ភាគទី42៖ ការក្រោកឈរ

49 4 0
                                    

ពេលខ្លះការទ្រាំវាក៏មានដែនកំណត់ដែរ

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី42៖ ការក្រោកឈរ

កាលបើបានស្ដាប់លឺនូវសម្ដីរបស់ម៉ាខេឡានិយាយមកកាន់ខ្លួនរួច អឺឈីងនាងចុកអួលក្នុងទ្រូង រកតែហាមាត់និយាយអ្វីដែលខ្លួនគិតក៏មិនចង់ចេញ នេះកូនស្រីបង្កើតរបស់គាត់ កើតចេញពីពោះរបស់គាត់ មានឈាមជ័រជារបស់គាត់ គាត់នៅតែលើកដៃធ្វើបាបបានដោយគ្មានញញើតផង ចុះទម្រាំតែនាងគ្រាន់តែជាអ្នកក្រៅនោះ?
"ខ្ញុំសុំទោសផង សុំទោសដែលរឿងទាំងអស់នេះកើតឡើងទៅលើម៉ាខេឡាណា៎" អឺឈីងពោលទាំងទឹកភ្នែកយំខ្សឹបខ្សួល ខណៈដៃវិញកាន់ក្រសោបដៃម៉ាខេឡាកាន់តែជាប់ណែនថែមទៀត។
"រឿងនេះគ្មាននរណាបានដឹងទេ សូម្បីតែប៉ានឹងបងប្រុស ពួកគាត់សុទ្ធតែមានការងារ មានតួនាទីរៀងៗខ្លួន ម៉្យាងនៅចំពោះមុខបងខេន អ្នកម៉ាក់គាត់មិនដែលធ្វើខ្លួនមិនល្អអីម្ដងណាទេ"
"នៅថ្ងៃទៅទទួលបងពីព្រលានមក ខ្ញុំឃើញម៉ាក់យកចិត្តទុកដាក់ជាមួយបងនិងក្មួយជូ ខ្ញុំខំតែគិតថាគាត់បានកែប្រែខ្លួននិងចិត្តគំនិតចោលអស់ តែមិនស្មានថា..."
"បន្ទោសអ្នកមីងក៏មិនបានដែរ ព្រោះសម្រាប់មនុស្សស្រីដូចជាខ្ញុំ ស្រីដែលយកខ្លួនប្រាណមកប្ដូរជាមួយនឹងលុយ វាអាក្រក់ពិបាកនឹងទទួលយកណាស់ទៅហើយ ចុះទម្រាំតែគាត់ជាម្ដាយដែលដឹងថាខ្លួនឯងមានកូនប្រសារបែបនេះទៀត" គេធ្វើបាបដល់ដំណាក់កាលនេះទៅហើយ អឺឈីងនាងក៏នៅតែមិនមានគំនុំគុំកួនទៀត ផ្ទុយទៅវិញ នាងក៏លើកយកនូវហេតុផលដែលម៉ាខេឡាទ្រាំស្ដាប់សឹងមិនបាននឹងប្រញាប់ឆ្លើយត្បកមកវិញ។
"ការងារអីក៏វាមិនអាក្រក់ដែរបង កុំឲ្យទៅបងទៅធ្វើទុក្ខបុកម្នេញអ្នកដទៃដើម្បីតែប្រយោគរបស់ខ្លួនឯង ម៉្យាងបើសិនជាបងមិនធ្វើរឿងនោះ បងនឹងបងខេន ក៏ប្រហែលជាមិនបានជួបគ្នាដែរណា៎" ម៉ាខេឡាចាប់បញ្ចេញចារិកក្រមិចក្រមើមដាក់អឺឈីង ពេលនេះនាងព្រលែងដៃពីការចាប់កាន់ មកជាចូលត្រសុលទៅកើយទ្រូងបងថ្លៃពោរពេញដោយស្នាមញញឹមពេញប្រៀបយកតែម្ដង។
"បងខេនគាត់មិនងាយនឹងមើលមនុស្សខុសនោះទេបងថ្លៃ ហើយខ្ញុំក៏ជឿជាក់ថាបងថ្លៃជាមនុស្សល្អបំផុតដែរ"
"អរគុណ..អរគុណម៉ាខេឡាហើយណា៎" អឺឈីងនាងរំភើបចិត្តហើយក៏កក់ក្ដៅជាលើកដំបូងតាំងពីមកដល់អង់គ្លេសនេះ នាងមិនដឹងថាតើភាពកក់ក្ដៅនេះអាចគង់វង្សរឺមួយក៏អត់ តែនាងមិនចង់ខ្ជៈខ្ជាយពេលវេលាល្អៗដែលមានជាមួយនឹងមនុស្សល្អដូចជាម៉ាខេឡាទេ។

