ភាគទី31៖ ហេតុផល

229 8 0
                                    

បងខេនថាកុំឆ្ងល់អូនអើយ បងមុខក្រាស់ដោយសារតែអូនហ្នឹងហើយ

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី31៖ ហេតុផល

អឺឈីងបានឃើញថាកូនស្រីនៅខាងក្នុងគេងលក់ ចំណែកអ្នកដែលមកតាមនៅខាងក្រៅក៏គេងលក់ទៀត ទើបនាងសម្រេចចិត្តលបលួចចេញពីផ្ទះស្ងាត់ៗទៅ ហាក់ដូចជាមានបំណងអ្វីម៉្យាងលាក់កំបាំងនៅក្នុងចិត្ត។
អឺឈីងនាងមិនបានទៅណាឆ្ងាយទេ ពោលគឺនាងដើរត្រឡប់ចូលទៅកាន់ហាងវិញ ដោយគោលដៅនាងគឺសម្ដៅតម្រង់ទៅកាន់បន្ទប់ដែលនាងបានចាកចេញទាំងកម្រោលអម្បាញ់មិញនោះឯង ដើម្បីទៅជួបមនុស្សម្នាក់ដែលនៅបន្តតែម្នាក់ឯងក្នុងបន្ទប់នោះ។
ក្រាក!
ដៃស្រឡូនលូកបើកទ្វារបន្ទប់វីវីអាយភីភឹប មុននឹងវត្តមាននាងនាំឲ្យអ្នកខាងក្នុងភ្ញាក់ព្រើតដូចជាគេចោលមួយដុំឥដ្ឋ។ លូហ្ស៊ីងដែលកំពុងតែអង្គុយផឹកតែញ៊ាំសាសីមិយ៉ាងឆ្ងាញ់មាត់ ពេលនេះគេទម្លាក់ចង្កឹះចុះប្រឹប មុននិងងាកផ្ដល់ស្នាមញញឹមលាយឡំនឹងភាពឆ្ងល់ទៅកាន់អឺឈីងវិញ។
"ឈីង..នេះមកតែឯងទេ? ចុះឯណា..." លូហ្ស៊ីងមានបំណងចង់សួររកខេន គេនិយាយបណ្ដើរងាករ៉េក្រសែភ្នែកស្វែងរកបណ្ដើរដែរ នេះក្រែងខេនទៅតាមអឺឈីងហី? ចុះហេតុអីក៏ពេលនេះនាងមកតែម្នាក់ឯងវិញ?
"ខេនគេគេងលក់ហើយ"
"អុយ៎ លឿនម៉្លេះ?" អឺឈីងនិយាយន័យផ្សេង លូហ្ស៊ីងឯណោះក៏គិតន័យផ្សេង ដូចដែលគេនិយាយថាមនុស្សយើងតែគិតផ្លូវណា វាក៏ទៅតាមផ្លូវហ្នឹងឯង រឿងល្អក៏អាចគិតថាជារឿងមិនល្អបាន និយាយទៅខួរក្បាលសម្រាមតែម្ដង។
"គេគេងលក់នៅខាងមុខផ្ទះ ប្រហែលជាអស់កម្លាំង.."
"ត្រូវហើយ! ព្រោះគេទើបតែចុះពីយន្តហោះមកពីអង់គ្លេសហើយក៏បន្តមកទីនេះតែម្ដង" លឺបែបនេះអឺឈីងខ្ជឹបបបូរមាត់ ហាក់ដូចជានឹកគិតដល់ភាពនឿយហត់របស់អ្នកខាងណោះភ្លាមៗ ការប្រែប្រួលទឹកមុខរបស់នាងក៏នាំឲ្យលូហ្ស៊ីងឯណេះកិលខ្លួនមកកាន់តែជិត ប្រុងប្រៀបមាត់និយាយចាក់បន្ថែមទៀត។
"នាងដឹងទេថាកន្លងទៅប៉ុន្មានឆ្នាំនេះ ជីវិតអាខេនវាបែបណាខ្លះ?" លូហ្ស៊ីងសួរបែបនេះ អឺឈីងកាន់តែស្ងាត់មាត់ថែមទៀត កន្លងមកនាងតែងតែគិតថាជីវិតខេនអាចនឹងមានក្ដីសុខ មានសុភមង្គលនឹងគ្រួសារមួយពេញលេញទៅហើយ ព្រោះបើនាងចាំមិនខុស កាលពីប្រាំឆ្នាំមុន មានអ្នកផ្ញើធៀបមកឲ្យនាងថែមទៀត។
"គេមានគូដណ្ដឹងគេរួចហើយលោក លោកក៏ដឹង"
"គូដណ្ដឹង? នាងបានលឺចេញពីមាត់អាខេនផ្ទាល់មែនទេ? ពាក្យខ្លះទាល់តែបានលឺការបកស្រាយច្បាស់ ទើបអាចយកជាការបាន ដូចជាខ្ញុំកាលពីមុន ខ្ញុំក៏គិតដែរថាអាខេនវាមានគូដណ្ដឹង មានគូអនាគតរួចហើយ ទើបខ្ញុំមិនមកយាយីជីវិតនាង បណ្ដោយឲ្យនាងរស់នៅដោយខ្លួនឯងដូចជាកាលពីមុន តែខ្ញុំគិតខុស"
"គិត..គិតខុស?" លូហ្ស៊ីងកាន់តែនិយាយ អឺឈីងកាន់តែឆ្ងល់មិនយល់ពីអត្ថន័យ បើសិនជាខេនគេមិនមាននរណា ហេតុអីក៏គេមិនព្រមប្រាប់នាងពីដំបូង ហេតុអីក៏ទុកឲ្យនាងនឹងកូនយល់ច្រឡំទាំងបែបនេះ?
