ភាគទី74

261 10 1
                                    

ចាក់ខាងណា បងហ្ស៊ីងរឺបងហ្វ្រេដូ?

រឿង : ចំណងបេះដូងមួយរាត្រី
ភាគទី74

"បើគិតមែន ក៏មិនខ្លាំងក្លានឹងស្មោះត្រង់ដូចជាជាមួយអ្នកនាងក្លារ៉ាដែរ" សម្ដីបែបព្រាននារី បូកផ្សំនឹងការលូកដៃបំពានចាប់នាងទាំងមិនមានការអនុញ្ញាត ទើបធ្វើឲ្យអ្នកម្ខាងទៀតដឹងដល់សញ្ញាណមិនប្រក្រតីនៃបុរសម្នាក់នេះ ទើបក្លារ៉ារួសរ៉ាន់ដកដៃមកវិញភ្លាម។
"ខ្ញុំនិយាយជាមួយក្លារ៉ាដោយស្មោះត្រង់ ខ្ញុំពិតជាមិនជឿថាក្លារ៉ាមើលមិនដឹងពីបំណងខ្ញុំទេកន្លងមក រាល់ស្នាមញញឹម នឹងក្រសែភ្នែកពេលដែលខ្ញុំសំឡឹងមើលទៅកាន់នាង—"
"ព្រោះតែដឹងហ្នឹងហើយ ទើបខ្ញុំមិននិយាយ សន្ដានមនុស្សប្រុសមិនមាននរណាខុសពីនរណាទេ ការស្រឡាញ់តែងតែមកក្រោយមហិច្ឆតាជានិច្ច" ក្លារ៉ាដកដៃចេញពីការចាប់កាន់របស់លូហ្ស៊ីង រួចក្រោកឈរមួយអស់កម្ពស់មានបំណងចង់ដើរចេញ តែវិនាទីបន្ទាប់ពីការងាកបែរ ដៃមាំដែលកាន់ក្រសោបត្រឹមដៃនាងអម្បាញ់មិញ ពេលនេះក៏ឡើងសារី ហ៊ានលូកមកអោបចង្កេះនាងយកតែម្ដង។
លូហ្ស៊ីងអោបក្រសោបខ្លួនតូចពេញដៃ ព្រមទាំងញញឹមពេញចិត្ត ពេញថ្លើមក៏ព្រោះតែនាងជាស្រីដែលគេចង់បានយកមកកៀកកើយបែបនេះបំផុត។
"ត្រូវ"
"ព្រោះមហិច្ឆតាខ្ញុំមុនពេលដែលស្រឡាញ់នាង គឺ... ខ្ញុំចង់បាននាង នាងតែម្នាក់គត់" ដៃម្ខាងរឹតក្រសោបខ្លួនប្រាណក្លារ៉ាមកកាន់តែកៀកជិត មុននឹងបបូរមាត់សន្សឹមៗទម្លាក់ទៅបំណងចង់ថើបថ្ពាល់នាង តែក៏ត្រូវក្លារ៉ាបដិសេធដោយការងាកមុខចេញ។
"ខ្ញុំមើលទៅលោកមិនបានគិតរឿងស្នេហាច្បាស់លាស់អ្វីនោះទេ វាជាភាពងប់ងល់ច្រើនជាងត្រូវទេ? លោកចង់បានខ្ញុំ ចង់គ្រប់គ្រងខ្ញុំ រឿងទីមួយលោកធ្វើបានសម្រេចហើយ តែរឿងទីពីរវាមិនបានសម្រេចទេ ព្រោះមួយជីវិតនេះ ខ្ញុំមិនចូលចិត្តឲ្យនរណាមកគ្រប់គ្រងជីវិតខ្ញុំទេ" ក្លារ៉ាបញ្ចប់ទាំងសម្ដី រើខ្លួនពីការអោបក្រសោបបែបហីៗ រួចដើរចេញពីតុអាហារដែលមានក្រសែភ្នែកអ្នកម្ខាងទៀតមើលមកនាងមិនទម្លាក់ចុះ។
លូហ្ស៊ីងចោលក្រសែភ្នែកបាញ់សំឡឹងទៅកាន់នាង ខណៈស្នាមញញឹមរីកស្គុសស្គាយពេញលើផ្ទៃមុខ គេជាមនុស្សប្រុសដែលមានគ្រប់យ៉ាង ទទួលបានរាល់ការចង់បានទាំងអស់តាំងតែពីតូច ដូច្នេះបើគេចង់បាននាងប្រាកដណាស់ ថាគេនឹងយកនាងឲ្យទាល់តែបាន គ្រាន់តែថា...
ពេលនេះគេមិនមែនមាននាងតែម្នាក់នៅក្នុងដៃទេ ទោះបីជាគេកំពុងតែងប់ស្រឡាញ់ក្លារ៉ា គេក៏នៅមានកំហុសឆ្គងមួយដែលត្រូវកែខៃដែរ កំហុសមួយដែលកើតចេញពីភាពចង់ឈ្នះមួយពេលរបស់គេដូចគ្នា។
