ភាគទី15៖ ខ្ញុំមិនគួរចុះចាញ់ទេ

82 3 0
                                    

អូនស្ដាប់លឺបងនិយាយគ្រប់យ៉ាងខេន អូនលឺហើយ

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី15៖ ខ្ញុំមិនគួរចុះចាញ់ទេ

គ្រប់ពាក្យគ្រប់សម្ដីដែលអ្នកម្ខាងជាឪពុករបស់ខេននិយាយ អ្នកឯណេះក៏បានលឺពេញសេចក្ដី គ្មានបាត់សូម្បីតែមួយតួអក្សរណាសោះ។ អឺឈីងញញឹមទាំងភ្នែកនៅដាបស្នាមទឹកភ្នែកមួយតំណក់នោះ នាងមានបំណងឈានជើងចង់ចេញយ៉ាងស្ងៀមស្ងាត់ តែព្រហ្មលិខិតក៏ហាក់មិនចង់ឲ្យនាងបញ្ចប់ត្រឹមនេះ ទើបចារឲ្យនាងបានលឺនូវប្រយោគមួយដែលឃាត់ដំណើរនិងផ្លាស់អារម្មណ៍នាងទាំងអស់។
(ជាស្រីអាសុីហ្នឹងយ៉ាងម៉េចទៅលោកប៉ា? ស្រីអាសុីមានអីមិនល្អដូចអ្នកខាងនោះ ប៉ាជួយបកស្រាយឲ្យក្បោះក្បាយបន្តិចទៅមើល)
"ហ៊ឹស" សំនួរដែលខេនដាក់ទៅកាន់លោកឪពុកខ្លួន វាស្ដាប់មើលទៅដូចជាមិនម៉ត់ចត់ ផ្ទុយទៅវិញវាប្រៀបដូចជាការផ្ចាញ់ផ្ចាល ដេញជើង ដែលនាំឲ្យអ្នកដែលនៅឈរលបលួចស្ដាប់ ក្រៅផ្លូវការឯណេះ លួចអស់សំណើចទាំងទឹកភ្នែកនៅរលីងរលោងសោះ។
(ស្រីអាសុីគ្មានអីទេ ប៉ាគ្រាន់តែចង់សួរឯង ចង់ដឹងពីអារម្មណ៍ឯង ព្រោះថាតាំងពីកើតបាតជើងក្រហមរងាលមក ប៉ាដូចជាមិនដែលទទួលបានដំណឹងណាដែលទាក់ទងនឹងឯងមានពាក់ពន្ធ័ស្រីទេ ទើបតែលើកនេះ...)
"គេមិនដែលធ្លាប់ពាក់ពន្ធ័ជាមួយនរណាទេ?" អឺឈីងឧទានទាំងភ្ញាក់ផ្អើលមិនតិច នាងស្ទើរតែមិនជឿនឹងត្រចៀក ដែលស្ដាប់បានច្បាស់ៗមិនពង្វាងថាខេនគេជាមនុស្សប្រុសដែលមិនធ្លាប់ប្រឡូកជាមួយស្រីណាម្នាក់សោះ គេជាកូនអ្នកមាន រូបសម្បត្តិក៏ស្រស់សង្ហា បានទាំងព្រម ដែលថាគេមិនដែលទាក់ទងរឺត្រូវនរណាចាប់អារម្មណ៍នោះ វាដូចជាមិនគួរឲ្យជឿសោះ។
(ឈីងមិនដូចជាស្រីណាទេ បើខ្ញុំនិយាយប្រាប់ប៉ាថានាងនៅក្មេង លោកប៉ាអាចនឹងមិនជឿខ្ញុំក៏ថាបានដែរ)
"នេះលោកបម្រុងថាខ្ញុំមុខចាស់មែនទេខេន?" អ្នកខាងណោះនិយាយ អ្នកខាងណេះស្ដាប់ផង ឆ្លើយតែឯងផង ដូចជាល្ខោនឆ្លងឆ្លើយ។
