ភាគទី16៖ នាងចាំខ្ញុំ...បានទេ?

75 4 0
                                    

បងខេនខ្លួននៅកន្លែងធ្វើការ តែបេះត្នោតវិញហោះមករកស្រីនៅសំណាក់អស់ហើយ ហុហុ

រឿង៖ចំណងបេះដូងមួយរាត្រី
ភាគទី16៖ នាងចាំខ្ញុំ...បានទេ?

ឡានស្ពតទំនើបពណ៌បៃតងខ្ចីជាកម្មសិទ្ធកម្លោះលូហ្ស៊ីងក៏បើកមកឈប់ចតងឹកពីមុខសំណាក់ដែលជាកន្លែងចំណតដែលបង្គាប់ប្រាប់ដោយមិត្តសម្លាញ់របស់គេ។ គ្រាន់តែឡានឈប់បង្វិលកង់ភ្លាម ខេនមិនបង្អង់ក៏ប្រញាប់បើកទ្វារចុះពីឡានទៅភ្លាមៗមិនបង្អង់តែម្ដង លូហ្ស៊ីងតាមសំឡឹងមើលផែនខ្នងធំក្រាស់របស់មិត្ត មុននិងមានឡានពណ៌ខ្មៅមួយគ្រឿងបើកមកឈប់ទន្ទឹមឡានគេដែរ តែពេលបើកកញ្ចក់ ទើបនាយឃើញថាម្ចាស់ឡាននោះ គ្មាននរណាក្រៅពីចូវិន កូនចៅជំនិតរបស់ខ្លួន។
"អរុណសួស្ដីអ្នកប្រុសលូហ្ស៊ីង" ចូវិនសើចស្ញេញដាក់ចៅហ្វាយប្រុស ទាំងកណ្ដាលថ្ងាសចារនូវកំហុស ព្រោះកាលពីព្រលឹមគ្រាន់តែខេនខលប្រាប់ភ្លាម គេក៏ចេញមកភ្លែតមិនទាន់បានជម្រាបចៅហ្វាយខ្លួនឯងជាមុនសិនទេ។
"មិនដឹងថាឯងសុីប្រាក់ខែយើងរឺក៏ប្រាក់ខែអាខេនទេ បានថ្មីចង់ចោលហើយនរ៎ឯង!"
"ហូយ៎ មានឯណាទាន៎ ទោះជាមកជួយយកអាសារអ្នកប្រុសខេនមែន តែនៅស្រឡាញ់អ្នកប្រុសលូហ្ស៊ីងពេញបេះដូងបាទ៎"
"ហ៊ឹស ខ្ពើមសម្ដីណាស់អញ" លូហ្ស៊ីងក្រវីក្បាលម៉ាត់ ក្រញ៉ែងខ្លួននិងភាពញិញ៉ក់ដែលកូនចៅបង្ហាញមកជាគូនិងសម្ដីគួរឲ្យចង់ទាត់នោះ។ គេលើកដៃចង្អុលម្ខាងចុចចិញ្ចើម មុននឹងខួរក្បាលដ៏សែនទំនេរនាំគេគិតដល់រឿងខ្លះ។
"ឯងអស់តួនាទីនៅឃ្លុំមើលស្រីអាខេនហើយមែនអត់?"
