ភាគទី75

264 13 1
                                    

រឿង : ចំណងបេះដូងមួយរាត្រី
ភាគទី75

"មែន! ព្រោះក្លារ៉ាជាមនុស្សដែលបងស្រឡាញ់.. បងមិនចង់ឲ្យនាងគិតខុស"
"ហ៊ឹស!"
    សម្ដីដែលចេញពីមាត់លូហ្ស៊ីង វាប្រៀបបីដូចជានរណាម្នាក់កំពុងតែឈរកាន់កាំបិតចាក់ទ្រូងនាងច្រុចៗអ៊ីចឹងដែរ។ ម៉ាខេឡាងើយក្បាលទប់ភាពរលីងរលោងដែលអាចបង្កឲ្យទឹកភ្នែកនាងហូរស្រក់ចុះ លូហ្ស៊ីងឯណោះក៏ចងចិញ្ចើមខ្ពស់ ព្រោះកាលបើទទួលបានដំណឹងថាខេនមកសៀងហៃ វាហាក់ដូចជាប្រផ្នូលមិនល្អសម្រាប់គេណាស់ទៅហើយ ពេលមកដល់ឃើញម៉ាខេឡាដែលបាត់ខ្លួនច្រើនថ្ងៃនៅជាមួយពួកគេទៀត វាកាន់តែធ្វើឲ្យគេបារម្ភថែមទៀត។
"បើឯងមិនចង់ឲ្យមានរឿងឈឺក្បាលកាន់តែច្រើន ឯងគួរតែនៅឲ្យស្ងៀមប្រសើរជាជាងធ្វើអ្វីនាំឲ្យខ្លួនឯងស្ដាយក្រោយពេលមុខ"
"នៅស្ងៀម?" ម៉ាខេឡាកាន់តែស្ដាប់ នាងក៏កាន់តែហួសចិត្តថែមរាប់សិបដងទៅតាមសម្ដីចេញពីមាត់របស់គេ។
"បងនឹងនៅក្បែរឯង មើលការខុសត្រូវឯង ទោះបីជាមិនមែនក្នុងនាមជាមនុស្សប្រុសម្នាក់ តែបងនឹងស្រឡាញ់ឯងដូចជាប្អូន"
"មិនចាំបាច់ទេ" កាលបើចិត្តនឹងបេះដូងនាងទទួលយកសម្ដីគេលែងបាន ម៉ាខេឡាក៏សម្រេចនិយាយតបទៅកាន់លូហ្ស៊ីងវិញ ដោយការច្រានចោលនូវសំណើរដ៏សែនឈឺចាប់អស់ទាំងនោះ។
"ទោះបីជាខ្ញុំឯកោខ្លាំង ខ្ញុំក៏មិនចង់បានការមើលថែនឹងយកចិត្តទុកដាក់ក្លែងក្លាយពីនរណាម្នាក់ដែរ!"
"នរណាថាការមើលថែបងជារឿងក្លែងក្លាយ? មានរឿងស្អីខ្លះដែលបងធ្វើចំពោះឯងដែលជារឿងក្លែងក្លាយនោះ ម៉ាខេឡា?!" គេគិតថាខ្លួនមានបំណងល្អ ដែលចូលខ្លួនមកធានាមើលថែនាង ទាំងដែលគេមិនដែលធ្លាប់និយាយបែបនេះទៅលើស្រីណាសោះ សារជាតិដើមរបស់គេគឺមនុស្សចូលចិត្តសប្បាយ សប្បាយរួចក៏ដោះដៃចេញ តែសម្រាប់នាង ទោះបីជាវាកើតឡើងមិនមែនព្រោះការស្រឡាញ់ តែគេក៏ផ្ដល់ភាពសំខាន់ឲ្យនាងជាងស្រីៗទាំងនោះ ក៏ព្រោះនាងជាប្អូនរបស់មិត្តសម្លាញ់គេ។
"អត់ទេ! រឿងគ្រប់យ៉ាងដែលបងធ្វើវាមិនមែនក្លែងក្លាយទេ គឺមកពីខ្ញុំ..ខ្ញុំគិតដោយខ្លួនឯង" ម៉ាខេឡាពោលឡើង មុននឹងរលាស់ដៃចេញពីការចាប់កាន់របស់មនុស្សប្រុសម្នាក់ដែលនាងមើលខុសមកជាច្រើនឆ្នាំនេះ។ គេ, បើរាប់បន្តពីបងប្រុសរបស់នាង គឺមានតែគេប៉ុណ្ណោះដែលនាងទុកចិត្តបំផុត មនុស្សទីពីរដែលនាងគិតថានឹងស្មោះត្រង់នឹងគ្មានថ្ងៃធ្វើឲ្យនាងឈឺចាប់ តែពេលនេះនាងដឹងហើយ..
