ភាគទី84

112 7 0
                                    

រឿង : ចំណងបេះដូងមួយរាត្រី
ភាគទី84

សំណាក់ហ័រ
ដូចជាពាក្យគេនិយាយ ថាការឈឺចាប់តែងតែជាថ្នាំពូកែបំផុតសម្រាប់កែប្រែមនុស្សម្នាក់ឲ្យក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀត។ អឺឈីង,ពីក្មេងស្រីម្នាក់ដែលគ្មានគោលជំហ មានត្រឹមតែកម្លាំងបាយដើម្បីរកលុយចិញ្ចឹមក្រពះនឹងភាពក្លាហានខុសពេលតិចតួច ដែលនាំឲ្យនាងបានចួបនូវព្យុះភ្លៀងកំណាចជាច្រើនក្នុងជីវិត ឲ្យនាងបានរៀនសូត្រ ហើយក៏ដឹងថា មនុស្សដែលគ្មានគោលជំហ ងាយនឹងត្រូវគេធ្វើបាបណាស់...
ដូច្នេះ ពេលនេះនាងក៏កែប្រែជីវិតនាង៣៦០ដឺក្រេតែម្ដង។

"ដៃ លើកសន្ធឹងឡើងមកមុខ ជើងម្ខាងលើកឡើងហើយព្យាយាមទប់លំនឹង ហើយធ្វើចិត្តឲ្យស្ងប់" ម្ចាស់កាយតូចស្រឡូន មានសាច់ដុំតិចតួចតែមើលទៅមានសុខភាពល្អហើយក៏រឹងមាំ ព្រោះនាងជាអ្នកគ្រូបង្ហាត់គុណរបស់សំណាក់។
ចាប់តាំងពីសំណាក់បានរៀបចំរួចរាល់អស់ អឺឈីងក៏បានយកឯកសារចាស់ៗដែលជាកេរ្តិ័ដំណែលចុងក្រោយរបស់លោកតាមកមើល ហើយនាងនឹងបងប្រុសនាង(អឺហ្វាន់) ក៏ពួតដៃលើកទ្រសំណាក់ហ័រដែលធ្វើតែមានឈ្មោះល្បីល្បាញកាលពីមុន ឲ្យក្រោកឡើងនឹងមានលំនឹងសារជាថ្មី។
ទោះបីជាពេលនេះសំណាក់មានសិស្សហាត់រៀនមិនច្រើនដូចជាកាលពីលោកតាពួកគេនៅរស់ តែបើគិតពីសភាពស្ងាត់ជ្រាបកាលពីមុននោះ អាចនិយាយបានថា វាផ្លាស់ប្ដូរច្រើនណាស់។
"ហា៎ យ៉ា" សំឡេងស្រែកបន្លឹសន្ធឹក ខណៈពេលដែលកូនសិស្សទាំងអស់ហាត់ក្បាច់ធម្មតាមួយដែលជាកម្រិតមូលដ្ឋានថ្នាក់ទាប នោះគឺជាក្បាច់ការពារខ្លួន។
"ហីយ៉ូយ នែ! តាំងតែពីកូនខ្ញុំមកហាត់នៅទីនេះ គេមិនដែលរុញរារឿងទៅសាលារៀននោះទេ គេទើបតែដាច់ចិត្តប្រាប់ខ្ញុំថា កាលពីមុននៅសាលា មានអ្នកប៊ូលី ធ្វើបាបគេច្រើនណាស់ ស្ដាប់ៗទៅខ្ញុំក៏អាណិតកូន តែក្នុងពេលតែមួយនោះ ខ្ញុំក៏សប្បាយចិត្តដែរ ដែលពេលនេះកូនអាចការពារខ្លួនឯងបាន"