"ម៉ាខេឡា.."
...
បីថ្ងៃកន្លងទៅយ៉ាងឆាប់រហ័សជាទីបំផុត ក្រោយពីគេចខ្លួនចេញពីបញ្ហាទាំងអស់រួចមក ពេលនេះនាងក៏ដល់ពេលដែលត្រូវប្រឈមជាមួយនឹងខ្លួនឯងម្ដងហើយ។
រាងកាយតូចស្ដើងអង្គុយនៅមាត់បង្អួចសំណាក់ចាស់ដែលខ្លួនមកលាក់ពួនរាងកាយនោះ ព្រមជាមួយនឹងអារម្មណ៍មួយដែលតានតឹងនឹងល្ហល្ហេវជាទីបំផុត។ នាងព្រួសខ្យល់ដង្ហើមស្រាល មុននឹងលូកដៃទាញបិទបង្អួចវិញ ហើយប្រើភ្លើងចង្កៀងចាស់បំភ្លឺជំនួសឲ្យការបើកបង្អួចនោះ នាងងាកបែរមើលទៅសភាពដំណាក់ចាស់ដែលវាមើលទៅហាក់ដូចជាមិនមែនចាស់តាមអាយុកាល តែវាចាស់មកពីវាជាសំណង់ដែលសេសសល់ពីភ្លើងឆេះ។
"ឃើញសំណាក់នេះ ហេតុអីក៏ខ្ញុំបែរជានឹកឃើញដល់អឺឈីង?.. មនុស្សល្អរបស់ខ្ញុំ"
ម៉ាខេឡាស្រាប់តែនឹកឃើញដល់មនុស្សស្រីម្នាក់ដែលតែងតែនៅជាគ្នានឹងនាង ឆ្លងកាត់រឿងរ៉ាវឈឺចាប់ដូចជានាង តែពួកគេមានចំណុចមួយខុសពីគ្នា ដោយអឺឈីងនាងមានមនុស្សប្រុសម្នាក់ដែលស្រឡាញ់នាងពិតប្រាកដយល់ចិត្ត ខណៈនាងឯណេះគ្មាននរណាទាំងអស់ លោកប៉ាក៏កុហក អ្នកម៉ាក់បោះបង់ចោល សូម្បីតែពេលនេះប្រុសដែលបានថែថើបខ្លួនប្រាណនាងក៏ដោះដៃទៀត តើពេលនេះនាងសល់នរណាទាំងអស់។
"ខ្ញុំពិតជាច្រណែនជីវិតនាងណាស់អឺឈីង តែនាងជាមនុស្សល្អ នាងសាកសមនឹងទទួលបានបែបនេះ នាងសាកសមនឹងមានបងខេនក្នុងជីវិតបំផុត" ម៉ាខេឡាងើយក្បាលឡើងទប់ទឹកភ្នែកខ្លួនឯងមិនឲ្យហូរស្រក់មកបន្តទៀត ពេលបីថ្ងៃមកនេះនាងយំឆ្អែតឆ្អន់ហើយ ភ្នែកនាងក៏ហត់នឿយហើយដែរ នាងមិនគួរយំទៀតទេ។
"ខ្ញុំគួរតែចេញពីទីនេះ ខ្ញុំមិនអាចនៅស្ងៀមមួយកន្លែងបានទេ បើខ្ញុំបន្តនៅសៀងហៃនេះ បងហ្ស៊ីងច្បាស់ជារកខ្ញុំឃើញជាក់ជាមិនខាន" ថ្ងៃនេះជាថ្ងៃចុងក្រោយដែលនាងគិតថានាងនឹងនៅស្នាក់អាស្រ័យក្នុងសំណាក់ចាស់មួយនោះ នាងគិតចង់បន្តដើរទាំងគ្មានគោលដៅទៀត ធ្វើយ៉ាងណាឲ្យតែបានចេញឆ្ងាយពីបញ្ហាអស់ទាំងនេះ។
ក្រាក!
ការគិតសញ្ជឹងរបស់នាងក៏ប្រែក្លាយមកជាភ័យខ្លាច គ្រាដែលទ្វារសំណាក់ខាងមុខស្រាប់តែបើកឡើង ម៉ាខេឡាប្រញាប់រួសរ៉ាន់ងាកឆ្វេងស្ដាំ គិតថានឹងចេញទៅតាមទ្វារខាង តែនាងក៏បែរជាវ៉ាក់អើជាមួយនឹងមនុស្សម្នាក់ ហើយមនុស្សម្នាក់នោះក៏ភ្ញាក់នឹងនាងដូចគ្នា។
"បង..បងខេន"
