ភាគទី28៖ នាងមិនមែនមានតែខ្លួនមួយ

75 5 0
                                    

អូនឈីងថាអូនព្រមចាញ់ហើយ ពួកយើងកុំស្គាល់គ្នាទៀតអី!

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី28៖ នាងមិនមែនមានតែខ្លួនមួយ

"ហ័រ អឺឈីង?" កាលបើលឺពីឈ្មោះមនុស្សរបស់ខ្លួនភ្លាម ម្ចាស់ខ្លួនតូចដែលជាថៅកែហាងក៏ជ្រឹមចិញ្ចើមតិចៗ ក្លារ៉ាគ្រាន់តែឧទានឈ្មោះរបស់អឺឈីង តែភ្នែកវិញក៏សំឡឹងមើលទៅខេនមិនទម្លាក់។
"ហេតុអីសុខៗមនុស្សដូចជាលោកខេនមកស្គាល់ក្មេងធម្មតាដូចជាអាឈីងបែបនេះ?" កាលបើទទួលបានការឆ្លើយតប ទទួលយកថាអ្នកដែលខេនបានឃើញនេះជាអឺឈីងពិតមែន អ្នកម្ខាងទៀតឯណោះក៏ធូរស្រាលចិត្ត ហើយខួរក្បាលក៏ព្យាយាមរិះគិតរកមើលវិធីដែលតាមនាងបន្តពីនេះ។
"គេនិងឈីងធ្លាប់មានទំនាក់ទំនងសុីជម្រៅមកជាមួយគ្នា គេតាមរកនាងមកបួនប្រាំឆ្នាំហើយ ទម្រាំតែបានជួបនៅថ្ងៃនេះ ថ្ងៃដែលគេមកជួបនិងដឹងថានាងនៅក្រោមការមើលថែគ្រប់គ្រងរបស់អ្នកនាងក្លារ៉ា" លូហ្ស៊ីងបានឱកាសក្រាស់សួរនាំ គេក៏ងើយក្បាលពើងទ្រូងឆ្លើយជំនួសយ៉ាងសុភាពរាបសាបំផុត។ ការនិយាយរបស់គេក៏ទាក់ទងក្រសែភ្នែកក្លារ៉ាឲ្យងាកបែរមើលមកគេ រួចក៏បញ្ចេញស្នាមញញឹមស្រស់បស់ដាក់គេបន្តិច មុននឹងងាកបែរទៅនិយាយជាមួយខេនវិញ។
"អាចនិយាយបានថាអាឈីងមិននៅក្រោមការគ្រប់គ្រងរបស់ខ្ញុំ តែនាងស្ថិតក្រោមការមើលថែចុះ ព្រោះដូចដែលពួកលោកបានដឹងថាអ្នកនៅទីនេះសុទ្ធសឹងតែជាជនរងគ្រោះពីអំពើហិង្សាគ្រប់ប្រភេទ ហើយខ្ញុំជួបពួកគេភាគច្រើនតាមរយៈការស្នើសុំមកខាងស្ថានទូតខាងខ្ញុំឯណេះដែរ"
"ចុះអឺឈីង? នាងមានរឿងអ្វីខ្លះមុននឹងបានមកជួបនិងក្លារ៉ា?" ពេលនិយាយចំកន្លែងដែលគេឆ្ងល់ ខេនក៏ប្រញាប់ចោទសួរទៅកាន់ក្លារ៉ាវិញភ្លាម ទាំងចិត្តអន្ទះសារចង់ដឹងជាពន់ពេក។ ក្លារ៉ាមិនទាន់និយាយអ្វីចេញមក តែនាងក៏ព្រលែងខ្យល់ដង្ហើមស្រាល ហាក់បីដូចជាតឹងចិត្តបំផុត។