"មីនាងឈីងពូកែណាស់ ដំបូងខ្ញុំគិតថាម្ចាស់សំណាក់ជាបងប្រុសគេ អាហ្វាន់នោះតើ តែនរណាទៅដឹង លោកស្រីម្ចាស់សំណាក់ អ្នកបង្ហាត់ផ្ទាល់ជាអាឈីងសោះ"
"រសៀលមិនទាន់ទេ​ ជុំគ្នានិយាយដើមគេទៀតហើយអុំឯង"
"អាជូ! ហ្អេស៎មកពីរៀនហើយអី? មើលដាក់កាតាបឡើងអង្គុយលើគ្រែមើស៎ អុំសូមសម្ភាសន៍រឿងម៉ាក់ឯងតិច"
"សម្ភាសន៍បាន តែមួយរឿងប្រាំឡា"
"មុខលុយណាស់ឯងនេះ ម៉ោ អង្គុយម៉ោ" បានចាស់ទុំចំអន់ នាងល្អិតជូអឺឯណោះក៏សើចកាច់ករកាច់ស្រង់យ៉ាងគួរឲ្យខ្នាញ់។ នាងតូចដាក់កាតាបលើគ្រែឈើ រួចឡើងអង្គុយបត់ជើង ជុំគ្នាជាមួយចាស់ទុំ មានរបៀបរបបដូចជាម្ដាយធ្លាប់បានប្រដៅប្រាប់។
"សមសួនណាស់ អង្គុយសុទ្ធតែបត់ជើង"
"ម៉ាក់តែងប្រាប់ថា ធ្វើជាមនុស្សត្រូវចេះបត់បែន ឲ្យដឹងថាពេលណាត្រូវកាច ពេលណាត្រូវស្លូត ហើយមនុស្សប្រភេទណាដែលខ្ញុំត្រូវសម្ដែងចេញចារិកអស់ទាំងនោះ"
"ចុះពួកអុំជាមនុស្សបែបណាចឹង?"
"ទោះអុំពេលខ្លះមាត់វែងបន្តិច តែអុំក៏មានសន្ដានចិត្ត ស្រឡាញ់ម៉ាក់ខ្ញុំនឹងអុំហ្វាន់ ដូច្នេះអុំគួរឲ្យគោរព"
"មិនដឹងថាសរសើររឺក៏បន្លំដៀលអុំៗទេ"
"គឺទាំងពីរ ហិហិ" នាងល្អិតជូអឺសើចក្អឹកៗ ដែលសំឡេងនាងចចារគ្នានោះក៏លឺដល់ត្រចៀកម្ដាយដែលកំពុងតែបង្ហាត់សិស្សឯណោះ។
"បានហើយ ថ្ងៃនេះពួកយើងសម្រាកសិនចុះ"
"បាទ/ចាស៎ អ្នកគ្រូ" សិស្សទាំងពីរភេទរបស់អឺឈីងក៏នាំគ្នាលាអ្នកគ្រូដោយបែកផ្លូវគ្នាចេញ មានអ្នកខ្លះដើរ អ្នកខ្លះក៏ជិះកង់ប្រសាចពេញសំណាក់ ទាល់តែមួយស្រប៉ក់ទើបអស់។ អឺឈីងតាមមើលរហូតដល់តែក្មេងទៅអស់ ទើបនាងដើរទៅក្បង់ទឹកពីកូនពាងក្បែរដៃបំផុត ដើម្បីសម្អាតខ្លួននឹងអាលបានទៅរកកូន។