"បាទ៎ អ្នកប្រុសខេនមកមើលអ្នកនាងវិញ ខ្ញុំក៏បានសម្រាកដែរទាន៎"
"អើ! អ៊ីចឹងយើងមានការងារឲ្យឯងធ្វើវិញ" មុខអម្បាញ់មិញពេលលោមចៅហ្វាយគឺឡើងស្លូតបូតដូចជាទន្សាយតូច តែក្រោយលឺចៅហ្វាយដាក់បន្ទុកការងារមកបន្ថែមវិញ មុខក៏ប្រែជាច្បូញស្រួច ដូចជាហូបក្រូចអស់10-20ចំណិតមួយដង្ហើម។
"ការងារអីទៅទាន៎? បើសិនជារឿងរកទិញឡា—"
"យើងចង់ឲ្យឯងស៊ើបពីស្រីម្នាក់" គ្រាន់តែគិតដល់ពាក្យថាស្រីភ្លាម ស្នាមញញឹមខូចខិលក៏ភ្ញោចឡើងច្បាស់ក្រឡែតដូចជាសិលាចារិកឆ្លាក់ រូបភាពនារីស្រគត់ស្រគំអម្បាញ់មិញនៅដក់ជាប់នឹងភ្នែកគេមិនបាត់សោះ នាងគួរឲ្យចាប់អារម្មណ៍ ក្រោយលឺថាមានម្ចាស់ហើយគេក៏កាន់តែចង់ដឹងថែមទៀតថានរណាដែលបានខ្លួនស្រីស្រគត់ស្រគំនោះទៅថ្នាក់ថ្នម។
"មិត្តភក្តិទាំងពីរទាំងបី ឆ្កួតនឹងស្រីទាំងអស់"
"ឯងនិយាយថាម៉េចអាចូវិន?" ទោះបីជាខួរក្បាលកំពុងគិត តែត្រចៀកគេមិនមែនធ្ងន់ ស្ដាប់មិនលឺពាក្យរអ៊ូរបស់ចូវិនទេ។ អ្នកម្ខាងទៀតគ្រាន់តែចៅហ្វាយសួរដូចជាដឹងខ្លួនភ្លាម គេក៏ជាន់ហ្គែ បើកឡានចេញវ៉េវទាំងមិនបានលាចៅហ្វាយជាមុនសោះ។
"មាត់បានណាស់ បានតែដោះកង់ឡានគប់ហ្អែងឲ្យបែកមាត់ទេហ្អា៎" លូហ្ស៊ីងឯណោះក្ដៅក្រហាយមិនធម្មតា នរណាថាគេឆ្កួតនឹងស្រីនោះ គេឲ្យស៊ើប ព្រោះគេគ្រាន់តែឆ្ងល់ទេតើ មិនបានស្នេហារន្ទះផ្ទប់ដូចជាខេន មិត្តគេឯណា?

ឥលូវងាកត្រឡប់ទៅមើលកម្លោះជួបស្នេហ៍ថ្មីថ្មោងឯណោះវិញ គ្រាន់តែចុះពីឡានភ្លាម គេមិនបង្អង់ប្រញាប់ចូលមកក្នុងសំណាក់ហ័រភ្លែតតែម្ដង។ រាងខ្ពស់ចូលមកដល់ខាងក្នុងដាក់កាបូបនិងអាវធំចុះ ភ្នែកមុតក៏រំពៃរកមើលម្ចាស់ខ្លួនតូចដែលគេនឹករលឹកតាំងតែពីព្រឹកឯណោះ វិនាទីបន្ទាប់ក្រសែភ្នែកគេក៏ឈប់ ត្បិតអ្នកដែលខ្លួនកំពុងតែរក បែរជាដេកលង់លក់លើសាឡុង សណ្ដូកជើងត្រង់ដូចជាលក់ស្រួលខ្លាំងណាស់។
ខេនដើរសន្សឹមៗចូលមករកឈីង ប្រើកម្លាំងទម្លាក់ជើងស្រាលបំផុតតាមដែលអាចធ្វើបាន ដើម្បីឲ្យប្រាកដថាការមកដល់របស់គេ មិនរំខានដំណេកស្ងប់សុខរបស់អ្នកម្ខាងទៀត។ គេបន្ទន់ជង្គង់អង្គុយចុះទាបសមល្មមដែលអាចឲ្យមុខរបស់គេប្រឈមគ្នានឹងមុខរបស់អឺឈីងដែលកំពុងតែគេងលក់ឯណោះ មើលកាន់តែជិតទើបគេឃើញថាទឹកមុខនាងដូចជានឿយហត់ណាស់ នេះនាងធ្វើការងារអីខ្លះពេញមួយព្រឹកកន្លងទៅនោះ? នឹកដល់ចំណុចនេះគេចង់មួរម៉ៅទៀតដែលចូវិនរាយការណ៍ឲ្យគេមិនអស់ជ្រុងជ្រោយសោះ។
