ភាគទី40៖ មន្ទិលសង្ស័យ

53 4 0
                                    

មានអ្នកចាប់ឆ្ងល់ហើយ!

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី40៖ មន្ទិលសង្ស័យ

ក្រុងសៀងហៃ/ប្រទេសចិន
(អាឡូ..អាឡូម៉ាខេឡា លឺបងនិយាយទេហ្នឹង?)
កាលបើមិនលឺម៉ាខេឡាឆ្លើយតប អ្នកដែលកំពុងតែនិយាយទូរសព្ទ័ឆ្លើយឆ្លងជាមួយគ្នាឯណោះក៏ប្រញាប់ឧទានហៅនាងភ្លាមៗទាំងព្រួយបារម្ភ។ រាងកាយមាំខ្ពស់ដែលអង្គុយលើសាឡុងសុខៗ ពេលនេះក៏ក្រោកឡើងទាំងដៃកាន់ទូរសព្ទ័ជាប់ ឆ្ពោះនាំខ្លួនទៅឈរនៅរានហាលអាគារសណ្ឋាគាររបស់ខ្លួនជាន់ខាងលើគេបង្អស់ឯណោះ។
"ម៉ាខេឡា?!"
(ខ្ញុំនៅទីនេះទេបងហ្ស៊ីង)
ដំបូងគេក៏មានអារម្មណ៍មិនស្រួលដែរ ព្រោះម៉ាខេឡានាងមិនដែលទុកទូរសព្ទ័ចោលមិននិយាយអីបែបហ្នឹងទេ អាចនិយាយបានថាទំនាក់ទំនងគេនឹងនាងសឹងតែស្និតស្នាល ជិតដិតជាងនាងជាមួយបងប្រុសនាងទៅទៀត។ លូហ្ស៊ីងស្គាល់ម៉ាខេឡាតាំងតែពីនាងនៅក្មេង ទោះបីជាស្គាល់ដោយសារតែខេន តែគេក៏ស្រឡាញ់អាណិតទុកដូចជាប្អូនស្រីម្នាក់របស់គេអ៊ីចឹង។
"មុននេះទៅណា? មានរឿងអី?" ដៃម្ខាងកាន់ទូរសព្ទ័និយាយ ខណៈដៃម្ខាងទៀតកាន់បង្កាន់ដៃរានហាលជាប់ ហាក់រំសាយអារម្មណ៍តានតឹងដែលខ្លួនមាននៅក្នុងចិត្ត។
(មិនមានអ្វីទេបង គ្រាន់តែភ្ញាក់នឹងអ្នកបម្រើបន្តិចហ្នឹងណា៎ តែថា ខ្ញុំអាចសួរបងហ្សុីងរឿងខ្លះបានអត់?)
"អឺម សួរមកចុះ"
(បងអឺឈីង កាលពីគាត់នៅចិន សុខភាពគាត់តែងតែខ្សោយញឹកញាប់ណាស់មែនទេ?)
លឺម៉ាខេឡានិយាយបែបនេះ លូហ្ស៊ីងគេក៏ជ្រឹមចិញ្ចើមបន្តិច ព្រោះមិនយល់ពីបំណងនៃការសួរចង់ដឹងមួយនោះ។
"នៅទីនេះអឺឈីងនាងធ្វើការមួយថ្ងៃៗច្រើនកន្លែងណាស់ តាមធម្មតានាងគឺជាមនុស្សម្នាក់ដែលរឹងមាំ តែប្រហែលមកពីរឿងកើតឡើងលើនាងកាលពីប៉ុន្មានឆ្នាំមុននោះ វាកែប្រែអឺឈីងឲ្យចះខ្សោយជាងមុនទេដឹង?"
(អឺម អាចថាមកពីបែបហ្នឹងក៏ថាបាន)
"យ៉ាងម៉េច? នៅខាងនោះមានបញ្ហាអីមែនទេកូនឆ្កែតូច?" ស្ដាប់សំឡេងម៉ាខេឡាទៅហាក់បីដូចជាមានការព្រួយបារម្ភប្លែក ទើបបានជាលូហ្ស៊ីងគេសួរនាំភ្លាមមិនបង្អង់។ ម៉ាខេឡានាងមិនទាន់ឆ្លើយអ្វីតែក៏ព្រលែងខ្យល់ដង្ហើមធ្ងន់ រំសាយភាពធ្ងន់ត្រដុកឲ្យចេញមកខាងក្រៅខ្លះ។
(បងអឺឈីង តាំងពីមកដល់ទីក្រុងឡុងដ៍ គាត់មើលទៅដូចជាគ្មានកម្លាំងពលាំងសោះ នេះមួយសប្ដាហ៍ហើយដែលគាត់នៅតែក្នុងបន្ទប់ មិនគិតចេញទៅណាសោះ ហើយបើនិយាយពីរាងកាយគាត់វិញក៏ស្គម ថែមទាំងស្លេកស្លាំងផងដែរ)
"ចុះអាខេនវាមានចាប់សម្គាល់ឃើញទេ?"
