិនាទីដំបូងរហូតដល់វិនាទីចុងក្រោយ នាងដូចជាកូនក្មេងម្នាក់អ៊ីចឹង។
"ម៉ោះឲ្យខ្ញុំជូននាងទៅ ខ្ញុំសន្យាថានឹងមិនរញ៉េរញ៉ៃឲ្យនាងពិបាកទេ" ខេន, ដើម្បីតែបានជូននាងទៅ គេសន្យាអស់ហើយ គ្រប់សព្វបែបយ៉ាង ទាំងសម្ដីស្រទន់ ទាំងលេងទឹកមុខកម្សត់។ អឺឈឺងឯណេះ ពេលឃើញមនុស្សចាស់ធ្វើខ្លួនដល់ថ្នាក់នេះ នាងក៏គ្មានវាចាអ្វីថ្លែងដែរ ក្រៅពីយល់ព្រមឲ្យគេធ្វើតាមចិត្តចង់។ ខេនញញឹម មិនបង្អង់ប្រញាប់កាន់ដៃ នាំនាងទៅកាន់បាំងម្ខាង រួចបើកទ្វារឲ្យនាងចូលថែមទៀត ពេលនាងចូលរួច គេក៏បែរឡើងមកកន្លែងតៃកុង រួចបើកចេញវ៉េវពីមន្ទីរពេទ្យនោះ។

ផ្សារទំនើប!
ដូចជាគេនិយាយថាសម្ដីដែលពិបាកជឿបំផុតក្នុងលោកនេះ គឺជាសម្ដីមនុស្សប្រុស។ មុននេះខេននិយាយកោកៗថាគេជូនតែនាងទៅផ្ទះ មិនធ្វើរឿងអ្វីរញ៉េរញ៉ៃ តែនេះមិនទាន់ចេញពីពេទ្យបានប៉ុន្មានរយម៉ែត្រផង គេក៏នាំនាងមកចូលផ្សារទំនើបឯណាឆ្កុយទៅវិញ។
រាងតូចស្ដើងដើរក្បែរខ្លួនខេន ដោយពេលនេះគេជាអ្នករុញកន្ត្រកដាក់អីវ៉ាន់ធំ ដើរសំឡឹងមើលអាហារនឹងគ្រឿងទេសផ្សេងៗដែលមាននៅទីនោះ។
"ក្រែងលោកថាជូនខ្ញុំទៅផ្ទះមិនអ៊ីចឹងហ្អេស៎?"
"ទិញរួចក៏នឹងជូនទៅហើយនាងច្រម៉ក់ នាងមើលទៅមើលចង់បានអីយកមកទាំងអស់មក" អឺឈីងភាំងពេលលឺខេននិយាយពាក្យទាំងអស់នេះ បើសិនជានិយាយប្រាប់ថានាងមិនដែលធ្លាប់មកទិញទំនិញពីផ្សារទំនើបពីមុន ច្បាស់ជាគេមិនជឿនាងទេ នេះជាលើកទីមួយហើយដែលនាងបានមក។
"ទីនេះរបស់ថ្លៃៗណាស់លោក ម៉្យាងនៅផ្ទះខ្ញុំក៏មានអាហារគ្រប់គ្រាន់សម្រាប់ញ៊ាំហើយដែរ អុប៎" អឺឈីងងាកមើលរបស់ផង និយាយផង មិនបានប្រយត្ន័ក៏បុកផ្ទប់មុខនឹងខ្នងក្រាស់ដែលខ្ឡួនដើរតាម មិនដឹងថាគេឈប់ទ្រឹងតាំងពីថ្មើរណាមកទេ។ ខេនឈោងយកទឹកដោះគោស្រស់នឹងទឹកផ្លែឈើមួយចំនួនដាក់ចូលក្នុងកន្ត្រក រួចបន្តទៅរកកន្លែងលក់បន្លែសាច់ល្អៗខាងមុខទៀត។