(ខ្ញុំគិតខុសច្រើនណាស់)
"ម៉ាខេឡា"
"ចាស៎..បង..ខេន" បបូរមាត់ដែលញ័រសស្រាក់ ពេលនេះក៏ត្រូវបង្ខំឲ្យប្រែជាធម្មតា ឆ្លើយតបទៅកាន់បងប្រុសវិញ ដើម្បីកុំឲ្យគាត់មានការសង្ស័យមកលើនាង។ ម៉ាខេឡាចោលក្រសែភ្នែកសំឡឹងមើលទៅលូហ្ស៊ីងជាលើកចុងក្រោយ មើលហាក់បង្ហាញពីភាពខកចិត្តខ្លាំងបំផុត មុននឹងដើរចេញសម្ដៅទៅរកបងប្រុសឯណោះ។
    លូហ្ស៊ីងបន្តតាមសំឡឹងមើលស្រីខ្លួនតូចស្លៀកពាក់អាវរបស់ខ្លួន តែនាងក៏បែរដើរមួយៗសម្ដៅទៅរកបងប្រុស ដែលសូម្បីតែនាយពេលនេះក៏មិនមើលមកកាន់គេដែរ។
(ហេតុអីក៏យើងត្រូវមកចួបរឿងអស់ទាំងនេះ? យើងគ្រាន់តែចង់មាទំនួលខុសត្រូវនឹងកែខៃដើម្បីក្លារ៉ាតែប៉ុណ្ណឹង)

    សណ្ឋាគារផារ៉ាដាយ៍
    ដូចជាពាក្យចាស់និយាយថា កាន់តែគេចគឺកាន់តែចួប កន្លែងដែលម៉ាខេឡាព្យាយាមគេចចេញ សុខចិត្តទៅសម្ងំនៅកន្លែងចាស់បាក់បែកអស់រយៈពេលប៉ុន្មានថ្ងៃរួចមក ពេលនេះវាសនាចុចដៅឲ្យនាងត្រឡប់មកវិញឲ្យទាល់តែបាន។
    ដោយសារតែសំណាក់វាទទួលរងការខូចខាតច្រើន មិនទាន់អាចស្នាក់នៅបាន ទើបខេនសុំអឺឈីង សុំបែបបង្ខំឲ្យនាងមកសម្រាកបណ្ដោះអាសន្ននៅខាងក្រៅសិន ទម្រាំតែខ្លួនអាចរកជាងជួសជុលជូននាងបាន ហើយក៏ដូចជាសព្វមួយដង លូហ្ស៊ីងចូលខ្លួនមកសុំជួយ ដោយគេសុំឲ្យគ្រួសារមិត្តទៅសម្រាកនៅសណ្ឋាគាររបស់គេ។
    រាងកាយមាំខ្ពស់ដឹកនាំមុខគ្រួសាររបស់ខេន សម្ដៅទៅកាន់ជាន់វីវីអាយភី ដែលមានបន្ទប់deluxeស្អាត សាកសមសម្រាប់ការស្នាក់នៅរបស់ពួកគេដែលជាមនុស្សស្និតស្នាលនឹងខ្លួន។
"ឯងនឹងអឺឈីងព្រមទាំងកូនអាចស្នាក់នៅបន្ទប់បែបគ្រួសារនេះបាន វាមានបន្ទប់ មានផ្ទះបាយ ងាយស្រួលសម្រាប់ឲ្យអឺឈីងនឹងកូនឯងបានលំហែកំសាន្ត ចំណែកអឺហ្វាន់នឹងលោកអាន់ដាំអាចស្នាក់នៅ—"
"មិនបាច់រំខានលោកទេ ខ្ញុំនឹងលោកពូអាចទៅស្នាក់នៅផ្ទះរបស់អ្នកមីងស៊ុងជីសិនក៏បានដែរ ម៉្យាងខ្ញុំចង់នៅមើលការខុសត្រូវការសាងសង់ផង"
"ខ្ញុំដឹងថាបងថ្លៃបារម្ភ តែការសាងសង់នឹងដំណើរការទៅដោយរលូន ដូច្នេះបងមិនចាំបាច់បារម្ភទេ" ខេនដឹងថាគេមិនមានសិទ្ធ តែគេក៏នៅតែលូកមាត់ប្រាប់ ព្រោះគេដឹងថាផ្នែកមួយនៃអារម្មណ៍មានសុវត្ថិភាពរបស់អឺឈីង គឺការមានបងប្រុសនៅក្បែរ ដូច្នេះគេមិនអាចបណ្ដោយឲ្យបងប្រុសនាងមានបញ្ហាជាដាច់ខាត។
"អត់ទេ! ខ្ញុំនឹងមិនកើតអីទេ ម៉្យាងខ្ញុំ.."