(ព្រោះអត្តចារិកនាង មិនសាកសមជាក្មេងដែលមានអាយុត្រឹមម៉្ភៃប្លាយទេ.. នាងអាចនឹងមិនស្លូត តែនាងទន់ភ្លន់ហើយក៏ចំណាប់ការងារណាស់ ប៉ាដឹងអត់? ថ្ងៃនេះខ្ញុំបានជួបឈីងនៅកន្លែងពិធី នាងឡើងជណ្ដើរឈោងទាញខ្សែទម្លាក់វាំងននចុះយ៉ាងក្លាហាន គ្មានខ្លាចធ្លាក់អីទាល់តែសោះ)
ខេននិយាយប្រាប់ឪពុកបណ្ដើរ ភ្លេចខ្លួនញញឹមបណ្ដើរហាក់មានក្ដីសុខ ដោយគ្រាន់តែរំលឹកពីនាងប៉ុណ្ណឹងសោះ។
(ហ៊ឹម នៅក្មេងតែមានការតស៊ូ ស្វាហាប់ ជារឿងល្អតើ)
អឺឈីងបើកភ្នែកធំៗ កាលបើប៉ារបស់ខេនស្រាប់តែឆ្លើយយល់ស្របនឹងការលើកឡើងរបស់ខេន ទាំងដែលអម្បាញ់មិញស្ដាប់មើលទៅដូចជាចង់ជំទាស់នឹងទំនាក់ទំនងនាងនិងកូនប្រុសគាត់សោះ។
(ចុះប៉ាមិនចង់ដឹងទេថាអឺឈីងនាងធ្វើការអីនោះ?)
(ហូយ៎! ការងារស្អីក៏វាមានតម្លៃរបស់វាដែរ ឲ្យតែឯងពេញចិត្ត ចង់នាងគ្មានការងារធ្វើក៏ប៉ាគិតថាវាមិនមែនជាបញ្ហាសម្រាប់ឯងដែរត្រូវទេ?)
ខេនសួរមួយសំនួរអម្បាញ់មិញ ព្រោះចង់ដឹងថាលោកប៉ាគេនឹងក្រលាស់សម្ដីលើកសរសើរដែលខ្លួននិយាយរឺអត់ តែជាក់ស្ដែងគាត់ពិតជានិយាយយ៉ាងស្មោះត្រង់ពិតមែន គាត់មិនបានប្រកាន់ ដែលវាធ្វើឲ្យនាយសប្បាយចិត្តមែនទែន សប្បាយដល់ថ្នាក់ញញឹមបិទមាត់លែងចង់ជិត។
(ហ៊ើយ! ប៉ាចាស់ហើយ គ្មានអ្វីត្រូវនៅធ្វើជាឆ្អឹងទទឹងកររឿងជីវិតរបស់ឯងទេអាកូនប្រុស ឲ្យតែឯងគិតថានារីណាសាកសម គិតថានៅជាមួយនាងហើយមានក្ដីសុខ ឯងក៏ធ្វើតាមបេះដូងនិងអារម្មណ៍របស់ខ្លួនឯងចុះ តែឯងក៏ត្រូវប្រាកដថាខាងណោះគេក៏មានអារម្មណ៍ដូចជាឯងដែរណាកូន សួរនាំនាង ផ្ដល់ឱកាសឲ្យនាងបាននិយាយពីអារម្មណ៍ខ្លួនចេញមក ហើយហាមផ្ដាច់ ហាមប្រើកម្លាំងបាយជាដំណោះស្រាយដាក់មុខ..)
ស្ដាប់កាន់តែយូរទៅ អឺឈីងកាន់តែយល់ហើយថាការដែលខេនគេក្លាយជាសុភាពបុរសបែបនេះ គេយកគម្រូតាមនរណានោះ។ លោកប៉ារបស់គេស្ដាប់មើលទៅដូចជាមនុស្សដែលមានការគិតវែងឆ្ងាយ ច្បាស់លាស់ គួរឲ្យគោរពណាស់។ គិតមកដល់ចំណុចនេះអឺឈីងក៏ស្រាប់តែរអៀសចិត្តមួយរំពេច អម្បាញ់មិញនាងឆាប់វាយតម្លៃគាត់ខ្លាំងពេក លឺតែមួយប្រយោគនាងក៏គិតថាគាត់មានបំណងមិនល្អ គិតមិនល្អមកលើនាង នេះបើសិនជានាងមិនបាននៅស្ដាប់ការសន្ទនារវាងពួកគេទេ ច្បាស់ណាស់ថានាងនឹងមានវិប្បដិសារីជាក់ជាមិនខាន។
ក្រាក!
