ភាគទី02+03

124 4 0
                                    

តោះមកដល់ទៀតហើយ ប្រាប់ហើយថាមិនរត់ទៀតទេ ហុហុ

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី02,03៖ រឿងស្មានមិនដល់

ខេនមិនបានគិតការណ៍អ្វីច្រើនដោយពេលនេះគេបន្តដើរចូលមកខាងក្នុងសណ្ឋាគារលំដាប់ផ្កាយស្រស់ស្អាតដែលគេមិនធ្លាប់គិតថានឹងមកទីនេះ ព្រោះបើគិតពីការតុបតែងនិងការទទួលរាក់ទាក់របស់បុគ្គលិក នាយក៏ដឹងហើយថាទីនេះមានតម្លៃមិនតិច ហើយបើសិនជាគេខ្លួនឯងផ្ទាល់ គេក៏មិនចំណាយលុយច្រើនដើម្បីមកសម្រាកនៅទីនេះដែរ បានមកលើកនេះចាត់ទុកថាមកពីគុណបុណ្យមិត្តសម្លាញ់គេឯណោះទៅវិញទេ។
"សាយណ្ហសួស្ដីមីសស្ទ័រ" គិតរួចក៏មានសំឡេងបុគ្គលិកម្នាក់ឧទានហៅសព្វនាមគេយ៉ាងថ្នឹកជាទីបំផុត ខេនក៏ដកក្រសែភ្នែកពីការសំឡឹង ដោយបែរទៅសំឡឹងមើលបុគ្គលិកម្នាក់នោះរួចញញឹមតិចៗទុកជាការរាក់ទាក់ឆ្លើយតបវិញ ហើយការងាកទៅរបស់គេក៏ដូចជាងាកទៅឲ្យបុគ្គលិកម្នាក់នោះចំណាំមុខអ៊ីចឹង។
"មីសស្ទ័រខេនត្រូវទេ?"
(អេ៎? ហេតុអី...)
"អ្នកប្រុសតូចលូហ្ស៊ីងបានរៀបចំបន្ទប់ធំបែបផេនហោស៍នៅខាងលើជូនមីសស្ទ័ររួចហើយទាន៎"
(ការពិតគឺបែបហ្នឹងសោះ នេះជាសណ្ឋាគារមួយក្នុងចំណោមសណ្ឋាគារជាច្រើនដែរលូហ្ស៊ីងគេកាន់កាប់!)
ខេនគិតក្នុងចិត្តម្នាក់ឯង ថែមទាំងងក់ក្បាលថ្នមៗដូចជាចាប់យល់ពីមូលហេតុដែលមិត្តសម្លាញ់បញ្ជាកូនចៅឲ្យយកគេមកទីនេះ។ ខេនមិនបានធ្វើខ្លួនជាបញ្ហាទេ គេយល់ស្របក្នុងការដើរទៅតាមពីក្រោយបុគ្គលិកម្នាក់នោះ។ ពួកគេនាំគ្នាដើរបន្តចូលទៅកាន់ផ្លូវមួយជ្រៅដែលជាកន្លែងសម្ដៅទៅច្រកជណ្ដើរយន្តវីអាយភីដែលអាចឲ្យគេឡើងទៅដល់បន្ទប់ផេនហោស៍ដែលលូហ្ស៊ីងបានរៀបចំទុក។
"អូហ៍! ទីនេះស្អាតណាស់" ដែលខេននិយាយថាស្អាតនោះវាមិនមែនមកពីការតុបតែងបែបស៊ីវិល័យនៃសណ្ឋាគារនោះទេ តែវាជាសិល្បៈគំនូរនិងការតុបតែងបែបបារាំងនៅតាមផ្លូវទៅឯណោះទៅវិញ ពេលនេះគេកាន់តែច្បាស់ហើយថាមិត្តសម្លាញ់គេយល់ពីគេកម្រិតណានោះ គេដឹងថាខេនមិនចូលចិត្តភាពស៊ីវិល័យឡូយឆាយដូចជាពួកគេ ទើបលូហ្ស៊ីងឲ្យកូនចៅនាំខេនមកកាន់កន្លែងដែលស្រគត់ស្រគុំបែបនេះ។