"អាខេនវាមិនបានភ្ជាប់ពាក្យទេ ពិធីភ្ជាប់ពាក្យដែលពួកយើងដឹងលឺនោះវាជាពិធីរបស់ប្អូនស្រីអាខេនទេ" លូហ្ស៊ីងអស់សំណើចបន្តិច ត្បិតពួកគេនៅក្នុងបន្ទប់ទាំងពីរនាក់ សុទ្ធសឹងតែជាអ្នកដែលយល់ច្រឡំជាមួយនឹងខេនដូចគ្នា គ្រាន់តែម្នាក់ដឹងរឿងលឿន ម្នាក់ទៀតដឹងរឿងយឺតពេលប៉ុណ្ណោះ តែយឺតនេះយឺតមិនធម្មតាទេ យឺតដល់ទៅ5ឆ្នាំឯណោះ។
"ខ្ញុំ..ខ្ញុំវិលវល់អស់ហើយលោក" អឺឈីងក្រវីក្បាលតិចៗ មុននឹងអស់ជំហរដួលផ្ងារក្រោកអុកគូថយកតែម្ដង លូហ្ស៊ីងគេមិនបង្អង់ក៏ប្រញាប់ចូលទៅជួយទប់នឹងលើកអឺឈីងឡើង ទាំងភ្នែកគេសំឡឹងចំកែវភ្នែកម្ខាងដែលអឺឈីងមិនអាចមើលឃើញឯណោះ។
"នាងដឹងរឺអត់? រាល់ដំណឹងទាក់ទងនឹងការឈឺចាប់របស់នាងលឺដល់ត្រចៀកអាខេន វាឈឺប្រៀបដូចជាគេចាក់ម្ភៃសាមសិបកាំបិតអ៊ីចឹង មួយឆ្នាំដំបូងដែលវាត្រឡប់មកវិញ វាមិនទៅណាទាំងអស់ ក្រៅពីសំណាក់ហ័រ វាទៅទីនោះរៀបចំសម្អាត បើកទ្វារចាំនាងរៀងរាល់ថ្ងៃ រំពឹងថាមានថ្ងៃណាមួយដែលនាងនឹងត្រឡប់ទៅសំណាក់ហ័រវិញ ហើយនឹងបានជួបជុំគ្នាម្ដងទៀត តែ..."
"តែខ្ញុំមិនបានត្រឡប់ទៅវិញទេ" អឺឈីងឧទានឡើងស្របនឹងភ្នែកចាប់រលីងរលោងជាថ្មីម្ដងទៀត នាងមិនដែលគិតថាការចាកចេញរបស់នាង វាធ្វើឲ្យមនុស្សប្រុសម្នាក់រងទុក្ខដល់ថ្នាក់ហ្នឹងទេ នាងខំតែគិតថាជម្រើសរបស់នាងនឹងធ្វើឲ្យខេនមានក្ដីសុខ អាចបំភ្លេចរាល់រឿងរ៉ាវចាស់ទាំងអស់ហើយសាងសុភមង្គលថ្មី តែផ្ទុយទៅវិញ! នាងក៏បែរជាធ្វើឲ្យខេនចាយពេលអស់ដល់ទៅប្រាំឆ្នាំ ដើម្បីរង់ចាំនាង នាងអាក្រក់ខ្លាំងណាស់។
"វាមិនមែនជាកំហុសនាងទេឈីង ខ្ញុំដឹងថានាងក៏មានទុក្ខលំបាកខ្លួនឯងផ្ទាល់ដែរ តែខ្ញុំក៏ឆ្ងល់ ថាហេតុអីក៏..នាងសម្រេចចាកចោលសំណាក់ហ័រ ទាំងដែលវាជាកន្លែងដែលនាងស្រឡាញ់បំផុតនោះ?"
