ភាគទី10៖ ទីក្រុងដ៏តូចចង្អៀត

85 5 0
                                    

បងនឹងអូននៅកន្លែងតែមួយអ៊ីចឹង តើអាចប្រទះគ្នារឺក៏អត់?

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី10៖ ទីក្រុងដ៏តូចចង្អៀត

ក្រោយពីរួមតុជាមួយលោកការទូតវ័យចំណាស់ផ្សេងរួចមក ខេនគេក៏ចាប់ផ្ដើមនិយាយរាក់ទាក់ សួរនាំ ពិេសសគឺទាក់ទងនឹងការប្រជុំដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃបន្តបន្ទាប់ខាងមុខ។
"ការប្រជុំនៅលើកនេះ មានអ្នកការទូតច្រើនប្រទេស ច្រើនតំណែងណាស់មកចូលរួម តែថាគ្មាននរណាដែលធ្វើឲ្យខ្ញុំរំភើបដូចជាបានជួបលោកខេននេះទេ"
"ខ្ញុំក៏រីករាយដូចគ្នាលោក អ្នកម៉ាក់ក៏ផ្ដាំមកសួរសុខទុក្ខអស់លោកដែរ"
"ហីយ៉ា ពួកយើងនៅតែនឹកឃើញដល់លោកការទូតប៉ារបស់លោកខេន នឹករលឹកគាត់ជានិច្ច និយាយអ៊ីចឹងលោកសុខសប្បាយរឺអត់?" កាលបើត្រូវចាស់ទុំសួរនាំពីឪពុក ខេនឯណោះក៏ញញឹមតប តែញញឹមបែបមិនសូវសម ព្រោះគេនឹងលោកប៉ាគេខានទាក់ទងគ្នាយូរណាស់មកហើយ ចាប់តាំងពីលោកប៉ាអ្នកម៉ាក់គេចែកផ្លូវគ្នាមក។ អ្នកមើលពីខាងក្រៅគេប្រហែលជាគិតថាគ្រួសារគេជាគ្រួសារដែលល្អបំផុត ព្រោះទាំងលោកប៉ាគេ អ្នកម៉ាក់ បូករួមទាំងខ្លួនគេសុទ្ធសឹងតែមានមុខតំណែងមួយដែលគួរឲ្យកោតសរសើរនិងក្លបខ្លាច តែដូចជារឿងល្ខោនដែលគេលេងអ៊ីចឹង ល្ខោនគេលេងតែចំណុចរឺរឿងដែលគេចង់បង្ហាញដល់ទស្សនិកជនតែប៉ុណ្ណោះ រឿងរ៉ាវជាច្រើនដែលលាក់ពីក្រោយវាំងនន គ្មាននរណាម្នាក់ដឹងទេក្រៅពីក្រុមអ្នកសម្ដែងនោះ។
"លោកប៉ាគាត់សុខសប្បាយជាទេអស់លោក ពេលនេះគាត់កំពុងតែសម្រាកលំហែនៅបរទេសមួយរយៈ ព្រោះចង់មានពេលវេលាផ្ទាល់ខ្លួនខ្លះ"
"អូហ៍! ជារឿងល្អណាស់ ល្អខ្លាំងមែនទែន"
លោកអ្នកការទូតផ្សេងនាំគ្នាលាន់មាត់ ស្ញើចសរសើរមិនដាច់ពីសម្ពន្ធ័ភាពគ្រួសារគេ ខេនឯណោះក៏នៅស្ងៀម រឹតតែមិននិយាយបកស្រាយអ្វីទៀត បើគេគិតថាជីវិតគ្រួសារនាយល្អ ក៏តាមហ្នឹងចុះ។
"លោកខេន.."
"បាទ៎?" ខណៈខេនកំពុងរួមតុជាមួយអ្នកការទូតជិតស្និតផ្សេងទៀត ក៏បែរមានសំឡេងមួយបន្លឺឧទានហៅគេយ៉ាងត្រជាក់ស្រេងដូចជាទឹកកក។ កាយមាំរហ័សងាកបែរមើលមក មុននឹងញ៉ោចស្នាមញញឹមបន្តិច ត្បិតអ្នកដែលហៅនោះជាអ្នកស្គាល់គ្នា ក៏ធ្លាប់ជាមិត្តរួមថ្នាក់ចាស់។
"ក្លារ៉ា? ហ៊ីយ៉ា នេះមកចូលរួមដែរហ្អេស៎?"
