ភាគទី21៖ ពាក្យសន្យា

56 0 0
                                    

បាត់ដំណឹងបង តែពេលបានដំណឹងក៏បែរជាបានដំណឹងថាបងជិតភ្ជាប់ពាក្យទៅវិញ អូនឈីង ឃាំឃាណាស់

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី21៖ ពាក្យសន្យា

ការដួលសន្លប់របស់អឺឈីង នាំក្ដីព្រួយនបារម្ភនិងស្លោរស្លន់ដល់លូហ្ស៊ីងជាខ្លាំង។ គេជាអ្នកយកនាងទៅកាន់មន្ទីរពេទ្យ ព្យាយាមរកពេទ្យណាដែលពូកែមកព្យាបាលមើលថែនាងទាំងអាណិតនឹងព្រួយបារម្ភ ក្នុងនាមជាអ្នកស្គាល់គ្នាម្នាក់ បើនិយាយពីគម្លាតអាយុ នាងក៏អាចជាប្អូនស្រីគេម្នាក់ដែរ។
"អ្នកនាងខាងណេះមានសភាពរាងកាយទន់ខ្សោយណាស់ ស្នាមរបួសសុះសាច់ត្រូវការការព្យាបាលនិងលាងរបួសជាប្រចាំសិន" លោកដុកទ័រនិយាយបណ្ដើរ លូកដៃព្រលាត់ដៃអាវអ្នកជម្ងឺរបស់អឺឈីងបណ្ដើរ បង្ហាញពីស្នាមរបួសថ្មីៗជាច្រើនដែលសូម្បីតែលូហ្ស៊ីងក៏ស្មានមិនដលថានាងមានរបួសថ្នាក់ហ្នឹងសោះ មិនឆ្ងល់ទេថាហេតុអីបានជានាងខ្សោយ ខ្សោយដល់ថ្នាក់សន្លប់បែបនេះ។
"ពួកយើងសុំធ្វើការពិនិត្យ ហើយក៏សុំសួរនាំអ្នកជម្ងឺផងដែរលោក ព្រោះអ្នកជម្ងឺដែលទទួលរងហិង្សាបែបហ្នឹង ពួកយើងមិនអាចរំលងបានទេ"
"បាទ សូមលោកដុកទ័រធ្វើតាមការគួរចុះ"
"អរគុណលោកណាស់" លូហ្ស៊ីងគេមានសមត្ថភាពអាចស៊ើបមើលដោយខ្លួនឯងបាន តែគេក៏បែរយល់ព្រមតាមដុកទ័រ ទុកឲ្យដុកទ័រនិងប៉ូលីសធ្វើការវិញ ព្រោះគេគិតថាអឺឈីងនាងប្រាកដជាមិនពេញចិត្តទេ បើសុខៗគេទៅជីកគគាស់រឿងជីវិតផ្ទាល់ខ្លួនរបស់នាងនោះ។
ដុកទ័រចេញទៅបាត់ បន្សល់ទុកមនុស្សប្រុសស្រីតែពីរនាក់នៅក្នុងបន្ទប់ លូហ្ស៊ីងគេព្រួសខ្យល់ដង្ហើមធ្ងន់ លូកដៃចុះទៅទាញភួយដណ្ដប់ខ្លួនក្មេងស្រីកំសត់ រួចក៏ដើរហួសចេញទៅឈរនៅក្បែរបង្អួចបន្ទប់សម្រាកព្យាបាលនោះទាំងចិញ្ចើមចងចូលគ្នា។
អម្បាញ់មិញនេះលូហ្ស៊ីងគេមិនបានស្ដាប់ច្រឡំទេមែនទេ? ខេនភ្ជាប់ពាក្យ? ភ្ជាប់ជាមួយនរណា? តាំងពីពេលណា? បើតាមដែលគេបានឃើញជាក់ស្តែងនឹងតាមការដែលគេស្គាល់មិត្តជាយូរមក ខេនមិនសមជាមនុស្សដែលធ្វើរឿងអ្វីមួយភ្លាមៗមិនមានការពិភាក្សាគ្នានោះទេ រឺមួយក៏...
