ភាគទី96

212 10 0
                                    

រឿង : ចំណងបេះដូងមួយរាត្រី
    ភាគទី96

    ការត្រឡប់មកប្រកាសក្ដែងៗប្រាប់ដល់អ្នកគ្រប់គ្នាថានាងនឹងលូហ្ស៊ីងរៀបការ វាដូចជាការពញ្ញាក់អារម្មណ៍អ្នកដែលបានដឹងលឺពីភាពរកាំរកូសនៃទំនាក់ទំនងរវាងពួកគេទាំងពីរនាក់អ៊ីចឹង។
    ខេន ព្រមទាំងក្រុមគ្រួសារដែលនៅទីនោះ បូករួមនឹងវត្តមានភ្ញៀវដែលមិនមានអ្នកនឹករលឹកគឺលោកស្រីម័រហ្គេន គ្រប់គ្នាអង្គុយនៅក្នុងសំណាក់ហ័រ ទាំងម្នាក់ៗព្យាយាមរង់ចាំស្ដាប់ការបកស្រាយពីពួកគេទាំងពីរនាក់ឲ្យបានច្បាស់លាស់។
    លូហ្ស៊ីងនៅអង្គុយស្ងៀម ខ្លួនក៏ត្រៀមបំណងចង់ហាមាត់និយាយ តែក៏បែរជាមានដៃម៉ាខេឡាកាន់គេជាប់ រួចហាមាត់និយាយជួស។
  "ខ្ញុំជាមួយបងហ្ស៊ីង ពួកយើងគិតច្បាស់លាស់ហើយថានឹងរៀបការជាមួយគ្នា ហើយខ្ញុំមកនេះគឺចង់មកប្រាប់ហើយក៏ចង់បានពាក្យជូនពរពីគ្រួសារជាទីស្រឡាញ់របស់ខ្ញុំ" ម៉ាខេឡាបកស្រាយទាំងស្នាមញញឹម ខណៈភ្នែកងាករ៉េមើលមុខអ្នកគ្រប់គ្នា ទាំងខេន, អឺឈីង, អឺហ្វាន់នឹងជូអឺ តែក៏ឈប់ត្រឹមពេលមកដល់លោកស្រីម័រហ្គេន។
    គាត់មិនមែនជាគ្រួសាររបស់នាងទេ...
    ទោះបីជាម៉ាខេឡានិយាយចេញមកទាំងស្នាមញញឹមក៏ពិតមែន អ្នកផ្សេងអាចមើលមកថានាងមានក្ដីសុខនឹងការសម្រេចចិត្តមួយនោះ តែមានតែខេនប៉ុណ្ណោះដែរមើលឃើញខុសគេ។
    ប្រឹប!
"ខេន"
"បងមិនអីទេ.." គ្រាដែលស្វាមីស្រាប់តែក្រោកឡើងប្រឹបបែបហ្នឹង អឺឈីងក៏ប្រតិកម្មរហ័សដោយការលូកទៅប៉ះកាន់ដៃរបស់គេជាប់។ ខេនងាកបែរមើលមកភរិយា បដិសេធទៅវិញដោយស្នាមញញឹម មុននឹងងាកបែរមើលទៅម៉ាខេឡា, ប្អូនស្រីឯណោះវិញ។
"ម៉ាខេឡា..ទៅខាងក្រៅជាមួយបងបន្តិច បងមានការចង់និយាយជាមួយឯង.." ការឧទានបបួលហៅ ក៏ត្រូវបញ្ចប់ដោយខេននាំខ្លួនចេញទៅមុន ចំណែកម៉ាខេឡាក៏ក្រោកទៅតាមក្រោយបងប្រុសទាំងមិនមាត់ករមួយម៉ាត់។
"អូនទៅតែមួយភ្លែតទេ.."
"អឺម" លូហ្ស៊ីងញញឹមងក់ក្បាល បណ្ដោយនាងឲ្យទៅខាងក្រៅប្រឈមមុខជាមួយបងប្រុសនាងតាមចិត្តចង់។
"លោកច្បាស់ហើយថានឹងធ្វើបែបនេះ?" ថាម៉ាខេឡាទៅមានអ្នកហៅទៅនិយាយនៅខាងក្រៅ លូហ្ស៊ីងដែលនៅខាងក្នុងក៏មិនរួចខ្លួនដែរ ព្រោះអឺឈីងនាងក៏មានសំនួរចង់សួរទៅលូហ្ស៊ីង, ប្រុសខិលខូចហ្នឹងដូចគ្នា។
"មុននឹងខ្ញុំសម្រេចធ្វើអ្វីមួយ ខ្ញុំបានគិតច្បាស់ណាស់"
"ចុះលោកស្រឡាញ់ម៉ាខេឡាទេ?" អឺឈីងក៏គប់សំនួរមួយចំកណ្ដាលមុខរបស់អនាគតប្អូនថ្លៃ ហើយខ្សែភ្នែកកាចគ្មានប្រណីក៏សំឡឹងទាមទារចម្លើយឲ្យឆាប់បំផុត។
"តែការរួចក៏ស្រឡាញ់គ្នាហើយ ប្ដីប្រពន្ធណាក៏បែបហ្នឹង"
"វាកុហកទេ អាថោកទាប" ដោយទ្រាំមិនបាននឹងឃើញមុខរបស់លូហ្ស៊ីង លោកស្រីម័រហ្គេនក៏ស្រែកគំហកតិះដៀលលូហ្ស៊ីងនៅកណ្ដាលមុខអ្នកគ្រប់គ្នា ដែលទង្វើរបស់គាត់ នាំឲ្យអឺហ្វាន់ខឹងសឹងតែឆេះឆួលដល់សំណាក់តែម្ដង។
