ភាគទី59

41 2 0
                                    

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី59៖ អាការៈចម្លែក

"បង..បងនិយាយអីខេន?"
"កូន..អ្ហឹក កូនយើងយ៉ាងម៉េច?" ក្រោយទទួលបានដំណឹងចេញពីមាត់ស្វាមីមក អឺឈីងក្រវីក្បាលតិចៗហាក់មិនជឿអ្វីដែលគេនិយាយទាល់តែសោះ។ នាងមិនដឹងថានាងសន្លប់ទៅប៉ុន្មានថ្ងៃឆ្លងកាត់រឿងអ្វីខ្លះនោះទេ តែនេះ..នេះមិនមែនជាអ្វីដែលនាងចង់លឺ ពេលនាងក្រោកឡើងវិញទេ។
"ឈីង" ឃើញសភាពរបស់ឈីង ខេនប្រញាប់ចូលទៅជិតនាងជាថ្មី ស្រវ៉ាលូកចាប់ដៃនាងជាប់ តែក៏បែរជាត្រូវឈីងរលាស់ចេញទាំងមិនអស់ចិត្ត ហើយក៏ចង់បានចម្លើយមួយដែលពិតប្រាកដ។ ខេនរឹងអណ្ដាត សឹងតែមិនអាចនិយាយបកស្រាយបានទាល់តែសោះ ជាពិេសសពេលដែលខ្លួនបានឃើញទឹកភ្នែកមួយតំណក់ហូរស្រក់ចុះពីប្រឡង់ភ្នែកម្ខាងរបស់នាង។
"កូនជូមានរបួសត្រង់ស្មា បង្កមកពីការធ្លាក់ជាមួយអូននៅថ្ងៃនោះ ហើយកូនក៏ត្រូវវះកាត់កាលពីម្សិលមិញ តែក៏មិនអាចវះកាត់បាន ព្រោះកូនយើងមានជម្ងឺម៉្យាង.."
"ជាជម្ងឺដែលឈាមមិនងាយកក ហើយត្រូវការពេទ្យជំនាញខ្លាំងណាស់សម្រាប់ការវះកាត់បន្ទាប់ពីនេះ"
បានដឹងលឺពីរបួសរបស់កូន វានាំឲ្យបេះដូងនាងឈឺអូចៗម្ដងទៅហើយ ពេលនេះនៅមកលឺថាកូនមានជម្ងឺប្រចាំកាយមួយតង់ទៀត នាំឲ្យអឺឈីងកាន់តែឈឺផ្សាខ្លាំងថែមទៀត។
"កូនឈីងឈឺ? អ្ហឹក! កូនឈឺតែអូនមិនបានដឹង.."
"អូនជាម្ដាយប្រភេទណាទៅ? អ្ហឹកៗ"
"វាមិនមែនជាកំហុសរបស់អូនទេឈីង អូនក៏មិនបានដឹង គ្មាននរណាម្នាក់ដឹងទេ ទាល់តែមានរឿងហេតុមួយនេះ" មិនថាខេនព្យាយាមបកស្រាយបែបណា ក៏អារម្មណ៍ខ្លោចផ្សាក្នុងនាមជាម្ដាយមិនអាចរសាយចេញពីទ្រូងអឺឈីងដែរ។
ខណៈពេលដែលគេឃើញនាងនៅយំខ្សឹបខ្សួលយ៉ាងស្ងៀមស្ងាត់ឯណោះ គេក៏ឆក់ឱកាសចូលទៅជិតនឹងអោបនាងជាប់។ ម្ដងនេះអឺឈីងនាងមិនបានបដិសេធ តែក៏ែបរជាលូកដៃអោបក្រសោបកាយខេន ផ្ទប់មុខអឹបនឹងទ្រូងរបស់គេ យំហ៊ូរៗតាមអំពើចិត្ត។
អឺហ្វាន់ឯណោះវិញ គេមិនអាចធ្វើអ្វីបាន ព្រោះមើលទៅខេនគេពិតជាអាចធ្វើឲ្យប្អូនស្រីគេបានរំសាយចិត្តឈឺចាប់ក្នុងរង្វង់ដៃរបស់គេពិតមែន ទោះបីជាគេខឹង ស្អប់ម្ដាយខេន តែគេពិតជាមិនអាចបដិសេធបានថាខេនគេខុសពីម្ដាយគេណាស់។
តុក!តុក
គ្រានោះទ្វារបន្ទប់ក៏គោះតុកៗ មុននឹងមានម៉ាខេឡាជាអ្នករុញទ្វារចូលមក ព្រមជាមួយនឹងប៉ូលីសពីរនាក់ក្នុងឯកសណ្ឋាននៅឡើយ។ អឺហ្វាន់កាលបើបានឃើញប៉ូលីសចូលមកទាំងបែបនោះ នាយក៏ប្រញាប់ដើរទៅរកពួកគេ ហាក់មិនចង់ឲ្យពួកគេមករំខានប្អូនស្រីគេដែលកំពុងតែមានទុក្ខលំបាកស្រាប់។
"ពួកយើងជាប៉ូលីសកាន់សំណុំរឿងលោកស្រីម័រហ្គេន ក្រោយដឹងថាអ្នកនាងអឺឈីងដឹងខ្លួន ពួកយើងចង់សុំធ្វើការសាកសួរបន្តិច"
"ប្អូនស្រីខ្ញុំទើបតែដឹងខ្លួន នាងនៅមិនទាន់ស្រួលនៅឡើយទេ ចង់សាកសួរអ្វី លោកអាចសាកសួរពួកយើងជំនួសបាន" អឺហ្វាន់ជាអ្នកចេញមុខ និយាយបកស្រាយប្រាប់ទៅកាន់ប៉ូលីសទាំងពីរនាក់នោះ។ ប៉ូលីសគេក៏ហាក់មិនយល់ស្រប ទើបងាកបែរមើលទៅអឺឈីង តែវិនាទីបន្ទាប់ក៏មានវត្តមានខ្លួនមាំរបស់ខេនមកពាំងបាំងនាងម្នាក់ទៀត។
"ពួកលោកអាចសាកសួរខ្ញុំបាន ព្រោះខ្ញុំជាស្វាមីអឺឈីង ហើយក៏ជាកូនប្រុសលោកស្រីម័រហ្គេនដែរ" ខេនគេក៏ចេញមុខបង្ហាញពីអារម្មណ៍មិនខុសពីអឺហ្វាន់ គឺគេមិនចង់ឲ្យនរណាមកបំផ្លាញរឺក៏ធ្វើឲ្យប៉ះពាល់អារម្មណ៍អឺឈីងទាំងបែបហ្នឹងនោះទេ។
"តែវាជាការសំខាន់ណាស់ ព្រោះពួកយើងត្រូវការការសហការពីជនរងគ្រោះ ដើម្បីអាចធ្វើសំណុំរឿងបញ្ជូនទៅកាន់តុលាការឯណោះ"
"នេះពួកលោកថ្លង់រឺយ៉ាងម៉េច?" ខេនក៏រៀងខឹង ទើបគេរៀងតំឡើងសំឡេងបន្តិច។
"មិនអីទេ ពួកលោកអាចសាកសួរខ្ញុំបាន" ខណៈពេលដែលបងប្រុសនឹងស្វាមីធ្វើការហាមឃាត់ប៉ូលីសមិនឲ្យសាកសួរនាង អឺឈីងឯណោះក៏បែរជាយល់ព្រមជួបនឹងសហការទៅវិញ។ ខេននឹងអឺហ្វាន់ងាកបែរមើលទៅអឺឈីង មុននឹងត្រូវបានប៉ូលីសម្នាក់ រួមទាំងម៉ាខេឡានាំពួកគេចេញបាត់ពីបន្ទប់នោះ ដោយទុកឲ្យតែអឺឈីងនឹងប៉ូលីសកត់ត្រាម្នាក់នៅនិយាយគ្នានៅខាងក្នុង។

