រឿង : ចំណងបេះដូងមួយរាត្រី (វគ្គលូហ្ស៊ីង x ម៉ាខេឡា)
ភាគទី71ម៉ាខេឡាខាំធ្មេញ ក្ដាប់ដៃខ្លួនឯងណែន ដើម្បីហាមឃាត់ខ្លួនឯងមិនឲ្យគិតនឹងចូលទៅរកលូហ្ស៊ីងរឺក៏បង្កបញ្ហានៅទីនោះ។ រាងស្ដើងថយជំហានខ្លួនឯង សន្សឹមដើរបែរចេញទាំងទ្រូងខាងឆ្វេងចុកអួលណែនសឹងតែចង់ដាច់ខ្យល់ស្លាប់ នាងខំគិតថាការចេញពីបន្ទប់មកអាចជួយឲ្យចិត្តនាងបានធូរស្រាលខ្លះតែនេះអត់ទេ..អារម្មណ៍នាងកាន់តែដុនដាប។
"អ្នក..នាង..អេ៎" កាលបើម៉ាខេឡានាងដើរចេញទៅ ក៏មានបុគ្គលិកម្នាក់ដែលចំណាំនាងបាន ព្រោះគេជាបុគ្គលិកដែលនៅបម្រើការជាប្រចាំនៅឯជាន់ផេនហោស៍ឯណោះ។ គេព្យាយាមហៅនាង តែម៉ាខេឡាហាក់បីដូចជាអណ្ដែតអណ្ដូងអារម្មណ៍ ទើបស្ដាប់មិនលឺថាមានអ្នកកំពុងតែហៅខ្លួន។
នាងបន្តដើរទៅមុខ ចុចជណ្ដើរនាំខ្លួនចុះរហូតទាល់តែមកដល់ជាន់ផ្ទាល់ដី ដែលជាជាន់មមាញឹកបំផុតប្រចាំសណ្ឋាគារមួយនេះ។ សភាពនាងក្នុងឈុតអាវសឺមីវែង សក់ទម្លាក់រសាយរលោងរលាស់ ហាក់ជាគូគួបផ្សំនឹងជំហានវែងៗបោះដើរបន្តទៅមុខ កាត់ក្រសែភ្នែកមនុស្សមួយចំនួនដែលកំពុងតែចោលភ្នែកមើលមក។
សន្សើមបន្សល់ពីការបង្អុរចុះនៃភ្លៀងក៏នៅបន្តហូរស្រក់ វាប្រៀបបីដូចជាអារម្មណ៍ឈឺចុកមួយសន្ធឹកដែលចូលមកពាសពេញទ្រូងម៉ាខេឡាអម្បាញ់មិញ ពេលនេះក៏រសាយចេញម្ដងបន្តិចៗ បន្សល់ត្រឹមអារម្មណ៍មួយដែលនាងខ្លួនឯងក៏បរិយាយមិនបានថាចង់បានអី។
"ផឹប..អ្ហឺ.."
"ជួយដើរឲ្យប្រយត្ន័ផង មេឃកំពុងភ្លៀង" អារម្មណ៍នាងមិនដឹងជាទៅដល់ណាអស់ទៅហើយទេ ទើបដើរមកដល់ផ្លូវថ្មើរជើង បែរជាមិនដឹងថាបុកនឹងអ្នកដំណើរផ្សេងទៀត តែអាចជាសំណាងដែរ ដែលអ្នកដំណើរម្នាក់នោះមិនបានរករឿង តែក៏និយាយប្រាប់នាងយ៉ាងស្រួលបួលបំផុត មុននឹងចាកចេញទៅ។ ម៉ាខេឡាបន្តដើរទៅមុខបន្តទៀត រហូតទាល់តែទៅដល់ទូទូរសព្ទសាធារណៈមួយកន្លែងដែលនៅកាច់ជ្រុងពីមុខសណ្ឋាគារផារ៉ាដាយ៍។
"អ្ហឺ..ខ្ញុំ..ខ្ញុំ អ្ហឹក" ដៃម្ខាងលូកកាន់ទូរសព្ទ ចុចលេខ1ដដែលៗជាច្រើនដង ខណៈដៃម្ខាងស្ទាបទ្រូងខាងឆ្វេងខ្លួនឯង ប្រៀបបាននឹងការបង្ហាញសញ្ញាណស្ទះថប់អារម្មណ៍ ហាក់ចង់រកអ្វីមកធ្វើ ចង់រកមនុស្សម្នាក់មកស្ដាប់នាង បើមិនដូច្នោះទេ នាងច្បាស់ជាគាំងស្លាប់ជាក់ជាមិនខាន។ ពេលនេះនាងត្រូវការមនុស្សម្នាក់ តែម្នាក់ក៏បានដែរ ទោះជាម្នាក់នោះជាមនុស្សសំខាន់រឺ..