"សម្រាប់ឈីង អាចនិយាយបានថាពួកយើងជួយនាងរៀងយឺតពេលបន្តិចក៏ថាបាន"

ត្រឡប់ទៅកាលពី3ឆ្នាំមុន
ស្បែកជើងកែងចោតបន្លឺឡើងតុបៗញាប់ជំហានស្អេក បង្ហាញពីភាពប្រញាប់ប្រញាល់របស់ម្ចាស់ខ្លួនឯណោះ នេះម៉ោងទើបតែ6ព្រឹកប៉ុណ្ណោះ អ្នកដទៃតាមមុខតំណែងខ្ពស់ក្នុងក្រសួងការបរទេសដូចជាមិនទាន់មាននរណាមកដល់ទេ លើកលែងតែនាងម្នាក់ប៉ុណ្ណោះ។
"អរុណសួស្ដីអ្នកនាងក្លារ៉ា" អ្នកដែលមកដល់កន្លែងមុននឹងជាអ្នកធ្វើការលំដាប់ក្រោម កាលបើឃើញក្លារ៉ាចូលមក ពួកគេក៏អោនគោរពនិងស្វាគមន៍នាងគ្រប់គ្នា ក្លារ៉ាក៏ញញឹមតប តែស្នាមញញឹមក៏ទម្លាក់ចុះវិញភ្លាម កាលបើនឹកឃើញដល់រឿងដើមហេតុដែលធ្វើឲ្យនាងត្រូវមកអហ្វហ្វីសទាំងព្រឹកព្រលឹមបែបនេះ។
"អ្នកដែលខ្ញុំត្រូវជួបគាត់នៅឯណា?" ក្លារ៉ាសួរភ្លាម អ្នកក្រោមបង្គាប់ក៏ប្រញាប់ប្រញាល់នាំផ្លូវក្លារ៉ាទៅភ្លាម។ អ្នកម្ខាងទៀតក៏ដើរទៅតាមយ៉ាងលឿនទាំងក្នុងអារម្មណ៍ខ្មួលខ្មាញ់គិត ត្បិតបើតាមការដែលគេខលមកប្រាប់ខ្លួន ស្ថានភាពមនុស្សម្នាក់នោះពិតជាពិបាកនឹងទទួលយកពិតមែន។
ពួកគេដើរប្រមាណជា5នាទីក៏បានមកដល់កន្លែងដែលត្រូវជួបពិភាក្សានោះតែម្ដង។
"អ្នកដែលត្រូវជួបនោះគាត់នៅខាងក្នុងនោះ ស្ថានភាពគាត់អាចនឹងពិបាកភ្នែកបន្តិចហើយអ្នកនាង បើសិនជាអ្នកនាងមិនទាន់ចង់ជួប ខ្ញំអាច—"
"ខ្ញុំនឹងជួបគេ មិនថាគេមានស្ថានភាពបែបណាក៏ដោយចុះ ព្រោះគេត្រូវការជំនួយខ្ញុំ បើសិនជាខ្ញុំរើសអើងគេទៀត តើបាននរណានឹងជួយគេទៅ" ក្លារ៉ានៅតែបន្តប្រកាន់គោលជំហរខ្លួនយ៉ាងខ្ជាប់ខ្ជួនជាទីបំផុត តាំងតែពីក្មេងរហូតដល់ធំ គោលដៅដែលនាងធ្វើការនៅទីនេះគឺនាងមានបំណងចង់ជួយដល់អ្នកដែលច្បាប់ក្នុងប្រទេសនេះមិនអាចការពារបាន រាល់ប្រជាជនជប៉ុនដែលមករកនាង អ្នកដែលគ្មានទីពឹងគឺក្លារ៉ារីករាយនិងលាដៃត្រកងជួយលើកពួកគេឡើង ផ្ដល់ជីវិតថ្មីឲ្យពួកគេជានិច្ច ហើយនេះក៏ដូចគ្នា។
ក្រាក!