"ហ៊ឹម" រាងកាយតូចដែលដេកអោបដៃខ្លួនឯង ពេលនេះក៏បែរខ្នងមកវិញ បង្ហាញផែនខ្នងសខ្ចីឲ្យខេនបានឃើញកណ្ដាលថ្ងៃចែស។ រាងខ្ពស់ខាំបបូរមាត់ថ្នមៗព្យាយាមបំភ្លេចអារម្មណ៍ឆ្កួតឡប់ មុននឹងមានអ្វីម៉្យាងលើខ្នងនាងដែលពង្វាងការគិតរបស់គេទាំងអស់។ ដៃមាំលូកកាន់វែកសក់វែងរបស់អឺឈីងចេញពីខ្នង មុននឹងស្នាមជាំដាច់បង្ហាញច្បាស់ក្រឡោត ថ្មីស្រឡាងតែម្ដង។
"ស្នាមរបួស មើលទៅថ្មីៗដែរទេ តើវាជាស្អីទៅ?" ចិញ្ចើមក្រាស់ចងចូលគ្នាជាធ្លុងមួយដូចជាព្យាយាមខ្មូរគិតថាតើអឺឈីងនាងទៅធ្វើអី ទើបបានជាមានរបួសនេះ ទាំងដែលថ្ងៃពិនិត្យ ពេទ្យមិនបានប្រាប់ទេថានាងមានរបួសអស់ទាំងនេះ គេឯណេះក៏អ៊ីចឹងទៀត មានឱកាសបានបីបម ថ្នមកាយនាងដល់ទៅពីរដងជាប់គ្នាទៅហើយ ក៏មិនបើកភ្នែកសង្កេតមើលទៀត គិតទៅគួរឲ្យខឹងខ្លួនឯងណាស់។
ខេនសង្រួមទឹកមុខ លូកម្រាមដៃកណ្ដាលទៅប៉ះអង្អែលស្នាមរបួសនោះ ទាំងចិត្តបួងសួងឲ្យនាងលែងឈឺចាប់នឹងស្នាមមួយនេះ តែផ្ទុយទៅវិញវាក៏ធ្វើឲ្យអ្នកកំពុងដេកភ្ញាក់ក្រញ៉ែងខ្លួន បែរមកសឹងតែបាក់ចង្កេះ។
"ខេន?"
"ខ្នងកើតអី? ម៉េចក៏មានស្នាម?" គ្រាន់តែគេសួរភ្លាម អឺឈីងក៏ប្រញាប់កិលខ្នងទល់នឹងសាឡុង ហាក់ព្យាយាមបាំងនឹងសង្ឃឹមថាខេនមិនដេញដោលនាងតទៅទៀត។
"ឈីង"
"មិនមានអីទេ វាគ្រាន់តែជាស្នាមរបួសតិចតួចពេលធ្វើការនៅហាងហ្នឹងណា៎ ម៉្យាងសាច់ខ្ញុំជាសាច់ឆាប់ស្នាមផង ដាច់បន្តិចបន្តួចក៏មានស្នាមដែរ កុំបារម្ភគិតអី"
"និយាយអ៊ីចឹងប្រជុំថ្ងៃនេះយ៉ាងម៉េចដែរ ម៉ោះអង្គុយចុះមក" ដើម្បីឲ្យតែបានរួចខ្លួន អឺឈីងក៏និយាយបង្វែរប្រធានបទ ប្រើកលស្ត្រីដោយលូកដៃទៅអង្អែលប៉ះប្រអប់ដៃធំ រួចទាញគេឲ្យអង្គុយចុះក្បែរខ្លួននៅលើសាឡុងធំក្នុងធ្លាបន្ទប់នោះ។
"អ្នកការទូតចូលរួមច្រើនណាស់ត្រូវទេ? ហីយ៉ា! ធ្លាប់តែមើលគេផ្សាយតាមទូរទស្សន៍ ការទូតបណ្ដារប្រទេសដើរជាក្រុមៗអង្គុយប្រជុំក្នុងកន្លែងមានផាសុកភាព មិនដែលរំពឹងសោះថាពេលនេះម្នាក់ក្នុងចំណោមពួកគេកំពុងតែមានវត្តមានអង្គុយពីមុខខ្ញុំបែបនេះ..