"ម៉ាខេឡា? នេះឯង.." អ្នកដែលជាបងប្រុស កាលបើបើកទ្វារសំណាក់របស់ប្រពន្ធមក បានឃើញប្អូនស្រីនៅទីនោះ គេក៏ភាំងភ្លឹកមួយរំពេច តែស្មារតីក៏ឆាប់ត្រឡប់មកវិញ នាំឲ្យនាយស្រវ៉ាចាប់កាន់នាង រួចសង្កេតមើលពីក្បាលដល់ចុងជើងតែម្ដង។ សភាពនាងមើលទៅស្គមស្លក់ ស្លៀកពាក់ខោអាវមិនសមរូប សមរាង ហើយថែមទាំងមកនៅកន្លែងបែបនេះទៀត នេះវាមានរឿងអីឲ្យប្រាកដ?
"ហេតុអីក៏ឯងមកនៅទីនេះ?" សំឡេងចោទសួររបស់ខេនក៏នាំឲ្យមនុស្សប៉ុន្មាននាក់ទៀតដែលចូលមកបានលឺនឹងបានឃើញថាមានអ្នកមិនបានរួមដំណើរម្នាក់នៅទីនោះដែរ។ ម៉ាខេឡាងាកបែរភ្នែកមើលទៅអ្នករុញទ្វារចូលមក ដែលមានអឺឈីង,អឺហ្វាន់, លោកប៉ានាង ហើយនឹងមនុស្សម្នាក់ទៀតដែលនាងមិនរំពឹងថានឹងចង់ចួបគាត់ទាល់តែសោះ។
"ម៉ាខេឡា..កូន..កូនម៉ាក់" លោកស្រីស៊ុងជី កាលបើបានមកឃើញកូនស្រីពេញភ្នែកនៅទីនោះ គាត់ក៏បែររលីងរលោងមានបំណងចង់ចូលមករកម៉ាខេឡា តែនាងក៏ប្រញាប់ដកខ្លួនចេញ។
"ខ្ញុំគ្រាន់តែមកលេង ពេលនេះខ្ញុំទៅវិញហើយបងខេន ខ្ញុំ.."
"ឯងគិតចង់ទៅណាម៉ាខេឡា? ឯងមានកន្លែងណាត្រូវទៅ? រឺក៏ចង់ទៅរកអាហ្ស៊ីង?" ខេនចោទសួរ ស្របនឹងដំណើរបោះជំហានចូលមករកនាង មុននឹងលូកដៃទាញកអាវសឺមីដែលមានសញ្ញាឆ្លាក់បង្ហាញច្បាស់ថាវាជាអាវរបស់អ្នកប្រុសជើងល្អមិត្តគេនោះ។
"ទេ! ខ្ញុំ..ខ្ញុំគិតទៅផ្ទះ ថ្ងៃ..ថ្ងៃនេះខ្ញុំឡើងយន្តហោះទៅផ្ទះហើយ អ្ហឺ"
"ឯងកុហកបងមិនបានទេម៉ាខេឡា.. អាល់ហ្វ្រេដូគេបានប្រាប់បងរួចហើយ ហើយការដែលបងនឹងគ្រប់គ្នាមកសៀងហៃនេះ គឺបងមករកឯងហ្នឹងឯង" ខេននិយាយស្របនឹងសម្រឹបជើងមនុស្សម្នាក់បោះឡើងញាប់ចូលមកដូចគ្នា។ ម៉ាខេឡាងាកបែរភ្នែករលីងរលោងចេញទៅក៏ប្រទះនឹងក្រសែភ្នែកបែបភ័យព្រួយលាក់បង្កប់ក្រោយភ្នែករឹងកំព្រឹសរបស់មនុស្សម្នាក់។
"បងហ្ស៊ីង.." ម៉ាខេឡាលាន់មាត់ហៅឈ្មោះអ្នកដែលមើលឃើញនាងដូចជាមើលឃើញខ្មោច លូហ្ស៊ីងដើរចូលទៅរកម៉ាខេឡា មុននឹងលូកចាប់ដៃនឹងទាញនាងចេញមកក្រៅកាត់មុខអ្នកគ្រប់គ្នាទាំងអស់។
"បងហ្ស៊ីង..លែងដៃខ្ញុំ អ្ហឹក"
"ឯងគិតចង់ធ្វើអីម៉ាខេឡា? ឯងចង់ប្រាប់រឿងពួកយើងឲ្យទៅគ្រប់គ្នាដឹងមែនទេ?" កាលបើនាំនាងចេញឆ្ងាយពីអ្នកគ្រប់គ្នារួចមក លូហ្សីងក៏ស្រាប់តែបោះសំនួរបែបនេះមករកនាងទាំងខឹង។ ម៉ាខេឡាញ័រកែវភ្នែកងើបសំឡឹងមើលទៅគេទាំងទ្រូងចុកអួលណែនដូចជាចង់ហូរស្រក់ឈាមមកទាំងថ្លុក។
"បើពួកគាត់ដឹងវាយ៉ាងម៉េច? បងខ្លាចថាវានឹងលេចលឺដល់ត្រចៀកអ្នកក្លារ៉ាមែនទេ?"
"មែន! ព្រោះក្លារ៉ាជាមនុស្សដែលបងស្រឡាញ់.. បងមិនចង់ឲ្យនាងគិតខុស"
"ហ៊ឹស!"

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now