"ខ្ញុំចង់ធ្វើខ្លួនឲ្យរឹងមាំ ដូច្នេះព្រះនាងទាំងពីររបស់ខ្ញុំនឹងមិនមានអារម្មណ៍ភ័យខ្លាចរឺឯកោទៀត"
    មនុស្សស្រីទាំងពីរនាក់ដែលអឺហ្វាន់ចង់សម្ដៅលើគឺអឺឈីងនឹងជូអឺ ប្អូននឹងក្មួយស្រីរបស់គេហ្នឹង គេខកខានឱកាសមិនបានមើលថែមនុស្សសំខាន់ទាំងពីរយូរហើយ ដូច្នេះលើកនេះ គេនឹងលះបង់គ្រប់បែបយ៉ាង ឲ្យតែអាចធ្វើឲ្យពួកគេមានក្ដីសុខ។
    ខេនទទួលស្ដាប់ ហើយក៏យល់បានពីបំណងអ្នកជាបងគេម្នាក់ ពិតណាស់! បើសិនគេស្ថិតក្នុងស្ថានភាពដូចគ្នានឹងអឺហ្វាន់ គេក៏នឹងធ្វើបែបនេះដូចគ្នា ប្អូនស្រីគេជាផ្នែកមួយដ៏សំខាន់ដែលលាក់ទុកក្នុងប្រអប់ទ្រូងរបស់គេ។
"អ៊ំហ្វាន់! អ៊ំ ហិ.." ជូអឺដែលនៅឈរជិតម្ដាយសុខៗ ពេលនេះក៏ដើរតត្រុកចូលមក នឹងលូកដៃអោបអ៊ំប្រុសជាប់ណែនទាំងស្នាមញញឹម។ អឺហ្វាន់ទម្លាក់ដៃប៉ះអង្អែលក្បាលក្មួយជាទីស្រឡាញ់ មុននឹងបន្ទន់ជង្គង់ចុះម្ខាង ដើម្បីឲ្យទាបស្មើនាង។
"នៅទីនេះមើលម៉ាក់ផងណាកូន អ៊ំទៅទីនោះមើលសំណាក់ពួកយើង រួចរាល់ពេលណា អ៊ំនឹងមកទទួលកូននឹងម៉ាក់ត្រឡប់ទៅវិញ អូខេ?"
"អូខេ ហេរ៉ូរបស់ជូ ហិហិ ចាឡាញ់អ៊ំហ្វាន់បំផុត"
"អ៊ំក៏ស្រឡាញ់កូន ជូជូ"
    អឺហ្វាន់នឹងជូអឺ ទោះបីជាអ៊ំក្មួយទាំងពីរមិនសូវបានចួបគ្នា នៅឆ្ងាយពីគ្នាយូរក្ដី តែពួកគេក៏ឆាប់យល់ពីគ្នានឹងស្និតស្នាលគ្នាណាស់ ដូចជាពាក្យគេនិយាយថាឈាមរត់រកឈាមហ្នឹងឯង។
"បងហ្វាន់.." អឺឈីងឯណោះ នាងក៏ប្រញាប់ចូលមករកបងប្រុសនឹងអោបគេដូចគ្នា។
"បងនឹងឧស្សាហ៍មកទីនេះរកឯងនឹងកូន ដូច្នេះកុំបារម្ភអី"
"បងមិនចាំបាច់ទៅមកច្រើនទេ ខ្ញុំខ្លាច..ខ្លាចថាបងនឹងមានបញ្ហា ដូច្នេះបងនៅទីនោះហើយ ណា៎! ខ្ញុំសុំបង" អឺឈីងព្យាយាមសុំបងប្រុស ព្រោះនាងកាលពីមុននាងធ្លាប់ទទួលដឹងអារម្មណ៍បាត់បង់គេម្ដងទៅហើយ គេមិនចង់ឲ្យខ្លួនឯងឆ្លងកាត់អារម្មណ៍អស់ទាំងនោះទៀតទេ។
    បងប្អូនប្រុសស្រីទាំងពីរនាក់អោបគ្នា វាជារឿងមួយដ៏កក់ក្ដៅនឹងមើល តែវាក៏ធ្វើឲ្យអ្នកដែលកំពុងតែឈរមើលក្នុងចំណោមពួកគេនោះលួចញញឹមសប្បាយចិត្ត ខណៈក្នុងទ្រូងនាងកំពុងតែចួបនូវរឿងប្រេះស្រាំមិនតិច។