ត្រឹមមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ខេនគេក៏ឡើងមកដល់ជាន់ទី24ជាន់បន្ទប់ផេនហោស៍ដែលនៅខ្ពស់ដាច់ពីបន្ទប់នានាទាំងអស់។ រាងខ្ពស់មាំបណ្ដើរដើរចូលមករហូតទាល់តែដល់ខាងមុខបន្ទប់ ទើបគេបញ្ឈប់ដំណើរ រួចងាកបែរទៅនិយាយជាមួយបុគ្គលិកសណ្ឋាគារវិញ។
"ជូនខ្ញុំត្រឹមហ្នឹងបានហើយ នាយអាចទៅធ្វើការវិញបាន"
"បាទ៎ នេះជាកាតចូលបន្ទប់របស់មីសស្ទ័រ នៅខាងក្នុងនោះមានបន្ទប់គេងមួយ បន្ទប់សៀវភៅ និងកន្លែងដែលមីសស្ទ័រអាចសម្រាកបាន បើសិនជាមានអ្វីត្រូវការ សូមមីសស្ទ័រខលហៅពួកយើងណាទាន៎"
"បាទ៎ អរគុណណាស់" ខេនញញឹម លូកដៃទទួលយកកាតបន្ទប់ រួចនៅឈររង់ចាំរហូតទាល់តែបុគ្គលិកម្នាក់នោះចេញទៅបាត់ ទើបគេបញ្ចេញអាការៈពិត។ ខេនជ្រឹមចិញ្ចើមបន្តិច ស្របនិងភ្នែកថ្លាបាញ់ចុះមករកកាតបន្ទប់ដែលនៅនឹងដៃខ្លួនឯណោះវិញ។
"យើងគួរតែចូលទៅទេ? បើយើងមិនចូលតើបានទេ?" ខេនគិតសញ្ជឹងម្នាក់ឯង មួយស្របក់រួចទើបចាប់ភ្លឹកឃើញកាំមេរ៉ានៅខាងមុខបន្ទប់ដែលរេរាទៅមកដូចជាភ្នែកមៀម បាញ់មើលមកគេគ្រប់ជំហានទាំងអស់។
"តែថាបើយើងគេចពីលូហ្ស៊ីងនៅសៀងហៃនេះ វាដូចជាមនុស្សគេចស្រមោលអ៊ីចឹង ណ្ហើយ! ចូលទៅឲ្យផុតៗសិនក៏បាន ថាមិនត្រូវនៅខាងក្នុងអាចមានសុវត្ថិភាពជាងនេះក៏ថាបាន" គិតរួចហើយខេនក៏យកកាតបើកបន្ទប់ រួចចូលទៅផុតបាត់ស្រមោលតែម្ដង។
...
ដូចជាខេនបានស្មានទុកមិនខុស ចូលមកដល់ខាងក្នុងគេក៏មានសុវត្ថិភាពជាងនៅខាងក្រៅពិតមែន មិនមានកាំមេរ៉ា មិនមាននរណាតាមឃ្លាំមើលគេ ស្រួលខ្លួនខ្លាំងយកតែមែនទែន។ រាងខ្ពស់ចូលហួសមកដល់ខាងក្នុង មុននឹងទាក់ភ្នែកជាមួយសៀវភៅប៉ុន្មានក្បាលដែលតម្រៀបទុកនៅលើតុ ដោយហេតុថាគេជាមនុស្សចូលចិត្តអាន ចូលចិត្តមើល ខេនក៏ទម្លាក់ខ្លួនអង្គុយចុះ រួចទាញសៀវភៅមួយក្នុងចំណោមសៀវភៅទាំងនោះមកបើកអាន តែមុននិងអាន គេក៏ងាកភ្នែករំពៃមើលទៅទ្រនិចនាឡិកាប៉ោលដែលនៅក្បែរជញ្ជាំងឯណោះដែរ។
"ពេលនេះម៉ោង8ទៅហើយ យើងមកដល់មិនមានមនុស្សស្រីណាទេ តិចអាលូហ្ស៊ីងវាបោកយើងទៅ?" គិតមកដល់ត្រឹមនេះខេនគេមិនបានខឹងនឹងមិត្តទេ មានតែលួចសប្បាយចិត្ត ត្បិតបើវាគ្រាន់តែជាការលេងសើចមែន គេក៏នឹងមិនពិបាកឈឺក្បាលគិតថានឹងធ្វើអ្វីបន្តជាមួយស្រីដែលលូហ្ស៊ីងបញ្ជាឲ្យមកម្នាក់នោះ។