"អាហារគ្រប់គ្រាន់របស់នាងគឺអាហារក្រៀមក្រោះហ្នឹងមែនទេ?អ៊ីចឹងតើបានជាពេទ្យថាខ្លួនគ្មានជីវជាតិសោះ" ខេននិយាយស្ដាប់មើលទៅដូចជាបន្ទោស តែការពិតគ្រប់ពាក្យ គ្រប់ម៉ាត់សុទ្ធតែចេញពីការបារម្ភទាំងអស់។ អឺឈីងឈ្លីខ្ទង់ច្រមុះខ្លួនឯងតិចៗ រួចក៏រត់ត្រុកៗទៅតាមក្រោយគេ។
"ខ្ញុំដឹងហើយក៏ចាំសម្ដីពេទ្យបានប្រាប់ដែរ ចាប់ពីស្អែកទៅខ្ញុំនឹងប្ដូររបបអាហារដោយខ្លួនឯង លោកកុំបាច់មកខ្វល់ខ្វាយទិញវាអីណា៎"
"នាងប្ដូររបបអាហារជារឿងផ្សេង ខ្ញុំទិញអាហារជូននាងវាជារឿងផ្សឹង ជាក្មេងកុំខំប្រឹងបដិសេធទឹកចិត្តមនុស្សចាស់ ប្រយត្ន័បាប" ទៀតហើយ! គ្មានលើកណាដែលខេនមិនប្រើអាយុរបស់ខ្លួនមកចងខ្ជឹបសម្ដីបដិសេធរបស់អឺឈីង តែនរណាទៅដឹង! ដោយសារប្រើចេះតែបានផល ទើបនាយចេញតែប្រើហ្នឹងឯង។
"មួយម៉ាត់ក្មេងពីម៉ាត់ក្មេង ពេលណាទើបខ្ញុំក្លាយជាចាស់ទុំក្នុងភ្នែកលោកនោះ?" អឺឈីងឯណេះ លឺតែគេទុកខ្លួនដូចជាក្មេងរហូតក៏ធុញទ្រាន់ ទើបនាងសួរក្ដែងៗចង់បានចម្លើយសមស្របមកវិញ។ រទេះដែលខេនរុញក៏ឈប់ អឺឈីងនាងក៏ឈប់ដែរ ពេលដែលខេនសុខៗស្រាប់តែងាកបែរមករកនាង។
"ល..លោក! ចង់..ចង់ធ្វើអីហ្នឹង?" អឺឈីងប្រហោងពោះតែម្ដង ពេលខេនគេលែងដៃពីរទេះ ហើយដើរចូលមករកនាង សន្សឹមៗរហូតទាល់តែខ្នងអឺឈីងប៉ះនឹងធ្នើដាក់អីវ៉ាន់ ទើបគេលើកដៃម្ខាងឃ្លាំងនាងទុក។ ស្នាមញញឹមបែបផ្អែម លាយឡំនឹងភាពខូចខិលតាមរយៈក្រសែភ្នែកក៏បង្ហាញច្បាស់ដូចជាថ្ងៃរះ។
"ពេលដែលនាងមានប្ដី ពេលនោះប្ដីនាងនឹងលែងទុកថានាងជាក្មេងទៀតហើយ អឺឈីង?"
"អ្ហឺ?" ប្រយោគរបស់គេបន្សល់សញ្ញាសួររាប់សិបលើក្បាលអឺឈីង។ នាងឆ្ងល់ មិនយល់ន័យនឹងចង់ដឹង តែខេនឯណោះគេក៏មិនបកស្រាយ ដកខ្លួនចេញឆ្ងាយពីនាង ហើយលួចញញឹមស្ងាត់ៗតែម្នាក់ឯងបែបសមចិត្តបំផុត។
(គេនិយាយស្អីហ្នឹង? មាន..មានប្ដីស្អី? ឆ្កួតទេហ្អី?)
អឺឈីងគិតតែម្នាក់ឯង ស្របនឹងបេះដូងដែលលាក់ពួនក្រោមទ្រូងឯណោះលាន់ញាប់សឹងតែផ្ទុះ នេះគេកំពុងតែគិតអី? នាងលែងយល់អស់ហើយ។
...