(អ្នកម៉ាក់បានហៅពេទ្យមកពិនិត្យឲ្យគាត់រួចហើយ មានទាំង្ៅចិនសែមកទៀត តែបងថ្លៃនៅតែមិនបានធូរស្រាលសោះ គួរឲ្យបារម្ភខ្លាំងណាស់)
កាលបើស្ដាប់ការរៀបរាប់របស់ម៉ាខេឡារួចមក លូហ្ស៊ីងដែលនៅឈរមួយកន្លែង ពេលនេះក៏មានចលនាបម្លាស់ទី ដោយគេប្រញាប់ទាញយកអាវធំក្រៅ រួចចាកចេញពីបន្ទប់ផេនហោស៍ខ្ពស់ ចុះមកជាន់ខាងក្រោម គិតថានឹងចេញពៅទីនោះ។
"ចៅហ្វាយ" គេរុញទ្វារចេញមកខ្វាច់ ក៏វ៉ាក់អើគ្នាជាមួយចូវិន កូនចៅជំនិតឯណោះឯង។ លូហ្ស៊ីងជ្រឹមចិញ្ចើម សំឡឹងមើលទៅកូនចៅដែលព្រហើនមកឈរពាំងផ្លូវខ្លួនទាំងបែបនោះ។
"ជៀស យើងមានការត្រូវទៅក្រៅ"
"ចៅហ្វាយមិនគិតចុះទៅបារខាងក្រោមទេហ្អីទាន៎?" ចូវិនចាក់បណ្ដោយដាក់ចៅហ្វាយនាយ រួចញញឹមហាក់បីដូចជាមានដំណឹងអ្វីពិសេសមកជម្រាបចៅហ្វាយនាយអ៊ីចឹងដែរ។
"វាយ៉ាងម៉េចឯង? ទៅបារស្អី? យើងគ្មានអារម្មណ៍.." លូហ្ស៊ីងម្ដងនេះ គេក៏សម្រេចចិត្តដើរជៀសចូវិន នឹងអាលបានចាកចេញទៅបន្តកិច្ចសន្ទនាជាមួយម៉ាខេឡាទៀត តែឈ្មោះមនុស្សម្នាក់ស្រាប់តែបន្លឺឡើងពីមាត់របស់ចូវិន ទាក់ទាញចិត្តនាយកម្លោះឲ្យងាកបែរមកចាប់អារម្មណ៍សម្ដីខ្លួនវិញទាំងអស់។
"អ្នកនាងក្លារ៉ានៅខាងក្រោមទាន៎"
"ស្អីគេ?" លូហ្ស៊ីងពេលនេះក៏ហាក់មានអារម្មណ៍មិននឹងនរ ភ័យអរៗយ៉ាងម៉េចមិនដឹង គ្រាន់តែលឺថាក្រាស់របស់គេមកលេងដល់បារនៅសណ្ឋាគារខ្លួនបែបនេះ។ ចូវិនញញឹមខ្ជឹប មុននឹងចូលទៅជិតចៅហ្វាយនាយរួចលូកទាញទូរសព្ទ័បើកបង្ហាញអ្វីម៉្យាងឲ្យចៅហ្វាយនាយមើលបន្តិច។
"នាងអង្គុយផឹកតែឯងទេ?" លូហ្ស៊ីងឧទានទាំងងឿងឆ្ងល់ហើយក៏ភ្ញាក់ផ្អើលដែលឃើញក្លារ៉ានាងមកផឹកស្រាក្នុងបារតែឯងបែបនេះ។
"អ្នកនាងក្លារ៉ាមើលទៅទឹកមុខដូចជាមិនល្អសោះ ខ្ញុំសង្ស័យតែមានរឿងអ្វីមិនល្អទៅ? យើងគួរតែទៅរកនាងទេ?" លូហ្ស៊ីងគិតហើយគិតទៀត គិតហើយគិតទៀត តែក៏នៅគិតមិនចេញ គេចង់ទៅរកនាង ចង់ទៅសួរនាំ តែក៏បារម្ភគិត ខ្លាចថាក្លារ៉ានាងអាចខឹងស្អប់ មិនពេញចិត្តដែលខ្លួនទៅរំខាន់ពេលវេលាផ្ទាល់ខ្លួននាងបែបនេះ។
"ខ្ញុំថាបើមិនប្រថុយក៏មិនដឹង អ្នកនាងក្លារ៉ាស្រងូតស្រងាត់បែបនោះ នៅម្នាក់ឯងអ៊ីចឹង គាត់អាចត្រូវការគ្នានិយាយលេងដែរក៏ថាបានចៅហ្វាយ។
វឹង!