(មនុស្សដែលមិនសំខាន់? អ្ហឺ..)
កាលបើគិតដល់មនុស្សដែលមិនសំខាន់ភ្លាម ខួរក្បាលនាងក៏ស្រាប់តែនឹកគិតឃើញដល់មនុស្សម្នាក់ មនុស្សដែលនាងមិនដែលសូម្បីតែគិតថានឹងទាក់ទង រឺរំលឹកពីគេម្ដងទៀត។ តែពេលនេះ.. ពេលនេះហេតុអីក៏នាងស្រាប់តែនឹកឃើញគេ?
ខួរក្បាលកំពុងគិត តែដៃឯណោះក៏វាសចុចលេខគេភ្លាម ដូចជារេផ្លិចទៅតាមអារម្មណ៍ចង់បាន ជាជាងបេះដូងទៅទៀត។
ទឺត! ទឺត..
(អាឡូ ខ្ញុំម៉ាហ្វ័រនិយាយ)
សំឡេងគ្រលរធំបែបនឹងធឹងមិនខុសពីគ្រាចាស់ ម៉ាខេឡាលើកដៃម្ខាងខ្ទប់បបូរមាត់ខ្លួនឯង ក្រោយពីស្ដាប់លឺសំឡេងអ្នកម្ខាងទៀត, អ្នកដែលនាងដឹងច្បាស់ថាគេច្បាស់ជាមិនពេញចិត្តឡើយ បើដឹងថាស្រីមុខក្រាស់ដូចជានាងខលទៅគេដោយគ្មានមូលហេតុ ក្រោយពីផ្ដាច់ពាក្យជាមួយគេកាលពីប៉ុន្មានឆ្នាំមុខដោយគ្មានហេតុផលច្បាស់លាស់ដូចគ្នា។
"ប..បងអាល់ហ្វេ្រដូ? អ្ហឹក.."
(ខេឡា? នេះអូន.. ទឺត!ទឺត)
កាលបើអ្នកម្ខាងទៀតឧទានហៅឈ្មោះនាង អ្នកខាងណេះក៏ប្រញាប់ចុចបិទភ្លែត ព្រោះខ្មាសអៀននឹងទង្វើខ្លួនឯងខ្លាំងពេក។ ម៉ាខេឡាទម្លាក់ខ្លួនចុះសម្រក់ទឹកភ្នែកតក់ៗ ព្យាយាមឲ្យខ្លួនឯងយំចេញមកឲ្យខ្លាំង ក្រែងវាអាចកាត់បន្ថយអារម្មណ៍ឈឺចុកខ្លះ។
"ខ្ញុំមិនគួរទៅពាក់ពន្ធ័ជាមួយបងអាល់ហ្វ្រេដូទៀតទេ ខ្ញុំមិនចង់ធ្វើបែបនេះទេ តែខ្ញុំ..ខ្ញុំពិតជាឯកោណាស់" អារម្មណ៍ខ្មាសនឹងអារម្មណ៍ឈឺ វារួតរឹតទ្រូងនាងខ្លាំង ដល់ថ្នាក់នាងមិនអាចបែងចែកបានថានាងត្រូវការអ្វី នឹងត្រូវការនរណាឲ្យប្រាកដក្នុងពេលនេះ។
—
ក្រឡេកមកមើលអ្នកបម្រើម្នាក់ដែលបានឃើញម៉ាខេឡាចេញទៅអម្បាញ់មិញ គេមិនបង្អង់ចាំយូរ ចូលទៅក្នុងបារធំរកមើលចៅហ្វាយប្រុសភ្លាម តែក៏ជ្រួសដំណើរជាមួយគេល្មម តែជ្រួសផ្លូវពេលគេកំពុងតែបីរាងកាយមនុស្សស្រីម្នាក់ផ្សេង មិនមែនអ្នកនាងដែលគេបានឃើញអម្បាញ់មិញ។