"សៀវភៅល្អ សៀវភៅល្អ" ខេនអានបានប៉ុន្មានទំព័រគេក៏ពោលសរសើរទាំងទឹកមុខស្រស់ស្រាយបំផុត តែភាពស្រស់ស្រាយទាំងប៉ុន្មានក៏ចាប់រសាយ ពេលបន្ទប់គេបិទជិតនោះ ពេលនេះមានអ្នកកំពុងតែចុចបើកចូលមក។ ចិត្តមួយខំតែអរថាបានរួចហើយ ពេលនេះក៏អន់ចិត្តបណ្ដោយ ព្រោះដឹងច្បាស់ថាមានរឿងអ្វីហៀបនឹងកើតឡើងនោះ។
ក្រាក!
ទ្វារបន្ទប់បើកឡើងមក បង្ហាញវត្តមានម្ចាស់ខ្លួនតូចដែលពេលនេះខេនអាចមើលឃើញត្រឹមស្រមោលនាង ព្រោះនាងនៅឆ្ងាយពីភ្នែកពេក តែអ្វីដែលគេសម្គាល់បានតាមស្រមោលនោះគឺនាងមានស្លៀកឈុតរ៉ូបស្ដើង ដៃតូច បក់ផាត់ផើយតាមខ្យល់ត្រជាក់ល្ហឹមក្នុងបន្ទប់ដែលខ្លួនកំពុងតែស្នាក់។
"សួស្ដីលោក" សំឡេងស្រួយបែបមនុស្សស្រីបន្លឺឡើងនាំឲ្យខេនកាន់តែពិបាកធ្វើខ្លួនថែមទៀត។ នាយមិនបានដើរទៅរកនាងទេ ដោយគេនៅឆ្ងាយព្យាយាមរក្សាគម្លាត តែអ្នកម្ខាងទៀតនាងក៏ក្លាហាន ក្លាហានដើរចូលមករកគេ ពីឆ្ងាយមកជិត ដែលអាចឲ្យគេនឹងនាងបានឃើញមុខគ្នា ពេលងើបមុខឡើងប្រទះភ្នែកសងខាងរួចមក។ ខេនឯណោះក៏ភាំង គាំងស្ដូក ពេលដែលបានឃើញមនុស្សស្រីម្នាក់នោះ ទោះជួបបានបន្តិច តែគេក៏នៅចាំបានច្បាស់ សំឡេងនេះ មុខមូលក្រឡង់មួយនេះ គឺនាង...
"លោក?" មើលទៅស្រីម្នាក់នោះក៏ដូចជាស្គាល់គេដែរ ព្រោះគ្រាន់តែមើលគ្នាភ្លាម ស្រីស្រស់ក៏ឧទានហៅគេទាំងភ្ញាក់ផ្អើលដូចគ្នា។ ដៃស្រឡូនតូចដែលទម្លាក់ចុះអម្បាញ់មិញពេលនេះក៏លើកឡើងបាំងស្មានិងល្វែងទ្រូងរបស់ខ្លួនដែលនៅបិតបាំងដោយរ៉ូបស្ដើងមួយនោះ ខេនឯណោះគេមិនបង្អង់ក៏ប្រញាប់រួសរ៉ាន់ទាញអាវក្រៅធំរបស់គេ រួចគ្រវាសដណ្ដប់ខ្លួននាងជាប់ទាំងខួរក្បាលមានមន្ទិលគ្រប់សព្វទៅកាន់នាង។
តែថា...
ពេលដែលខេនទាញអាវធំគ្របមកលើស្មានាង ដើមដៃរបស់គេក៏ស្រាប់តែទទួលដឹងដល់ទឹកសន្សើមមួយតំណក់ដែលស្រក់ចេញពីប្រឡង់ភ្នែកនាង។ នាងអោនមុខចុះព្យាយាមខាំមាត់សង្កត់ចិត្ត ត្បិតអាម៉ាស់និងស្ថានភាពដែលខ្លួនកំពុងតែជួបនាពេលនេះ។
(ហេតុអី? ហេតុអីក៏ខ្ញុំត្រូវធ្លាក់ខ្លួនមកដល់ដំណាក់កាលមួយនេះ? អ្ហឹកៗ ខ្ញុំចង់ឲ្យវាឆាប់ចប់បំផុត ព្រោះវាជាសុបិន្តអាក្រក់ អាក្រក់បំផុត)

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now