ម៉ោង10នឹង30នាទីយប់
ការទិញចំណីចំណុកក៏ចាយពេលអស់ច្រើនគួរសមដែរ ខេនដើររើសយកៗរហូតទាល់តែពេញមួយគូថឡានទើបគេព្រមបន្តជូននាងមកផ្ទះ។ អឺឈីងអង្គុយនៅបាំងខាងមុខក្បែរគេក៏ពិតមែន តែភ្នែកក៏ងាកបែរមើលទៅខាងក្រោយ កន្លែងដែលខេនដាក់កញ្ចប់អាហារជាច្រើននៅទីនោះ នាងមើលបណ្ដើរ បេះដូងក៏រីកស្គុសស្គាយបណ្ដើរ ព្រោះកំពុងតែមានរឿងសប្បាយក្នុងចិត្ត។
(អាហារទាំងនេះច្រើនណាស់ ខ្ញុំអាចយកវាទៅធ្វើម្ហូបជូនបងប្រុសញ៊ាំបានរាប់ខែឯណោះ)
មនុស្សដំបូងដែលនាងគិតមិនដែលជាខ្លួនឯងនោះទេ តែជាបងប្រុស សាច់ឈាមតែមួយដែលនាងមានឯណោះទៅវិញទេ។ នាងសប្បាយចិត្តណាស់ដែលនាងបានអាហារអស់ទាំងអស់ រឿងទាំងអស់នាងគួរតែអរគុណដល់ខេន បើកុំតែភាពមានៈរបស់គេ ម៉្លេះនាងប្រហែលជាមិនដាច់ចិត្តទទួលយកអាហាអស់ទាំងហ្នឹងទេ។
"ផ្ទះនាងនៅឆ្ងាយទៀតទេឈីង?" កាលបើបើកមកតាមទិសដៅដែលអឺឈីងប្រាប់មួយស្របក់ ខេនក៏ងាកបកទៅសួរអឺឈីងពីគោលដៅបន្ទាប់ដែលពួកគេគួរតែទៅ។
"មិនឆ្ងាយទេ នោះនៅខាងមុខនោះដល់ហើយលោក"
"ផ្ទះដែលមានដើមឈើរីពីមុខនោះ" ខេនញញឹមងក់ក្បាលឆ្លើយតបវិញ មុននឹងបើកទៅឈប់ចំពីមុខកន្លែងដែលនាងស្នាក់នៅឯណោះ។ ផ្ទះដែលនាងស្នាក់នៅវាមិនតូចហើយក៏មិនធំខ្លាំងប៉ុន្មានដែរ តែវាហាក់បីដូចជាសំណាក់ចាស់របស់នរណាម្នាក់តាំងពីដើម មើលទៅគួរឲ្យទាក់ភ្នែកណាស់។
"អរគុណលោកណាស់"
"ចាំខ្ញុំជួយយកអឺវ៉ាន់ចូលផ្ទះ" ខេនមិនបង្អង់ប្រញាប់ចុះពីឡានភ្លាម គេមកបើកទ្វារឡានឲ្យអឺឈីងមុនគេបង្អស់ រួចទើបដើរទៅបើកគូថឡាននឹងបាំងខាងក្រោយដើម្បីយួរថង់អាហារដែលបានទិញចុះ។
"របស់ច្រើនណាស់ ម៉ោះចាំខ្ញុំជួយយួរលោក" ឃើញថាខេនគេយួររណេងរណោងពេក ទើបអឺឈីងសុំជួយគេ។
"មិនច្រើនទេ ត្រឹមប៉ុណ្ណឹងនោះ នាងបើកតែទ្វារទៅ"
"តែប្រយត្ន័ផង ដៃនាងនៅមានរបួស" គេខ្លួនឯងយួរសឹងតែបាក់ស្មាហើយមិនបារម្ភទេ បែរជាមកបារម្ភពីនាង ដែលគ្រាន់តែកាន់កូនសោរស្រាលកំផើតមួយបើកទ្វារប៉ុណ្ណឹងសោះ។
អឺឈីងក្រវីក្បាលតិចៗ មុននឹងលូកទាញយកសោរពីហោប៉ៅទៅចាក់បើកទ្វារផ្ទះភ្លាមៗរួចនាំអ្នកកម្លោះចូលទៅក្នុងផ្ទះ។
"វ៉ោវ!" គ្រាន់តែឈានជើងចូលភ្លាម ខេនក៏លាន់មាត់តែម្ដង មើលពីខាងក្រៅវាដូចជាសំណាក់មែន ពេលចូលមកខាងក្នុងគេក៏កាន់តែច្បាស់ថាផ្ទះនាងមិនមែនជាសំណាក់ធម្មតា តែវាជាអតីតសំណាក់សម្រាប់បង្ហាត់គុណ គ្រឿងប្រដាប់ហ្វឹកហាត់ គ្រប់យ៉ាងមាននៅទីនោះទាំងអស់តែម្ដង។
"ផ្ទះខ្ញុំអាចនឹងរញ៉េរញ៉ៃបន្តិចហើយលោក សូមកុំប្រកាន់"
"បានមកឃើញទិដ្ឋភាពកម្របែបនេះខ្ញុំអាចប្រកាន់បានយ៉ាងម៉េចទៅ? នេះលោកប៉ានាងជាអ្នកបង្ហាត់ក្បាច់គុណមែនទេហ្នឹង?"