តុប!តុប..
សម្រឹបស្បែកជើងកែវចោតបន្លឺឡើងលាន់ខ្ទរវិមាន ត្បិតវាជាពេលរៀងយប់ព្រលប់ដែរ តែក៏មានវត្តមានមនុស្សម្នាក់ដើរឆ្លងកាត់ពីបន្ទប់មួយទៅបន្ទប់មួយ សម្ដៅឆ្ពោះទៅកាន់បន្ទប់ដែលនៅជាន់ខាងលើបង្អស់ ដែលវាជាជាន់បន្ទប់លោកស្រីម្ចាស់ផ្ទះ គឺបន្ទប់លោកស្រីម័រហ្គេនហ្នឹងឯង។
ក្រាក!
គ្រាន់តែមកដល់ភ្លាម នាងក៏មិនបង្អង់ យកដៃរុញទ្វារបើកឡើងទាំងមិនសុំការអនុញ្ញាតមុនតែម្ដង។ ចាស់ទុំដែលនៅខាងក្នុងឯណោះ ដៃកាន់សៀវភៅកាតាឡុកសម្លៀកបំពាក់មើល មានគម្រោងចង់រើសមើលឈុតតាមតែទម្លាប់ហ្នឹងឯង តែការបើកទ្វារចូលមករបស់ម៉ាខេឡាក៏ទាក់ទងការចាប់អារម្មណ៍របស់គាត់ទាំងអស់តែម្ដង។
"គ្មានសុជីវធម៌សោះ ម៉ាក់ដូចជាមិនដែលបង្រៀនកូនណាឲ្យមានមាយាទបែបហ្នឹងទេ" លោកស្រីបិទសៀវភៅទុក រួចក្រោកឡើងដើរទៅចាក់ទឹកតែក្ដៅៗផឹក តែសម្ដីខ្លះដែលកូនតបមកកាន់គាត់វិញ វាដូចជាមិនអាចឲ្យគាតនៅស្ងៀមបាន។
"ខ្ញុំក៏មិនដែលមានម្ដាយណាដែលមានចិត្តសាហាវដល់ថ្នាក់ចង់សម្លាប់មនុស្សស្រីកូនប្រុសស្រឡាញ់បែបហ្នឹងដែរ"
"ម៉ាខេឡា!!!!" លោកស្រីម័រហ្គេនស្រែកគំហរលាន់ខ្ទរបន្ទប់ មុននឹងដើរកាន់កែវតែ ដើរសម្ដៅទៅរកកូនស្រីដែលហ៊ានសម្ដីថ្លោសដៀលគាត់ដល់ថ្នាក់នោះ។
"ឯងមិនដឹងស្អីទេ ឯងមិនទាន់មានគ្រួសារ មិនទាន់ចិញ្ចឹមកូនណាសូម្បីម្នាក់ ឯងមិនទាំងដឹងថាចិត្តស្រឡាញ់ដែលម្ដាយមានចំពោះកូនវាយ៉ាងម៉េចផង ដូច្នេះកុំសម្ដីថ្លោសមើលងាយយើងខ្លាំងពេក"
"ស្រឡាញ់កូន? ហ៊ឹសៗ ស្រឡាញ់កូនរឺក៏ស្រឡាញ់ខ្លួនឯងទៅម៉ាក់?"
ឆាច់!
ម៉ាខេឡានិយាយមិនទាន់ចប់ លោកស្រីម័រហ្គេនក៏ជះទឹកតែឆាច់កណ្ដាលមុខនាងយកតែម្ដង ទឹកតែក្ដៅឧណ្ឌជះចំកណ្ដាលមុខ វាមិនបានធ្វើឲ្យម៉ាខេឡានាងឈឺចាប់អីបន្តិចទេ ព្រោះទង្វើម្ដាយនាងធ្វើកន្លងមក វាធ្វើឲ្យនាងឈឺជាងត្រូវជះទឹកនេះរាប់ពាន់ដងផង។
"យើងស្អប់ឯងណាស់ម៉ាខេឡា ឯងសម្ដីថ្លោស ចិត្តខ្លាំងដូចជាឪឯងអ៊ីចឹង ពីរនាក់ឪកូនឯងសាកសមនឹងទៅខ្ចាត់ព្រាត់ឲ្យបាត់ជាមួយគ្នាណាស់"