"មាននរណាបង្ខំអាខេនទេដឹង?"
គិតមកដល់ចំណុចនេះ លូហ្ស៊ីងក៏នៅកាន់តែលែងកើតតែម្ដង គេប្រញាប់ទាញទូរសព្ទ័ឡើង រួចធ្វើការចុចខលទៅកាន់ខេនម្ដងទៀត គេមិនអាចកាត់សេចក្ដីបានត្រឹមតែប៉ុណ្ណឹងទេ គេត្រូវតែដឹងឲ្យបានច្បាស់ជាងនេះ ថាដំណើរដើមទងរឿងវាបែបណា។
«សូមអភ័យទោស ការហៅចេញរបស់លោកអ្នកមិនមានការឆ្លើយតប—»
"ហ៊ើយ!" លូហ្ស៊ីងព្យាយាមទាក់ទងទៅខេនម្ដងហើយម្ដងទៀត តែទាក់ទងមិនបានទាល់តែគេសោះ។
...
រយៈពេលប្រមាណជា20នាទីកន្លងទៅ គេក៏នៅតែព្យាយាមចុចខល មិនថាលេខផ្ទាល់ខ្លួន មិនថាលេខនៅអហ្វហ្វីសរបស់គេនៅក្រុងឡុងដ៍ឯណោះ គេហៀបនឹងចុះចាញ់ទៅហើយ ក៏ស្រាប់តែមានសារផ្ញើត្រឡប់មកវិញតែម្ដង។
<មានការអីលូហ្ស៊ីង? យើងកំពុងមានការរវល់បន្តិច>
(យើងមានការចង់និយាយជាមួយឯង លើកទូរសព្ទ័យើងទៅ)
<មិនបានទេ ឯងនិយាយតាមសារនេះមក ចាំរួចរាល់កិច្ចការអស់ ចាំយើងទាក់ទងទៅវិញ>
(...)
(ហេតុអីក៏ឯងមិននិយាយពីរឿងភ្ជាប់ពាក្យសោះបែបនេះ?)
ដោយសារតែចង់ដឹងរឿងហេតុវាបែបណា លូហ្ស៊ីងក៏មិនបង្អង់វាយសារជាអក្សរផ្ញើសួរទៅកាន់ខេនត្រង់ៗតែម្ដង។ ដៃកាន់ទូរសព្ទ័សឹងតែលែងជាប់ ភ្នែកវិញសំឡឹងអេក្រង់ទូរសព្ទ័សឹងតែធ្លុះកញ្ចក់ គេរង់ចាំមើលការឆ្លើយតប ចង់ដឹងថាតើខេននឹងនិយាយបែបណាចេញមក។
ទីង!
សារបន្ទាប់ផ្ញើចូលមក ស្របនិងទឹកមុខរបស់លូហ្ស៊ីងទម្លាក់ចុះភ្លាមមួយរំពេច។ សារជាអក្សរខ្លី តែមានន័យមួយដែលលូហ្ស៊ីងមិនរំពឹងថានឹងទទួលបានសោះ គេកាន់ទូរសព្ទ័ដើរត្រឡប់ចូលមកខាងក្នុងវិញ ខណៈក្រសែភ្នែកចោលសំឡឹងមើលទៅកាន់អ្នកដេកស្ដូកនៅលើគ្រែឯណោះ ទាំងចិត្តអាណិតកើនឡើងកាន់តែខ្លាំងឡើងៗតែម្ដង។
<អូហ៍! រឿងភ្ជាប់ពាក្យហ្អេស៎? យើងស្មានថាជារឿងអីធំ>
<ចាំយើងទំនេរដៃសឹមយើងប្រាប់ឯង ពេលនេះយើងមានការរវល់ខ្លាំងណាស់ ប៉ុណ្ណឹងសិនចុះ>