លោកការទូត ហិហិ" អឺឈីងពោលទាំងទឹកមុខញញឹម បង្ហាញអារម្មណ៍សប្បាយចិត្តពិត ដែលស្នាមញញឹមក៏នាំឲ្យអារម្មណ៍ខេនធូរស្រាលពីការបារម្ភលើស្នាមរបួសនាងបានមួយកម្រិត។ ខេនមិនទាន់មាត់តប តែដៃរពឹសសសៀលូកចូលអោបចង្កេះអឺឈីង រួចទាញនាងមកអឹបជាប់ខ្លួនប្រាណគេមួយរំពេច។ បបូរមាត់ក្រាស់ទម្លាក់ថើបថ្ពាល់នាងមួយដង្ហើមវែង ខណៈដៃដែលក្រពាត់អោបចង្កេះនាងពីក្រោយអម្បាញ់មិញអង្អែលលើស្នាមរបួសអឺឈីងស្រាលៗយ៉ាងស្ងៀមស្ងាត់ កុំថានាងនិយាយពង្វាងប៉ុណ្ណឹងហើយគេភ្លេចនោះ អត់ទេ! ចិត្តបារម្ភនៅតែមាន គ្រាន់តែគេមិនដេញដោលទៀត ព្រោះមិនចង់ឲ្យអឺឈីងទើសទាល់ មិនសប្បាយចិត្ត។
"សាលប្រជុំនៅទីនេះស្រស់ស្អាតណាស់ ចាំថ្ងៃបញ្ចប់ បើគេអនុញ្ញាត ខ្ញុំនឹងនាំឈីងទៅមើល"
"អូយ៎! មិនចាំបាច់នោះទេលោក ត្រឹមបានដឹងលឺពីលោកខ្ញុំសប្បាយចិត្តណាស់ទៅហើយខេន កុំធ្វើឲ្យខ្ញុំក្លាយជាបន្ទុកក្នុងពេលបំពេញការងាររបស់លោកអីណា៎" អឺឈីងនិយាយបណ្ដើរ ដៃម្ខាងក៏ទម្លាក់កាន់ប៉ះដៃមាំរបស់ខេនជាប់ អង្អែលថ្នមៗទាំងស្នាមញញឹមនៅជាប់លើផ្ទៃមុខ។
"នាងមិនដែលជាបន្ទុកខ្ញុំទេឈីង នាងក៏មិនមែនជាបន្ទុករបស់នរណាផ្សេងដែរ ចាំពាក្យទាំងនេះទុក"
"អឺម" អឺឈីងងក់ក្បាលឆ្លើយតប រួចក៏ដកខ្លួនក្រោកពីសាឡុង។ នាងដើរសម្ដៅឆ្ពោះទៅផ្ទះបាយមុន ដោយខេនគេក៏ក្រោកដើរទៅតាមក្រោយនៅវិនាទីបន្ទាប់ដែរ។ ចូលមកដល់អាហារជាច្រើនមុខក៏រៀបចំជាស្រេចដាក់ពេញលើតុ ក្លិនឈ្ងុយចេញពីម្ហូប អូសទាញខេនឲ្យទម្លាក់ខ្លួនអង្គុយ មុននឹងត្រូវអឺឈីងចាប់សាច់មួយដុំពីចានមកបញ្ចុក។
"វាជាមាន់ស្ងោរទ្របស្ពៃ អាហារដែលងាយៗតែឆ្ងាញ់បំផុត" ខេនគ្រាន់តែលឺភ្លាម គេក៏ទំពារទទួលយករសជាតិភ្លាមៗ មុននិងបេះដូងទោរទន់តាមមន្តស្នេហ៍អាហារដែលនាងល្អិតនេះបានដាក់តាមរយៈគ្រឿងផ្សំ។
"ឆ្ងាញ់ណាស់"
"អូហ៍! មែនហើយ ខ្ញុំក៏បានធ្វើស៊ុបមាន់ខ្មៅជូនលោកដែរណា៎ លោកមកពីធ្វើការហត់ គួរតែ—"
ក្រឺង!ក្រឺង
ការណែនាំមុខម្ហូបក៏ត្រូវរំខានដោយសំឡេងទូរសព្ទ័ដែលខលចូលមក ខេនជ្រឹមចិញ្ចើមបន្តិច តែក៏ឆ្លៀតញញឹមដាក់អឺឈីង មុននឹងទទួលទូរសព្ទ័យកមកស្ដាប់។
"ថាម៉េច?" គ្រាន់តែស្ដាប់អ្នកម្ខាងទៀតនិយាយបានប៉ុន្មានប្រយោគ ទឹកមុខខេនក៏ប្រែប្រួលមកជាភ្ញាក់ផ្អើលនឹងរន្ធត់ខុសពីធម្មតាតែម្ដង។ អឺឈីងដែលនៅចំពោះមុខ កាលបើឃើញខេនបែបនេះ ចិត្តបារម្ភនាងក៏កើនឡើង ប្រញាប់ប្រញាល់ដាក់ចង្កឹះចុះរួចចូលទៅកាន់ស្មាខេនថ្នមៗនៅបានជាគ្នានឹងគេ មិនឲ្យគេមានអារម្មណ៍ថាគេគ្មាននរណាក្នុងពេលមានរឿងដែលមិននឹកស្មានបែបនេះ។
...