"មុននឹងលោកស្រីបើកក្រអូមមាត់និយាយពាក្យមិនល្អ ឲ្យចេះយកខួរគិតផង ថានៅទីនេះមានក្មេងរឺមួយក៏អត់?" អឺហ្វាន់គេមិនបានលេងសើចទេ បើនិយាយដល់ផលប៉ះពាល់លើក្មួយស្រីរបស់គេនោះ។ ជូអឺដែលនៅអង្គុយក្បែរ ក៏ប្រញាប់ងាកទៅទាញជាយអាវអ៊ំប្រុស មុននឹងក្រវីក្បាលតិចៗហាក់ប្រាប់គាត់ថានាងអត់អីទេ។
"ឯងមិនបានស្រីនាងខេឡាទេ ឯងធ្វើព្រោះចង់ឈ្នះអញ កុំស្មានតែអញមិនដឹងឲ្យសោះ" ទិដ្ឋភាពថ្ងៃក្នុងបន្ទប់ដាក់តាំងគំនូរ យប់ដែលគេនឹងម៉ាខេឡាពពាក់ពពូនលត់ដំរាងកាយគ្នាយ៉ាងភ្លើតភ្លើន ហើយគាត់ក៏ដឹងដែរថានាយប់នោះ ម៉ាខេឡានាងប្រហែលជាមិនដឹងខ្លួនទេថាលូហ្ស៊ីងគ្រានោះ គេយកការដេកជាមួយនាងមកឌឺដងនឹងបញ្ឈឺគាត់ ក្រោយពីគាត់បរាជ័យក្នុងការបំបែកអឺឈីងពីខេន។
"ហេតុអីក៏ទើបមកខ្វល់? ក្រែងពីមុនស្អប់ប្រពន្ធខ្ញុំស្ទើរស្លាប់ហើយមិនអ៊ីចឹងហី? ធ្វើជាម្ដាយគេម្នាក់ តែមិនដែលបំពេញតួនាទីសមនឹងគេហៅជាម្ដាយផង លោកស្រីមិនខ្មាសខ្លួនឯងខ្លះទេហ្អេស៎?" លូហ្ស៊ីងជាមួយនរណាមិនដឹងទេ តែបើជាមួយនឹងលោកស្រីម័រហ្គេន អ្នកមានចិត្តមារធ្វើបាបមនុស្សជុំវិញខ្លួនគេ គេគ្មានការគោរពជូនគាត់ទេ។
"ឯងគិតថាឯងធ្វើបែបហ្នឹងហើយ អាចធ្វើឲ្យចិត្តនាងខេឡាល្អប្រសើរមែនទេ? អត់ទេ! ព្រោះយើងដឹងច្បាស់ថាចិត្តឯង មិនដែលសូម្បីតែមានវាទេ.."
អ្វីដែលលោកស្រីម័រហ្គេននិយាយក្តែងៗពីខាងក្នុងមក វាក៏លឺដល់ត្រចៀករបស់អ្នកជាបងនៅខាងក្រៅឯណោះដែរ។ គេទទួលស្ដាប់ពាក្យគាត់ រួចក៏ងាកមើលប្អូនស្រីវិញ ហើយក៏ប្រើកែវភ្នែកសួរសំនួរជំនួសសម្ដីជាមុនដែរ។
"ឯងគិតច្បាស់ហើយមែនទេម៉ាខេឡា?"
"ចាស៎" ម៉ាខេឡាឆ្លើយតបទៅកាន់បងប្រុសវិញទាំងមិនស្ទាក់ស្ទើរទាល់តែសោះ ដែលភាពមិនស្ទាក់ស្ទើរហ្នឹងឯងដែលនាំឲ្យខេនកាន់តែចុកៗក្នុងទ្រូង ដល់ថ្នាក់រកពាក្យអ្វីមកបរិយាយមិនចេញ មានតែសម្របទៅតាមនាង។
  "វាជាជីវិតរបស់ឯង អ៊ីចឹងបងឲ្យឯងជាអ្នកសម្រេចទៅចុះ"
"ខ្ញុំនឹងរៀបការជាមួយគាត់" ខេនមើលមុខប្អូន មើលហើយមើលទៀតហាក់ដូចជាចង់ឲ្យនាងហាមាត់និយាយអ្វីផ្សេងក្រៅពីមួយប្រយោគនេះ។
តក់!
ខេនមិនទាន់ទាំងបានហាមាត់និយាយពាក្យបន្តផង ទឹកភ្នែកប្អូនស្រីគេក៏ស្រក់តក់ ដូចជាគេយកកាំបិតមកចាក់គេច្រុចៗចាំទ្រូងអ៊ីចឹង។
"ហេតុអីក៏ឯងយំ?"
"ខ្ញុំរំភើបចិត្តនោះអីបងប្រុស ហិ.."
"ម៉ាខេឡា!" ខេនតម្អូញទាំងឈឺក្នុងចិត្ត ម៉ាខេឡាប្អូនគេពេលនេះ ដូចជាមិនមែនខ្លួនឯងទេ។ ម៉ាខេឡាឯណោះក៏ព្យាយាមញញឹមទាំងភ្នែករលីងរលោង ខណៈដៃម្ខាងទម្លាក់ចុះកាន់ប៉ះពោះខ្លួនឯងថ្នមៗ លាក់នូវអារម្មណ៍មួយគំនរទៅតាមការអង្អែលថ្នាក់ថ្នមនោះ៕

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now