ភាគទី57+58

81 3 0
                                    

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី57+58

ថ្ងៃបន្ទាប់!
រាងកាយដែលដេកលង់លក់នៅលើពូក គ្មានចលនារើបម្រាស់អ្វីសោះ ពេលនេះដៃស្រឡូនក៏ចាប់មានចលនារើបម្រាស់តិចៗ ត្របកភ្នែកស្ដើងចាប់ភ្ញោចតិចៗមុននឹងបើកឡើងព្រឹមនាំនូវពន្លឺថ្ងៃថ្មីចូលមកបំភ្លឺភាពងងឹតអាប់អួរក្នុងក្រសែភ្នែករបស់នាង។
អឺឈីងគ្រហឹមស្រាលក្នុងបំពង់ករ មុននឹងងាកក្រសែភ្នែកសំឡឹងមើលជុំវិញកន្លែងដែលនាងកំពុងតែដេក។ មនុស្សដំបូងដែលនាងបានឃើញ ជាមនុស្សដែលធ្វើឲ្យនាងមានស្នាមញញឹមទាំងរាងកាយកំពុងតែគ្មានកម្លាំងកំហែងទាល់តែសោះ។
"បង..អ្ហឹសៗ" បបូរមាត់តូចស្ដើងឧទានហៅបុរសជាទីស្រឡាញ់ដែលកំពុងតែគេងលង់លក់លើកៅអីឯណោះ គេមើលទៅនឿយហត់អស់កម្លាំងជាខ្លាំង ទើបនាងចង់ហៅឲ្យគេក្រោក បើអាច នាងចង់ឲ្យគេមកផ្ដេកខ្លួនដេកក្បែរនាងក៏បាន។
"ឯងស្រេកទឹកមែនទេអាឈីង?"
សំឡេងមួយដែលធ្វើឲ្យពិភពនាងឈប់វិលមួយស្របក់ ចំហាយខ្យល់ក្ដៅភាយៗពីចុងម្ខាងនៃគ្រែ នាំឲ្យអឺឈីងប្រញាប់បិទភ្នែកព្យាយាមបំភ្លេចវាចោលទាំងអស់។
"បងប្រុស អ្ហឹកៗ នេះខ្ញុំនឹកបងប្រុសខ្លាំងពេកមែនទេ? បងហ្វាន់"
"អាឈីង! អាឈីងឯងមិនអីទេមែនទេ?" ម្ដងនេះមិនត្រឹមតែសំឡេងរបស់បងប្រុសនាងទេ តែមានទាំងការប៉ះពាល់ ដោយបាតដៃដ៏កក់ក្ដៅដែលនាងចងចាំលូកមកចាប់កាន់ប៉ះដៃនាងថ្នមៗនាំឲ្យអឺឈីងភ្ញាក់ព្រើត ប្រញាប់កិលខ្លួនតិចៗ។
"អ្ហឹកៗបងហ្វាន់"
"គឺបង..បងនៅទីនេះ បងនៅជាមួយឯងហើយអាឈីង"
"ឈីង!" ការស្រែកយំ បូកផ្សំនឹងសំឡេងកកិតនៃជើងគ្រែពេលនាងរំកិលនាំឲ្យអ្នកដែលដេកលង់លក់ឯណោះប្រញាប់ស្ទុះស្ទាក្រោកឡើងមករកនាងភ្លាមៗ។ ខេនចូលមកជិតអឺឈីង លូកដៃទៅកាន់ក្រសោបខ្លួនភរិយាដែលព្យាយាមកិលខ្លួនថយទាំងបិទភ្នែកជិតឈឹង មុននឹងចោលភ្នែកសំឡឹងមើលទៅអ្នកដែលចូលមកមើលអឺឈីងមុនឯណោះ។
"អាឈីង! នេះគឺបងណា៎ បងគឺបងប្រុសឯង ឈីង" អឺហ្វាន់គេដឹងថាការដែលគេត្រឡប់មកវិញទាំងបែបនេះ វាធ្វើឲ្យអឺឈីងពិបាកទទួលយកខ្លាំងណាស់ គេបាត់ខ្លួនទៅប្រាំឆ្នាំ មិនមែនបាត់ទៅក្នុងសភាពធម្មតាទេ តែបាត់ទៅដោយពាក្យថា ស្លាប់ ដូច្នេះប្រាកដណាស់ដែលនាងមិនរំពឹងថាគេនឹងវិលមកវិញទាំងបែបនេះ។
"ឈីង! អូនបើកភ្នែកឡើង ហើយមើលទៅបងប្រុសអូនទៅ"
"អូនកើតអីខេន? អ្ហឹក អូនស្លាប់ហើយមែនទេ? ហេតុអីក៏អូនស្រម៉ៃដល់បងប្រុសបែបនេះ?" សំនួររបស់អឺឈីងនាំឲ្យខេនក្រវីក្បាលញាប់ប្រញាប់ទម្លាក់ខ្លួនចូលជិតនាង រួចទាញនាងមកអោបជាប់ណែននៅក្នុងដៃ។