រវល់តែគិតស្មឹងស្មាថ ទើបនាងបែកអារម្មណ៍ បញ្ជាដៃជើងក៏ទាន់ក៏ជ្រុលថយទៅបុកខ្នងនឹងដៃទ្វារដែលនៅក្បែរខ្លួនបំផុតឯណោះ។ សំឡេងបង្កឡើងនេះក៏លឺដល់ត្រចៀកខេនភ្លាម នាំឲ្យនាយប្រញាប់ដាក់ទូរសព្ទ័និយាយទាក់ទងជាមួយឪពុកចុះ រួចដើរមកមើលភ្លាម។
"ឈីង?" រាងខ្ពស់ឧទានទាំងភ្ញាក់ពេលមកដល់ឃើញវត្តមាននាងនៅឈរក្បែរទ្វារនោះ គេដើរចូលទៅរកនាង ស្របគ្នានឹងអ្នកម្ខាងទៀតចាប់មានអារម្មណ៍ស្លោរស្លន់ រកធ្វើខ្លួនមិនត្រូវ បែបមនុស្សកំពុងតែមានពិរុទ្ធ។
"ខ្ញុំ.."
"ក្រោកមកធ្វើអីទាំងយប់បែបនេះ?" ផ្ទុយខុសពីការគិតដែលអឺឈីងកំពុងតែមានដាច់ស្រឡះ នាងគិតថាការដែលគេចូលមកឃើញនាងនៅទីនេះលួចស្ដាប់គេនិងលោកប៉ាគេនិយាយគ្នា គេច្បាស់ខឹងជាក់ជាមិនខានទេ តែខេនគេមិនបានបង្ហាញទឹកមុខខឹង បែរជាចូលមកជិតខ្លួននាង ហើយលើកដៃអង្អែលក្បាលនាងតិចៗថ្នមៗទៅវិញ។
"ខ្ញុំ..ខ្ញុំគេងមិនលក់"
"កុហក! នេះភ្ញាក់ដោយសារតែសំឡេងទូរសព្ទ័នឹងការក្រោកចេញរបស់ខ្ញុំមែនទេ?" ខេនគេពូកែសង្កេត ដូច្នេះការសម្ដែងទឹកមុខកុហករបស់អឺឈីង មិនមានប្រសិទ្ធភាពមកលើគេទេ។ អឺឈីងមិនទាន់ឆ្លើយ មានតែអោនមុខចុះ ច្បូញមាត់តិចៗគ្មានអ្វីត្រូវប្រកែក។ កាយវិការគួរឲ្យស្រឡាញ់របស់នាង ប្រាកដណាស់ខាបចិត្តកម្លោះចាស់ឲ្យខ្នក់ខ្នាញ់ ទប់ខ្លួនប្រាណមិនបាន ក៏លូកដៃទាញនាងយកមកអោបណែនដៃតែម្ដង។
"លោក.."
"ចូលមកក្នុងផ្ទះសិនមក នៅខាងក្រៅមេឃធ្លាក់ខ្យល់ត្រជាក់ហើយ" អឺឈីងមិនបានបដិសេធការអោបរបស់ខេនទេ តែនាងស្នើសុំគេឲ្យចូលមកខាងក្នុងផ្ទះវិញ ក្រោយសង្កេតឃើញថាមេឃចាប់ចុះត្រជាក់ បន្តិចទៀតទឹកសន្សើមក៏អាចនឹងស្រក់ចុះ បើពួកគេនៅឈរទីនោះ វាអាចនឹងមិនល្អសម្រាប់សុខភាពទេ។
"បារម្ភ?"