    ម៉ាខេឡាញញឹម គិតបែរខ្នងគិតចង់ទៅមើលបន្ទប់ខ្លួន តែក៏បែរជាទច់ដំណើរ កាលបើមនុស្សស្រីម្នាក់ដែលជាមនុស្សចុងក្រោយនាងបានឃើញក្នុងរង្វង់ដៃលូហ្សីងកាលពីថ្ងៃនោះ ហើយពេលនេះនាងកំពុងតែដើរមករកនាង ហើយថែមទាំងបង្ហាញស្នាមញញឹមទៀត។
"ខេវីល"
    សព្វនាមដែលគ្រាន់តែលឺក៏ដឹងថានរណាដែលតែងតែហៅផ្ដល់ភាពភ្ញាក់ផ្អើលឲ្យគេគ្រប់គ្នានោះ។
"ក្លារ៉ា? អេ៎ នេះមកពីកាលណាហ្នឹង?" ខេនគេក៏ភ្ញាក់បន្តិច កាលបើបានឃើញមិត្តចាស់ម្នាក់ទៀតមានវត្តមាននៅទីនោះ គេដើរទៅរកក្លារ៉ា តែក៏មិនភ្លេចចោលភ្នែកមើលទៅលូហ្ស៊ីងបន្តិច។
"មកបានប៉ុន្មានថ្ងៃហើយ ថ្ងៃនេះចុះមកក្រោម គិតចង់ធ្វើនេះធ្វើនោះក៏បានចួបនឹងលោកល្មម"
"នេះនិស្ស័យទេដឹង?" ខេននឹងក្លារ៉ាក៏នាំគ្នាសើច ស្របនឹងអឺឈីងដើរចូលទៅរាក់ទាក់ក្លារ៉ាដែរ ត្បិតនាងក៏ធ្លាប់ជាអ្នកជួយជីវិតខ្លួន។ លូហ្ស៊ីងឯណោះ កាលបើឃើញថាក្លារ៉ានាងបង្ហាញខ្លួន ពិសេសចំពេលម៉ាខេឡានៅទីនេះ គេក៏មិនបង្អង់ប្រញាប់ចូលទៅជិតនាង ដៃមាំលូកទៅកាន់ស្មាម៉ាខេឡា មុននឹងហើបមាត់និយាយតិចៗ។
"ពួកយើងឡើងទៅផេនហោស៍ទៅ បងមិនបានរៀបបន្ទប់ ដូច្នេះឯងត្រូវសម្រាកនៅទីនោះ"
"ហេតុអីក៏ខ្ញុំត្រូវធ្វើតាមបង?"
"ឯងចង់នៅចួបក្លារ៉ាចឹង?"
"អ្នកនាងក្លារ៉ាក៏ជាអ្នកជិតស្និតនឹងបងខេន ខ្ញុំត្រូវនៅរាក់ទាក់គាត់ខ្លះ.."  ម៉ាខេឡានាងដកខ្លួន មានបំណងចង់ដើរទៅរកកន្លែងដែលក្លារ៉ានឹងបងប្រុសនាងឈរ តែក៏ត្រូវឈប់ កាលបើដៃនាងត្រូវបាតដៃធ្ងន់ចាប់ជាប់នឹងច្របាច់ខ្លាំង។ នាងងាកបែរត្រឡប់មក ក៏ឃើញថាលូហ្ស៊ីងកំពុងតែមើលមកនាង មើលទាំងមុខហាក់ខឹង។
"ឯងក៏ដឹងហើយថាការដែលជំទាស់ជាមួយបង វាមិនមានលទ្ធផលល្អទេម៉ាខេឡា កុំគិតថាការចូលទៅជិតក្លារ៉ាអាចធ្វើឲ្យបងនឹងនាងបែកបាក់គ្នានោះ ឯងគិតខុសហើយ"

    អរគុណសម្រាប់ការអាន ✨🌸

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now