ចប់ការសន្ទនានិងការគិត ក្លារ៉ាមិនបង្អង់ក៏ប្រញាប់រុញទ្វារបន្ទប់រង់ចាំចូលទៅ មុននឹងភាំងភ្លឹកស្មារតីនិងសភាពរបស់អ្នកដែលនៅក្នុងបន្ទប់នោះ ដល់ថ្នាក់និយាយអ្វីលែងចេញតែម្ដង។
សភាពមនុស្សស្រីខ្លួនតូច ដែលមានស្នាមរបួសសុះសាច់សឹងតែគ្រប់កន្លែងតាំងតែពីក្បាលរហូតដល់ចុងជើង។ ខ្លួននាងទាំងស្រុងរំពឹងលើកៅអីដែលអាចទ្រទប់ទម្ងន់បាន តែជើងនាងដែលនៅផ្ទាល់នឹងឥដ្ឋឯណោះក៏ញ័រសស្រាក់ ស្របនឹងដៃអោបក្រណាត់ជាប់អឹបនឹងទ្រូងទាំងភ័យខ្លាចសឹងតែមិនហ៊ានងើបមុខទាល់តែសោះ។
"ការពិតជាមនុស្សស្រី! នេះអ្នកនាងដើរមកកាន់ស្ថានទូតតែម្នាក់ឯងទាំងព្រឹកតែម្នាក់ឯង រឺក៏—" ក្លារ៉ាមានភាពងឿងឆ្ងល់នឹងអ្វីដែលមនុស្សស្រីម្នាក់នោះអោបកាន់ ទើបនាងប្រញាប់ចូលទៅជិតមានបំណងចង់ប៉ះ តែស្រីម្នាក់នោះក៏អោបជាប់ ក្រវីក្បាលម៉ាត់ៗមិនឲ្យអ្នកម្ខាងទៀតប៉ះពាល់។
"សូម សូមជួយខ្ញុំផង អ្ហឹក! ជួយដល់ខ្ញុំផង"
"ខ្ញុំសុំអង្វរ" នាងអោនមុខចុះ ញ័រខ្លួនកាន់តែខ្លាំង ស្របពេលដែលកំពុងតែហាមាត់សុំជំនួយពីអ្នកដែលឈរសំឡឹងមើលមកនាងទាំងស្រងេះស្រងោចចិត្តនោះ ក្លារ៉ាព្រលែងខ្យល់ដង្ហើមស្រាល មុននឹងលើកដៃម្ខាងទៅកាន់ប៉ះស្មានាងដែលភ័យខ្លាចតិចៗ។
"មកដល់ទីនេះ នាងអស់អីហើយ!"
"ខ្ញុំនឹងជួយនាង កុំបារម្ភអី"
"អ្ហឹក..អ្ហឺ" គ្រាដែលក្លារ៉ានិយាយប្រាប់ថានឹងជួយនាង អ្នកម្ខាងទៀតឯណោះក៏ស្រាប់តែយំចេញមក ប្រៀបបីដូចជាតានតឹងចិត្តខ្លាំង ទើបតែមានឱកាសបានបញ្ចេញការឈឺចាប់មកក្នុងពេលនេះ។
...