"ចាស៎"
"លោកចាស់ហើយ ដូច្នេះចំពោះរឿងសុខភាពផ្លូវកាយក៏ត្រូវតែប្រុងប្រយត្ន័"
"ពូកែស៊កសៀតសម្ដីសម្បើមណាស់នរ៎ ស្រីមាឌល្អិត នេះបារម្ភបន្លំដៀលខ្ញុំថាចាស់មែនទេ?" អឺឈីងសើចកក្អឹកតបនិងសំនួររបស់ខេន នាយលើកដៃម្ខាងឈ្លីចុងច្រមុះអឺឈីងឲ្យក្រហមតិចៗ រួចក៏លីខ្លួននាងទាំងនៅជាប់ភួយរុំនៅឡើយចូលក្នុងផ្ទះ។

ថ្ងៃបន្ទាប់!
ដោយសារតែថ្ងៃនេះមានការប្រជុំការទូតសំខាន់ខានមិនបាន ទើបខេនសម្រេចចិត្តឡើងឡានមកមកក្នុងក្រុង ដើម្បីបំពេញភារកិច្ចដោយទុកអឺឈីងឲ្យនៅសំណាក់តែឯងតាំងពីព្រឹក។ ខ្លួននៅអង្គុយប្រជុំក៏ពិតមែន តែភ្នែកនិងអារម្មណ៍គឺនៅលើទូរសព្ទ័ទាំងអស់ ដោយគេរង់ចាំមើលក្រែងមានព័ត៌មានអ្វីថ្មីផ្ញើចូលមកក្នុងទូរសព្ទ័។
"លោកខេន..នេះលោកមានរឺអីមែនទេទាន៎? អារម្មណ៍ដូចជាមិនមូលសោះ" នូរ៍អាដែលនៅអង្គុយកៀកជិតខេន ដោយសារតែងឿងឆ្ងល់ក៏សួរ ព្រោះតាំងពីចូលនៅក្រោមបង្គាប់ខេនមក គេមិនដែលធ្លាប់ឃើញខេនបែកអារម្មណ៍ពីការងារដូចជាពេលនេះសោះ។
"ខ្ញុំមិនអីទេ គិតតែការងារឯងចុះ កត់ត្រាឲ្យបានម៉ត់ចត់នឹងច្បាស់លាស់ នេះជាtaskរបស់ឯងហើយ"
"បាទ៎" នូរ៍អាទោះបីនៅមានចម្ងល់មិនទាន់ស្រាយ គេក៏នមិនទាន់ហ៊ានសួរនាំដែរ ព្រោះសុខចិត្តកត់ឲ្យបែកកម្មដ្ឋាន ប្រសើរជាងបែកក្បាលដោយសារតាមចង់ដឹងរឿងផ្ទាល់ខ្លួនចៅហ្វាយនាយ។
ងឺត!
ឆ្វឹប!
ដូចជាការគិតទុក គ្រាន់តែទូរសព្ទ័ញ័របន្លឺសំឡេងភ្លាម ខេនក៏ប្រញាប់ទាញវាឡើងមកមើលទាំងបុកពោះភឹបៗ។ តែអារម្មណ៍គេក៏បានធូរស្រាលវិញ កាលបើអ្វីដែលផ្ញើមកនោះ វាជារូបថតស្រីស្រស់រាងតូចក្នុងឈុតរ៉ូបខ្លីត្រឹមជង្គង់ពណ៌ឈូក នាងនៅឈរចម្អិនអាហារក្នុងផ្ទះបាយតែម្នាក់ឯង មើលទៅគួរឲ្យអាណិតបំផុត។
«នាងមានបានញ៊ាំអាហារយើងចម្អិនកាលពីព្រឹកមិញរឺអត់?» ត្រឹមមើលរូបភាពមិនអស់ចិត្តទេ គេនៅឆ្លៀតផ្ញើសារសួរនាំទៅអ្នកដែលគេទុកចិត្តនឹងអនុញ្ញាតឲ្យនៅឃ្លាំមើលអឺឈីងឯណោះ។ ចូវិនជាកូនចៅលូហ្ស៊ីងក៏ពិតមែន តែគ្រាន់តែបានទទួលការងារពីខេនភ្លាម ក៏ប្រញាប់ប្រញាល់រត់មកបំពេញតួនាទីមិនឲ្យនាយទាស់ចិត្តទេ។