ម៉ោង7យប់
ដំណឹងដែលខេនទទួលបាននោះ វាជាដំណឹងមិនល្អ ហើយក៏ជាដំណឹងដែលបន្ទាន់បំផុត។ ជម្ងឺបេះដូងអ្នកម៉ាក់របស់គេស្រាប់តែរើឡើងភ្លាមៗ ពេលនេះគាត់ក៏ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ អស់រយៈកាលមកយូរឆ្នាំហើយដែលជម្ងឺម៉ាក់គេរើឡើងធ្ងន់ធ្ងរបែបនេះ ហើយវាក៏ស៊យមកកើតចំពេលគេមិននៅអង់គ្លេសក្បែរគាត់ទៀត។
"ខេន" ការគិតរបស់គេត្រូវទុកមួយឡែក ក្រោយទទួលបានសំឡេងនៃការហៅចេញពីមាត់របស់អឺឈីង។ រាងតូចស្រឡូនបោះជំហាននាំខ្លួនចូលមកទាំងដៃមានកាន់ចានទឹកមកជាមួយ នាំឲ្យខេនគេប្លែកចិត្ត។
"ឈីង! អេ៎..ចង់ធ្វើអីហ្នឹង?" ដំបូងគេក៏ឆ្ងល់ បន្ទាប់មកក៏ភ្ញាក់ពេលដែលនាងកាន់ចានទឹកមកដល់ដាក់ក្បែរជើងគេ ហើយក៏ទាញជើងបំណងចង់ដាក់ចូលចានទឹកនោះ។
"លោកដើរច្រើន ហើយស្អែកត្រូវឡើងយន្តហោះបន្តទៅអង់គ្លេសទៀត ត្រាំជើងជាមួយទឹកក្ដៅឧណ្ឌៗទៅឲ្យសរសៃឈាមដើរស្រួល ហើយមិនស្ពឹកស្រពន់ជើងណា៎" ក្រោយបកស្រាយចប់កាលណា អឺឈីងក៏លូកដៃទៅទាញជើងខេនដាក់ត្រាំទឹកភ្លាម។ ម្ចាស់ខ្លួនឯណោះចង់ប្រកែកក៏មិនបាន មានតែនៅស្ងៀមព្រមឲ្យនាងធ្វើតាមចិត្ត អឺឈីងរៀបចំដាក់ជើងគេត្រាំហើយក៏ក្រោកឡើង ដើរទៅមានបំណងចង់យកកន្សែងមកចាំជូតជើងគេ តែវិនាទីបន្ទាប់ខ្លួននាងក៏ត្រូវដៃមាំអោបក្រសោបពីក្រោយជាប់ទាំងមិនបានឲ្យជាដំណឹងសោះ។
"ច្បាស់ហើយមែនទេថាមិនចង់ទៅអង់គ្លេសជាមួយខ្ញំ? ខ្ញុំចង់នាំនាងទៅឲ្យជួបលោកប៉ានឹងអ្នកម៉ាក់ណាស់" ខេនគេត្រូវត្រឡប់ទៅអង់គ្លេសស្អែកនៅជើងហោះហើរពេលព្រឹក គេទៅដើម្បីឲ្យទាន់ការព្យាបាលម្ដាយឯណោះ។ ការចាកចេញទៅលើកនេះគេក៏ទទូចបបួលហៅអឺឈីងឲ្យទៅជាមួយដែរ តែនាងក៏បែរជាបដិសេធ។
"ខ្ញុំមិនអាចទៅជាមួយលោកបានទេខេន លោកត្រឡប់ទៅលើកនេះវាជារឿងបន្ទាន់ វាមិនមែនជាពេលល្អសម្រាប់អ្នកក្រៅគ្រួសារដូចជាខ្ញុំទៅជាមួយនោះទេ លោកត្រូវយកពេលមើលថែម៉ាក់ជាប់លាប់ ខ្ញុំនៅទីនេះក៏យកពេលមើលថែបងប្រុសខ្ញុំដូចគ្នាដែរ" អឺឈីងនិយាយក៏ត្រូវដែរ ពួកគេម្នាក់ៗសុទ្ធតែមានតួនាទីរៀងៗខ្លួនត្រូវបំពេញ មិនអាចធ្វើអ្វីភ្លាមៗតាមចិត្តពួកគេចង់ទេ។ ដោយអស់ជម្រើស មិនដឹងថាគួរបញ្ចុះបញ្ចូលនាងយ៉ាងណាទើបខេនទម្លាក់ចង្ការច្រត់លើស្មានាង ទាំងដៃគេកំពុងតែអោបចង្កេះនាងជាប់មិនលែង អឺឈីងឯណោះក៏ញញឹមស្ងួត រួចលើកដៃម្ខាងប៉ះចង្ការខេនតិចៗ។
"ខ្ញុំច្បាស់ជានឹកនាងស្លាប់ហើយឈីង"
"លោកនឹងទៅយូរប៉ុណ្ណាទៅខេន?" លឺនាងសួរបែបនោះ ខេនក៏ព្រលែងដង្ហើមធ្ងន់ ហាក់ដូចជាតឹងតែងចិត្ត។
"បើការព្យាបាលរលូន វានឹងបញ្ចប់ត្រឹមមួយអាទិត្យ តែបើមានបញ្ហាមិនប្រក្រតី វាក៏អាចឡើងដល់ជាខែឯណោះ ហ៊ើយ!"
"កុំដកដង្ហើមធំ ម៉ាក់លោកច្បាស់ជាមិនអីទេណា៎ លោកជាមនុស្សលោក ម៉ាក់លោកក៏ប្រាកដជាមនុស្សល្អ ដូច្នេះព្រះច្បាស់ជាតាមថែរក្សាគាត់ជាក់ជាមិនខាន" កាន់តែលឺនាងលួងលោម ខេនគេកាន់តែមិនដាច់ចិត្ត។
"នាងនឹងចាំខ្ញុំត្រូវទេ? ចាំខ្ញុំនៅទីនេះ ក្នុងសំណាក់ដ៏កក់ក្ដៅដែលជាកន្លែងនាងស្រឡាញ់បំផុត ចប់កិច្ចការពេលណាខ្ញុំនឹងត្រឡប់មករកនាងវិញ មកឲ្យឆាប់បំផុត"
"កុំទាន់សន្យាអីលោក ពេលវេលាខាងមុខយើងកំណត់មិនបាន"
"ពេលវេលាអាចនឹងមិនទៀង តែអារម្មណ៍ខ្ញុំចំពោះនាងវាទៀងទាត់ណាស់ បើខ្ញុំថាមក ខ្ញុំច្បាស់ជាមកវិញជាក់ជាមិនខាន តែក៏នាងក៏ត្រូវតែសន្យាថានឹងចាំ"
"អឺម" អឺឈីងឆ្លើយតប ស្របនឹងដៃមាំទាញនាងឲ្យបែរមកប្រឈមមុខគ្នាជាមួយខ្លួន។ ដៃមាំលូកហោប៉ៅ ទាញយកកូនកន្សែងដៃប្រចាំរបស់ខ្លួន រួចដាក់វាចូលក្នុងដៃអឺឈីង ហាក់បីដូចជាចង់ទុកវាជារបស់បញ្ចាំចិត្តរវាងពួកគេទាំងពីរនាក់។
"សន្យាហើយណា៎"
"ចាស៎" អឺឈីងងក់ក្បាល មុននឹងខេនទម្លាក់បបូរមាត់ថើបនាង កាត់ពន្លឺភ្លើងរាត្រីដែលចាំងបំភ្លឺក្នុងបន្ទប់ធំទូលាយនោះ យប់នេះជាយប់ចុងក្រោយដែលពួកគេបាននៅជិតគ្នា វាក៏គួរតែជាពេលដែលពួកគេយល់ចិត្តគ្នាបំផុត មុននឹងស្អែកម្នាក់ត្រូវអូសវ៉ាលីឡើងយន្តហោះចាកចេញ៕

សន្យាមុនគេងងងង

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now