"អត់ទេ! ប៉ាខ្ញុំគាត់មិនចេះអ្វីទេ គាត់តែអូសពុះ ក៏ពុះមិនបែកផង" អឺឈីងនិយាយបណ្ដើរសើចបណ្ដើរ តែក្នុងទ្រូងក៏ចាប់ឈីបៗ ព្រោះតែនាងនឹករលឹកដល់លោកឪពុក ទោះបីជាគាត់រត់ចោលនាង យ៉ាងណាក៏គាត់នៅតែមានឈ្មោះជាឪពុក។
"សំណាក់នេះដើមឡើយវាជារបស់លោកតាខ្ញុំ សំណាក់លោកតាហ័រពីមុនមានសិស្សហាត់ច្រើនណាស់ មិនថាអ្នកហាត់ចង់ចេះរឺក៏ហាត់កម្សាន្តពួកគេតែងតែមកទីនេះមិនដាច់ លោកតាក៏ធ្លាប់បង្រៀនបងប្រុសដែរ ដោយគាត់រំពឹងថាបងប្រុសនឹងទទួលស្នងពីគាត់ តែក្រោយពីលោកតាស្លាប់ទៅ បងប្រុសគាត់ក៏ធ្លាក់ខ្លួនឈឺ គ្មាននរណាស្នងបន្តទៀត សំណាក់នេះក៏ត្រូវបិទចោលទាំងស្រុង" អឺឈីងវែកផ្លូវដើរនាំខេន រហូតទាល់តែចូលផុតមកខាងក្នុងផ្ទះ។ នាយដាក់អីវ៉ាន់ទុកលើតុអាហារ រួចក៏ប្រាសខ្លួនអង្គុយ មិនភ្លេចចោលភ្នែកមើលគ្រប់យ៉ាងដែលនៅជុំវិញខ្លួនគេឯណោះ។
"ផ្ទះនេះធំ បើសិនជាលក់ក៏មានអ្នកទិញក្នុងតម្លៃថ្លៃដែរ នាងមិនដែលគិតចង់លក់វាដើម្បីជួយដោះស្រាយបញ្ហាខ្លួនឯងខ្លះទេហ្អេស៎?"
"គ្មានផ្លូវទេ មិនថាខ្ញុំលំបាកលំបិនយ៉ាងណា វេទនាដល់កម្រិតណា ខ្ញុំក៏នឹងរក្សាផ្ទះមួយនេះទុក ព្រោះបើគ្មានសំណាក់ហ័រទេ ហ័រ អឺឈីងខ្ញុំក៏គ្មានហេតុផលអ្វីត្រូវនៅបន្តទៀតដែរ ខ្ញុំសុខចិត្តស្លាប់ការពារសំណាក់មួយនេះ"
"នាងកុំនិយាយពាក្យមិនល្អទាំងនេះអីអឺឈីង នាងជាមនុស្សស្រី នាងមិនគួរដាក់សម្ពាធខ្លួនឯងខ្លាំងពេកទេ ខ្ញុំដឹងថានាងជាជំហរក្នុងគ្រួសារ តែការដែលនាងយករឿងទាំងអស់មករែកពន់ម្នាក់ឯង វាមិនមែនជាការល្អទេ" ខេនមិនអស់ចិត្តដែលនិយាយតែមាត់ ទើបគេក្រោកឡើងមកឈរជិតឈីង ដៃសងខាងក៏ចាប់ស្មានាងជាប់ រួចទាញនាងមកប្រឈមមុខជាមួយគេបន្តិច។