ត្រឡប់មកកាន់ពេលវេលាបច្ចុប្បន្នវិញ
ក្លារ៉ានិយាយរៀបរាប់នោះ វាជាសាច់រឿងរបស់ក្មេងស្រីដែលរត់គេចពីការតាមចាប់នឹងវាយធ្វើបាបពីសំណាក់ម្ចាស់បំណុល អ្វីដែលអាក្រក់បំផុតអ្នកដែលធ្វើឲ្យនាងរបួសដល់ពិការភ្នែកនោះគឺជាបុរសដែលជាឪពុកបង្កើតនាង គាត់តាមយាយី ធ្វើបាបកូន ដោយហេតុថានាងមិនព្រមនៅក្រោមឱវាទនិងរកលុយមកសងបំណុលជំនួសគាត់។
"ឪពុករបស់ឈីងគាត់កំពុងតែទទួលទោសក្នុងពន្ធនាគារឯណោះ គាត់ជាប់ទោសពីបទប្រើប្រាស់ហិង្សានិងអំពើឆបោក ពួកយើងអាចចាប់គាត់បាន ក្រោយពីឈីងរត់មកសុំជំនួយពីពួកយើងប៉ុណ្ណោះ នាងមានសញ្ជាតិជាជនជាតិជប៉ុនដែរ ព្រោះម្ដាយនាងគាត់ជាជនជាតិជប៉ុន ដូច្នេះនាងក៏មានសិទ្ធិទទួលបានការការពារពេញទំហឹងពីពួកយើងតែម្ដង" កាន់តែស្ដាប់ ទ្រូងរបស់ខេនកាន់តែស្រពាប់ស្រពោន ផ្សាខ្លោច នេះគ្រាន់តែស្ដាប់គេក៏ឈឺផ្សាខ្លោចចិត្តខ្លាំងយ៉ាងហ្នឹងទៅហើយ ចុះទម្រាំតែអឺឈីងក្នុងពេលនោះ? នាងឈឺប៉ុណ្ណា? ខ្លោចផ្សាកម្រិតណា? ឯកោប៉ុណ្ណា? គិតដល់រឿងនេះម្ដងណា គេខឹងស្អប់ខ្លួនឯងបំផុត គេមិនគួរណាទៅចោលនាង មិនគួរណាទុកនាងឲ្យនៅប្រឈមមុខជាមួយនិងពិភពលោកឃោឃៅមួយនេះតែឯងនោះទេ។
"ខ្ញុំនៅចងចាំសំឡេងយំនិងភាពភ័យខ្លាចរបស់ឈីងថ្ងៃនោះច្បាស់ នាងឈឺ នាងមានរបួស តែនាងក៏នៅតែតស៊ូមកសុំជំនួយពីពួកយើងទាល់តែបាន ខ្ញុំអាណិត ហើយខ្ញុំក៏សរសើរពីភាពតស៊ូព្យាយាមរបស់នាងខ្លាំងណាស់" ស្ដាប់ក្លារ៉ារៀបរាប់ លូហ្ស៊ីងឯណោះក៏ញញឹមចេញមក គេរំជួលចិត្តនឹងសាច់រឿងរបស់អឺឈីងមួយផ្នែក ហើយក៏រំភើបចិត្តនឹងសន្ដានចិត្តរបស់ក្លារ៉ាមួយផ្នែកទៀត ត្បិតគេមិននឹកស្មានថាក្លារ៉ាជាមនុស្សល្អទាំងកាយ ល្អទាំងចិត្តបែបនេះ។
"បើសិនជាខ្ញុំចង់មកសុំយកអឺឈីងទៅមើលថែ ក្លារ៉ាយល់យ៉ាងណាដែរ? ខ្ញុំមានត្រូវបំពេញបែបបទអ្វីបន្ថែមទេ?" ខេនគេព្យាយាមសង្រួមចិត្ត ងាកបែរទៅសួរចាប់ឱកាស ធ្វើយ៉ាងម៉េចឲ្យតែបានអឺឈីងត្រឡប់ទៅជាមួយនឹងខ្លួនវិញ ទោះជាត្រូវធ្វើអ្វី ចំណាយប៉ុន្មាន គេក៏មិនខ្វល់ដែរ។