"អ្នកប្រុស"
"បើកបន្ទប់.." លូហ្ស៊ីងនិយាយកាត់ភ្លាម ខណៈដៃម្ខាងទ្រទប់ចង្កេះអ្នកស្រវឹងអួរទីនួរនោះជាប់ ដៃម្ខាងទៀតក៏ទាញកាតបើកបន្ទប់មួយដែលនៅជិតបំផុត។ ទ្វារបន្ទប់របើកឡើង ត្រូវបុគ្គលិកម្នាក់នោះកាន់ជាប់ ហុចឱកាសឲ្យលូហ្ស៊ីងត្រកងបីខ្លួនទន់ល្អូករបស់ក្លារ៉ាចូលទៅខាងក្នុងភ្លាមៗមិនបង្អង់។
"អ្ហឺ..ខ្ញុំ..ខ្ញុំចង់ផឹក អឹក"
"នាងស្រវឹងហើយក្លារ៉ា" អ្នកម្ខាងទៀតទាមទារចង់បានស្រាផឹកបន្ត ទាំងខ្លួននាងទាំងស្រុង ពេលនេះកំពុងតែដេកដល់ពូកទៅហើយ ដោយដៃប្រុសម្នាក់ដែលមើលមកនាងជាមួយក្រសែភ្នែកស្រទន់។
"ហេតុអីទៅលោក? ហេតុអីក៏គេធ្វើបែបនោះ អ្ហឹក! ខ្ញុំ.. ខ្ញុំខំស្រឡាញ់គេ ខំរៀបចំអនាគតជាមួយគេ អឹក" គ្រាន់តែក្លារ៉ានិយាយបានប៉ុណ្ណេះ លូហ្ស៊ីងគេក៏អាចដឹងបាត់ហើយថាវាជាឱកាស ក្លារ៉ាបែកបាក់ជាមួយស្នេហ៍ចាស់? គេអាចមានឱកាសហើយមែនទេ?
ដៃម្ខាងទម្លាក់ទៅវែកសក់ខ្លីដែលបាំងភ្នែកក្លារ៉ា មុននឹងសម្ដីបុគ្គលិកដែលឈរមើលនោះបន្លឺឧទានទាំងឆ្ងល់។
"អ្នកប្រុស ចុះរឿងអាហារដែលរៀបនៅផេនហោស៍?"
"លើកទៅមួយឈុតទៅ ហើយយកមួយឈុតមកទីនេះ យើងត្រូវនៅមើលក្លារ៉ា ឡើងទៅមិនទាន់បានទេ" គេក៏នឹកឃើញពីវត្តមានរបស់នារីម្នាក់ទៀតដែលនៅក្រោមបន្ទុករបស់គេដែរ តែនាងនៅខាងលើ មានអ្នកយាមកាម អ៊ីចឹងវាប្រហែលជាមិនមានបញ្ហាអីសម្រាប់គេទេ សំខាន់ពេលនេះមនុស្សស្រីដែលគេប្រាថ្នាកំពុងតែនៅទីនេះ នៅក្នុងដៃហើយ គេមិនអាចឲ្យឱកាសរបូតបានទេ។
—
YOU ARE READING
ចំណងបេះដូងមួយរាត្រី
Romanceចំណងស្នេហ៍កើតចេញពីការអាណិតស្រឡាញ់ដែលកម្លោះមន្ត្រីការទូតមានទៅលើស្រីសាមញ្ញម្នាក់ដែលសុខចិត្តលក់ខ្លួន ព្រោះទ័លច្រក។ ខេន x អឺឈីង