"ចាស៎ បើមិនមក ម្ដេចនឹងបានជួបកម្លោះសៅកែខេននៅទីនេះទៅ" សម្ដីនិយាយបញ្ចើចបញ្ចើររវាងអ្នកទាំងពីរហាក់ត្រូវដងត្រូវផ្លែគ្នាជាខ្លាំង។ ក្លារ៉ា មីណាវ៉ាហ្សា ជាអ្នកការទូតមកពីជប៉ុន។ បើទោះបីជានាងមើលទៅក្មេងក៏ពិតមែន តែនាងមានអាយុប្អូនខេនតែមួយឆ្នាំប៉ុណ្ណោះ ពួកគេទាំងពីរធ្លាប់រៀនសាលាជាមួយគ្នានៅឯអង់គ្លេស ហើយក៏ធ្លាប់ជាអតីតអ្នកប្រណាំងប្រជែងគ្នារឿងពិន្ទុរៀនផងដែរ។
"បែកគ្នាយូរ សម្ដីនៅតែខ្លាំងនរ៎ នេះមកតែឯងទេហ្អេស៎?" ខេនថាហើយក៏ងាកមើលជុំវិញខ្លួនក្លារ៉ា ហាក់ដូចជាព្យាយាមរកមើលក្រែងថានាងមកមានគ្នា នឹងអាលគេបានរាក់ទាក់គួរសមខ្លះ។
"គឺខ្ញុំមកតែឯងទេ និយាយអ៊ីចឹងបែកគ្នាយូរ មានគូគាប់ភ្ជាប់បេះដូងអីហើយរឺនៅហ្នឹងខេន?" សំនួររបស់ក្លារ៉ាក៏នាំទឹកមុខអ្នកម្ខាងទៀតឲ្យប្រែប្រួលពិបាកនឹងស្មានបន្តិច។ ខេនមិនទាន់ឆ្លើយតប ត្បិតខួរស្រាប់តែភ្ញោចបង្ហាញវត្តមានរបស់មនុស្សម្នាក់ មនុស្សដែលគ្រាន់តែគេនឹកឃើញភ្លាម បេះដូងក៏កក់ក្ដៅប្លែក។
"មិនឆ្លើយបែបនេះ ច្បាស់ជាមានហើយមែនអត់? ហីយ៉ា! នេះខ្ញុំជិតបានហូបការលោកការទូតខេនឆាប់ៗហើយទេដឹងនៀក៎?"
"មិនឆាប់រហ័សយ៉ាងហ្នឹងទេ..គ្រាន់តែមើលចិត្ត មិនទាន់ឈានដល់ដំណាក់កាលអីទេ" ខេនគេមិនបដិសេធ តែក៏កុហករឿងដែលគេថាគេកំពុងតែមើលចិត្តគ្នាជាមួយមនុស្សម្នាក់ ទាំងដែលការពិតខួរក្បាលគេពេលនេះកំពុងតែរំលឹកដល់គេពីនាង មួយពេលសឹងតែមួយលានដងទៅហើយ។
"រឿងគូស្រករទាមទារពេលយូរបែបហ្នឹងហើយ ខ្ញុំសប្បាយចិត្តណាស់ ពេលបានជួបមិត្តចាស់ហើយបានដឹងថាជីវិតគេកំពុងតែដើររលូនទៅមុខបែបនេះ" ក្លារ៉ានាងជាមនុស្សសម្ដីផ្អែម ទន់ភ្លន់ ហើយក៏ពូកែយកចិត្តទុកដាក់។ កាលពីពួកគេនៅរៀនមិនខ្វះទេទាំងមិត្តរួមជំនាន់ សិស្សច្បង សិស្សប្អូន សុទ្ធតែផ្គូផ្គងនាងនឹងខេនជាគូដែលសាកសមបំផុត។ តែសម្រាប់ពួកគេ ទាំងខេន ទាំងក្លារ៉ាសុទ្ធតែបដិសេធការផ្គូផ្គងនោះ ដោយឲ្យអ្នកគ្រប់គ្នាដឹងថាក្លារ៉ាសំឡឹងមើលមកខេនដូចជាមិត្តនឹងជាបងប្រុសម្នាក់ ចំណែកខេនក៏មិនខុសគ្នា គេមិនជាប់ជំពាក់វ៉ាក់វិនជាមួយនាងទេ ដោយគេរក្សាបេះដូងនិងការស្រឡាញ់រហូតមកទល់ពេលនេះ។
ពេលដែលគេបានជួបមនុស្សស្រីម្នាក់ដែលធ្វើឲ្យគេអាចរង្គោះរង្គើចិត្ង តែនាងបែរជាចាកចេញបាត់ គ្មានបន្សល់ដានអ្វីសោះ។
"អ៊ីចឹងខ្ញុំគិតលាខេនសិនហើយណា៎ រីករាយណាស់ដែលបានជួប"
"ដូចគ្នា អ្នកនាងការទូត" កាលបើលឺខេនប្រើនាមនាងបែបនេះ ក្លារ៉ាក៏អស់សំណើចតិចៗ រួចលូកចាប់ដៃលាគ្នាជាលើកចុងក្រោយ មុននិងបែកផ្លូវគ្នានៅវិនាទីបន្ទាប់។