"អាឈីង ចាប់!" សំឡេងអឺហ្វាន់បន្លឺឡើង ហើយក៏បញ្ចប់ទៅវិញត្រឹមពេលអឺឈីងលូកដៃចាប់កន្សែងពោះគោដែលបងប្រុសបោះមក។ អឺហ្វាន់ឯណោះគេក៏មានថ្នាក់បង្រៀនផ្សេងដែរ ដោយគេមានបង្រៀនកូនសិស្សអង្គុយតាំងសមាធិនឹងធ្វើលំហាត់ប្រាណស្រាលៗ តាមសមត្ថភាពដែលគេអាចធ្វើបាន។ អឺឈីងទទួលយកកន្សែងមកមែន តែនាងនៅមិនទាន់ជូត ព្រោះភ្នែកនៅជាប់សំឡឹងមើលទៅបម្រែបម្រួលរាងកាយនឹងផ្លូវចិត្តរបស់បងប្រុសនាង គេពេលនេះរឹងមាំច្រើនណាស់ អាចដើរបានដោយមិនចាំបាច់ប្រើឈើច្រត់ គ្រាន់តែថាគេមិនទាន់អាចធ្វើអីច្រើន ក្រៅពីអង្គុយបង្រៀនសិស្សសមាធិមួយកន្លែងបែបនេះ។
"បងស្រស់បស់ច្រើនណាស់ ខ្ញុំសប្បាយចិត្ត"
"បងបានប្រសើរច្រើនបែបនេះ បងគួរតែអរគុណដល់ឯងហើយអាឈីង បើបងគ្មានប្អូនស្រីរឹងមាំដូចជាអូនទេ បងក៏ប្រហែលជាមិនអាចមានថ្ងៃនេះដែរ"
"គ្រប់យ៉ាងក៏ព្រោះបងជាមនុស្សរឹងមាំដែរណាបងហ្វាន់ ខ្ញុំអរគុណបងណាស់ ដែលបងត្រឡប់មកវិញ មកបន្តជីវិតបងប្អូនត្រកូលហ័រជាមួយគ្នាទៀត ខ្ញុំជឿថា បើលោកតានៅទីនេះ បានឃើញពីការប្រឹងប្រែងរបស់ពួកយើង លោកតាច្បាស់ជាញញឹមពីលើមេឃជាក់ជាមិនខានទេ"
តក់!
ការជជែកគ្នាទើបតែចាប់ផ្ដើមសោះ ពេលនេះក៏ត្រូវបានបញ្ចប់ ក្រោយពីតំណក់ទឹកភ្លៀងមួយតំណក់ស្រក់ចុះលើខ្ទង់ច្រមុះរបស់
ឈីង។ អឺហ្វាន់សំឡឹងមើលទៅប្អូនស្រី រួចលើកចង្អុលដៃបៀកទឹកភ្លៀងចេញបន្តិច មុននឹងងើយមើលទៅផ្ទៃមេឃ។
"រដូវវស្សាចាប់ផ្ដើមហើយ តោះពួកយើងបិទទ្វារចូលសំណាក់ទៅ អាជូហ្អា៎! ជូនដំណើរអុំ រួចបិទទ្វារផងកូន"
(ចាស៎ អុំហ្វាន់)
ទាំងបីនាក់អុំក្មួយ ប្រញាប់រួសរ៉ាន់បិទទ្វារ រួចចូលសំណាក់ ដែលពេលនេះវាជិតដល់ពេលបាយល្ងាចដែរ ហើយអឺហ្វាន់ក៏ទាមទារជាអ្នកចម្អិនម្ហូបដូចជាសព្វមួយដង។
កែវភ្នែកស្រទន់សំឡឹងឆ្ពោះទៅកាន់ទឹកសន្សើមធ្លាក់នៅខាងក្រៅផ្ទះ ទិដ្ឋភាពក្នុងសំណាក់នាពេលរាត្រីហាក់រំលឹកនូវរាល់អនុស្សាវរីយ៍រាត្រីដ៏មានន័យរវាងនាងនឹងខេនកាលពីគ្រាមុន។ អឺឈីងទម្លាក់ក្បាលក្រាបនៅលើបង្អែកកៅអី មុននឹងព្រលែងខ្យល់ដង្ហើមបន្តិច។
"ហ៊ឹម, នឹក.."