កាលបើភ្នែកមូលក្រឡង់របស់នាងសំឡឹងមើលឡើងមកគេ វាធ្វើឲ្យគេអាណិតនឹងត្រេកអរក្នុងពេលតែមួយ។ គេអាណិតនាងដែលខ្លួនតូចតែមួយ ជាមនុស្សស្រី តែបែរជាមានបន្ទុកធ្ងន់ត្រដុកជាប់ខ្លួន ដល់ថ្នាក់ហ៊ានលះបង់សូម្បីតែខ្លួនឯង ដើម្បីមើលថែនឹងការពារគ្រួសារខ្លួនទាំងមូល ហើយការដែលគេត្រេកអរវិញ គឺគេត្រេកអរដែលគេបានជួបនាង ជាមនុស្សដំបូងដែលនាងលះបង់ខ្លួនជាមួយ គេនឹងមិនធ្វើឲ្យការសម្រេចចិត្តនាងអាសារបង់នោះទេ។
"ពីពេលនេះនាងមិននៅតែឯងទៀតទេ ខ្ញុំនឹងនៅក្បែរនាង បើសិនជានាងចង់ធ្វើជាសសរគ្រោងក្នុងគ្រួសារនេះ អ៊ីចឹងចាំខ្ញុំធ្វើជាគ្រឹះទ្ររាល់ការលំបាកនាវពីក្រោមចុះ"
"លោក.." ពាក្យពីមុនដែលគេនិយាយ គ្មានពាក្យណាធ្វើឲ្យនាងរង្គោះរង្គើចិត្តខ្លាំងដូចជាពេលនេះទេ។ អឺឈីងឧទានហៅគេទាំងភ្នែកខ្លួនឯងចាប់រលីងរលោងចង់តែសម្រក់ទឹកភ្នែក ខេនរួសរ៉ាន់ទាញកូនកន្សែងដៃចេញពីហោប៉ៅគេ កន្សែងដែលមានឆ្លាក់អក្សរL.P ដែលជាអក្សរកាត់នៃត្រកូលគេឡូផេស៍(Lopez)។ នាយយកកូនកន្សែងមកផ្ដិតជូតថ្ពាល់អឺឈីងថ្នមៗ មុននឹងបញ្ជូនស្នាមញញឹមទៅកាន់នាងជាថ្មីម្ដងទៀត។
"ខ្ញុំអរគុណលោកណាស់ ខេន"
"ខ្ចប់ពាក្យអរគុណទុកសិនបានទេ?" អឺឈីងភ្ញាក់នឹងឆ្ងល់ថាគេនិយាយចង់បានន័យថាម៉េច? តែចម្ងល់នាងក៏ត្រូវបានស្រាយ ក្រោយពេលដែលខេនទម្លាក់បបូរមាត់ថើបនាងកណ្ដាលផ្ទះ ថើបយ៉ាងផ្អែមល្ហែមដូចជាគេនឹករលឹកណាស់។ អឺឈីងឯណោះ កាលបើទទួលបានស្នាមថើបភ្លាម នាងមិនអាចបដិសេធបានថានាងក៏ទោរទន់ទៅតាមដែរ នាងតូចក្លាហានលើកដៃអោបកញ្ចឹងករគេ ថើបគេតបវិញ រហូតដល់ភ្លើងកិលេសឆេះឆួលឡើងហើយក៏បន្តរហូតដល់ចប់ចុងចប់ដើមនៃចំហេះឆេះឆួលមួយនោះ។
...
