ភាគទី54

162 7 0
                                    

អាណិតប៉ាអូនជូណាស់ មានទុក្ខផ្ទួនៗ សុទ្ធតែទុក្ខដែលអេតមីនរៀបឲ្យ 😶‍🌫️

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី54

ទោះបីជាចង់រឺមិនចង់ ទទួលយកបានរឺមិនបាន ក៏ខេនគេគ្មានជម្រើសអ្វីឡើយក្រៅពីយល់ព្រមសុីញ៉េទទួលយកព្រេងវាសនាកូននឹងប្រពន្ធឯណោះ។ ដៃម្ខាងទាញប៊ិចយកមកគូសវាសលើក្រដាសកិច្ចសន្យារបស់ពេទ្យ ខណៈពេលដែលទ្រូងខាងឆ្វេងចុកអួលសឹងតែដាច់ខ្យល់ស្លាប់ មុនពេលដែលទទួលស្ដាប់លទ្ធផលវះកាត់របស់កូនប្រពន្ធទៀត។
"ពួកយើងនឹងធ្វើការវះកាត់ភរិយាលោកនៅពេលបន្តិចទៀតនេះ ចំណែកអូនតូច.."
"ល្ងាចទើបពួកយើងធ្វើការវះកាត់ជូននាង ព្រោះពួកយើងចង់ឲ្យប្រាកដថាឈាមនាងមិនរាវខ្លាំង ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការវះកាត់របស់ពួកយើង" ជម្ងឺដែលលោកដុកទ័រនិយាយ ជាជម្ងឺម៉្យាងហៅថា ហេម៉ូហ្វីឡា (hemophilia) ដែលជាជម្ងឺឈាមមិនងាយកករឺក៏ឈាមរាវ ដែលជម្ងឺមួយនេះវាអាចមានពីកំណើតរឺក៏ជាតំណពូជបន្តពីអាណាព្យាបាលណាម្នាក់របស់ក្មេង។ កាលបើដឹងថាកូនស្រីមានជម្ងឺមួយប្រភេទនេះ ខេនគេក៏កាន់តែធ្ងន់ចិត្តត្រដុក ព្រោះគេដឹងថាអ្នកមានជម្ងឺប្រភេទនេះមានផលវិបាកបែបណាខ្លះក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
"សូមលោកជួយភរិយានឹងកូនស្រីខ្ញុំផង អស់ប៉ុន្មាន ប្រើវិធីអ្វីក៏បាន ខ្ញុំយល់ព្រមទាំងអស់"