"នឹកណាគេម៉ាក់?" កំពុងតែអង្គុយសញ្ជឹងគិតសុខៗ សំឡេងស្រួយស្រៈក៏បន្លឺចេញពីក្រោយខ្នងមក នាំឲ្យអ្នកជាម្ដាយប្រញាប់ជូតវាសទឹកភ្នែកចេញ រួចក្រវីក្បាលបន្តិច។
"អត់មានទេកូន" មាត់និយាយថាគ្មាន តែមុខរបស់នាងក៏ឆ្លាក់បង្ហាញយ៉ាងច្បាស់ថានាងនឹកខេន បុរសជាទីស្រឡាញ់របស់នាងហ្នឹងឯង។ បែកគ្នាមកមួយខែជាង ទោះជាជូអឺតែងតែខលទៅលេងលោកប៉ាគេ ក៏អារម្មណ៍នឹករលឹករបស់អឺឈីងចំពោះខេនមិនបានរសាយអីសូម្បីតែបន្តិច ពោលគឺកាន់តែព្យាយាមបំភ្លេច នាងកាន់តែនឹកគេ។
"ម៉ាក់ភូត ប្រាប់មកថានឹកណាគេ?" នាងល្អិតជូអឺឯណោះក៏មិនធម្មតា នៅតូចតែមួយទេ តែពូកែអាខាងឆ្លេចសួរចាស់
"នឹកមីងម៉ាខេឡាកូននោះអី"
"បើនឹកប្ដីក៏ថាទៅម៉ាក់ កូនគាំទ្រ"
    គាំង! អឺឈីងមានការគាំងឈឹងយកតែម្ដង។ នេះនាងត្រូវកូនស្រីតាមទាន់ជាន់កែងមែនទេ?
"បើម៉ាក់នឹកប៉ា ម៉ាក់គួរតែប្រាប់កូនត្រង់ ព្រោះមិនមែនមានតែម៉ាក់ទេដែលនឹកគាត់ កូនក៏នឹកប៉ាគ្រប់ពេលដែរ" ជូអឺបកស្រាយទៅកាន់ម្ដាយ ក្បោះក្បាយមិនសមជាសម្ដីក្មេងអាយុប្រាំទៅប្រាំមួយឆ្នាំទាល់តែសោះ។ អឺឈីងសំឡឹងមើលទៅកាន់កូនស្រី ខណៈពាក្យត្រឹមតែមួយម៉ាត់លោតឡើងមកក្នងខួរក្បាលនាង រៀងរាល់ពេលដែលនាងមើលទៅកាន់កូន... មោទនភាព ។
"ប៉ាកូនថ្មើរណេះប្រហែលជាកំពុងតែមមាញឹកជាមួយនឹងការងារខ្លាំងណាស់ហើយ ប៉ាមានបានញ៉ាំអាហារទៀងទាត់រឺអត់? គេងគ្រប់គ្រាន់ទេ? ប៉ាកូនតែងតែមិនសូវជាចេះមើលថែខ្លូនឯងទេ រាល់ពេលដែលមិនមានពួកយើងនៅក្បែរ"
"ប៉ាធ្វើបែបហ្នឹង ប្រហែលមកពីប៉ាចង់បានអ្នកទៅថេកឃែរ(take care) ទេដឹង?"
"នែ! ហើយចេះពាក្យអស់ទាំងហ្នឹងមកពីណាកូន? អ្នកណាបង្រៀន?"