«អ្នកនាងពិសារហើយទាន៎ តែអ្នកនាងមើលទៅដូចជាពិសារតិច ប្រហែលមកពីមិនទម្លាប់ជាមួយអាហារខាងអឺរ៉ុបហើយ»
"មែនហើយ! ហេតុអីក៏យើងមិនគិតដល់ចំណុចមួយនេះ?" ទាល់តែចូវិននិយាយ ទើបខេនគេនឹកឃើញថាកាលពីព្រឹកគេធ្វើផាស់ស្ដាបែបអឺរ៉ុបទុកឲ្យអឺឈីងញ៊ាំ ទាំងដែលគេក៏ដឹងលឺហើយថាអាហារអឺរ៉ុបនិងអាសុីវាខុសប្លែកគ្នា ពិបាកសម្របខ្លួនណាស់សម្រាប់អ្នកដែលមិនធ្លាប់បានសាក។
"ចប់ការងារទៅ យើងត្រូវតែរៀនធ្វើម្ហូបអាសុីខ្លះទើបបាន" ខេនឧទានទុកក្នុងចិត្តតែម្នាក់ឯង ក្រើនរំលឹកចិត្តឲ្យអន្ទះសារ ចង់តែឆាប់បានដល់ពេលសម្រាកនឹងអាលបានធ្វើរឿងអស់ទាំងនេះ រឿងដែលគេកំពុងតែគិត។
...
ការប្រជុំរយៈពេល2ម៉ោងត្រូវបានកន្លងផុត អ្នកការទូតគ្រប់គ្នាក៏ចេញមកព្រមជាមួយសំឡេងអ៊ូអរជជែកគ្នាពីនេះពីមុនជាមួយភាសាចម្រុះ ហើយក្នុងនោះក៏មានវត្តមានរបស់ខេននិងក្លារ៉ាដែលដើរចេញព្រមមកជាមួយគ្នាដែរ។
ក្លារ៉ាថ្ងៃនេះតែងខ្លួនបែបស្រគត់ស្រគំ ដោយនាងទម្លាក់សក់ចុះត្រង់ភ្លឹកស្អាតបីដូចជាសរសៃសូត្រដ៏មានតម្លៃ រ៉ូបត្រឹមជង្គង់ គ្របស្មាដោយអាវធំមើលទៅថ្នៃថ្នូរតែក៏មានលាយភាពសុីវិល័យខ្លះ។
"ប្រធានបទប្រជុំលើកនេះខ្ញុំពេញចិត្តណាស់ លោកគិតថាអ៊ីចឹងរឺអត់ខេន?"
"អូហ៍! បាទ ពិតមែនហើយ" មាត់និយាយឆ្លើយតប តែដៃម្ខាងក៏កាន់ណូត កត់សរសៃញាប់ស្អេកមិនដឹងជាកត់អ្វីខ្លះតាំងតែពីការប្រជុំចប់ជាស្ថាពររួចមក។ នូរ៍អាឯណោះក៏ដូចចិត្តទៀត មកប្រជុំយកតែភាពស្លន់មកតាមខ្លួន វង្វេងចេញមកភ្លេចយកកាបូបខ្លួនឯងម្ដង កាបូបខេនម្ដង ត្រឡប់ទៅមកយកសឹងតែវិលមុខទម្រាំគ្រប់គ្រឿងអស់។
"មមាញឹកណាស់នរ៎ ច្បាស់ជាកត់ត្រាអ្វីសំខាន់ហើយខេន" ក្លារ៉ានាងចាប់ភ្លឹកដឹងថាខេនគេកំពុងតែកត់អ្វីផ្សេងក្រៅពីចំណុចសំខាន់នៃការប្រជុំ ព្រោះថាគ្មាននរណាកត់ការងារបណ្ដើរ ញញឹមបណ្ដើរដូចជាគេពេលនេះទេ មានតែរឿងក្រៅការងារច្រើនជាង។