"សំណាក់ហ័រគឺជាកន្លែងដែលខ្ញុំស្រឡាញ់ពិតមែន បើអាចយកជីវិតប្ដូរការពារបាន ខ្ញុំក៏ព្រម តែមកពីគ្រានោះ ខ្ញុំមានជីវិតមួយផ្សេងដែលត្រូវការពារ ជីវិតដែលគ្មានអ្វីលើលោកអាចកាត់ថ្លៃបានតែម្ដង ជីវិតមួយនោះហើយដែលធ្វើឲ្យខ្ញុំអាចរស់បន្តបានដល់ពេលនេះ"
"ជីវិត?" លូហ្ស៊ីងគេលើកដៃឈ្លីក្បាលខ្លួនឯងតិចៗព្យាយាមរកនឹក តែមួយសន្ទុះគេក៏ភ្ញាក់ព្រើត លើកដៃខ្ទប់បបូរមាត់ព្រោះតែនឹកឃើញ។
"កុំប្រាប់ថានាងនឹងអាខេន—"
"អឺម ពួកយើងមានកូនជាមួយគ្នា" លូហ្ស៊ីងគេរំភើបខ្លាំង រំភើបយកតែមែនទែន នេះគេស្ដាប់មិនច្រឡំទេហ្អេស៎? មិត្តគេមានកូន?
"ខ្ញុំគួរតែឲ្យកូននាងហៅខ្ញុំថាម៉េច? អុំ? អូយ៎ អត់ទេ អាខេនវាអាយុបងខ្ញុំ3ខែ អ៊ីចឹងកូនវាត្រូវហៅខ្ញុំថាពូ អូយ៎ ហៅយ៉ាងណាក៏ស្ដាប់ទៅនៅតែចាស់ ហ៊ឹសៗ" ភាពឆ្លេឆ្លារបស់លូហ្ស៊ីងនាំឲ្យអឺឈីងនាងអស់សំណើចបន្តិច។ ស្រីតូចអង្គុយគិតមួយស្របក់ យករាល់សម្ដីរបស់លូហ្ស៊ីងបាននិយាយមកគិត មុននឹងប្រញាប់ក្រោកឡើងចេញទៅខាងក្រៅវិញលឿនដូចជារន្ទះ។
នាងចាកចេញទៅយ៉ាងលឿននេះ គឺនាងមានគោលដៅតែមួយប៉ុណ្ណោះ គឺសម្ដៅទៅរកបុរសដែលនៅរង់ចាំនាងនៅពីមុខផ្ទះឯណោះ នាងចង់ទៅនិយាយជាមួយគេ សួរនាំគេ ពិសេសគឺនាង ចង់សុំទោសគេ សុំទោសដែលនាងខ្ជះខ្ជាយពេលគេមកអស់5ឆ្នាំនេះ។
(ហ្អា៎ ហិហិ)
អឺឈីងរត់មកដល់ខាងមុខផ្ទះក៏ឈប់ងក់ កាលបើអ្នកដែលនាងគិតថាគេងលង់លក់ ពេលនេះក៏នៅខាងក្រៅផ្ទះទាំងពីរនាក់។ ជូអឺពេលនេះនៅក្នុងដៃរបស់ខេន នៅស្ងៀមឲ្យគេពរ ខណៈដៃតូចៗលូកចុចទូរសព្ទ័ដៃទំនើបដែលនាងមិនដែលធ្លាប់មានប្រើឲ្យកូនបានឃើញសោះ។
"នៅអង់លេ(អង់គ្លេស) ធំណាស់នេស៎ពូពូ" ជូអឺឧទានឡើងទាំងភ្ញាក់ កាលបើខេនបង្ហាញវីដេអូនៅប្រទេសកំណើតខ្លួនឲ្យនាងបានឃើញ។ នាងតូចដែលមិនធ្លាប់មានអ្វីមើលក្រៅតែពីទូរទស្សន៍នឹងគំនូរ ពេលបានឃើញរូបភាពនឹងវីដេអូរស់រវើកបែបនេះ ការហួងហែងខ្លួនក៏រលាយបាត់អស់គ្មានសល់តែម្ដង។
"នៅទីនោះមានតុកតា(តុក្កតា)អត់ពូពូ?"