រយៈពេល30នាទីក៏បានកន្លងផុត ពេលដែលអឺឈីងកំពុងតែទទួលការសាកសួរនៅខាងក្នុង អ្នកនៅខាងក្រៅឯណេះក៏ដើរទៅដើរមកមិនឈប់ ហាក់ដូចជានៅមិនសុខទាល់តែសោះ។ អឺហ្វាន់ដើរមកពីទិសឆ្វេង ខេនដើរពីទិសស្ដាំ ពួកគេដើរបញ្ច្រាសគ្នាទៅមកៗ ខណៈម៉ាខេឡានៅអង្គុយមើលពួកគេវិលមុខដូចជាកន្តេះឡង់។
"ពួកបងអាចឈប់ដើរសិនបានអត់? ខ្ញុំវិលមុខណាស់" ម៉ាខេឡាឧទានឡើងទាំងញើសចាប់ផ្ដើមហូរចុះពីថ្ងាសរបស់នាងតក់ៗ ទឹកមុខនាងប្លែកជាស្លេកស្លាំងបន្តិច មុននិងពោះចាប់រមួលគ្រូកៗដូចជាមិនស្រួលទាល់តែសោះ។
"ឈប់ដើរសិនទៅ!!" និយាយតែមាត់មិនស្ដាប់ ម៉ាខេឡានាងក៏ស្រែកឡើងខ្លាំងៗទាំងមួរម៉ៅក្នុងចិត្តបំផុត។ នាងងាកបែរមើលទៅបងប្រុសនឹងបងរបស់អឺឈីង មុននឹងរូបភាពពួកគេទាំងពីរចាប់វិលខ្ញាល់ដូចជាបង្វិលភូគោល។
(ហេតុអីក៏សុខៗយើងបែរជាវិលមុខបែបនេះ?)

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now