ចូវិនបញ្ចប់ប្រយោគសឹងមិនទាន់ លូហ្ស៊ីងឯណោះក៏ទៅប្រុច លឿនដូចជារន្ទះ។ ចូវិនតាមមើលចៅហ្វាយ រួចក្រវីក្បាលតិចៗហាក់ដូចជាហួសចិត្ត។
"នេះបានហៅថាងប់ ងប់ម៉ាទំហឹងតែម្ដង" ចូវិនជាអ្នកជិតដិត ដូច្នេះទោះជាចៅហ្វាយធ្វើអី គិតអី គេក៏ដឹងគ្មានចន្លោះទាំងអស់តែម្ដង។

ល្ងាចថ្ងៃដដែល
ក្រោយបំពេញការងារចប់រួចរាល់អស់ ខេនឯណោះក៏មិនបង្អង់ប្រញាប់ប្រញាល់ត្រឡប់មកផ្ទះវិញ ឲ្យទាន់អាហារពេលល្ងាចជាមួយប្រពន្ធកូនដែលនៅផ្ទះ។
ឡានទំនើបបើកចូលមកលឿនស្លេវ នាំយកនូវស្នាមញញឹមអ្នកបើកដែលរីកស្គុសស្គាយតាំងពីរបងផ្ទះខាងមុខ រហូតមកដល់ខាងមុខវិមានតែម្ដង។ មួយថ្ងៃនេះ ទោះបីជាខ្លួនគេនៅកន្លែងធ្វើការក៏ពិតមែន តែអារម្មណ៍នឹងបេះដូងក៏ផ្ញើទុកនៅនឹងប្រពន្ធកូននៅឯផ្ទះឯណេះ។
"ប៉ាប៉ា" គ្រាន់តែទម្លាក់ជំហានចូលមកដល់ក្នុងផ្ទះភ្លាម សំឡេងចេចចាច៎ចេញពីមាត់កូនស្រីក៏បន្លឺលាន់ខ្ទរពេញក្នុងផ្ទះ។ ជូអឺដែលកំពុងតែលេងក្នុងផ្ទះសុខៗ ពេលនេះក៏រត់ត្រុយចេញទៅទទួលឪពុកទាំងទឹកមុខញញឹមស្រស់ហាក់គ្មានទុក្ខកង្វល់សោះ។
"ជូអឺ..សំណព្វចិត្តប៉ា មើលឲ្យប៉ាសុំថើបមួយខ្សឺតមើស៎"
"អា៎.. អត់អេ៎ ប៉ាៗទើបមកពីធ្វើការអស់កម្លាំង ប៉ាទៅងូតទឹកសិនហូវ ចាំជូឲ្យប៉ាប៉ាឃីស"
"បើចង់ថាប៉ាស្អុយញើសក៏ថាទៅអាជូ នេះយូរៗទៅចេះរើសអើងប៉ាហើយតើនៀក៎"
"ហិ មានណាប៉ា" ជូអឺពោលបដិសេធទៅកាន់ឪពុក ទាំងដែលបំណងពិតនាងគឺបែបហ្នឹងមែន នាងជាក្មេងស្អាត ឲ្យតែនាងងូតទឹករៀបចំខ្លួនរួច នាងមិនងាយឲ្យនរណាប៉ះពាល់ខ្លួនទេ។
"បង..មកវិញហើយ?" បន្ទាប់ពីជូអឺ ពេលនេះអឺឈីងក៏ជាអ្នកចេញមកទទួលខេនដែរ ដោយវត្តមានរបស់នាងធ្វើឲ្យខេនកាន់តែរីកមុខរីកមាត់ថែមទៀត។ ដៃមាំម្ខាងកាន់កូនជាប់ ខណៈដៃម្ខាងទៀតលូកទៅអោបស្រាក់ចង្កេះរបស់ភរិយាជាប់ ខេនទម្លាក់បបូរមាត់ទៅថើបថ្ពាល់អឺឈីងមួយខ្សឺត រួចក៏ញញឹមខ្ជឹប មុននឹងលាន់មាត់៖