"ខ្ញុំមិនទៅណាទាំងអស់ ដរាបណាបងខេននឹងបងថ្លៃនៅក្រោមការឃ្លាំមើលរបស់ម៉ាក់ ខ្ញុំក៏នឹងនៅទីនេះ នៅត្រង់នេះចំពោះមុខម៉ាក់ ខ្ញុំនឹងតាមបំផ្លាញរាល់ផែនការរបស់ម៉ាក់"
"ម៉ាខេឡា!"
ផាច់...
"ហ៊ឹស"
ផឹប!
លោកស្រីម័រហ្គេនមានឱកាសវ៉ាត់ម៉ាខេឡាមួយកំផ្លៀងដល់ផ្អៀងមុខទៅម្ខាង គាត់យារដៃមានបំណងចង់ទះម្ខាងទៀតតែក៏មានដៃមាំមកទប់ជាប់។ រាងខ្ពស់មាំដែលដើរចូលមកឲ្យទាន់ស្ថានការណ៍ ពេលនេះក៏បែរមកឈរពាំងពីមុខម៉ាខេឡា ខណៈដៃមាំចាប់កាន់ដៃរបស់លោកស្រីម័រហ្គេនជាប់ ព្រមជាមួយនឹងក្រសែភ្នែកកាចសំឡឹងបកត្រឡប់ទៅវិញ។
"លូ..លូហ្ស៊ីង?"
"បងហ្ស៉ីង?" ម៉ាខេឡាលាន់មាត់ ដំណាលគ្នានឹងពេលដែលលូហ្ស៊ីងច្រានដៃគាត់ចេញទៅវិញមួយទំហឹង សឹងតែធ្វើឲ្យចាស់ទុំដួលផ្កាប់មុខ។
"ឯង.."
"បើហ៊ានតែលោកស្រីប៉ះម៉ាខេឡាមួយដៃទៀត ខ្ញុំនឹងលោកស្រីគ្មានពាក្យថាមនុស្សចាស់នឹងក្មេងទៀតទេ" លូហ្ស៊ីងពោលច្បាស់ៗត្រជាក់ស្រេបដូចជាទឹកកកដាក់លោកស្រីម័រហ្គេនតែម្ដង អ្នកម្ខាងទៀតកាលបើទទួលបានពាក្យគម្រាមពីមិត្តរបស់កូនគាត់ក៏ស្ងាត់មាត់ មិននិយាយអីបន្តទៀត។ គាត់ងាករ៉េភ្នែក មុននឹងឃើញវត្តមានកូនប្រុសច្បងគាត់ដើរចូលមកដែរ ទើបគាត់ប្រញាប់ដើរចូលទៅរកខេនភ្លាមៗ។
"ហ៊ឺ!" គ្រាន់តែលោកស្រីដើរចេញ ម៉ាខេឡាឯណោះនាងក៏ស្រាប់តែទន់ខ្លួន ដួលសន្លប់ទូងលើដៃរបស់លូហ្ស៊ីង។ នាយប្រញាប់លូកដៃបីត្រកងប្អូនជាប់ មុននឹងងាកបែរមើលទៅផែនខ្នងលោកស្រីម័រហ្គេនទាំងខាំធ្មេញគ្រឺតៗខឹងសម្បារជាខ្លាំង។
"ប្រុសខេន..ខេនមិនទាន់គេងទេហ្អស៎កូន?" លោកស្រីម័រហ្គេនពោលស្របនឹងដៃកាន់ស្មាកូនប្រុសជាប់ តែភ្នែកក៏សម្គាល់ឃើញពីទឹកមុខមិនល្អរបស់កូនច្បាស់ទែងដូចជាគំនូរផុស។
"ឲ្យខ្ញុំដេកយ៉ាងម៉េចបាន ក្រោយពីដឹងថាមានអ្នកមានបំណងមិនល្អលើប្រពន្ធខ្ញុំនោះ? ម៉ាក់ឆាប់ហៅនាងសៃមក.."

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now