"មាន..មានច្រើនណាស់កូន បើកូនព្រមទៅអង់គ្លេសជាមួយពូ ចាំពូនាំកូនទៅលេង Disney land"
"អ៊ូ!!! នៅនុង៎មានតុកតាឆើនអត់ពូ? អា៎ ជូអឺចង់ទៅណាស់ ហិហិ ចង់ទៅលេងតុកតា"
"ជូអឺ កូន" កំពុងតែជជែករកដាក់ខសន្យាគ្នាហើយក៏ស្រាប់តែសំឡេងហៅរបស់អឺឈីងមកកាត់ការសន្ទនារបស់ពួកគេភ្លាម។ ខេនងាកបែរមើលទៅឈីង មុននឹងអោបកូនជាប់ ហាក់ខ្លាចថាបើគេលែង អឺឈីងអាចនឹងមិនឲ្យគេប៉ះកូនទៀត។
អឺឈីងដើរចូលមករកពួកគេ មកកាន់តែជិតរួចលូកដៃទាញកអាវកូនផ្លិតបន្តិច ទាំងដែលខេនគិតថានាងមកនេះ ព្រោះចង់មកយកកូនពីគេ។
"ចេញមកក្រៅត្រជាក់បែបនេះ កូនគួរតែស្លៀកពាក់ឲ្យសាកសមណា៎ជូ..លោកក៏ដូចគ្នា" អឺឈីងនិយាយបែបបារម្ភទៅកាន់ទាំងពីរនាក់ប៉ាកូនតែម្ដង ខេនឯណោះបាននាងនិយាយបែបនេះ គេសឹងតែទន់ជង្គង់ រលាយបេះដូងកណ្ដាលវាលតែម្ដង។
"ឈីង..គឺថារឿងដែលបងចង់ប្រាប់—"
"ខ្ញុំជឿលោក" ខេនគេភ្ញាក់ព្រើត កាលបើអឺឈីងនាងនិយាយបែបនោះ នេះនាងទៅបាត់មិនដល់កន្លះម៉ោងផង នាងក៏ប្រែប្រួលថ្នាក់នេះ? តែថាចម្ងល់គេគ្រប់យ៉ាងក៏ស្រាយ កាលបើមានអ្នកសុីញ៉ូដៃពីចម្ងាយមកឯណោះ លូហ្ស៊ីងលើកដៃវាសអាវតិចៗមានមោទនភាពពីចម្ងាយ ហាក់ដូចជាបង្ហាញច្បាស់ថាអឺឈីងទៅជាបែបនេះក៏ព្រោះតែគេឯណោះ។
ក្រឺង!ក្រឺង..
សុខៗទូរសព្ទ័ខេនក៏រោទ៍ឡើង នាយប្រើដៃម្ខាងកាន់ទប់ជូអឺជាប់ មុននឹងដៃម្ខាងទៀតលើកទូរសព្ទ័យកមកមើលក៏ឃើញថាវាជាើេខរបស់ម៉ាខេឡា។
"ទទួលទៅ" អឺឈីងឈរស្ងៀមមែនពិត តែពេលឃើញលេខម៉ាខេឡា នាងក៏ឧទានឲ្យខេនទទួលភ្លាម។ នាយក៏ងក់ក្បាល តែមុននឹងលើកគេក៏ទាញអឺឈីងមកអោបស្មាដោយដៃកាន់ទូរសព្ទ័នោះជាប់ រួចបើកកាំមេរ៉ាទូរសព្ទ័ភ្លាម។
(យើស! អ្នកមានស្នេហាគឺចូលចិត្តតែបង្អួតគេអ៊ីចឹងមែនណ៎)
"ច្រណែនរកមួយទៅ បើរកមិនបាន ចាំបងចាប់អាលូហ្ស៊ីងឲ្យ"
(ហ្អាយ៎ឆ្កួត.. បងឯងអាងតែខ្ញុំផ្ដាច់ពាក្យ នៅលីវក៏ឌឺបែបនេះរហូត)
<អូហ៍! ការពិតអ្នកដែលខេននិយាយជាមួយនោះជាប្អូនស្រីគេដែលភ្ជាប់ពាក្យកាលពី5ឆ្នាំមុននោះទេតើ> អឺឈីងគិតក្នុងចិត្តម្នាក់ឯង។
"នេះប្រពន្ធបង ប្រពន្ធដែលបងប្រាប់ឯងថាមករកនោះអី ពេលនេះបងរកឃើញហើយ"
(អបអរផងបងខេន អូហ៍! មែនហើយម៉ាក់ផ្ដាំថាបើបងរកបងស្រីឃើញកាលណា បងនាំគាត់មកអង់គ្លេសមក ម៉ាក់នឹងប៉ាចង់ជួបគាត់ឲ្យបានម្ដងណាស់)
និយាយដល់លោកប៉ាគេភ្លាម ខេនគេក៏ក្រពុលមុខភ្លែត បើមិនដោយសារតែគាត់ ម៉្លេះគេក៏មិនឃ្លាតឈីងមក5ឆ្នាំបែបនេះដែរ គ្រប់យ៉ាងមកពីគាត់ទាំងអស់។
"បាន! ព្រោះបងក៏ចង់ដឹង ថាលោកប៉ានឹងធ្វើមុខបែបណាដូចគ្នា"

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now