"កុំបារម្ភអីលោក វាជាតួនាទីពួកយើងទៅហើយ ពួកយើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាព" ដុកទ័រដឹងថាអ្នកជាស្វាមីនឹងជាឪពុកពិតជាស្មុគស្មាញនឹងបារម្ភខ្លាំងណាស់ មនុស្សជាទីស្រឡាញ់ដល់ទៅពីរនាក់ត្រូវមកដេកស្ដូកនៅលើគ្រែ ទាំងដែលគេមិនអាចធ្វើអ្វីបាន ក្រៅពីអង្គុយរង់ចាំទាំងបួងសួងនៅក្នុងចិត្ត។
"ដុក.." លោកដុកទ័រហៀបនឹងក្រោកឡើងទៅហើយ ក៏បែរជាត្រូវខេនហាមឃាត់ ដោយគេហាក់មិនទាន់អស់នូវចម្ងល់ទាល់តែសោះ។
"បើសិនជាកូនខ្ញុំមិនទាន់ទទួលការវះកាត់ តើខ្ញុំអាចទៅមើលកូនបន្តិចបានដែរទេ?" ខេនគេនិយាយទាំងក្រែងចិត្ត ត្បិតការសុំរបស់គេវាដូចជាខុសពីអ្វីដែលពេទ្យតែងតែធ្វើ។ លោកដុកទ័រគាត់ញញឹមតិចៗ រួចក៏លើកទូរសព្ទ័ចុចខលទៅកាន់កូនចៅក្រោមបង្គាប់របស់លោក។
"លោកអាចទៅមើលនាងតូចបាន ព្រោះកូនស្រីលោកនាងដឹងខ្លួនហើយ កំពុងតែនៅគេងដាក់អុកសុីសែនឯណោះ" កាលបើគ្រាន់តែលឺថាកូនស្រីដឹងខ្លួនភ្លាម ខេនគេក៏ហាក់បានស្រាលចិត្តខ្លាំង ប្រញាប់ប្រញាល់ដើរចេញទៅភ្លាម ទុកឲ្យលូហ្ស៊ីងនឹងម៉ាខេឡានៅជាមួយដុកទ័រតែបីនាក់។
"លោកដុកទ័រ"
"ខ្ញុំសូមសំណូមពរអ្នកនាងក៏ដូចជាក្រុមគ្រួសារ មេត្តាមើលការខុសត្រូវម្ដាយកូនទាំងពីរនាក់នេះដោយយកចិត្តទុកដាក់ផង ពិសេសគឺម្ដាយ ព្រោះបើតាមសភាពរាងកាយនាង ខ្ញុំគិតថាផ្លូវចិត្តនាងក៏ប៉ះទង្គិចមិនធម្មតាដែរ"
"ចាស៎ ខ្ញុំនឹងព្យាយាមដុក"
"ក្រោយពីវះកាត់ សឹមខ្ញុំណែនាំពេទ្យចិត្តសាស្ត្រឲ្យស្វាមីអ្នកជម្ងឺបានដឹង ហើយខ្ញុំក៏សង្ឃឹម សង្ឃឹមថារឿងនឹងល្អប្រសើរជាងនេះចុះ" ម៉ាខេឡាបានតែនៅស្ងៀម ចងចិញ្ចើមគិតស្មឹងស្មាថ ព្រោះអឺឈីងនាងរងទុក្ខមកច្រើនលើសពីការស្មាន សមល្មមហើយដែលនាងអាចមានសញ្ញាណបញ្ហាផ្លូវចិត្តនោះ។