"ហិហិ អត់មានអេ ម៉ាក់" ជូអឺមិនបានឆ្លើយជាសាច់ការអីទេ បានត្រឹមតែញញឹមញញែមកាច់ករកាច់ស្រង់ថែមទាំងចូលទៅអោបម្ដាយឲ្យខ្វៀន អឺឈីងឯណោះក៏ក្រវីក្បាលតិចៗ រួចថើបកូនខ្សឺតៗតាមអារម្មណ៍ដែលស្រឡាញ់ក្នុងនាមជាម្ដាយម្នាក់។
អាហារពេលល្ងាចក៏ត្រូវបានបញ្ចប់ ក្រោយបាយរួច ជូអឺក៏ជួយរៀបចំចានក្បានម្ដាយ រួចអស់ហើយទើបនាងរត់ត្រុកៗចូលទៅបន្ទប់ទទួលភ្ញៀវយកកិច្ចការសាលាយកមកធ្វើ។ អូនជូពេលនេះធំហើយ ទោះបីជាអាយុមិនទាន់គ្រប់៦ឆ្នាំពេញលេញក៏ដោយក៏នាងត្រូវបានម្ដាយនាំចុះឈ្មោះចូលរៀន តែថាជូអឺនាងជាក្មេងឆ្លាត ចូលសាលាភ្លាម ខាងសាលាក៏តែងតែខលមកប្រាប់នឹងសរសើរមិនដាច់ ដល់ថ្នាក់នាយិកាសាលាធ្លាប់លើករឿងមកនិយាយថា បើជូអឺនៅតែពូកែបែបនេះ ខាងសាលានឹងធ្វើការរាប់បញ្ចូលនាងទៅក្នុងថ្នាក់ពិសេសហើយ ដែលថ្នាក់នោះជាថ្នាក់ដែលមានតែសិស្សពូកែនឹងមានសមត្ថភាពខ្ពស់ប៉ុណ្ណោះ។ អឺឈីងឯណេះវិញ កាលបើបានលឺខាងសាលាសរសើរកូន ចិត្តជាម្ដាយក៏សប្បាយទៅតាមហ្នឹងដែរ ម៉្យាងក៏ល្អ ព្រោះនាងអាចដឹងថាការដែលកូនស្រីរៀនពូកែហើយក៏ឆ្នាស់ឆ្នើមបែបនេះ កូននាងអាចនឹងមិនមាននរណាធ្វើបាប។
  "ម៉ាក់?!"
  "អឺម?" កាលបើលឺកូនស្រីហៅខ្លួនបែបនោះ អឺឈីងក៏ប្រញាប់ឧទានបកត្រឡប់ទៅកូនវិញ ជូអឺក្រោកទម្លាក់ខ្លួនចុះពីម្ដាយ រួចសម្ដៅទៅឈរខាងមុខផ្ទះ ចង្អុលដៃទៅទ្វារសំណាក់ខាងមុខដែលបើកឡើងសន្សឹមៗឯណោះ។
"ជូអឺ! កុំទៅមុខទៀតកូន ទៅខាងក្នុងទៅ ទីនេះទុកឲ្យម៉ាក់"
ជូអឺមិនជំទាស់ ព្រមធ្វើតាមម្ដាយដោយរត់ទៅក្នុងផ្ទះ នាំដំណឹងទៅប្រាប់អុំហ្វាន់។ អឺឈីងឯណេះ នាងក៏លបៗទៅលូកទាញកាន់ដំបងហាត់គុណ រួចដើរទៅមុខយឺតៗ ដៃឯណោះក៏ប្រុងប្រៀបជាស្រេច ថាបើមានអ្វីមិនប្រក្រតី នាងនឹងចាត់ការភ្លាម។
"អ្ហឹស!"
"អឹក!" អឺឈីងយារដំបងមានបំណងចង់វ៉ៃ តែអ្នកដែលរុញទ្វារចូលមកនោះក៏បង្ហាញខ្លួនពេញភ្នែក នាំឲ្យនាងដឹងច្បាស់ថាជានរណា។
"លោកលូហ្ស៊ីង?"
"ហេតុអីក៏ម៉ាខេឡាទៅបាត់?"
"លោកចង់និយាយស្អី?"
"ហេតុអីក៏នាងមានកូនពេលនេះ?"
សម្ដីបន្ទាប់របស់អ្នកដែលស្រវឹង នាំឲ្យអឺឈីងបើកភ្នែកធំៗ ស្ងៀមទ្រឹងដូចជាបានឃើញខ្មោចលង។
"ម៉ាខេឡា..មានកូន?"

អរគុណសម្រាប់ការអាន 🌸✨

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now