"សុំអភ័យទោសអស់លោកផង ខ្ញុំមានការសុំទៅបន្ទប់ទឹកមួយភ្លែត"
"តាមសប្បាយចុះលោកខេន" រាងខ្ពស់អោនគំនាបលាចាស់ទុំរួចរាល់ គេក៏ប្រញាប់ក្រោកទាញកៅអីនាំកាយសង្ហាចេញពីកន្លែងចំណោមមនុស្សទាំងអស់។
...
ប្រមាណជា15នាទីកន្លងផុត ទម្រាំតែនាយបានចូលបន្ទប់ទឹកតាមបំណង ខេនទាញក្រដាសពីរសន្លឹកមកជូតដៃខ្លួន រួចបើកគម្របធុងសម្រាមបោះវាចោលតាមទម្លាប់។ រាងខ្ពស់ដើរជ្រែងហោប៉ៅចេញពីបន្ទប់ទឹកមក មុននឹងខ្យល់ត្រជាក់ល្ហឹមបោកបក់មកប៉ះរាងកាយគេ ដល់ថ្នាក់ព្រឺឆ្អឹងខ្នងខ្ញាកៗ។
"នេះជាផ្លូវចេញបន្តទៅដល់ណា?" ក្រសែភ្នែកវៃឆ្លាត ក្រឡេកបែរមើលតាមផ្លូវដែលមានអ្នកចេញចូលមួយចំនួននៅទីនោះ ដែលភាគច្រើនពួកគេគឺជាបុគ្គលិកបម្រើការអាហារទាំងអស់។ ចិត្តមួយចង់ត្រឡប់ទៅតុវិញ ខណៈចិត្តមួយជម្រុញនាយឲ្យចេញទៅខាងក្រៅ បាត់ឆ្ងាយពីហ្វូងមនុស្ស ក្រែងបានស្រូបខ្យល់អាកាសខ្លះ។
"ហ៊ឹម!" គិតចុះគិតឡើង ការសម្រេចចិត្តចុងក្រោយបង្អស់របស់ខេន គឺនាយត្រឡប់ចូលទៅកាន់កន្លែងពិធីវិញ បំភ្លេចចោលនូវភាពស្មុគស្មាញទាំងអស់ គេគួរតែបែងចែកឲ្យដាច់រវាងអារម្មណ៍និងកាតព្វកិច្ច។
រាងខ្ពស់ដើរចូលមកខាងក្នុងជ្រៅ មុននឹងលឺសំឡេងទះដៃគិល បង្ហាញពីភាពអធិកអធមនៃការដំណើរការនៃកម្មវិធីនោះ។ ខេនបញ្ឈប់ដំណើរបន្តិច ដោយនៅឈរទាញសារ៉េករអាវខ្លួនឯង មុននិងសំឡេងស្រែកមួយលឺល្វើយៗក្បែរត្រចៀកតែម្ដង។ រាងខ្ពស់ជ្រឹមចិញ្ចើម ងើបភ្នែកមើលឡើងទៅខាងលើ មុននិងឃើញខ្លួនតូចស្ដើងរអិលធ្លាក់មកពីលើជណ្ដើរដែក ខណៈដៃនាងកាន់ខ្សែមាំទាញបើកបង្ហាញពីបដាកម្មវិធីប្រជុំនាគ្រានោះ។
ខេនឯណោះទោះបីជាឃើញខ្លួនតូចនោះបន្ទាន់ តែស្មារតីរឹងមាំជម្រុញគេឲ្យលូកដៃទ្រក្រសោបរាងកាយនារីម្នាក់នោះ នាំឲ្យទាំងគេនឹងនាងដួលព្រួសនៅលើឥដ្ឋ។ ខ្នងក្រាស់បុកនិងឥដ្ឋលាន់ភឹប តែដៃក៏នៅកាន់ខ្លួនអ្នកខ្លួនទ្រនោះជាប់មិនលែងដដែល។
"ឲ្យនាងខ្ញុំសុំទោស..សុំទោសលោក"
"អឹស..ខ្ញុំ..ខ្ញុំមិន—" ទោះខ្លួនប្រាណឈឺក៏ខេនគេនៅនិយាយគួរសមទៅកាន់នារីម្នាក់នោះ តែពេលគេនឹងនាងងាកបែរមុខចំគ្នាច្បាស់ៗ ម្នាក់ៗក៏បែរជាគាំងនិយាយអ្វីលែងចេញទាំងអស់។
"លោកខេន?"
"អឺឈីង?!"
គឺជាគេ..
គឺជានាង..
ទីក្រុងសៀងហៃមួយនេះ តូចចង្អៀតបន្តិចហើយ៕

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now