ម៉ោង2យប់
ក្នុងសំណាក់ធំល្វឹងល្វើយ តែរាងកាយមនុស្សប្រុសស្រីពីរនាក់ដេកនៅលើសាឡុង អោបក្រសោបគ្នាទាំងកាយននលគោក ព្រោះទើបតែល្អូកល្អើនគ្នារួច ហើយខាងនារីក៏ទើបតែគេងលង់លក់។ បុរសដែលយកស្មាធ្វើជាខ្នើយឲ្យស្រីស្រស់កើយឯណោះក៏ញញឹមបិទមាត់មិនជិតទាល់តែសោះ គេគេងសំឡឹងមើលមុខអឺឈីង មើលបណ្ដើរ យកដៃបីម្រាមទៅវែកសក់នាងបណ្ដើរដូចជាពេញចិត្តនឹងនាងខ្លាំងបំផុត គេមិនដែលពេញចិត្តនឹងស្រីណាម្នាក់ មិនដែលសាកល្បងនឹងស្រីណាពីមុនមកទេ ហើយគេក៏ត្រេកអរដែលគេបានជួបនាង ហើយវត្តមាននាងក៏ដូចជាចំណែកមកបង្គ្រប់ភាពខ្វះខាតក្នុងបេះដូងគេអ៊ីចឹង។
"បងនឹងមើលថែអូន ត្រកងបីបមអូនបែបនេះរហូតទៅណាអឺឈីង បងសន្យាជាមួយអូន" ពាក្យខេននិយាយនាំឲ្យអ្នកដេកលង់លក់នោះញ៉ោចស្នាមញញឹម មុននឹងរើបម្រាស់ចូលទៅអោបក្រសោបរាងកាយគេជាប់ណែន សម្ងំគេងយកកម្លាំង។
ក្រឺង! ក្រឺង
សំឡេងទូរសព្ទ័បន្លឺឡើងលាន់ខ្ទរពេញសំណាក់ ខេនបានលឺ គេក៏ប្រញាប់ដាក់អឺឈីងឲ្យគេង ទាញភួយមកដណ្ដប់ខ្លួនឲ្យនាង រួចទើបឡើងទៅទទួលទូរសព្ទ័។ គេជ្រឹមចិញ្ចើមបន្តិច ត្បិតលេខខលចូលជាលេខមកពីក្រៅប្រទេស ដូច្នេះច្បាស់ណាស់ថាវាជាលេខអ្នកនៅអង់គ្លេសឯណោះ។
"អាឡូ ខេវីលនិយាយ"
(គឺប៉ាណា៎ប្រុសខេន...)
កាលបើទទួលបានដំណឹងពីចាស់ទុំដែលមិនធ្លាប់ទាក់ទងគ្នាមកជាយូរ អារម្មណ៍ខេនក៏ចាប់មិនស្រួលបន្តិច នាយងាកបែរមើលទៅអឺឈីងបន្តិច រួចក៏ទាញខោវែងមកស្លៀក ហើយចេញទៅបន្តការសន្ទនានៅខាងក្រៅផ្ទះតែម្នាក់ឯង។
ការចាកចេញនឹងការនិយាយគ្នារបស់គេអម្បាញ់មិញ វាក៏ធ្វើឲ្យអ្នកដែលដេកលង់លក់នោះភ្ញាក់ដែរ អឺឈីងសន្សឹមបើកភ្នែកឡើង អោបក្រសោបទាំងភួយរួចនាំខ្លួនដើរចេញទៅតាមបុរសដែលដេកអោបថ្នាក់ថ្នមនាងអម្បាញ់មិញនោះ។
សម្រឹបជើងបោះជំហានឈានទៅមុខប៉ុន្មានជំហានរបស់នាងក៏ត្រូវបានបញ្ឈប់ ក្រោយនាងបានលឺការសន្ទនាគ្នាបែបត្រជាក់រវាងខេននឹងបុរសម្នាក់ក្នុងទូរសព្ទ័ដែលគាត់ហៅខ្លួនឯងថាជាឪពុករបស់ខេននោះ។
(ឯងទៅសៀងហៃតែប៉ុន្មានថ្ងៃ គិតចង់នាំស្រីអាសុីមកចូលផ្ទះហើយមែនទេ? ប្រាប់ប៉ាមកថាឯងគ្រាន់តែលេងសើចទេ)
តក់!
មិនដឹងយ៉ាងម៉េចដែរ! តែក្រោយលឺប្រយោគដែលលោកប៉ាខេននិយាយចេញមកនោះ ទឹកភ្នែកមិនដឹងមកពីណាទេ ស្រាប់តែហូរស្រក់ចុះមករកតែនាងត្រៀមខ្លួនមិនទាន់សោះ។ នាងគិតហើយ ដឹងរួចហើយថាគេនឹងនាងខុសគ្នាឆ្ងាយណាស់ បើទោះជាពួកគេដេកនៅជាមួយគ្នា ក៏វាគ្រាន់តែដើម្បីកម្ចាយអារម្មណ៍មួយពេលៗប៉ុណ្ណោះ មិនអាចក្លាយជាសាច់ការបាននោះទេ។

នាងនៅចំណុចណា គេនៅចំណុចណា នាងដឹងច្បាស់ :')))

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now