ភាគទី80

238 12 0
                                    

រឿង : ចំណងបេះដូងមួយរាត្រី
ភាគទី80

"លូហ្ស៊ីង.."
"លោកមិនអីទេ?" កាលបើឃើញអ្នកម្ខាងទៀតនៅស្ងៀម ក្លារ៉ាក៏ដេញជើងសួរបន្ត ព្រោះចង់ឲ្យនាយឆ្លើយដោយខ្លួនឯង តែអ្នកម្ខាងទៀតដែលកំពុងតែភាំងភ្លឹកឯណោះក៏ជ្រើសរើសយកការមិននិយាយឆ្លើយតប ដោយនៅឈរទ្រឹង ស្ងាត់មាត់ដូចជាមនុស្សគរ។
"ក្រសែភ្នែកលោក រាល់ពេលដែលមើលទៅនាង វាពោរពេញទៅដោយអារម្មណ៍ជាច្រើនដែលមិនពិតប្រាកដ ពេលខ្លះលោកក៏ខឹង ពេលខ្លះក៏ភ័យព្រួយជាខ្លាំង លូហ្ស៊ីង! នេះលោកអាត្មានិយមថ្នាក់ហ្នឹងមែនទេ?" ក្លារ៉ាឧទានឡើង ស្របនឹងដំណើរបោះជំហានចូលទៅឈរទល់ពីមុខ សំឡឹងចំភ្នែករបស់លូហ្ស៊ីង។
"មកពីខ្ញុំស្រឡាញ់នាង ក្លារ៉ា ខ្ញុំស្រឡាញ់នាងខ្លាំងបំផុត ស្រឡាញ់បែបមិនដែលស្រឡាញ់ស្រីម្នាក់ណាបែបនេះពីមុនមក ទើប-"
"ទើបលោកព្យាយាមលាក់បាំង មានបំណងចង់បោះបង់ខេឡាចោលដើម្បីខ្ញុំ.. បែបហ្នឹងមែនទេ?" ក្លារ៉ាសួរនាំទៅកាន់មាឌមាំទាំងរក្សាទឹកមុខមាំដដែល ដែលទឹកមុខនោះឯងនាំឲ្យលូហ្ស៊ីងរឹងអណ្ដាត គ្រលាស់និយាយឆ្លើយតបអ្វីលែងចេញទាំងអស់ គេមិនមានពាក្យបដិសេធ ព្រោះវាជាការពិត នាងនិយាយត្រូវទាំងអស់។
កម្លោះក្រមុំទាំងពីរនាក់ នាពេលនេះក៏នៅស្ងៀមទាំងសងខាង និយាយទៅគឺស្ងាត់មួយសន្ទុះធំដែរ ទម្រាំតែអ្នកម្ខាងទៀតមានចលនាបម្លាស់ទី ដោយនោះគឺក្លារ៉ានាងបែរនាំខ្លួនដើរហួសខ្លួនរបស់គេ បន្តនាំខ្លួនដើរទៅកាន់បង្អួចកញ្ចក់ផេនហោស៍ ដែលធំដូចជាអេក្រង់អិលអ៉ីឌីបង្ហាញទេសភាពទីក្រុងសៀងហៃទាំងស្រុងនាពេលយប់។ ក្លារ៉ាឈរសំឡឹងមើលទាំងដង្ហើមដកចេញចូលស្រាល មុននឹងមានវត្តមានមនុស្សម្នាក់ចូលមកឈរទន្ទឹមគ្នាជាមួយនាង រួចសំឡឹងមើលទៅខាងក្រៅដូចគ្នា។
"និយាយឲ្យការពិតទៅចុះ រយៈពេលដែលខ្ញុំស្នាក់នៅទីនេះ លោកធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អខ្លាំងណាស់ លោកអាចកែប្រែអារម្មណ៍ដែលខ្ញុំមានទៅលើលោកហើយ.." ក្លារ៉ានិយាយចេញមក ដូចជាផ្ដល់នូវចម្លើយដែលគេតែងតែចង់បានកន្លងមក គេ.. គេអាចកែប្រែអារម្មណ៍នាងមកលើគេ អារម្មណ៍ដែលគិតថាគេគ្រាន់តែជាមិត្តម្នាក់ទៀតរបស់ខេន គ្មានអ្វីលើសពីនោះ។ លូហ្ស៊ីងងាកបែរមើលទៅក្លារ៉ាយូរ ទម្លាក់ដៃចុះ បំណងចង់ចាប់កាន់ប៉ះដៃនាង តែក៏ត្រូវបដិសេធផឹង ពេលក្លារ៉ាដកដៃចេញ។
"តែបើទោះជាខ្ញុំមានអារម្មណ៍ល្អជាមួយលោក ខ្ញុំក៏មិនអាចបណ្ដោយខ្លួនទៅដណ្ដើមអ្នកដែលមានម្ចាស់រួចទេ ជាពិសេស ដណ្ដើមឪពុកចេញពីកូនរបស់គេ ខ្ញុំធ្វើមិនបានពិតមែន" ក្លារ៉ា ទីបំផុតក៏ងាកបែរភ្នែកមើលមកលូហ្ស៊ីង រួចញញឹមទៅកាន់គេស្រាលៗបង្ហាញថានាងពិតជាធ្វើចិត្តបានចំពោះរឿងមួយនេះ។
"ទៅតាមនាងទៅ អូនខេឡានាងនៅក្មេងណាស់ មានរឿងជាច្រើនដែលនាងត្រូវរៀនសូត្រ អារម្មណ៍ទទួលបានក្ដីស្រឡាញ់នឹងថ្នាក់ថ្នមពីមនុស្សពិសេសម្នាក់ ហើយខ្ញុំក៏ជឿថាលោកជាមនុស្សដែលសាកសមបំផុត លូហ្ស៊ីង" ម្ដងនេះ នាងមិននិយាយតែមាត់ ដៃស្រឡូនក៏លើកឡើងទៅប៉ះកាន់ថ្ពាល់របស់លូហ្ស៊ីងថ្នមៗ អង្អែលស្រាលៗចាត់ទុកដូចជាការលាគ្នាជាលើកចុងក្រោយ មុននឹងបាត់មុខ។ លូហ្ស៊ីងលូកចាប់កាន់ដៃនាងតបវិញ មុននឹងទាញទម្លាក់វាចុះមក រួចថើបស្រាលៗហាក់ផ្ញើអារម្មណ៍នឹងបេះដូងទាំងមូលនៅលើម្ចាស់បាតដៃមួយគូនោះ។
"ទោះបីជាគ្មានឱកាស តែខ្ញុំក៏រីករាយ ដែលបានដឹងថាខ្ញុំមិនបានស្រឡាញ់នាងតែម្ខាងដូចជាគ្រាមុនទៀត" ពួកគេទាំងពីរញញឹមរកគ្នា មុននឹងលូហ្ស៊ីងទម្លាក់បបូរមាត់ថើបថ្ពាល់ក្លារ៉ាមួយខ្សឺតជាលើកចុងក្រោយ មុននឹងចាប់ទាញអាវក្រៅ ចាកចេញទៅបំពេញតួនាទីដែលក្លារ៉ានាងបាននិយាយ ប្រាកដណាស់ គេស្រឡាញ់នាង គេច្បាស់ជាមិនធ្វើឲ្យនាងខកបំណងនោះទេ។

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now