សារផ្ញើចូលមកជាបន្តបន្ទាប់ តែលូហ្ស៊ីងហាក់មិនបង្ហាញការចាប់អារម្មណ៍រឺក៏ចង់ចូលទៅឆ្លើយតបសោះ។ គេទម្លាក់ទូរសព្ទ័ចូលក្នុងហោប៉ៅវិញ រួចដើរជ្រែងហោប៉ៅចេញបាត់ឆ្ងាយពីក្នុងបន្ទប់សម្រាក ទុកពេលឲ្យអ្នកដេកលង់លក់ឯណោះបានសម្រាកតែឯងឲ្យស្ងប់ស្ងាត់ គេមិនចង់ឲ្យអារម្មណ៍មិនល្អរបស់គេសាយភាយពេញបន្ទប់នាងសម្រាកឡើយ។
"អ្ហឹក!" គ្រាន់តែលូហ្ស៊ីងចេញទៅបាត់ អ្នកដែលដេកស្ងប់ស្ងាត់អម្បាញ់មិញក៏បែរគ្រហឹមឡើងទាំងទឹកភ្នែកហូរស្រក់ចុះ។ កន្លងទៅ20នាទីមកនោះ អឺឈីងនាងបានស្ដាប់លឺទាំងអស់ ការដែលលូហ្ស៊ីងព្យាយាមទាក់ទងទៅខេន ទាក់ទងមិនបានទាល់តែសោះនោះនាងបានដឹងលឺទាំងអស់។
ត្របកភ្នែកស្ដើងបង្ហើបឡើងទាំងក្ដៅក្រហាយបែកផ្សែង ព្រោះកម្លាំងបំបុកចេញនៃទឹកភ្នែកដែលស្រក់ចុះ។ អឺឈីងលើកដៃម្ខាងទប់ទ្រូងខ្លួនឯង ខណៈដៃម្ខាងទៀតច្រត់នាំខ្លួនប្រាណឲ្យក្រោកទាំងឈឺចុកបំផុត។ ស្នាមរបួសសុះសាច់ វាមិនបានធ្វើឲ្យនាងឈឺចិត្តស្មើនឹងរឿងដែលបានកើតឡើងទាំងអស់ក្នុងមួយថ្ងៃនេះទេ ការមាក់ងាយ ប្រទិចផ្ដាសាពីលោកប៉ានាង បូកផ្សំទាំងការទទួលបានដំណឹងដ៏សោកសៅពីសំណាក់បុរសជាទីស្រឡាញ់ទៀត វាកាន់តែធ្វើឲ្យអឺឈីងគិតថាគ្រប់ការស្រឡាញ់និងទំនាក់ទំនងទាំងអស់ក្នុងជីវិតនាង សុទ្ធសឹងតែជាការបោកប្រាស់ នាងមិនសាកសមទទួលបានក្ដីសុខទេក្នុងមួយជីវិតនេះ។
"វត្តមានលោកជាក្ដីសុខខ្ញុំ ទោះវាមានរយៈពេលខ្លីក៏ពិត តែវាដូចជាសុបិន្តល្អមួយក្នុងចំណោមសុបិន្តអាក្រក់ជាច្រើន អរគុណលោកណាស់ អរគុណពិតមែនខេន" អឺឈីងពោលតែម្នាក់ឯង ដៃម្ខាងលូកទាញដកសឺរ៉ូមនៅនឹងដៃ រួចក៏ទម្លាក់ជើងចុះពីលើគ្រែខ្ពស់និងមានផាសុកភាពនោះ។ ជើងស្រឡូនតូចបោះជំហានស្រាលៗ ល្វើយៗសឹងតែខ្យល់អាចបក់ប៉ើងនាងបានមួយរំពេចនោះ អឺឈីងលូកដៃរុញទ្វារបន្ទប់ នាំខ្លួនចេញទៅទាំងពាក្យក្នុងអារម្មណ៍ជាច្រើនកំពុងហោះហើរពេញក្នុងការចងចាំទាំងអស់។
"លោកកុំបារម្ភអី លោកមិនបានក្បត់ពាក្យសន្យាទេ គឺខ្ញុំទៅវិញទេ គឺខ្ញុំជាអ្នកដែលល្ងង់ ល្ងង់រំពឹងចាំពាក្យសន្យានោះដោយខ្លួនឯង"

ដូចជាពាក្យគេនិយាយថា ពាក្យសន្យាគ្រាន់តែជាពាក្យឲ្យស្លាប់ចិត្ត។

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now