"បងអូនគិតថាខ្លួនឯងស្លាប់ អ៊ីចឹងបានន័យថាបងក៏ស្លាប់ជាមួយអូនដែរ ព្រោះបងក៏បានឃើញបងថ្លៃនៅចំពោះមុខដូចគ្នា" សព្វនាមដែលខេនហៅអឺហ្វាន់ថាបងថ្លៃ វានាំឲ្យម្ចាស់ខ្លួនដែលកំពុងតែតានតឹងឯណោះរៀងភ្ញាក់ខ្លួនបន្តិច។
អឺឈីងនាងខ្លាច ដំបូងនាងមិនហ៊ានងាកទេ ខ្លាចថាបើនាងងាក បងប្រុសនាងនឹងទៅបាត់ ហើយនាងក៏នឹងក្រោកពីសុបិន្តដែលនាងគិតថាបងប្រុសនាងត្រឡប់មកមានជីវិតវិញម្ដងទៀត។
តែគ្រប់យ៉ាងក៏ហាក់ខុសពីការគិត ម្ដងនេះខ្លួនប្រាណកក់ក្ដៅរបស់បងប្រុសនាងក៏ទម្លាក់ខ្លួនអង្គុយចុះនៅលើពូក រួចលូកដៃទៅប៉ះអង្អែលក្បាលនាងថ្នមៗដូចជាអតីតកាលដែលនាងបានចងចាំ។
អឺឈីងងាកបែរក្រសែភ្នែកមើលទៅអ្នកប៉ះពាល់នាង មុននឹងទទួលបាននូវស្នាមញញឹមដ៏សែននឹករលឹកពីបងប្រុសជាទីស្រឡាញ់ត្រឡប់មកវិញ។
"បងហ្វាន់..អ្ហឹកៗ នេះគឺបងពិតមែនទេ?" អឺឈីងពេលនេះនាងវិលវល់អស់ ស្មារតីដែលនៅសេសសល់គឺមានតែការលូកដៃទៅចាប់កាន់ប៉ះមុខបងប្រុស ប៉ះអង្អែលថ្នមៗលើផ្ទៃមុខស្របនឹងទឹកភ្នែកស្រក់តក់ៗចេញពីប្រឡង់ភ្នែករបស់នាងចេញមក។
"គឺបង..នេះបែកគ្នាតែប៉ុន្មានឆ្នាំ ឯងលែងចាំបងប្រុសអាក្រក់ម្នាក់នេះហើយមែនទេ?"
"អត់ទេៗ បងហ្វាន់មិនមែនបងប្រុសអាក្រក់ទេ បងហ្វាន់ជាមនុស្សល្អ មនុស្សល្អរបស់ខ្ញុំ អ្ហឹកៗ" អឺឈីងពេលនេះនាងប្រាកដចិត្តហើយ នាងដឹងថាគេជាបងប្រុសនាងហើយ ទើបនាងស្រវ៉ាទាញគេមកអោប អោបទាំងនាងក៏ដឹងថាកម្លាំងនាងមានតែប៉ុណ្ណឹងឯង។ នាងអាចតែអោបបងប្រុស តែនាងមិនអាចក្រោកបាននៅឡើយទេ នាងនៅឈឺមុខរបួស ឈឺខ្លួនប្រាណដែលបង្កពីការធ្លាក់នៅថ្ងៃនោះនៅឡើយ។
"មែនហើយ! ចុះ..ចុះកូន? កូនខ្ញុំ.." ស្នាមរបួសនឹងការឈឺចាប់ ហាក់រំលឹកនាងឲ្យនឹកឃើញដល់រឿងមួយផ្សេងទៀត ដែលមិនគួរណានាងភ្លេច ពេលដែលនាងក្រោកឡើងសោះ។ អឺឈីងប្រញាប់ដកខ្លួនពីការអោប មុននឹងងាកបែរមើលទៅខេនដែលនៅឈរស្ងប់ស្ងាត់ មិនឆ្លើយតបនឹងសំនួរនាងវិញ។
"ខេន..កូនយើងនៅឯណា? អូនជូនៅឯណាទៅ អ្ហឹក" ម្ដងនេះអឺឈីងនិយាយកាន់តែខ្លាំង ដែលការនិយាយខ្លាំង វានាំឲ្យកម្លាំងនាងកាន់តែអន់ថយ ដល់ថ្នាក់អឺហ្វាន់ប្រញាប់ចូលមកកាន់នាងហើយប៉ះអង្អែលថ្នមៗលួងលោមប្អូន។
"អាឈីង ស្ងប់អារម្មណ៍"
"ខ្ញុំនឹងមិនស្ងប់ បើសិនជាខ្ញុំមិនបានជួបកូនទេនោះ"
"កូនជូ.. ការវះកាត់របស់កូន មិនបានជោគជ័យទេអូន"
ក្ដុក!

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now