"ថ្ងៃនេះអូនតុបតែងខ្លួនស្រស់ស្អាតណាស់ណ៎ មើលចុះលាបថ្ពាល់សុីជម្ពូរគួរឲ្យស្រឡាញ់ណាស់" ក្រោយទទួលបានពាក្យសរសើរពីស្វាមីភ្លាម អឺឈីងនាងក៏ញញឹមស្រាលតបទៅវិញ ទាំងក្នុងចិត្តកំពុងតែគ្រាំគ្រា មិនអាចនឹងនិយាយចេញមកបាន។ គេមិនដឹងទេ ថាការតុបតែងខ្លួននេះ វាគ្រាន់តែជាការបិទបាំងស្នាមវាយដំដែលបានបន្សល់ទុកដោយម្ដាយនាយប៉ុណ្ណោះ។
ខេនកាន់ប៉ះស្មាអឺឈីង រួចនាំនាងនឹងកូនដើរសម្ដៅទៅកាន់តុអាហារដែលនៅមិនឆ្ងាយពីទីនោះ។ ទាំងបីនាក់ម្ដាយឪពុកនិងកូនក៏ចូលមកដល់តុអាហារដែលមានវត្តមានលោកស្រីម័រហ្គេននៅអង្គុយចាំស្រេច គាត់ញញឹមយ៉ាងស្រទន់ទៅកាន់កូនប្រុស មុននឹងចោលក្រសែភ្នែកតាមមើលអឺឈីងរហូតទាល់តែនាងដាក់គូថអង្គុយចុះ។
"លើកអាហារមក"
"ចាស៎ លោកស្រី" អ្នកបម្រើម្នាក់លើកអាហារជូនអ្នកគ្រប់គ្នា ដោយខុសប្លែកអីតែអឺឈីងដែលកូនចៅជំនិតលោកស្រីម័រហ្គេនជាអ្នកលើកវាមកឲ្យនាង។
"ឆាប់ញ៊ាំទៅ ពិសេសអឺឈីង..ញ៊ាំច្រើនៗណាកូន" លោកស្រីម័រហ្គេននិយាយដៅបែបនេះ អឺឈីងនាងក៏កាន់តែមានអារម្មណ៍មិនស្រួលថែមទៀត។ ដៃស្រឡូនម្ខាងក្ដាប់កាន់ជាយសំពត់ខ្លួនឯង ខណៈដៃម្ខាងឈោងទៅទាញស្លាបព្រាទាំងញ័រសស្រាក់ នាងទាញចានយកមកជិត មុននឹងមានរឿងមួយកើតឡើង៖
"សាច់ឆ្ងាយណាស់ មើស៎ ខ្ញុំសុំឈោងកាត់បងបន្តិចណា៎បងថ្លៃ" ម៉ាខេឡាដែលថ្ងៃនេះមកអង្គុយជិតឈីង នាងក៏ឈោងដៃម្ខាងទៅដួសសាច់ ខណៈដៃម្ខាងទៀតទាញប្ដូរគ្នារវាងចាននាងនឹងចានអឺឈីងដោយមិនឲ្យនរណាម្នាក់សម្គាល់ដឹងសោះ។
"ម៉ា..ម៉ាខេឡា!" អឺឈីងឧទានទាំងញ័រមាត់តិចៗ តែអ្វីដែលនាងទទួលបានមកវិញគឺស្នាមញញឹមយ៉ាងស្រទន់ពីអ្នកម្ខាងទៀត។
"បងញ៊ាំទៅ ទាន់បបរនៅក្ដៅៗណា៎" គ្រាន់តែម៉ាខេឡាធ្វើបែបនេះ បេះដូងល្ហល្ហេវនឹងអារម្មណ៍ភ័យខ្លាចរបស់អឺឈីងក៏ហាក់អន់ថយបន្តិចម្ដងៗដូចជាដកបន្លាចេញពីទ្រូង៕
(ថ្ងៃនេះ ខ្ញុំអាចញ៊ាំអាហារបានដូចគេហើយ)

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now