ក្រឡេកទៅមើលឪពុកកម្សត់ដែលប្រញាប់ប្រញាល់រត់ចេញទៅអម្បាញ់មិញឯណោះវិញ ខេនបានមកដល់បន្ទប់អ្នកជម្ងឺត្រៀមវះកាត់ មុននឹងរុញទ្វារបើកចូលទាំងទ្រូងល្ហល្ហេវពិបាកនឹងរ៉ាយរ៉ាប់បំផុត។
ដំណើរបោះជំហានមួយៗ ចូលជ្រៅមកដល់គ្រែធំ តែអ្នកដេកនៅលើគ្រែនោះបែរជាមានខ្លួនតូច គ្របដោយភួយស ជុំវិញខ្លួនក៏ហ៊ុមពទ្ធ័ទៅដោយអុកសុីសែនជំនួយ មើលទៅគួរឲ្យសោកសង្រែងបំផុត។
"ជូ.. អ្ហឺ ជូអឺ កូនប៉ា" ជង្គង់មាំពេលនេះទម្លាក់ចុះក្បែរគ្រែរបស់កូន ខេនទប់ទឹកភ្នែកមិនបានក៏សម្រក់ចុះមក នាំឲ្យតំណក់ទឹកភ្នែកមួយតំណក់ហូរតក់ទៅលើខ្មងដៃអ្នកដែលកំពុងតែគេងលង់លក់ឯណោះ។
ហ៊ឺ!
ត្របកភ្នែកស្តើងតូចច្រមិចរបស់ជូអឺក៏សន្សឹមបើក មុននឹងសំឡេងយំខ្សឹបខ្សួលរបស់អ្នកជាឪពុកបន្លឺខ្សាវៗចូលក្នុងត្រចៀកនាង។
"ប៉..ប៉ា" សំឡេងស្រាលលាយឡំនឹងភាពស្អកបន្លឺនាំឲ្យអ្នកដែលកំពុងតែអោនមុខយំ រួសរ៉ាន់ជូតទឹកភ្នែករួចងើបមើលទៅកូនស្រីវិញ។
"ជូ..ជូក្រោកហើយហ្អេស៎កូន? ប៉ាមករំខានកូនគេងមែនទេ? ប៉ាសុំទោស" ខេនព្យាយាមញញឹមទៅកាន់កូន ធ្វើដូចជាគ្មានរឿងអីកើតឡើង ត្បិតមិនចង់ឲ្យកូនបានដឹងថាប៉ាម្នាក់នេះទន់ខ្សោយទេ។ ដៃម្ខាងលូកទៅចាប់ស្មាដែលគ្មានរបួសរបស់កូន ខណៈភ្នែកបែរសំឡឹងមើលទៅស្មាកូនម្ខាងទៀតដែលមានរុំជាប់ មើលទៅដូចជាឈឺផ្សាណាស់។
"ល្ងាចកូនត្រូវវះកាត់ អ៊ីចឹងកូនត្រូវសម្រាកឲ្យច្រើនណាកូនណា៎ ចាំប៉ានៅមើលកូន មិនឲ្យនរណាមករំខានកូនគេងទេ"
"ប៉..ប៉ា!"
"កូន-កូនអាចនឹងនៅរស់ទេប៉ា?" សំនួរដែលសួរចេញពីមាត់កូន វាប្រៀបបីដូចជាកាំបិតស្នៀត ចាក់ចំកណ្ដាលទ្រូងឪពុកដែលកំពុងតែឈឺស្រាប់នេះឲ្យកាន់តែឈឺខ្លាំងជាងមុនរាប់ពាន់ដង។
"ជូ..មិចក៏និយាយបែបហ្នឹងកូន? កូនប៉ានឹងមិនអីប្រាកដណាស់"
"កូនខ្លាចថាកូននឹងមិនបាននៅជុំប៉ាម៉ាក់ កូន..កូនចង់មានប៉ាម៉ាក់នៅជាមួយយូរហើយ អ្ហឹក"
"កូននឹងមិនអីទេជូ.. កុំយំកូន កុំយំ"ខេនព្យាយាមកាន់ក្រសោបដៃកូន លួងលោមកូនឲ្យគិតពីអ្វីដែលវិជ្ជមាន ព្រោះគេក៏ខ្លាច..មិនខុសពីកូនទេ។
"ប៉ា..ប៉ា-ចុះម៉ាក់? ម៉ាក់កូននៅណា?" អស់ពីខ្លាច ពេលនេះជូអឺនាងក៏សួររកម្ដាយម្ដង ដែលវាកាន់តែធ្វើឲ្យខេនពិបាកបកស្រាយថែមមួយកម្រិតទៀត។
"ម៉ាក់..ម៉ាក់កូន—"
ក្រាក!
"បងខេន" សុខៗទ្វារបន្ទប់ក៏ស្រាប់តែបើកឡើង នាំវត្តមានម៉ាខេឡាចូលមក ហើយទឹកមុខនាងក៏ធ្វើឲ្យបេះដូងខេនញាប់ញ័រសឹងតែក្រោកមិនចង់រួចសោះ។
"មានរឿងអីម៉ាខេឡា? ឈីង..រឿងអូនឈីងមែនទេ?"
"មានមនុស្សម្នាក់មករកឈីង.."
"នរណា?" កាលបើលឺបែបនោះខេនគេក៏ប្រញាប់ក្រោកឡើង រួចសំឡឹងមើលទៅម៉ាខេឡាវិញទាំងចង់ដឹង។
"គេថា..គេជាបងប្រុសនាង"

អឺហ្វាន់?!

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now