"សម្លាញ់ អបអរផង" ចេញមកដល់ខាងក្រៅភ្លាម អ្នកដែលនៅរង់ចាំក៏ចូលមក ដោយមិនភ្លេចឧទានអបអរមិត្តដែលអាចឆ្លៀតពេលការពារស្រីមកប្រជុំបានមួយព្រឹកពេញបែបនេះ។ លូហ្ស៊ីងដើរចូលមករកខេនដែលជាសម្លាញ់ តែភ្នែកក៏ប្រទាក់នឹងស្រីស្អាតដែលឈរក្បែរមិត្តជំនួស ពិសេសការស្លៀកពាក់ស្រគត់ស្រគុំរបស់នាង បើមិនមើលដូចជាស្ដាយភ្នែកណាស់។
"ហេឡូ" លូហ្ស៊ីងលូកដៃទៅបំណងចង់ចាក់ដៃរាក់ទាក់ជាមួយក្លារ៉ា តែនាងក៏បែរជាគោរពគេវិញដោយការអោនលំទោន ដែលពិតណាស់វាជាទម្លាប់របស់អ្នកនៅប្រទេសជប៉ុនឯណោះ។ លូហ្ស៊ីងសើចបែបលក់មុខ រួចក៏ដកដៃវិញ ហើយក៏អោនលំទោនគោរពស្រីស្រស់វិញភ្លាមៗតែម្ដង។
"មើលទៅមិត្តលោកមកដល់ហើយ អ៊ីចឹងខ្ញុំក៏មិននៅរំខានអីទៀតដែរខេន ស្អែកជួបគ្នាទៀតណា៎ លាសិនហើយលោកខាងណេះ"
"បាទ៎" កាលបើខ្លួនជាម្នាក់ក្នុងចំណោមអ្នកដែលគេលាដែរ លូហ្ស៊ីងក៏ឧទានឆ្លើយតបលឿនដូចជារន្ទះ។ គេញញឹមតាមមើលក្លារ៉ាដើរចេញទៅរហូតទាល់តែដាច់កន្ទុយភ្នែកទើបងាកបែរមើលមកសម្លាញ់វិញហាក់ដូចជាមានរឿងអីចង់និយាយចេញមកពេលនោះ។
"ស្អាតណាស់វើយ! កូនចៅនរណាហ្នឹង?"
"គេមានគូដណ្ដឹងហើយអាឆ្កួត! កុំផ្ដេសផ្ដាស" ឃើញមិត្តដូចចង់ដើរវៀចផ្លូវត្រឹមត្រូវ ទើបខេនប្រញាប់ប្រាប់ តែថាមនុស្សខិលដូចជាលូហ្ស៊ីងនេះ និយាយអីក៏មិនចូលត្រចៀកដែរ ដូចចាក់ទឹកលើក្បាលទាអ៊ីចឹង។
"ប្ដីនៅលែងគ្នាបាន ចុះទម្រាំគូដណ្ដឹងនោះ? សម័យនេះបើមិនថោកខ្លះដឹងតែអត់ហើយ.."
"អឺ! អ្នកមាន សង្ហា ហើយថោកទាប ឯងនេះបានជាឈុតតែម្ដងនរ៎ អាលូហ្ស៊ីង" ខេនក្រវីក្បាលតិចៗ រួចក៏ប្រញាប់ដើរទៅរកឡានមិត្តសម្លាញ់ដែលចតទុក អមដំណើរពីក្រោយដោយនូរ៍អា លេខាជំនិតទៅជាមួយផងដូចទម្លាប់។ លូហ្ស៊ីងច្បូញមាត់តិចៗ ហាក់នៅអាឡោះអាល័យស្រីស្រស់ តែក៏មានតែកាត់ចិត្ត ត្បិតគេក៏ជាប្រុសស្អាតម្នាក់ គេតែងតែជាអ្នកដេកចាំឲ្យស្រីមករក មិនដែលចាប់អារម្មណ៍រឺក៏រកស្រីមុនទេ។

រៀងខ្មើតដែរណ៎ បងលូហ្ស៊ីងពីងពីង ហុហុ

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now