"រឿងនេះមិនអាស្រ័យលើខ្ញុំទេលោក វាអាស្រ័យទៅលើឈីង បើសិនជានាងយល់ព្រមទៅជាមួយលោក នាងអាចទៅបានដោយមិនចាំបាច់មានលក្ខខណ្ឌអ្វីនោះទេ" ក្លារ៉ានាងមិនបានជំទាស់ មិនទាមទារចង់បានអ្វីជាមុខមាត់ក្នុងការជួយអឺឈីងទេ ព្រោះវាជាជីវិតរបស់នាង នាងមានសិទ្ធិសម្រេចដោយខ្លួនឯង គ្មានពាក់ពន្ធ័ជាមួយនិងខ្លួនទេ។
"អ៊ីចឹងពួកលោកពិសារអាហារសិនទៅ ខ្ញុំទៅកម៉្មង់អាហារបន្ថែមជូនណា៎" ក្លារ៉ាឧទានសុំខ្លួនឡើងទៅគិតថានឹងកម៉្មង់អាហារបន្ថែម តែពេលក្រោកឡើងនាងក៏ភ្លេចខ្លួនជាន់ចំរបស់ម៉្យាងត្រជាក់ៗនៅលើឥដ្ឋការ៉ូឯណោះ។ ក្លារ៉ាអោនចុះរួចក៏លើកយកមកទើបឃើញថាវាជាកូនកន្សែងដៃផ្ទាល់ខ្លួនរបស់មនុស្សប្រុស។
"នេះជាកន្សែងដៃលោកមែនទេខេន? មានអក្សរអិលភី(L.P)នៅលើនោះ" ខេនគេទទួលយកកូនកន្សែងមក មុននឹងងាកមើលទៅកូនកន្សែងដៃខ្លួនដែលមាននៅលើតុស្រាប់ ព្រោះអម្បាញ់មិញគេយកវាទៅជូតជូនឈីង តែថាភ្លាមនោះគេក៏ស្រាប់តែនឹកឃើញដល់រឿងអ្វីម៉្យាង នាំឲ្យស្នាមញញឹមគេញ៉ោចឡើងហាក់ដូចជាសប្បាយចិត្តបំផុត។
"វាជារបស់ឈីង..ឈីងមិនបានភ្លេចយើងទេ" គេនៅចាំបានថាមុនពេលដែលគេចាកចេញ អឺឈីងក៏មានកូនកន្សែងមួយនេះជាប់ខ្លួនដែរ វាជាសក្ខីភាពរវាងគេនឹងនាង ហើយបើវាបន្តនៅជាប់ខ្លួនអឺឈីងរហូត វាក៏ដូចជាបានន័យថានាងមិនបានភ្លេចគេនោះទេ នាងកុហក។
ខេនមិនបង្អង់ប្រញាប់ក្រោកដើរចេញទៅយ៉ាងលឿនតែម្ដង។ ដំណើរបោះជំហានញាប់ស្អេក បូករួមនឹងការសួរនាំបុគ្គលិកផ្សេងក៏រុញគោលដៅគេឲ្យមកដល់បរិវេណផ្ទះស្នាក់របស់បុគ្គលិកហាង ដែលក្នុងនោះ មួយផ្ទះវាជាកម្មសិទ្ធិរបស់អឺឈីងដែរ។
ខេនកាន់កូនកន្សែងជាប់ដៃទាំងស្នាមញញឹមជាប់លើផ្ទៃមុខ គេដើរចូលទៅផ្ទះដែលមានការដាំផ្កាស្រស់ស្អាតសាកសម មុននិងទ្វារផ្ទះបើកឡើងបង្ហាញវត្តមានអឺឈីង ចេញមកព្រមទាំងមានក្មេងម្នាក់ពរជាប់ចង្កេះ។
ក្មេងស្រីចងសក់ទីងទុយ ស្លៀករ៉ូបឈូកស្រស់ស្អាតមើលទៅគួរឲ្យស្រឡាញ់ប្លែក នាងងាកភ្នែកបែរសំឡឹងមើលទៅខេន អ្នកប្លែកមុខដែលមកឈរពីមុខផ្ទះ មុននឹងលូកដៃចង្អុលទៅគេទាំងងឿងឆ្ងល់បំផុត។
"ម៉ាក់ៗណាគេហ្នឹង? ប៉ាអូនមែនទេ?"
"ក..កូន? នេះឈីង..ឈីងមានកូន?"

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now