ភាគទី60

72 3 0
                                    

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី60

ម៉ាខេឡាបោះសំនួរទៅកាន់ខ្លួនឯង មុននឹងប្រញាប់លុបវាចោលវិញ កាលបើឃើញវត្តមានរបស់មនុស្សម្នាក់ទៀតដែលគេទៅបាត់តាំងពីម្សិល ហើយទើបតែមកដល់វិញនាពេលនេះ។
"បងហ្ស៊ីង" ម៉ាខេឡាឧទានហៅបុរសរាងខ្ពស់ ដែលគេគ្រាន់តែលឺនាងហៅភ្លាមក៏ប្រញាប់ដើរចូលមកទាំងដៃសងខាងមានយួរថង់អាហារជ្រែងខ្លួនតែម្ដង។
"នឹកបងទេហ្នឹង? ជុប៎" លូហ្ស៊ីងដើរចូលមករកម៉ាខេឡា បន្ទន់ជង្គង់ទម្លាក់ខ្លួនអង្គុយចុះរួចឈ្មុលថើបថ្ពាល់នាងមួយខ្សឺតទាំងមិនដឹងខ្លួនទាល់តែសោះ។ ម៉ាខេឡាបើកភ្នែកធំៗសំឡឹងមើលទៅកាន់លូហ្ស៊ីងជាប់ រហូតដល់មួយសន្ទុះទើបអ្នកម្ខាងទៀតភ្ញាក់ខ្លួនប្រញាប់ងាកបែរមើលទៅម្ខាង តែក៏ប្រទះភ្នែកនឹងនាយសង្ហាដែលជាបងប្រុសម៉ាខេឡាសំឡឹងមើលមកមិនទម្លាក់ភ្នែកសោះ។
"មិញនេះឯងថើបប្អូនយើង?" ខេនឧទានឡើងទាំងបើកភ្នែកធំៗ រង់ចាំការបកស្រាយឲ្យច្បាស់លាស់ពីមិត្តសម្លាញ់ឯណោះ។
"បងខេន ខ្ញុំអាចបកស្រាយបាន" ម៉ាខេឡាព្យាយាមលូកមាត់។
"បងមិនបានសួរឯងទេ ទុកឲ្យអាហ្ស៊ីងវាឆ្លើយមក" ខណៈម៉ាខេឡានាងកំពុងតែភ័យព្រួយញ័រពោះ លូហ្ស៊ីងឯណោះក៏ជ្រឹមចិញ្ចើម ទម្លាក់ខ្លួនអង្គុយចុះ រួចលូកដៃអោបស្មាម៉ាខេឡាទាញមកអឹបជាប់ខ្លួនគេតែម្ដង។
"ក្រែងថាប្អូនឯងក៏ដូចជាប្អូនយើងមិនអ៊ីចឹងហី? នេះចេះហួងហែងម៉ាខេឡាតាំងពីពេលណាមក?" កាយវិការគេដែលអោបក្រសោប បូករួមនឹងសម្ដីមិនភ័យខ្លាចរបស់គេ ដំបូងនាំឲ្យម៉ាខេឡានាងគិតថាលូហ្ស៊ីងប្រហែលជាអាចក្លាហានជាងនាង ហើយយកឱកាសនេះប្រាប់ទៅកាន់បងប្រុសនាងថាគេនឹងនាងមានអ្វីជាមួយគ្នាកាលពីប៉ុន្មានថ្ងៃមុន តែនាងគិតខុសទាំងអស់។
"មែន..មែនហើយបងខេន ខ្ញុំនឹងបងហ្ស៊ីងមិនមានអ្វីទេ ពួកយើងគ្រាន់តែចូលចិត្តស្និតស្នាលគ្នាដូចជាបងនឹងខ្ញុំស្និតស្នាលគ្នានោះអី"
"តែឯងមិនដែលទ្រាំឲ្យបងថើបឯងដូចអាហ្ស៊ីងទេ"
"រឿងច្រើនណាស់វេស៎" លូហ្ស៊ីងលាន់មាត់ ស្របនឹងទ្វារបន្ទប់សម្រាកព្យាបាលរបស់អឺឈីងបើកឡើងល្មម។ វត្តមានប៉ូលីសម្នាក់នោះចេញមក ព្រមជាមួយនឹងទឹកមុខញញឹមតិចតួចហាក់កាន់តែបន្ថែមចម្ងល់ដល់អ្នកដែលរង់ចាំទៅទៀត។
"អស់កិច្ចការលោកហើយពិតមែនទេ? ពេលដែលប្អូនខ្ញុំមានកម្លាំងពេលណា ខ្ញុំនឹងនាំនាងទៅជួបពួកលោកភ្លាម" អឺហ្វាន់លាន់មាត់មុននរណាៗទាំងអស់ គេបញ្ជាក់យ៉ាងច្បាស់ថាទោះជាយ៉ាងណាគេមិនភ្លេចឡើយនូវការធ្វើតាមច្បាប់ទៅលើទោសកំហុសដែលលោកស្រីម័រហ្គេនឯណោះបានប្រព្រឹត្តិ។
ផ្ទុយខុសពីអឺហ្វាន់ដែលស្វាហាប់ ខេនឯណេះក៏នៅឈរស្ងៀម មិនលូកមាត់ ព្រោះម្ខាងជាប្រពន្ធ ម្ខាងជាម្ដាយ ទោះបីចិត្តខឹងស្អប់គាត់បែបណាក៏ដោយ សាច់មិនអាចកាត់ផ្ដាច់ពីគ្នាបានឡើយ ល្អរឺអាក្រក់ គាត់ក៏នៅតែជាម៉ាក់របស់គេ។
"ខ្ញុំថាពួកយើងប្រហែលជាមិនបានជួបគ្នាទៀតទេលោក" ការឆ្លើយតបរបស់ប៉ូលីសមកកាន់អឺហ្វាន់នាំឲ្យគេនឹងអ្នកគ្រប់គ្នាភ្ញាក់ជាខ្លាំង។
"លោកចង់បានន័យថាម៉េចមិនបានជួបគ្នាទៀតនោះ?"
"គឺជនរងគ្រោះ, អ្នកនាងអឺឈីងបានសុំដកពាក្យបណ្ដឹង ចោទប្រកាន់ទាំងអស់ទៅលើលោកស្រីម័រហ្គេនហើយ"
"ថាម៉េច?" អឺហ្វាន់លាន់មាត់ ចំណែកខេនឯណោះក៏ប្រញាប់ស្ទុះស្ទារុញទ្វារបន្ទប់ចូលទៅរកអឺឈីងភ្លាម។
មកដល់ខាងក្នុងអ្វីដែលគេបានឃើញគឺរាងកាយតូចស្ដើងកំពុងតែអង្គុយផ្អែកខ្នងនឹងខ្នើយ ស្របនឹងដៃកាន់ក្រដាសដកពាក្យបណ្ដឹងដែលប៉ូលីសទើបតែធ្វើឲ្យថ្មីៗជាប់នៅនឹងដៃ។
"ឈីង" ទឹកមុខរបស់នាង បូករួមនឹងកែវភ្នែកក្រហមងាំងអាចរៀបរាប់ប្រាប់ខេនយ៉ាងច្បាស់ពីការឈឺចាប់និងទុក្ខលំបាកដែលនាងលាក់កប់ក្នុងចិត្ត តែអ្វីដែលគេមិនយល់នោះគឺ ហេតុអី? ហេតុអីបានជានាងព្រមដកពាក្យបណ្ដឹង មិនប្ដឹងម៉ាក់របស់គេ ទាំងដែលទង្វើដែលគាត់ធ្វើ វាពិបាកនឹងលើកលែងបំផុត។
"បងខេន អូនស្មានតែបងទៅបាត់ហើយ"
ភឹប!
មិនចាំដល់អឺឈីងនិយាយចប់ ខេនក៏ចូលមករកនាង អោបនាងជាប់ណែន មុននឹងទម្លាក់ទឹកភ្នែកប៉ុន្មានតំណក់ឲ្យស្រក់ចុះ។ ក្នុងដំណាក់កាលមួយនេះ គេមិនដឹងថាគេគួរសប្បាយរឺក៏កើតទុក្ខឲ្យប្រាកដនោះទេ។
"ខេន បងជាកូនប្រុស បងមិនគួរយំទេ" អឺឈីងញញឹមស្ងួត មុននឹងលូកដៃទៅអោបក្រសោបខ្លួនស្វាមីវិញដូចគ្នាដែរ។
"ហេតុអី? ហេតុអីក៏អូនធ្វើបែបនេះឈីង? អូនឈឺចាប់ អូនវេទនាប៉ុណ្ណាកន្លងមក.. បង..បងសុំទោស" ខេនព្យាយាមនិយាយសួរនាំបូករួមនឹងពាក្យសុំទោសមិនឈប់ បើតាមគេគិត គេជាអ្នកខុសធ្ងន់បំផុត ព្រោះគេការពារនាងមិនបានហើយ ពេលនេះនាងក៏សុខចិត្តលែងលែងឲ្យអ្នកម៉ាក់គេដោយសារតែគេទៀត។
"អូនមិនចង់ឲ្យនរណាម្នាក់ត្រូវវេទនាបន្តទៀតទេខេន អូនមិនចង់បានការស្រឡាញ់រឺក៏សុំទោសពីនរណាម្នាក់ទៀតដែរ ជីវិតអូនត្រាំត្រែងជាមួយនឹងកំហឹងគំនុំគុំកួនច្រើនរាប់មិនអស់តាំងតែពីក្មេងមក អូនពេលនេះគ្រាន់តែចង់រស់ ចង់ឲ្យកូនជូឆាប់ជានឹងមើលកូនធំលូតលាស់"
"ហើយកូនក៏ចង់ត្រឡប់ទៅផ្ទះ កន្លែងដែលអូនអាចធ្វើជាខ្លួនឯង មិនចាំបាច់មានអ្នកណាវិនិច្ឆ័យនិងទទួលស្គាល់អូនទៀត" ការបកស្រាយរបស់អឺឈីងក៏ហាក់ដៅបង្ហាញច្បាស់ប្រាប់ដល់ខេន នាយដកខ្លួនពីការអោបក្រសោប រួចសំឡឹងមើលទៅអ្នកដែលព្យាយាមញញឹមនោះបន្តិច។
"ឈីង"
"អូនចង់ទៅផ្ទះវិញខេន អូនចង់ទៅចិនវិញណាស់"

ពេលខ្លះការផ្លាស់ប្ដូរកន្លែងស្នាក់ វាអាចឲ្យយើងបានត្រឹមតែរស់នៅ តែគ្មានអារម្មណ៍កក់ក្ដៅដូចជាផ្ទះនោះទេ។

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now